ឃាត​ករ​ទាំង​៥​សម្លាប់​កុមារ​ជា​ប្រចាំ

ឪពុក​ម្ដាយ​មួយ​ចំនួន​តែង​តែមាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ជម្ងឺ​ទាំង​៥ ដែល​អាច​ធ្វើឱ្យ​កុមារ​ស្លាប់​បាន​ក្នុង​រយៈ​មួយ​យ៉ាង​ខ្លី។ ជម្ងឺ​ទាំង​នោះ​មាន​ដូចជា​ជម្ងឺ​រាក ជម្ងឺ​គ្រុន​ឈាម ជម្ងឺ​កញ្ជ្រឹល ជម្ងឺ​ស្កន់​ម្ដាយ​ដើម និង​មាន​ជម្ងឺ​មួយ​ចំនួន​ទៀត​គឺ​រលាក​ផ្លូវ​ដង្ហើម ដែល​ជម្ងឺ​ទាំង​នេះ​សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​កុមារ​ទាំង​អស់។ ដូច​នេះ​តើ​អ្នក​ម្ដាយ​គួរតែ​មាន​វិធី​បង្ការ​យ៉ាង​ណា ដើម្បី​កុំឱ្យ​កូនៗ លោក​អ្នក​មាន​កើត​ជម្ងឺ​ទាំង​នេះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​លេខ​នេះ​ពិតជា​ពិសេស​សម្រាប់​លោក​អ្នកជា​ឪពុក​ម្ដាយ​គ្រប់​រូប​ជាក់​ជាមិន​ខាន​ឡើយ ដោយ​ទស្សនា​វដ្ដី សុខភាពយើងនឹង​ធ្វើការ​បក​ស្រាយ​អំពី​ឃាតករ​ទាំង​៥​ដែល​តែង​តែ​សម្លាប់​កុមារ ផ្ដល់​ជូន​ដល់​មិត្ដ​អ្នក​អាន​ទាំង​អស់​ឱ្យ​ជ្រាប​ជា​ព័ត៌​មាន​នៅ​ពេល​នេះ។

ឃាត​ករ​ទី១ គឺ​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​របស់​កុមារ

ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម គឺជា​ការ​បង្ក​រោគ​នៅ​តាម​ផ្លូវ​ដង្ហើម។ ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​មាន​ន័យ​ទូលំ​ទូលាយ គេចែក​ជម្ងឺ​រលាក​ផ្លូវ ដង្ហើម​ជាពីរ​គឺ​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ និង​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម គឺ​មាន​ន័យ​ថា​ជម្ងឺ​រលាក​នៅ​ផ្នែក​ខាង​លើ​នៃ សួត និង​ជម្ងឺ​រលាក​នៅ​នឹង​សួត។ ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើនៃ​សួត​អាច​មាន​ជម្ងឺ​រលាក​បំពង់​ក រលាក​ច្រមុះ រលាក​ត្រចៀក ជា​ដើម។

1. មូល​ហេតុ​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម

សព្វ​ថ្ងៃ​នេះ នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​ណា​មួយ ដែល​បញ្ជាក់​ថា​កុមារ​កើត​ជម្ងឺ​នេះ បណ្ដាល​មកពី​មូល​ហេតុ​អ្វីពិត​ប្រាកដ​ទេ។ ប៉ុន្ដែ​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល គេ​បាន​សន្និ​ដ្ឋាន​ថាជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ឡើង​ពី​មេរោគ ដូច​ជា​បាក់ តេរី ប៉ារ៉ា​ស៊ីត​ពពួក​ផ្សិត​ជាដើម។ ពពួក​មេរោគ​ទាំង​នោះ​មាន​ច្រើន​នៅក្នុង​បរិស្ថាន​រស់​នៅ ហើយ​វាឆ្លង​ទៅ​កុមារ​តាម​រយៈ​ដំំណក ដង្ហើម។ កុមារ​ក្ដី មនុស្ស​ធំ​ក្ដី​នៅ​ពេល​ដក​ដង្ហើម​ចេញ​ចូល​តែង​តែមាន​ប៉ះ​ពាល់​មេរោគ​ទាំង​នោះ។ ជម្ងឺ​នេះ​កើត​មាន​លើ​មនុស្ស​គ្រប់ វ័យ​ប៉ុន្ដែ​ភាគ​ច្រើន​គេ​សង្កេត​ឃើញ​កើត​មាន​ទៅលើ​កុមារ​អាយុ​ក្រោម៥​ឆ្នាំ ដោយ​សារ​កុមារ​ទាំង​នេះ​មាន​ប្រព័ន្ធ​ការ​ពារ​ខ្លួន​ខ្សោយ។

2. រោគ​សញ្ញា​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម

កុមារ​ច្រើន​មាន​អាការ​ក្ដៅ​ខ្លួន ក្អក ពិបាក​ដក​ដង្ហើម។ លើស​ពីនេះ​ទៅ​ទៀត អាច​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូច​ជា​ទារ៉ាស៍​ដែល​ជា​សញ្ញា​ផត​ផ្នែក​ខាង​ក្រោម​នៃឆ្អឹង​ប្រអប់​ទ្រូង។ សញ្ញា​នេះ​មើល​ឃើញ​ច្បាស់​នៅ​ពេល​កុមារ​ដក​ដង្ហើម​ចូល និង​រោគ​សញ្ញា ស្ដ្រាយ​ដ័រ​ជា​សម្លេង​ស្ដាប់​ឮក្រឺតៗ​នៅ​ពេល​កុមារ​ដក​ដង្ហើម​ចូល។

3. ផល​វិបាក​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម

ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ​អាច​ឱ្យ​កុមារ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​បាន ប្រសិន​បើ​ស្ថិត​ក្នុង​ករណី​ធ្ងន់​ធ្ងរ និង​បើមិន​មាន​ការ​សង្គ្រោះ​កុមារ​បន្ទាន់​ទេ។ ផល​វិបាក​ផ្សេងៗ​ទៀត ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ​អាច​បង្ក​ឱ្យ​មាន​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ង្ងរ​ជា​ច្រើន ផ្សេងៗ​ទៀត​ដូច​ជាជម្ងឺ​រលាក​សួត ទឹក​ចូល​ក្នុង​ស្រោម​សួត ឬអាច​មាន​ខ្ទុះ​ក្នុង​សួត​ជា​ដើម។

4. ប្រការ​ដែល​មាតា​បិតា​ត្រូវ​ធ្វើ ពេល​កូន​កើត​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម

ឪពុក​ម្ដាយ​ត្រូវ​ឧស្សាហ៍​ពិនិត្យ​ទៅ​លើ​ផ្លូវ​ដង្ហើម​របស់​កូន ថា​តើ​កុមារ​មាន​ចង្វាក់​ដង្ហើម​ញាប់​ឬទេ។ ចង្វាក់​ដង្ហើម​ញាប់​ធ្វើឱ្យ​យើង​ចាប់​ភ្លឹក​ទៅ​ដល់​ជម្ងឺ​រលាក​ផ្លូវ​ដង្ហើម។ លោក​អ្នកជា​ឪពុក​ម្ដាយ​អាច​ពិនិត្យ​ចង្វាក់​ដង្ហើម​កូន ដោយ​ផ្ទៀង​ផ្ទាត់​ជាមួយ​នាឡិកា។ សូម​វាស់​ចង្វាក់​ដង្ហើម​របស់​កុមារ​គ្រប់​ពេល​ដែល​សង្ស័យ។

ឃាត​ករ​ទី២ គឺ​ជម្ងឺ​គ្រុន​ឈាម

គ្រុន​ឈាម​ជាជម្ងឺ​ឆ្លង​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​វីរុស​ម្យ៉ាង​ឈ្មោះ​ថាវីរុយ​ដាំង វា​អាច​បង្ក​ជម្ងឺ​តាម​រយៈ​មូស​ខ្លា​ញី​ដែល​វា​ចូល​ចិត្ដ​ខាំ​មនុស្ស​នៅ​ពេល​ថ្ងៃ​ច្រើន​ជាង​ពេល​យប់។ ជម្ងឺ​នេះជា​ជម្ងឺ​មួយ​ដែល​កាច​សាហាវ​ខ្លាំង​ណាស់ ដែល​វាអាច​សម្លាប់​កុមារ តែក្នុង​រយៈ​ពេល​២៤​ម៉ោង​បើធ្វើ​ការ​ជួយ​សង្គ្រោះ​មិន​ទាន់​ពេល​វេលា​ទេ​នោះ។

1. រោគ​សញ្ញា​ជម្ងឺ​គ្រុន​ឈាម

ជម្ងឺ​នេះ​ចែក​ចេញ​ជាពីរ​កម្រិត និង​មាន​រោគ​សញ្ញា​ទៅ​តាម​កម្រិត​នីមួយៗ។

  • គ្រុន​ឈាម​កម្រិត​ស្រាល កុមារ​ដែល​មាន​ជម្ងឺ​គ្រុន​ឈាម​មាន​អាការ​ដូច​ជា​ក្ដៅ​ខ្លួន​ខ្លាំង​ភ្លាមៗ មាន​រយៈ​ពេល​ពី២​ទៅ ៧​ថ្ងៃ​មាន​សីតុណ្ហ​ភាព​ពី៣៩​ទៅ៤០​អង្សា​សេ។ កុមារ​មាន​លេច​ចេញ​ជាស្នាម​កន្ទួល​ក្រហម​នៅលើ​ស្បែក។ លោក​អ្នក​អាច​ចំណាំ​មើល ស្នាម​កន្ទួល​នោះ​បាន​ដោយ​ទាញ​ស្បែក​កុមារ​ឱ្យ​តឹង បើជា​ស្នាម​មូស​ខាំនោះ​វានឹង​រលុប​បាត់ តែ​បើមិន​រលុប​បាត់​ទេវា​ជា​ស្នាម​សញ្ញា​ជម្ងឺ គ្រុន​ឈាម។ ស្នាម​ទាំង​នេះមាន​នៅលើ​ពោះ ខ្នង ក្លៀក​ជា​ដើម។ កុមារ​ខ្លះ​ទៀត​មាន​ចេញ​ឈាម​តាម​ច្រមុះ តាម​អញ្ចាញ​ធ្មេញ ពេល​បន្ទោរ​បង់​លាមក​មាន​ឈាម​ជា​ដើម។
  • គ្រុន​ឈាម​កម្រិត​ធ្ងន់ កុមារ​ច្រើន​តែ​សន្លប់​លែង​ដឹង​ខ្លួន ចុង​ដៃ ចុង​ជើង​ត្រជាក់់ ហើយ​ប្រែ​ពណ៌​ជា​ស្វាយ ជីព​ចរ​ខ្សោយ​និង​សម្ពាធ​ឈាម​ចុះ​ទាប។ ក្នុង​កម្រិត​នេះ កុមារ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ធំ​បំផុត ហើយ​គ្រូ​ពេទ្យ​ជំនាញ​ក៏​ពិបាក​ក្នុង​ការ​សង្គ្រាះ​ផង ដែរ។

2. ការ​ព្យាបាល​ជម្ងឺ​គ្រុន​ឈាម

សព្វ​ថ្ងៃ​នេះ គេនៅ​ពុំទាន់​រក​ឃើញ​ថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺ​គ្រុន​ឈាម​នេះ​នៅ​ឡើយ​ទេ ហើយ​ការ​ព្យាបាល​ធ្វើឡើង​ទៅ​តាម​មុខ​សញ្ញា​របស់​វា ដូច​ជាបើ​ក្ដៅ​ខ្លាំង​ត្រូវ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ដែល​ប្រើជា​ប្រភេទ​ថ្នាំប៉ារ៉ា​សេតា​មុល​តែ​ប៉ុណ្ណោះ ហាម​ដាច់​ខាត​មិនឱ្យ​ប្រើ ថ្នាំ​ប្រភេទ​អាស្ពី​រីន​ព្រោះ​ថ្នាំ​ប្រភេទ​នេះ​អាច​ធ្វើឱ្យ​កុមារ​ហូរ​ឈាម​កាន់​តែច្រើន​ឡើង។ បើ​កុមារ​បាត់​បង់​ជាតិ​ទឹក​ច្រើន ត្រូវ​ព្យួរ​សេ​រ៉ូម ហើយ​បើ​កុមារ​ក្អួត​ឈាម ជុះ​មាន​ឈាម​ឬឈាម​ហូរក្នុង​ពោះ​ច្រើន​ពេក ត្រូវ​បញ្ចូល​ឈាម​បន្ថែម។ ការ​ប្រើ​ប្រាស់​ថ្នាំប៉ា​រ៉ាសេ​តា​មុល នោះ​ត្រូវប្រើ​ឱ្យវា​សម​ស្រម​តាម​កម្រិត​គឺ៣០​មីលីក្រាម​ក្នុង​មួយ​គីឡូ​ក្រាម​នៃ​ទម្ងន់​កុមារ​រយៈ​ពេល​២៤​ម៉ោង បើ​លើស​ពី​ចំនួន​នេះ​ថ្នាំ ប៉ារ៉ា​សេតា​មុល​អាច​ប៉ះ​ពាល់​ដល់​ថ្លើម​កុមារ​បាន។ ដូច្នេះ​ដើម្បី​ជំនួយ​ក្នុង​ការ​បញ្ចុះ​កម្ដៅ​របស់​កុមារ យើង​ត្រូវ​ប្រើជា​កន្សែង​ទទឹក​ស្អំ លើ​កុមារ ចៀស​វាង​ការ​ប្រើ​ថ្នាំ​លើស​កម្រិត។

3. វិធី​បង្ការ​ជម្ងឺ​គ្រុន​ឈាម

យើង​អាច​ការ​ពារវា​បាន​ដោយ​មិន​ត្រូវឱ្យ​មូស​ខ្លាញី​ខាំ ព្រោះ​វាជា​ភ្នាក់​ងារ​ចម្លង​រោគ។ នៅ​ពេល​ដែល​សម្រាក ទោះបី​ជា ពេល​ថ្ងៃ​ឬ​ពេល​យប់​ក្ដី ចាំបាច់​ត្រូវតែ​ដាក់​មុង​ជានិច្ច។ ផ្ទះ​ត្រូវមាន​ពន្លឺ​គ្រប់​គ្រាន់ ព្រោះ​មូសខ្លា​វានៅ​តែទី​ដែល​ងងឹត​តែ​ប៉ុណ្ណោះ​ជា​ពិសេស​គឺ​កន្លែង​ណា​ដែល​ស៊ុប​ទ្រុប​ទី​កន្លែង​ដែល​មាន​ទឹក​ដក់ ហើយ​មាន​ដង្កូវ​ទឹក សុទ្ធ​តែជា​ជម្រក​របស់​មូស​ខ្លា។

បណ្ដាំ​ផ្ញើ ៖ សូម​ស្លេះ​ត្រឹម​ប៉ុណ្ណេះ​សិន សូម​អភ័យ​ទោស។ សូម​រង់ចាំ​ជម្ងឺ​ឃាតករ​បីទៀត នៅ​លេខ​ក្រោយ​ទៀត​ដោយ​អនុ​គ្រោះ។ (អត្ថបទបន្ត សូមចុចទីនេះ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨


Google Analytics Alternative