ហេតុ​អ្វី​បាន​ជា​គ្មាន​ជំនួយ?

វិស័យ​សុខា​ភិបាល​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នៅ​មាន​លក្ខណៈ​ខ្វះ​ចន្លោះ​នោះ​ឡើយ បើ​ទោះ​បី​ជា​ក្រសួង​សុខា​ភិបាល និង​រាជរដ្ឋា​ភិបាល​ខិត​ខំ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​បម្រើ​សេវា​នៅ​មាន​កម្រិត។ នា​ពេល​ថ្មីៗ​នេះ​ចំនួន​កុមារ​ដែល​ចូល​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មាន​ចំនួន​ច្រើន គួរ​ឲ្យ​ព្រួយ​បារម្ភ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាល​ពីថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ​២០១២ ដែល​ទើប​តែ​កន្លង​ទៅ​ថ្មីៗ​នេះ លោក​វេជ្ជ​បណ្ឌិត ប៊ីត រិច​ណឺ (Beat Richner) បាន​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​មួយ​នៅ​លើ​ទំព័រ​Facebookរបស់​លោក ដោយ​បាន​សរសេរ​ថា បច្ចុប្បន្ន​នេះ មាន​កុមារ​ ឈឺ​ជម្ងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន កំពុង​សម្រាក​​ពេទ្យ​ដើម្បី​ព្យាបាល​ជម្ងឺ។ ក្នុង​ចំណោម​កុមារ​ទាំង​នោះ មាន​កុមារ​​៣៤២​នាក់ មាន​ជម្ងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់​ធ្ងរ។

នៅ​ថ្ងៃ​ទី០៧ មិថុនា​ដដែល​នេះ មាន​កុមារ​ឈឺ​ធ្ងន់​ចំនួន​៥៩៦​នាក់ ត្រូវ​បាន​ទទួល​ឲ្យ​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​ឯ​មន្ទីរ​ពេទ្យ។ ក្នុង​ចំណោម​អ្នក​ជម្ងឺ​កុមារ​ទាំង​នោះ មាន​អ្នក​ជម្ងឺ​កុមារ​ឈឺ​ធ្ងន់​ចំនួន​១០៧​នាក់​ដែល​ឈឺ​ជម្ងឺ​គ្រុន​ឈាម។ ហើយ​ក្នុង​ចំណោម​កុមារ​ឈឺ​ធ្ងន់​ចំនួន​៥៩៦​នាក់​នោះ មាន​កុមារ​ចំនួន​១០៤​នាក់​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​មណ្ឌល​ថែទាំ​អ្នក​ជម្ងឺ​ដោយ​មាន​ការ​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់ បើ​មិន​ដូច្នោះ​ទេ​ពួក​គេ​នឹង​ត្រូវ​ស្លាប់ភ្លាម​មួយ​រំពេជ​ក្នុង​រយៈ​ពេល​មិន​លើស​ពី២៤​ម៉ោង។

លិខិត​នោះ​បាន​បន្ត​ថា កាល​ពីថ្ងៃ​ទី០៦ មិថុនា ឆ្នាំ២០១២ មាន​កុមារ​៦៤​នាក់ ត្រូវ​បាន​វះ​កាត់​ ហើយ​៤នាក់​ទៀត​ត្រូវ​ព្យាបាល​ដោយ​វះកាត់​ដាក់​បញ្ចូល​បំពង់​កាតេ​ទែ(គឺ​ជា​បំពង់​តូច​ម្យ៉ាង​ដែល​គេ​ច្រក​ចូល​ទៅ​ក្នុង​សរីរាង្គ​ក្នុង​ តាម​រន្ធ​ផ្សេងៗ​នៃខ្លួន​មនុស្ស​ដើម្បី​បញ្ចូល ឬ​បញ្ចេញ​វត្ថុ​រាវ)។ នេះ​គឺ​ជា​ស្ថាន​ភាព​ដ៏​ល្អិត​ល្អន់​បំផុត​ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា គួរ​តែ​គិត​គូ​អំពី​បញ្ហា​នេះ ព្រម​ទាំង​សហគម​អន្តរ​ជាតិ​ផង​ដែរ។ លោក​បាន​បញ្ជាក់​ថា ប្រព័ន្ធ​សុខាភិ​បាលសា​ធារណៈ​មិន​ដំណើរ​ការល្អ​ទេ ដោយ​បុគ្គលិក​របស់​ពួក​គេ​កំពុង​ឆបោក​នៅ​ពីក្រោយ​ខ្នង​នៃ​វិស័យ​សុខា​ភិបាល​​ឯកជន។ វិស័យ​សុខា​ភិបាល​ឯក​ជន​កំពុង​តែ​យក​លុយ​ជា​ច្រើន​ពីអ្នក​ជម្ងឺ​យ៉ាង​អាក្រក់​ក្រៃ​លែង​រួម​ទាំង​ទីក្រុង​ភ្នំពេញ​ផងដែរ។ លិខិត​នោះ​បាន​បន្ត​ថា យើង​បាន​ឲ្យអ្នក​ជម្ងឺ​ចូល​សម្រាក​ពេទ្យ​ក្នុង​ឆ្នាំ​២០១២​ច្រើន​ជាង​អ្នក​ជម្ងឺ​គ្រុន​ឈាម​ដល់​ទៅ​៦០០០​នាក់​ឯ​ណោះ ហើយ​អ្នក​ជម្ងឺ​១៨​នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត។ ក្មេងៗ​ទាំង​អស់​នេះ​បាន​ស្លាប់​ក្រោយ​ការ​ព្យាបាល​មុន​ពេល​ដែល​គ្លីនិក​ពេទ្យ ឬ​វិស័យ​សុខាភិបាល​ឯកជន​បាន​ព្យាបាល​មុន​រួច​ទើប​បញ្ជូន​មក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។ វិស័យ​សុខា​ភិបាល​ឯកជន បាន​ធ្វើការ​ព្យាបាល​ដោយ​បង្ក​ជា​កំហុស​ឆ្គង​ផ្សេងៗ​នៅ​ក្នុង​ការ​ព្យាបាល​ រួម​មាន​ទាំង​គ្លីនិក​ឯក​ជន​នៅទី​ក្រុង​ភ្នំពេញ​មួយ​ចំនួន​ផង​ដែរ ដោយ​អ្នក​ជម្ងឺ​ត្រូវ​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ថ្នាំ​ពុល​ដែល​ធ្វើ​ឲ្យ​ស្រវឹង​ម្យ៉ាង​ដែល​ហៅ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា អ៊ីន​ថូ​ស៊ី​ខេ​សិន (Intoxication) ដែល​ជា​ថ្នាំ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្រវឹង​បណ្តាល​មក​ពី​ការ​ប្រើ​ថ្នាំ (ដោយ​មិន​មែន​ជា​ការ​ស្រវឹង​ស្រា​នោះ​ទេ)។

រាជរ​ដ្ឋាភិ​បាល​កម្ពុជា អ្នក​មាន​ថវិការ​ច្រើន​ក្រាស់​ក្រែល សហ​គម​អន្តរ​ជាតិ រួម​ទាំង​រដ្ឋា​ភិបាល​ស្វីស ពួក​គេ​គួរ​តែ​បរិច្ចាក ឬ​វិភាគ​ទាន​កញ្ចប់​ថវិការ​ច្រើន​បន្ថែម​ទៀត​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​ឡាយ។ បើ​គ្មាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នោះ​ទេ ៨០​ភាគ​រយ​នៃ​កុមារ​នៅ​កម្ពុជា ដែល​កំពុង​ត្រូវ​បាន​ឲ្យ​ចូល​សម្រាក​ព្យាបាល​នៅ​ពេទ្យ​នោះ ច្បាស់​ជា​នឹង​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ជាក់​ជា​មិន​ខាន។ លោក​បាន​សរសេរ​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​នោះ​ថា ពី​ខែ​មករា​ ដល់​ខែ​ឧសភា​ឆ្នាំ​២០១២​នេះ កុមារ​ចូល​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរ​ពេទ្យ​មាន​ចំនួន​៤៨៨៦៥​នាក់​រួច​មក​ហើយ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។

ដើម្បី​បញ្ជាក់​ទៅ​លើ​របាយ​ការណ៍​នេះ អ្នក​យក​ព័ត៌​មាន​របស់​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ បាន​ព្យាយាម​ទាក់​ទង​លោក អាន សា​បិណ្ឌ​ ជា​មន្ត្រី​ផ្នែក​តាម​ដាន និង​វាយ​តម្លៃ​នៃ​ក្រសួង​សុខា​ភិបាល ដើម្បី​សាក​សួរ​បំភ្លឺ​អំពី​រឿង​ដែល​ទាក់​ទិន​ទៅ​នឹង​ការព្យា​បាល​ខុស​ឆ្គង​របស់​គ្លីនិក ឬ​មន្ទីរ​ពេទ្យ​ឯក​ជន និង​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​កុមារ​ ព្រម​ទាំង​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​កុមារ​ឈឺ​ច្រើន​យ៉ាង​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា​លោក​មិន​ទាន់​បាន​ដឹង​អំពី​រឿង​នេះ​នៅ​ឡើយ​ទេនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២នេះ។

កាល​ពី​អត្ថបទ​មុនៗ គេហ​ទំព័រ​សុខភាព​កម្ពុជា​បាន​ចេញ​ផ្សាយ​ជា​ច្រើន​មក​ហើយ​ទាក់​ទិន​ទៅ​នឹង​បន្ទុះ​នៃ​ការ​ស្លាប់​របស់​កុមារ​ដោយ​សារ​ជម្ងឺ​គ្រុន​ឈាម ព្រម​ទាំង​អត្ថបទ​ផ្សេងៗ​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ។ អត្ថ​បទ​ទាំង​នោះ​រួម​មាន៖ ជម្ងឺ​គ្រុន​ឈាម​កំពុង​ចូល​រាត​ត្បាត​ប្រជាជន​នៅ​ខេត្ត​កំពង់​ឆ្នាំង  វីរ៉ុស​ជម្ងឺ​គ្រុន​ឈាម​ដែល​កប់​បាត់​៤០​ឆ្នាំ​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​នៅ​កម្ពុជា និង​ជម្ងឺ​គ្រុន​ឈាម​នៅ​កំពង់​ស្ពឺ​ជា​ដើម។

អត្ថបទដោយ ៖​ សៀង វិរៈ​

ចេញផ្សាយ​​ ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative