មន្ទីរពេទ្យគន្ធបុប្ផា ប្រកាសអាសន្ន

ឪពុកម្តាយ​ជាច្រើន​ដែល​មាន​កូន​ឈឺធ្ងន់ បាន​នាំគ្នា​​ធ្វើដំណើរ​ពីតំបន់​ឆ្ងាយៗ​មកតម្រង់​ជួររង់ចាំ​នៅមន្ទីរពេទ្យ​គន្ធបុប្ផា នានា​ដើម្បី​ទទួល​ការព្យាបាល​ដោយ​មិនគិត​ថ្លៃតាំង​ពីមេឃ​ងងឹត ហើយ​មាន​ឪពុកម្តាយ​ខ្លះយក​មុងភួយ​កន្ទេល​មកដេក​ចាំទទួល​យកលេខ​ចូលព្យាបាល​ជាមួយ​កូនរបស់​ពួកគាត់។ ប្រសិន​បើ ពួកគាត់​មិន​ទទួល​បានលេខ​ដែលគេ​អនុញ្ញាត​ឲ្យចូល​ទេ នោះ​ឪពុកម្តាយ​កុមារ​មួយចំនួន​មិនបាន​ត្រឡប់​ទៅផ្ទះវិញ​នោះទេ គឺរង់​ចាំទទួល​លេខ​ឲ្យបាន​នៅ​ថ្ងៃស្អែក បើមិន​ដូច្នេះ ពួកគាត់​នឹងត្រូវ​ចំណាយ​ប្រាក់កាក់​ជាច្រើន​នៅឯ​មន្ទីរព្យាបាល​ឯកជន។

រូបភាព​គេហទំព័រ​សុខភាព​កម្ពុជា

កាលពី​ប៉ុន្មានថ្ងៃ​មុននេះ គេហទំព័រ​សុខភាព​កម្ពុជា បានចេញ​ផ្សាយម្តង​រួចមកហើយ​ទាក់ទងទៅ​នឹង​ប្រធានបទ «ហេតុអ្វីបានជាគ្មានជំនួយ» របស់លោក វេជ្ជបណ្ឌិត Beat Richner។ យ៉ាងណា​មិញ លោក​គ្រូពេទ្យ​ជនជាតិ​ស្វ៊ីស Beat Richner បានថ្លែង​ឲ្យដឹង​បន្ថែម​ថាបើរដ្ឋា​ភិបាល និង​សហគមន៍​អន្តរជាតិ​មិនបង្កើន​ការ​គាំទ្រ នោះ​ការផ្តល់​ការគាំពារ​ផ្នែក​សុខាភិបាល​ដែលមាន​ស្តង់ដារ​អន្តរជាតិ​ដោយមិន​គិតថ្លៃ នឹង​ពុំមាន​បន្តទៀត​នោះទេ។ លោក Beat Richner ដែល​មានវ័យ ៦៤ឆ្នាំ បានថ្លែង​ឲ្យដឹងកាល​ពីថ្ងៃច័ន្ទ នៅក្នុងអាហារ​ដ្ឋានមួយ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ជា នៅ​ក្នុងរាជធានី​ភ្នំពេញ​ថា៖ «ខ្ញុំមានវ័យ​ចាស់ហើយ ជាបុរស​ចំណាស់​ម្នាក់ទៅ​ហើយ នៅពេល​ខ្ញុំឈប់​នៅទីនេះ តើនរណា​នឹងដើរ​តួសំខាន់?»។ លោក Richner ថ្លែង​សំដៅ​ទៅលើ​កិច្ច​ប្រឹងប្រែង​រៃអង្គាស និង​ការស្វែង​រក​ថវិកា។ លោក​បន្តថា៖ «យើង​ទទួល​បាន​ថវិកា​៣លាន​ដុល្លារ​អាមេរិក​ពីរដ្ឋាភិបាល​ស្វ៊ីស ២លានដុល្លារ​ពីរដ្ឋាភិបាល​កម្ពុជា ហើយ​កំពុង​ស្វែងរក​ថវិកា​៣០លានដុល្លារ ពីការ​បរិច្ចាក​នានា»។ លោក​រំពឹងថា ការ​ចំណាយ​របស់មន្ទីរ​ពេទ្យឆ្នាំ​នេះ​នឹងកើនឡើង បើផ្អែក​តាមចំនួន​អ្នកជំងឺ​កើនឡើង ៣០​ភាគរយ​នៅ​ក្នុងរយៈ​ពេល៥ ខែនៃ​ឆ្នាំនេះ។ កាលពី​ឆ្នាំ២០១១ អ្នក​ជម្ងឺ​ចំនួន​១២ម៉ឺននាក់ បាន​ទទួល​ការព្យាបាល​នៅមន្ទីរពេទ្យ​គន្ធបុប្ផា។ នេះបើ​យោងតាម​ការចេញផ្សាយ​របស់​គេហទំព័រ​ភ្នំពេញប៉ុស្តិ៍។

លោក Richner ថ្មីៗ​នេះបាន​ចេញ​ផ្សាយ​ក្នុង​កាសែត​ក្នុងស្រុក​ក្រោម​ចំណងជើងថា «ហេតុអ្វី​បានជា​គ្មាន​ជំនួយ?»ដោយបាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ​គិតពី«ស្ថានភាព​ធ្ងន់ធ្ងរ»នៅមន្ទីរ​ពេទ្យនេះ។ លោក Richner បាន​សរសេរ​នៅក្នុង​នោះថា៖ «ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​មិនដំណើរ​ការល្អ។ បុគ្គលិក​ផ្នែកសុខា​ភិបាល​សាធារណៈ​ព្យាបាល​យកតម្លៃ​ពីប្រជាជន បុគ្គលិក​ខ្លះរត់​ទៅធ្វើការ​នៅក្នុងផ្នែក​ឯកជន ហើយផ្នែក​ឯកជន​កំពុង​តែយក​ថ្លៃខ្ពស់​ពីអ្នក​ជម្ងឺ»។ កាលពី​ព្រឹកថ្ងៃ​អាទិត្យ​សប្តាហ៍​មុន លោក Richner បាន​ថ្លែងថា កុមារ​២៣៤០នាក់​បានទទួល​ការព្យាបាល​នៅមន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​ចាប់ផ្តើម​តាំងពី​ម៉ោង៦ព្រឹក។ លោកបន្តថា៖ «នៅក្នុង​ស្ថានភាព​ដូចក្នុង​សង្គ្រាម។ គ្មានទី​ណាផ្សេង​ក្នុងពិភព​ដែលឃើញ​អំពី​ស្ថានភាព​អាក្រក់​បែបនេះ​ទេ »។ រោគ​រលាក​ស្រោមខួរ ជម្ងឺបេះដូង ជម្ងឺ​គ្រុនឈាម និង​ជម្ងឺ​សាហាវៗ ដទៃ​ទៀតបានយាយី​ដល់កុមារ​កម្ពុជារាប់ពាន់​នាក់ ហើយ​ធ្វើឲ្យ​ពួកគេ​ដណ្តើម​គ្នាមក​រកការ​ព្យាបាល​នៅមន្ទីរ​ពេទ្យនេះ។ ដូច្នេះ​ទើប​មានអ្នក​ជម្ងឺជា​ច្រើនត្រូវ​មកដេក​នៅលើ​គ្រែ​រួមគ្នា»។ លោក Richner បន្ត​ទៀតថា នៅ​ទីនេះ គ្មាន​នរណា​យក​ប្រាក់ទេ យើង​បានផ្តល់ប្រាក់​ខែសមរម្យ​ឲ្យ​បុគ្គលិក។ លោក​ថា៖ «ការ​បរិច្ចាគ​របស់​រដ្ឋាភិបាល​២លានដុល្លារ មាន​តែកាល​ពី៦ឆ្នាំ​កន្លងទៅ។ ពួក​គេគួរតែ​ផ្តល់ថវិកា​ច្រើនជាង​មុន ពីព្រោះ​មានច្បាប់​ថា​រដ្ឋាភិបាល​គឺជា​មន្ទីរពេទ្យ ហើយ​យើងគឺ​ជា​មន្ទីរពេទ្យ​រដ្ឋាភិបាល មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ ទទួល​ថវិកា​២៧ដុល្លារ ក្នុងអ្នក​ជម្ងឺម្នាក់​ដែលមក​ព្យាបាល។ «ដូច្នេះ​ពួកគេ​ត្រូវតែ​បង់វិភាគ​ទាន​នេះគឺជា​ចំនួន​អប្បបរមា»។ លោក Richner បាន​ថ្លែងថា ជម្ងឺ​ដែល​កើត​ច្រើន​ជាង​គេនៅ​ក្នុងមន្ទីរ​ពេទ្យ​គន្ធបុប្ផា គឺ​ជម្ងឺ​របេង វា​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​អនាគត​របស់​ប្រទេស ជា​ពិសេស​កុមារ។ «៦៥​ភាគរយ​នៃ​ប្រជាជន​ខ្មែរ​គឺមាន​ជម្ងឺរបេង ដែលនេះ​គឺជា​អ្វីដែល​បន្សល់​ពីសង្គ្រាម ដែល​សហគមន៍​អន្តរ​ជាតិ​បាននាំ​មក​កម្ពុជា ក្នុង​ទសវត្សរ៍​ឆ្នាំ៧០។ ទាំង​នេះគឺ​ជាហេតុផល​ដែល​សហគមន៍​អន្តរជាតិ​ត្រូវតែ​រួម​ចំណែក​ធ្វើការ​បរិច្ចាគ​វិភាគ​ទានមក​មន្ទីរ​ពេទ្យ​នេះ»។

ឯកឧត្ដ ម៉ម ប៊ុន​ហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ថ្លែងថា លោក​ដឹង​អំពី​បញ្ហា​ថវិកា​ដែលមន្ទីរ​ពេទ្យ​គន្ធបុប្ផា​កំពុង​ប្រឈម។ លោកបន្តថា៖ «ពិត​ណាស់​ក្រសួង​ត្រូវពិនិត្យ​ករណីនេះ ដោយ​សារមន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដើរតួ​សំខាន់​ណាស់​ក្នុងការ​ជួយ​សុខភាព​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​កុមារ»។

ចំណែក​ឯលោក ចរ ម៉េងជួរ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់​នៃក្រសួង​សុខាភិបាល​បានយល់​​ស្រប​ថាមន្ទីរ​ពេទ្យ​គន្ធបុប្ផា​គឺជា​មន្ទីរ​ពេទ្យ​សំខាន់​មួយ។ លោក ម៉េង ជួរ បាន​ថ្លែង​ឲ្យដឹង​ថា៖ «ក្នុង​ករណី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាត់បង់​ថវិកាខ្លះ វានឹង​មិនប៉ះពាល់​ដល់​ប្រព័ន្ធ​សុខា​ភិបាល​សាធារណៈ​ទាំង​មូលទេ ពិសេស​​មិនប៉ះពាល់​ការ​ព្យាបាល​ជម្ងឺ​គ្រុន​ឈាម»។ «យើង​នៅតែ​មាន​មន្ទីរ​ពេទ្យ​ជាតិ និង​មន្ទីរ​ដទៃ​ទៀត​ធ្វើការ​រួមគ្នា​ដើម្បី​ការពារ​កុមារ»។

រីឯ​លោក Rob Overtoom អ្នក​សម្រប​សម្រួល​គម្រោង​កាកបាទ​ក្រហម​ស្វ៊ីស ថ្លែងថាការ​កសាង​សមត្ថភាព​គាំពារ​ផ្នែក​សុខាភិបាល​នៅកម្ពុជា មានប្​រសិទ្ធភាព​ជាង​នៅពេល​មានការ​ចូលរួម​ពេញលេញ​ពីរដ្ឋបាល​មូលដ្ឋាន។ លោក Overtoom ថ្លែង​បន្តថា ៖ «យើង​ធ្វើការ​ក្រោម​ប្រព័ន្ធ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ដែល​ធានា​នូវ​តម្លាភាព ហើយ​បង្កើត​ច្រកចេញ​ដ៏រលូន​មួយនៅ​ពេល​បញ្ចប់​គម្រោង​ដែលស្ថាប័ន​រដ្ឋាភិបាល​អាចធ្វើ​ការគ្រប់គ្រង​ជាផ្លូវការ​លើកិច្ចសន្យា​ជំនួយ»។ លោក​បានថ្លែង​បន្ត​ទៀតថា៖ «ឥឡូវ​នេះ នេះ​គឺជា​នីតិវិធី​ដ៏សាមញ្ញ នៅ​ក្នុង​ប្រទេស​មួយដោយ​ធ្វើការ​នៅក្រោម និង​ដោយ​មាន​ការអនុញ្ញាត​​ពីរដ្ឋា​ភិបាល មិន​មែន​នៅ​ក្រៅ​នោះទេ»។ លោក Overtoom បានមាន​ប្រសាសន៍​ផង​ដែរថា ៖ «កម្ពុជា​ឥឡូវ​នេះជា​ប្រទេស​មួយ​ដែល​មានស្ថិរ​ភាព ហើយ​វាក៏​មាន​លក្ខណៈ​ចីរភាព​ជាងមុន​ក្នុងការ​ប្រតិបត្តិការ​ប្រព័ន្ធ​សុខា​ភិបាល នេះ​គឺស្ថិតនៅ​ក្រោមភាព​ជាដៃគូ​ជាមួយ​រដ្ឋាភិបាល»៕

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative