សម្លៀក​បំពាក់​យុវវ័យ​

ការ​ផ្លាស់ប្ដូរ​នៃ​ទម្រង់​ម៉ូត​សម្លៀក​បំពាក់​ត្រូវបាន​កែច្នៃ​ឡើង​ជាម៉ូត​ផ្សេងៗ​ប្លែកៗ និង​ទាន់​សម័យ​សម្រាប់​បំពេញ​នូវតម្រូវ ការ​ស្លៀកពាក់​របស់​យុវវ័យ​ដែល​ចូលចិត្ដ​ភាព​ស៊ីវីល័យ។ សម្លៀក​បំពាក់​គឺជា​វត្ថុ​នៅលើ​ខ្លួនយើង​ដំបូង ដែលធ្វើ​ឱ្យអ្នក​ជុំវិញខ្លួន យើងផ្ដោត​អារម្មណ៍ និង​សម្លឹង​មើលមក​យើង​ដោយ​សារភាព​ទាក់ទាញ​នៃម៉ូត​សម្លៀក​បំពាក់​ដែលមាន​ភាពស្រស់​ស្អាត បូករួម​ជាមួយ ភាព​សក្ដិសម​យ៉ាង​ឥតខ្ចោះ​នៃដងខ្លួន។ ការ​ជ្រើស​រើស​សម្លៀក​បំពាក់​ជារឿង​សាំញ៉ាំ ដែល​យុវវ័យ​មិនអាច​មើល​រំលង និងត្រូវ​យកចិត្ដ ទុកដាក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹង​បង្ហាញជូន​មិត្ដ​យុវវ័យ​នូវម៉ូត​សម្លៀក​បំពាក់​ប្រចាំ​ឆ្នាំថ្មីនេះ ទុកជាការស្វែងយល់​ក្នុងការ​ជ្រើស​រើស​សម្លៀក​បំពាក់​ឱ្យបាន​សក្ដិសម និងមាន​ភាព​ថ្លៃថ្នូរ តាមរយៈ​ការផ្ដល់​បទ​សម្ភាសន៍​ជាមួយ​លោក ជិន ស៊ីថាន ប្រធានផ្នែក​លក់ នៅហាង​សម្លៀក​បំពាក់ លឹម ហុង ។

សារៈ​សំខាន់​នៃសម្លៀក​បំពាក់

របៀប​នៃការ​ស្លៀកពាក់​គឺជា​សារមួយ​ដែល​បញ្ជូន​ទៅក្នុង​ចិត្ដគំនិត​មនុស្ស​ជុំវិញ​ខ្លួនយើង និងប្រាប់​ពួកគេ​ថា យើងជា​អ្នក ណា មាន​ចរិត​ដូចម្ដេច​ ជាមនុស្ស​ប្រភេទ​ណា រស់នៅ​ក្នុង​សង្គម​គ្រួសារ​ណា និងមាន​ការ​អប់រំ​កម្រិត​ណា។ ការ​ជ្រើស​រើស​សម្លៀក បំពាក់​ឱ្យបាន​សមស្រមជាបញ្ហា​កង្វល់​មួយ​សម្រាប់​យុវវ័យ​ទាំងអស់ ដែល​ស្រឡាញ់​នូវភាព​ស្រស់ស្អាត​នៃរូប​រាងកាយ សម្លៀក​បំពាក់ មិន​គ្រាន់តែ​ប្រើសម្រាប់​បិទបាំង​រាងកាយ​នោះទេ! វាថែម​ជាគ្រឿង​លម្អជួយ​បង្កើន​សម្រស់​បានមួយ​ផ្នែក​ទៀត។

សម្លៀក​បំពាក់​យុវវ័យ

សម្លៀក​បំពាក់​របស់​យុវវ័យ​នៅក្នុង​ឆ្នាំថ្មី ត្រូវបាន​រចនា​ម៉ូតឱ្យ​មានភាព​ស្រស់ស្អាត និងប្លែក​ជាងឆ្នាំមុន។ បច្ចុប្បន្ននេះ ការ​និយម​នូវម៉ូត​សម្លៀក​បំពាក់​កំពុងតែ​មានសន្ទុះ​យ៉ាងខ្លាំង មាន​ន័យថា​ការលេង​ម៉ូត ការរើស​សាច់ក្រណាត់ ពណ៌​ខោអាវ និងស្បែក ជើង​សុទ្ធតែ​មានភាព​ស៊ីវីល័យ​និយម​ទាំងអស់ ហើយ​សមស្រប​តាមកាលៈទេសៈ។ យុវវ័យ​ទាំងអស់​មិនថា​ជាអ្នក​ដែលចូលចិត្ដ សម្លៀក​បំពាក់​បែប​ស៊ីវីល័យ ឬក៏​បែប​ទាន់សម័យ​ដែលមាន​លក្ខណៈ​សុភាព​រាបសារ​ក៏ដោយ គឺ​សុទ្ធសឹង​តែអាច​រកបាននូវ​សម្លៀក បំពាក់​ដែលខ្លួន​ត្រូវការ​បានយ៉ាង​ងាយ ព្រោះតែ​ការច្នៃម៉ូត​របស់​ជាងកាត់​ដេរ។ ប៉ុន្ដែការ​ស្លៀកពាក់​ឱ្យបាន​សមរម្យ និងត្រូវ ទៅតាម​រូបរាង​របស់អ្នក​ប្រើ នៅតែជា​បញ្ហា​លំបាក​សម្រាប់​យុវវ័យ​មួយចំនួន ដែលចង់​បង្កើន​ភាពស្រស់​ស្អាត និងការ​លេចធ្លោ​របស់ ពួកគេ មិនថា​នៅក្នុង​សកម្មភាព​កម្សាន្ដ ឬក៏​ពិធីផ្សេងៗ​នោះទេ។

សម្លៀក​បំពាក់​ដែល​យុវវ័យ​គួរ​ជ្រើសរើស

ការជ្រើស​រើស​សម្លៀក​បំពាក់​ដើម្បីឱ្យ​សមនឹង​រូបរាង​គឺជាការ​សំខាន់​សម្រាប់​យុវវ័យ។ មិនថា​ជាការ​រើសម៉ូត ឬ​ពណ៌នោះ ទេ វាសុទ្ធសឹង​តែជា​ភាព​ទាក់ទាញ។ ខាងក្រោម​នេះជា​វិធីខ្លះៗ​សម្រាប់​មិត្ដយុវវ័យ​ទាំងអស់ មិនថា​អ្នក​ចូលចិត្ដ​ស្លៀកពាក់​បែប​សិចស៊ី ឬក៏​បែបទាន់​សម័យ​ធម្មតា​នោះទេ គឺសុទ្ធសឹង​តែអាច​យកវិធី​ទាំងនេះ​ទៅ​ប្រើប្រាស់​ដើម្បីជា​ប្រយោជន៍​ក្នុងការ​ជ្រើសរើស​សម្លៀក បំពាក់ ៖

1 . សម្រាប់​យុវជន ៖ សុភាព​បុរស​ទាំងឡាយ លោកអ្នក​គួរតែ​ជ្រើសនូវ​សម្លៀក​បំពាក់​ជាប្រភេទ​សាច់​ក្រណាត់ ឬអាវយឺត ដែលមាន​ពណ៌ឆើត​បន្ដិច ជាពិសេស​ឱ្យវា​ត្រូវ​ជាមួយ​សម្បុរ​ស្បែក។ លោកអ្នក​អាច​ជ្រើសយក​ពណ៌​ជាច្រើន​ប្រភេទ​ដែលកំពុង​ពេញនិយម ដូចជា​ពណ៌ស ស៊ីជម្ពូ ផ្កាឈូក ពណ៌ស្វាយ​ជាដើម។ ប៉ុន្ដែ​ត្រូវឱ្យ​វាស៊ី​ជាមួយ​ពណ៌ខោ និងស្បែក​របស់​លោកអ្នក។ ទាំងនេះ​វាជា សម្លៀក​បំពាក់​ធម្មតា​សម្រាប់​ការកម្សាន្ដ។ ប្រសិនបើ​យុវវ័យ​ត្រូវ​ចូលរួម​ពិធី​ផ្សេងៗ លោកអ្នក​ចាំបាច់ជ្រើសរើស​ខោអាវ​ជា​ប្រភេទ សាច់​ក្រណាត់​ដែលកាត់​បញ្ចេញ​រាង​បន្ដិច​ជាមួយ​ស្បែក​ជើងប៊ូ ទើប​មើលទៅ​មានភាព​ថ្លៃថ្នូរ និង​សក្ដិសម​ក្នុងពិធី។ សូមចង​ចាំថា ការជ្រើស​យកស្បែក​ជើងប៊ូវា​ប្រសើរ​ជាងការ​ពាក់ស្បែក​ជើង​ប៉ាតតា​ក្នុងពិធី​សំខាន់ៗ។

