មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ទទួល​ជំនួយ​ពី​ស្ថាន​ទូត​អង់​គ្លេស​ជួយ​ដល់​កុមារ​កម្ពុជា​

ឲ្យ​តែ​មាន​ជីវិត ក្តី​សង្ឃឹម​មុខ​ជា​មាន។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន គេហ​ទំព័រ​សុខភាព​កម្ពុជា បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ជា​ច្រើន​អំពី​ស្ថាន​ភាព​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ទាក់​ទិន​ទៅ​នឹង​ប្រធាន​បទ «មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ប្រកាស​អាសន្ន», «ហេតុ​អ្វី​បាន​ជា​គ្មាន​ជំនួយ​» ជា​ដើម។ល។ ពេល​នេះ គេហ​ទំព័រ​សុខភាព​កម្ពុជា​សូម​លើក​យក​នូវ​ព័ត៌​មាន​នៃ​ការ​ផ្តល់​ជំនួយ​ដល់​មន្ទីរ​គន្ធ​បុប្ផា​ ដោយ​ស្ថាន​ទូត នៃ​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាល​ពីថ្ងៃ​ពុធ ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១២​កន្លង​ទៅ​នេះ លោក​ ម៉ាក ហ្គោ​ឌីង ឯក​អគ្គ​រាជ​ទូត ស្ថាន​ទូត​នៃចក្រ​ភព​អង់​គ្លេស​​​ប្រចាំ​​ប្រទេស​​កម្ពុជា​ បាន​នាំ​​យក​មក​​ទឹក​ប្រាក់​​ជំនួយ​​ប្រមាណ​​៣៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក ផ្តល់​ដល់​​មន្ទីរ​​ពេទ្យ​​កុមារ​គន្ធ​បុប្ផា ដើម្បី​​អប​អរ​​សាទរ​​ដល់​​ខួប​​គម្រប់​ ៦០​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ្យ​ម្កុដ​ពេជ្រ​បស់​ម្ចាស់​ក្សត្រី​អេលី​ហ្សា​ប៊ែត​ទី​២ នៃ​ចក្រ​ភព​អង់​គ្លេស។ ចំពោះ​ការ​បរិច្ចាគ​ទឹក​ប្រាក់​នេះ​ដែរ​បាន​កើត​ឡើង បន្ទាប់​ពីការ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​អប​អរ​សាទរ​ឲ្យ​មាន​ ការ​ឡើង​គ្រង​រាជ្យ​ម្កុដ​ពេជ្រ​លើក​ទី៦០​ឆ្នាំ របស់​ម្ចាស់ក្សត្រី អេលី​ហ្សា ប៊ែត ទីពីរ​នៅរាជ​ធានី​ភ្នំពេញ កាល​ពីថ្ងៃ ទី​០៧ ខែ​មិថុនា​ កន្លង​ទៅនេះ។ នេះ​បើយោងតា​មការចេញ​ផ្សាយ​របស់​គេហទំព័រ​ដើម​អំពិល។​

លោក​ឯក​អគ្គរាជ​ទូត ម៉ាក ហ្គោឌីង បាន​និយាយ​ថា លោក​មាន​សេចក្តីរីករាយ​ក្នុងការប​រិច្ចាគ​នេះ ដែល​អាច​ជួយ​ សម្រួល​ដល់​ការ​ងារ​ទាំង​ឡាយ ក្នុង​ពេទ្យ​កុមារ ជា​ពិសេស​នោះ​គឺ​គាំ​ទ្រ​ការ​ផ្តល់​សេវាកម្មសង្គ្រោះ​នានា​ចំពោះ​ កុមារ​កម្ពុជា​រាប់​​ពាន់​នាក់។​

ដោយ​ឡែក​លោក Beat Richner ក៏​បាន​សម្តែង​ទឹក​មុខ​ញញឹម​យ៉ាង​ស្រស់​ស្រាយ​ផង​ដែរ​ ក្នុង​ការ​ទទួល​បាន​ទឹក​ប្រាក់​
សប្បុរស​នេះ តាម​សេចក្តី​អំពាវ​នាវ​ស្វែង​រក​ជំនួយ​របស់​លោក​តាម​រយៈ​បណ្តាញ​សង្គម ហ្វេស​ប៊ុក (facebook) និង​តាម​
បណ្តាញ​សារព័ត៌​មាន​នានា​ ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​កុមារ​កម្ពុជា​ឲ្យបាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បន្ត​ទៀត។ គេហ​ទំព័រ សុខភាព​កម្ពុជា ក៏​សង្ឃឹម​ផងដែរ​ថាមន្ទីរ​ពេទ្យគន្ធ​បុប្ផា​នឹង​ទទួល​បាន​ជំនួយ​ពីសំណាក់​សប្បុរជន​នានា​បន្ថែម​ទៀត​ ដើម្បី​ឲ្យដំណើរ​ការ​នៃ​មន្ទី​រពេទ្យ​នេះ នៅ​តែឈាន​មុខ​គេក្នុ​ងកា​របម្រើ​សេវាកម្ម​ដល់កុមារ​កម្ពុជា​ក្នុង​ការ​ព្យាបាល​ជម្ងឺ​​ដោយ​​ពុំគិតថ្លៃ។ ជា​​ពិសេស ពី​​គេហទំព័រ សុខភាព​កម្ពុជា ក៏​សូម​អំពាវ​នាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សូម​ជួយ​ផ្តល់​ជា​កញ្ចប់​ជំនួយ​សប្បុរស​ផ្សេងៗ​ទៅដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​ខ្ញុំសូម​ប្រសិទ្ធិពរ​ជ័យ សិរី​សួស្តី​ដល់​សប្បុរស​ជន​ទាំង​ឡាយ​ដែល​តែង​តែជួយ​ឧបត្ថម្ភ​ជា​ថវិការ ឬ​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេងៗ​ដល់​ជន​ក្រី​ក្រ និង​កុមារ​ក្រីក្រ​កម្ពុជា​នៅ​ក្នុង​ដែន​ដីនេះ ​មិន​ថា​ជា​ជន​ជាតិ​ខ្មែរ ឬ​បរទេស សូម​ជួប​ប្រទះ​តែ​សេចក្តី​សុខ​ចម្រុង​ចម្រើន​គ្រប់ៗ​ក្រុម​គ្រួសារ​កុំ​បី​ឃ្លាង​ឃ្លៀត​ឡើយ។​

អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative