ឃាត​ករ​ទាំង​៥​សម្លាប់​កុមារ​ជា​ប្រចាំ(ត​ចប់)

រូបភាពទស្សនាវដ្ដីសុខភាពយើង

ឃាត​ករ​ទី៣ គឺ​ជម្ងឺ​រាក

ជម្ងឺ​រាក​ជាការ​បន្ទោរ​បង់​បែប​មិន​ធម្មតា​របស់​កុមារ ដែល​យើង​អាច​សម្គាល់​បាន​ដោយ​លាមក​នោះ​មាន​លក្ខណៈរាវ​ឬ​មាន ជាតិ​ទឹក​ច្រើន​ជាង​ធម្មតា ហើយ​កុមារ​បន្ទោរ​បង់​លើស​ពី៣ដង​ក្នុង​មួយ​ថ្ងៃ។ ករណី​កុមារ​បៅ​ដោះ​ម្ដាយ​ការជុះ​លើស​ពី៣​ដង​ជា​អាការ ធម្មតា ទោះ​ជា​លាមក​ចេញ​មក​ទន់​ឬរាវ​ក៏ដោយ។ កុមារ​ច្រើន​ចាប់​រាក​ពី​អាយុ​៦ខែ​រហូត​ដល់​អាយុ​ក្រោម​២ឆ្នាំ​ហើយ​បរិ​មាណ​នៃ លាមក​ក៏មិន​ដូច​គ្នា​ដែរ កុមារ​ខ្លះ​រាក​តិច ខ្លះ​ច្រើន​តែការ​រាក​របស់​កុមារ​តូច​ងាយ​គ្រោះ​ថ្នាក់​ជាង​កុមារ​ដែល​មាន​អាយុ​ច្រើន។

1 . រោគ​សញ្ញា និង​ផល​វិបាក​នៃ​ជម្ងឺ​រាក

កុមារ​រាក​ភាគ​ច្រើន​មាន​រោគ​សញ្ញា​ជា​បឋម គឺ​លាមក​ប្រែខុស​ពី​ធម្មតា ពី​រឹង​ប្រែ​ជា​រាវ មាន​ជាតិ​រំអិល​មាន​លាយ​ឈាម​ជា ដើម ហើយ​ជុះ​ញឹក​ញាប់​ជាង​សព្វ​ដង គឺ​លើស​ពី៣ដង​ក្នុង​មួយ​ថ្ងៃ។ ជួន​កាល​កុមារ​ស្គម​មិន​មែន​មកពី​ជម្ងឺ​រាក​នោះ​ទេ។ ការ​បន្ទោរ​បង់ ញឹក​ញាប់​ជា​ហេតុ​ដែល​ធ្វើឱ្យ​កុមារ​បាត់​បង់​ជាតិ​ទឹក​ច្រើន ដែល​អាច​ឱ្យ​កុមារ​មាន​សភាព​ដូច​ជា​ភ្នែក​រាង​ខូង​មាត់​ស្ងួត អណ្ដាត​ស្ងួត ស្រេក​ទឹក ព្រម​ទាំង​ពេល​ដែល​ចាប់​ស្បែក​ពោះ​ក្ររ​លាមក​រក​សភាព​ដើម​វិញ​ជា​ដើម។ បើ​កុមារ​ខ្វះ​ជាតិ​ទឹក​កម្រិត​មធ្យម​ធ្វើឱ្យ​កុមារ មាន​ការ​ខឹង​ច្រើន បើ​ករណី​ខ្វះ​ជាតិ​ទឹក​កម្រិត​ធ្ងន់​វិញ​នោះ ធ្វើឱ្យ​កុមារ​មាន​សភាព​សន្លឹម​(លែង​ចង់​កម្រើក​ដៃ​ជើង​តែ​ម្ដង)។

2 . មូល​ហេតុ​បង្ក​ជម្ងឺ​រាក

វា​បណ្ដាល​មកពី​មេរោគ​ដូចជា​បាត់​តេរី វីរុស ប៉ារ៉ា​ស៊ីត​ជា​ដើម​ឬជួន​កាល​មកពី​កុមារ​មិន​ទទួល​ជាតិ​ស្ករក្នុង​ទឹក​ដោះគោ​ដែល កុមារ​បៅ។ ក្មេង​ក្រោម​អាយុ៦​ខែ​ដែល​បៅតែ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​គត់ មិន​សូវ​ឃើញ​មាន​ជម្ងឺ​រាក​ទេ។ តែ​កុមារ​ដែល​បំបៅ​ដោយ​ទឹក ដោះ​គោ អាច​មាន​អាការ​រាក​ច្រើន​ជាង​កុមារ​ដែល​បៅ​ដោយ​ទឹក​ដោះ​ម្ដាយ​ហើយ​ទឹក​ដោះ​គោ​ខ្លះធ្វើ​ឱ្យ​កុមារ​ក្ដៅ​ខ្លួន​ទៀត​ផង។ ដូច នេះ​គ្មាន​អ្វី​ដែល​ល្អជាង​ទឹក​ដោះ​ម្ដាយ​នោះ​ទេ។

3 . វិធី​បង្ការ​ជម្ងឺ​រាក

មេ​រោគ​ដែល​អាច​ឆ្លង​ចូល​ទៅក្នុង​ខ្លួន​បាន​ដោយ​សារ​តែ​ភាព​ខ្វះ​អនាម័យ​ឬ​បណ្ដាល​មកពី​ការ​ទទួល​ទាន​មិនបាន​ត្រឹម​ត្រូវ ដែល​នាំឱ្យ​មាន​អាការ​ពុល​ចំណី​អាហារ។ ដើម្បី​កុំ​ឱ្យ​មាន​ជម្ងឺ​រាក​កើត​ឡើង​យើង​ត្រូវ​បង្កើន​ភាព​មាន​អនាម័យ​ឱ្យបាន​ច្រើន​ជាង​មុន អនា​ម័យ​ខ្លួន​ប្រាណ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះគឺ​ចំណី​អាហារ​ហូប​ចុក​ជា​រៀង​រាល់​ថ្ងៃ។

4 . វិធី​ព្យាបាល​ជម្ងឺ​រាក

វិធី​ព្យាបាល​គឺត្រូវ​បង្គ្រប់​ជាតិ​ទឹក​ឱ្យ​កុមារ ដោយ​ការ​ផ្ដល់​ទឹក​អូរ៉ា​លីត ទឹក​ដូង ទឹក​បបរ ទឹក​សម្ល ទឹក​ផ្លែ​ឈើ​ស្រស់​ទឹក​ឆ្អិន និង​បន្ដ​បំបៅ​ដោះ​ម្ដាយ​ឱ្យ​បាន​ត្រឹម​ត្រូវ។ ករណី​កុមារ​មាន​អាយុ​ក្រោម​អាយុ​៦ខែ ដែល​មាន​ជម្ងឺ​រាក​ឬសញ្ញា​ខ្វះជាតិ​ទឹក​មាតា​បិតា​ក៏ អាច​ផ្ដល់​ទឹក​អូរ៉ា​លីត ហើយ​បន្ដ​បំបៅ​ដោះ​កូន​ដូច​ធម្មតា​ដែរ។

ឃាត​ករ​ទី៤ គឺ​ជម្ងឺ​តេតា​ណូស ឬ​ជម្ងឺ​ស្កន់​ម្ដាយ​ដើម

ប្រជា​ពល​រដ្ឋ​ខ្មែរ​បុរាណ​និយម​ហៅថា​ស្កន់​ម្ដាយ​ដើម​ព្រោះ​ពួក​គាត់​តែង​យល់​ថាម្ដាយ​ដើម​របស់​កុមារ​ពីជាតិ​មុន​តាម​យក ជីវិត​កុមារ​នៅ​ជាតិ​នេះ ដែល​គាត់​សង្កេត​ឃើញ​កុមារ​ដែល​មាន​អាយុ​ត្រឹម៥​ថ្ងៃ​ឬមួយ​អាទិត្យ​មាន​អាការ​ញាក់​កន្ដ្រាក់​ដៃ​ជើង មើល ទៅគួរ​ឱ្យ​សង្វែក រឹង​ថ្គាម រឹងក ខ្នង​កោង​ដូច​ឥន្ទ​ធនូ បៅ​ដោះ​មិន​បាន​ពួក​គាត់​ទទួល​ស្គាល់​ថាមាន​ជម្ងឺ​ស្កន់​ម្ដាយ​ដើម(តាម​ជំនឿ​ពី បុរាណ) ឬជម្ងឺ​តេតា​ណូស​(តាម​វេជ្ជ​សាស្ដ្រ)។ តេតា​ណូស​បង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ​ក្លូស​ឌីញ៉ូម​តេ​តានី​ដែល​ឆ្លង​ចូល​ទៅក្នុង​ខ្លួន កុមារ តាម​រយៈ​ការ​ធ្វេស​ប្រហែស​របស់​អាណា​ព្យាបាល​ការគ្មាន​អនាម័យ​ចំពោះ​កុមារ​នៅ​ពេល​ប្រសូត​កុមារ​ជា​ដើម។

1 . មូល​ហេតុ​បង្ក​ជម្ងឺ​តេតា​ណូស

ជម្ងឺ​តេតា​ណូស​ច្រើន​តែ​ឆ្លង​តាម​រយៈ​ការ​យក​មេរោគ​ដែល​មាន​នៅខាង​ក្រៅ ដូចជា​សម្បុក​ឆ្កែ​ញ៉ាំង កម្ទេច​ធូប​ជា​ដើម​មក ដាក់​លើ​ទង​ផ្ចិត​កុមារ។ គ្រប់​សម្បុក​ឆ្កែ​ញ៉ាំង​ទាំង​អស់​សុទ្ធ​តែ​មាន​មេ​រោគ​តេតា​ណូស​ទាំង​អស់​ដូច្នេះ​ហាម​ផ្ដាច់​មិន​ឱ្យ​យក​មក​រោយ​ពី លើ​ផ្ចិត​កុមារ​ទេ។ កុមារ​ខ្លះ​អាច​កើត​ជម្ងឺ​តេតា​ណូស​នេះ​បាន​ដោយ​សារ​ការ​មុត​ដែក​ច្រែះ ដូច​ជា​កន្ដ្រៃ ឡាម​កាំបិត​ជាដើម។

2 . រោគ​សញ្ញា​ជម្ងឺ​តេតា​ណូស

មេរោគ​តេ​តា​ណូស​ឆ្លង​តាម​សរសៃ​ឈាម​ចូល​ទៅក្នុង​ខួរ​ក្បាល ដែល​នាំឱ្យ​កុមារ​កន្ដ្រាក់​សាច់​ដុំដៃ​ជើង សាច់​ដុំ​មុខ​សាច់​ដុំ មាត់ កន្ដ្រាក់​ឡើង​រឹងក ឆ្អឹង​ខ្នង​ឡើង​កោង​ដូច​ឥន្ទ​ធនូ ឬជួន​កាល​អាច​បណ្ដាល​បាក់​ឆ្អឹង​ខ្នង​ក៏មាន​ដែរ។ ពន្លឺ​និង​សម្លេង​មាន​ផល​ប៉ះ​ពាល់ ដល់​ការ​កន្ដ្រាក់​របស់​កុមារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . វិធី​ការ​ពារ​ជម្ងឺ​តេតា​ណូស

ជម្ងឺ​នេះ​អាច​បង្ការ​បាន​ដោយ​អនុវត្ដ​ទៅ​តាម​វ័យ និង​ទៅ​តាម​ពេល​វេលា​កាលៈ​ទេសៈ។

  • ពេល​ពេញ​វ័យ ស្ដ្រី​គួរតែ​ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​តេតា​ណូស ដើម្បី​ការពារ​ខ្លួន​ឯង និង​ផ្ដល់​ភាព​ស៊ាំ​ដល់​ទារក​(ការ​ពារ​ជម្ងឺ​តេ តា​ណូស)នៅ​ពេល​ដែល​ស្ដ្រី​មាន​ផ្ទៃ​ពោះ។ ចំពោះ​ស្ដ្រី​ដែល​មាន​អាយុ​ចាប់​ពី១៥​ទៅដល់​៤៥​ឆ្នាំ​ទោះបី​មិន​ទាន់​មាន​ផ្ទៃពោះ​ក៏ដោយ ក៏ ត្រូវ​តែចាក់​ថ្នាំ​ការ​ពារ​ជម្ងឺ​តេតា​ណូស​ឱ្យ​បាន​ចំនួន៥​ដង​ដែរ។
  • ពេល​សម្រាល ត្រូវ​ជ្រើស​រើស​មន្ទីរ​សម្ភព​ឱ្យ​បាន​ត្រឹម​ត្រូវ​ចៀស​វាង​ការ​សម្រាល​កូន​នៅ​កន្លែង​ដែល​មិន​មាន​អនាម័យ ឬមិន​មាន​វិធី​ត្រឹម​ត្រូវ​ដើម្បី​បង្កើត​កូន និង​គ្មាន​អនាម័យ​ល្អ​ជា​ដើម។
  •  ក្រោយ​ពេល​សម្រាល ពេល​កាត់​ទង​ផ្ចិត ត្រូវ​តែមាន​អនាម័យ​ខ្ពស់​ចំពោះ​កន្ដ្រៃ កាំបិត​ត្រូវ​សម្អាត​ឱ្យ​បាន​ស្អាត​កុំឱ្យ​មាន មេ​រោគ មិន​ត្រូវ​យកសម្បុក​ឆ្កែ​ញ៉ាំង ម្រេច ឬ​ផេះ ទៅ​រោយ​លើ​ផ្ចិត​ទារក​ទេ។ លោក​អ្នក​អាច​យក​ក្រណាត់​ស្អាត​ទៅគ្រប​លើ​ទង​ផ្ចិត ទារក ដោយ​មិន​ចាំបាច់​រោយ​អ្វីក៏​បាន វា​នឹង​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង។

4 . វិធី​ព្យាបាល​ជម្ងឺ​តេតា​ណូស

ជម្ងឺ​តេតា​ណូស​ធ្វើឱ្យ​កុមារ​មាន​អាការ​ប្រកាច់​កន្ដ្រាក់​គួរឱ្យ​សង្វេគ។ គ្រូ​ពេទ្យ​អាច​ព្យាបាល​ជម្ងឺ​តេតា​ណូស​នេះ​បាន​ដោយ បច្ចេក​ទេស​វេជ្ជ​សាស្ដ្រ។

  •       ផ្ដល់​ថ្នាំ​ទប់​ទល់​អាការ​ប្រកាច់
  •       ព្យួរ​សេរ៉ូម ឬ​ផ្ដល់​ថ្នាំ​ដើម្បី​ចិញ្ចឹម​រាង​កាយ​កុមារ
  •       ផ្ដល់​ថ្នាំ​ផ្សះ​ដើម្បី​សម្លាប់​មេរោគ​តេតា​ណូស
  •       ផ្ដល់​ថ្នាំ​បន្សាប​ជាតិ​ពុល​តេតា​ណូស​ឱ្យ​កុមារ
  •       បញ្ចូល​ខ្យល់​តាម​ច្រមុះ​ដើម្បី​ចិញ្ចឹម​ជីវិត​កុមារ
  •       រក្សា​ទុក​កុមារ​នៅ​កន្លែង​ស្ងាត់ ការ​ពារ​កុមារ​ពីពន្លឺ និង​ពី​សម្លេង
  •       សម្អាត​ផ្ចិត​ដើម្បី​កម្ចាត់​មេរោគ។

5 . ផល​វិបាក​ជម្ងឺ​តេតា​ណូស

ការ​ប្រកាច់ និង​ការ​កន្ដ្រាក់​របស់​កុមារ​ធ្វើឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម​កុមារ​ដែល​នាំឱ្យ​គេ​អាច​ស្លាប់​បាន​ដោយ​សារ​ស្ទះ ផ្លូវ​ដង្ហើម ដែល​មិន​អាច​ជួយ​បាន​ទាន់​ពេល​វេលា។ ទោះ​បីការ​ព្យាបាល​ទទួល​បាន​ជោគ​ជ័យ​ក៏​ដោយ​ក៏កុមារ​មាន​ការ​ចុះ​ថយ​នៃ សតិ​បញ្ញា​ផង​ដែរ។

ឃាត​ករ​ទី៥ គឺ​ជម្ងឺ​កញ្ជ្រឹល

កញ្ជ្រឹល​ជាជម្ងឺ​ឆ្លង​ដែល​កើត​មាន​ចំពោះ​កុមារ​អាយុ​ចាប់​ពី៦​ខែ​ទៅ​ដល់​១០​ឆ្នាំ​ហើយ​ពេល​ខ្លះ​ទៀតវា​ក៏កើត​មាន​ចំពោះ​មនុស្ស​ពេញ​វ័យ​ផង​ដែរ ប៉ុន្ដែ​វាជា​ករណី​កម្រ។ កញ្ជ្រឹល​បណ្ដាល​មក​ពីវីរុស​ម្យ៉ាង​ដែល​ឆ្លង​តាម​ទឹក​មាត់​ដោយ​សារ​តែការ​និយាយ​គ្នា រវាង​កុមារ​ម្នាក់​ទៅ​កុមារ​ម្នាក់​ទៀត ឬអាច​តាម​ការ​ប៉ះ​ពាល់​អ្នក​ជម្ងឺ​ផ្ទាល់​តែ​ម្ដង។

1 . រោគ​សញ្ញា​ជម្ងឺ​កញ្ជ្រឹល

កុមារ​ដែល​កើត​ជម្ងឺ​កញ្ជ្រឹល​មាន​អាការ​ដូច​តទៅ។

  •       ក្ដៅ​ខ្លួន​ខ្លាំង​ភ្លាមៗ(មាន​សី​តុណ្ហ​ភាព​ចាប់​ពី៣៩​ទៅ​៤០​អង្សា​សេ)
  •       ក្អក កណ្ដាស់ ហៀរ​សម្បោរ
  •       ឈឺ​ចាប់​ក្នុង​សន្លាក់
  •       ភ្នែក​ឡើង​ក្រហម
  •       ក្អួត
  •       មិន​សូវ​ឃ្លាន​ចំណី​សអាហារ។

បន្ទាប់​មក​ទៀត​នោះ​ទើប​លេច​ចេញ​នូវ​ស្នាម​កន្ទួល​ក្រហម​តូចៗ​ពាស​ពេញ​ស្បែក វាធ្វើ​ឱ្យ​កុមារ​រមាស់ ស្កៀប​ខ្លួន​ហើយ​វា ចេញ​ដំបូង​គឺនៅ​លើ​មុខ រួច​រាល​ដាល​ពេញ​ខ្លួន​ទាំង​អស់។ ក្នុង​រយៈ​ពេល​៣ថ្ងៃ​ក្រោយ​មក​ស្នាម​កន្ទួល​នោះក៏​ហើរ​បាត់​បន្ដិច​ម្ដងៗ កម្ដៅ ក្នុង​ខ្លួន​កុមារ​ក៏ថយ​ចុះ កុមារ​ចាប់​ផ្ដើម​ឃ្លាន​ចំណី​អាហារ​ឡើង​វិញ។

2 . ផល​ពិបាក​ជម្ងឺ​កញ្ជ្រឹល

ចំពោះ​កុមារ​ដែល​មិន​បាន​ចាក់​ថ្នាំ​ការ​ពារ​ជម្ងឺ​កញ្ជ្រឹល​ពេល​ដែល​កើត​ជម្ងឺ​កញ្ជ្រឹល​អាច​នឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​កើត​ឡើង ដោយ​កុមារ​មាន​ជាផល​លំបាក​មួយ​ចំនួន។ វីរុស​កញ្ជ្រឹល​អាច​ឆ្លង​ទៅ​ដល់​ខួរ​ក្បាល​ធ្វើឱ្យ​កុមារ​ប្រឈម​មុខ​នឹង​ការ​រលាក​ខួរ​ក្បាល ដែល​អាច​ធ្វើឱ្យ​កុមារ​ស្លាប់​បាន។

បើ​កុមារ​លាប់​កញ្ជ្រឹល​វិញ​នោះ អាច​ធ្វើឱ្យ​កុមារ​ប្រឈម​មុខនឹង​ការ​រលាក​សួត ឬ​ហើម​សួត​ជា​ដើម។ កញ្ជ្រឹល​អាច​ធ្វើ​ឱ្យ កុមារ​មាន​អាការ​រាក​មួល​មាន​ឈាម ឬជា​សម្បោរ​ដែលជា​បញ្ហា​ធ្វើឱ្យ​កុមារ​មាន​ការ​ចុះ​ខ្សោយ​ខាង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ។ ស្នាម កន្ទួល​ក្រហម​នេះ បើវា​ចេញ​ចំភ្នែក​នោះអាច​ធ្វើឱ្យ​កុមារ​ខ្វាក់​ភ្នែក​បាន។

3 . វិធី​បង្ការ​ជម្ងឺ​កញ្ជ្រឹល

ការ​បង្ការ​ជម្ងឺ​កញ្ជ្រឹល​វាគ្មាន​អ្វី​ដែល​ពិបាក​នោះ​ទេ​គឺគ្រាន់​តែនាំ​កូន​របស់​លោក​អ្នក​ដែល​មាន​អាយុ៩​ខែមក​ចាក់ថ្នាំ​ការពារ ជម្ងឺ​កញ្ជ្រឹល​តែ​ប៉ុណ្ណោះ ហើយ​ប្រសិន​បើមាន​កើត​កញ្ជ្រឹល​ក៏មិន​មាន​បង្ក​លក្ខណៈ​ធ្ងន់​ធ្ងរ​ឡើយ។

4 . វិធី​ព្យាបាល​ជម្ងឺ​កញ្ជ្រឹល

ប្រសិន​បើ​ករណី​ធម្មតា អ្នក​ម្ដាយ​អាច​ធ្វើការ​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន។ ម្ដាយ​ត្រូវ​ផ្ដល់​ថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល​បញ្ចុះ​កម្ដៅ​ដល់ កូន​ក្នុង​កម្រិត​មួយ​ត្រឹម​ត្រូវ​ទៅតាម​អាយុ និង​ទម្ងន់​របស់​កូន។ មួយ​វិញ​ទៀត​អ្នក​ម្ដាយ​ត្រូវ​យក​ក្រណាត់​ទទឹក​មក​ជូត​ដណ្ដប់​ឱ្យកូន ប៉ុន្ដែ​ចៀស​វាង​ការ​ប្រើ​ទឹក​កក ព្រោះ​អាច​ឱ្យ​កុមារ​ញាក់​បាន។ ម្ដាយ​ត្រូវ​ព្យាយាម​ឱ្យកូន​បរិភោគ​អាហារ​ឱ្យបាន​ច្រើន តាម​ដែល​អាច ធ្វើ​ទៅ​បាន មិន​គួរ​ឱ្យកុមារ​តម​អាហារ​ឡើយ។ ជម្ងឺ​កញ្ជ្រឹល​ជាជម្ងឺ​ដែល​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ​ត្រូវ​ដាក់​កុមារ​ដោយ​ឡែក ពីក្មេង​ដទៃ​ទៀត។ បើ​មាន​ករណី​ធ្ងន់​ធ្ងរ​នោះ ត្រូវ​នាំ​យក​កុមារ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ជា​ពិសេស​នៅ​ពេល​លាប់​កញ្ជ្រឹល​ដែល​អាច ធ្វើ​ឱ្យ​កុមារ​ស្លាប់​បាន។ (អត្ថបទមុន សូមចុចទីនេះ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Google Analytics Alternative