2 . សម្រាប់​យុវនារី ៖ សុភាព​នារី​ទាំងឡាយ​អ្នកនាង​កញ្ញា​គួរតែ​ដឹងថា រូបរាង​កាយ​របស់អ្នក​នាងកញ្ញា​គឺជាវត្ថុ​ដ៏ពិសិដ្ឋ ដែល​ទទួល​បានតាំង​ពីកំណើត។ ដូចនេះ​រាល់ការ​ស្លៀកពាក់​ចាំបាច់​បំផុត​ត្រូវតែ​មានភាព​ស្រស់ស្អាត និង​ទាក់ទាញ​សមតាម​បែប យុវវ័យ​ថ្លៃថ្នូរ។ សុភាព​នារី​ទាំងអស់​អាចជ្រើស​រើសការ​ស្លៀកពាក់​បែប​សាមញ្ញ ដូចជា​អាវយឺត ខោខូវប៊យ​ជើងវែង ឬខ្លីទៅ​តាម​ម៉ូត និងពណ៌​ដែល​ចូលចិត្ដ សម្រាប់ការ​ស្លៀកពាក់​ធម្មតា​ប្រចាំថ្ងៃ។ ប៉ុន្ដែ​បើសិន​ជាអ្នក​នាងកញ្ញា​មាន​កម្មវិធី​ផ្សេងៗ នោះ​យុវនារី​ទាំង ឡាយ​រើសយក​សម្លៀក​បំពាក់ ដូចជា​រ៉ូបវែង ឬខ្លីត្រឹម​ជង្គង់​ក៏បាន ឱ្យតែ​មានពណ៌​ស្រស់ឆើត​ស្របតាម​ចំណូល​ចិត្ដ​របស់អ្នក​នាងកញ្ញា តែ​សំខាន់​ពណ៌​ដែលត្រូវ​នឹងសាច់​របស់អ្នក​នាងកញ្ញា​ទៅវា​ជាការ​ស្រេច។ ដើម្បី​បន្ថែម​នូវភាព​ស្រស់ស្អាត និងភាព​ទាក់ទាញ​របស់មិត្ដ យុវនារី​ថែមទៀត​នោះ សូមលម្អ​ជើងដោយ​ស្បែកជើង​កែងចោទ និង​កាបូប​យួរដែល​សក្ដិសម​ជាមួយ​សម្លៀក​បំពាក់​របស់​អ្នកនាង កញ្ញា​ទាំងឡាយ។

ដំបូន្នាន​អ្នក​ជំនាញ

សម្លៀក​បំពាក់​ជាកត្ដា​សំខាន់​ក្នុងការ​លើកកម្ពស់​រូប​សម្រស់​ខាងក្រៅ​របស់មនុស្ស។ ដូចនេះ​យុវវ័យ​គ្រប់រូប​គួរតែ​ជ្រើសរើស សម្លៀក​បំពាក់​ណាដែល​មានភាព​ទាក់ទាញ និងទាន់​សម័យ​សង្គម។ ប៉ុន្ដែ​លោកអ្នក​ត្រូវគិត​ថា សង្គមជាតិ​យើង​ប្រកាន់​ទំនៀម​ទម្លាប់ យ៉ាង​ដូចម្ដេច លោកអ្នក​អាច​ជ្រើសរើស​នូវ​សម្លៀក​បំពាក់​ដែល​ស្រស់ស្អាត​ជាច្រើន​ប្រភេទ ដែល​ធ្វើឱ្យ​ខ្លួនមាន​ភាព​ស៊ីវីល័យ ហើយ សក្ដិសម​ទៅនឹង​វប្បធម៌​របស់យើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative