វិធី​ទប់​ស្កាត់​ជម្ងឺ​លើស​ឈាម

លើសឈាម​ជាជម្ងឺ​មួយ​ប្រភេទ​ដែលបង្ក​គ្រោះថ្នាក់​ដល់លោក​អ្នកយ៉ាង​ច្រើនប្រការ ព្រោះវា​ជាជម្ងឺ​ដ៏សាហាវ​មួយ។ ជម្ងឺ នេះអាចវិវឌ្ឍន៍​ជាយូរ ដោយគ្មាន​រោគ​សញ្ញា។ ប៉ុន្ដែវា​អាចបង្ក​វិបត្ដិ​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា​ដាច់​សរសៃឈា​មខួរ​ក្បាល ស្លាប់​មួយ ចំហៀង​ខ្លួន ជម្ងឺ​បេះដូង ខូចតម្រង់​នោម​ជាដើម។ ទោះបី​ជាលោក​អ្នកមួយ​ចំនួនបាន​យល់ដឹង​អំពី​ជម្ងឺ​លើសឈាម​នេះក្ដី​ក៏នៅ​មិន​ទាន់ ជ្រាបទៅ​លើវិធី​ការពារ​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខទី​០០៣ ឆ្នាំទី​០១ នៃការ​ចេញផ្សាយ​របស់​ទស្សនា​វដ្ដី សុខភា​ពយើង លោកអ្នក​បានទទួល​ជ្រាបរួច​មកហើយ អំពី​ជម្ងឺលើស​ឈាមដែល​ជាឃាត​ករសម្ងាត់​នេះ។ ដោយមា​នការស​ហការពី​លោកវេជ្ជ​បណ្ឌិត ឈី ប្រកប អនុ​ប្រធាន​ផ្នែកជម្ងឺ​ទូទៅ នៃមន្ទីរ​ពេទ្យ​ព្រះកុសមៈ យើងខ្ញុំ​នឹងលើក​យកវិធី​មួយចំនួន​ដើម្បី​ទប់ស្កាត់​ជម្ងឺលើស​ឈាមនេះ​មកជម្រាប​ជូនលោក​អ្នកអាន។

លក្ខណៈ​ទូទៅនៃ​ជម្ងឺ​លើស​ឈាម

គេអាច​ដឹងថា​នរណាម្នាក់​មានជម្ងឺ​លើសឈាម​បានគឺ​អាស្រ័យ​លើការវាស់​សម្ពាធឈាម​តែមួយ​មុខគត់ ព្រោះជម្ងឺ​នេះមិន មាន​រោគសញ្ញា​អ្វីដែល​គួរឱ្យ​កត់សម្គាល់​ទេ។ គេចែក​ជម្ងឺលើស​ឈាមទៅ​តាមប្រភេទ​ដូចខាង​ក្រោម ៖

1 . អ្នកដែល​មានសម្ពាធ​ឈាម​ធម្មតា ៖ គឺមាន​សម្ពាធឈាម​ស៊ីសស្ដូល​តិចជាង​១២០​មីលីម៉ែត្រ​បារត ឬសម្ពាធ​ឈាម ឌីយ៉ាស​ស្ដូលតិច​ជាង៨០​មីលីម៉ែត្រ​បារត។

2 . អ្នកដែល​មានសម្ពាធ​ឈាមអាច​មានជម្ងឺ​លើស​ឈាម ៖ គឺមាន​សម្ពាធឈាម​ស៊ីសស្ដូល​ចាប់ពី​១២០​ទៅ១៣៩ មីលី​ម៉ែត្របារត ឬសម្ពាធ​ឈាមឌីយ៉ាស​ស្ដូល ចាប់ពី​៨០ទៅ​៨៩មីលី​ម៉ែត្របា​រត។

3 . អ្នកដែល​មានជ​ម្ងឺលើស​ឈាមកម្រិត​ទីមួយ ៖ គឺមាន​សម្ពាធ​ឈាមស៊ីស​ស្ដូលចាប់​ពី១៤០​ទៅ១៥៩​មីលីម៉ែត្រ​បារត ឬសម្ពាធ​ឈាមឌី​យ៉ាស​ស្ដូល ចាប់ពី​៩០ទៅ​៩៩មីលី​ម៉ែត្របា​រត។

4 . អ្នកដែល​មានជម្ងឺ​លើសឈាម​កម្រិត​ទីពីរ ៖ គឺមាន​សម្ពាធ​ឈាមស៊ី​សស្ដូលច្រើន​ជាង១៦០​មីលី​ម៉ែត្របា​រត ឬសម្ពាធឈាម​ឌីយ៉ាសស្ដូល​ច្រើនជាង​១០០​មីលីម៉ែត្រ​បារត។

សម្ពាធ​ឈាមនេះ​អាចប្រែ​ប្រួលទៅ​តាមវ័យ មានន័យ​ថាកាន់តែ​ចាស់ សម្ពាធ​ឈាម​ធម្មតា​កាន់តែ​ខ្ពស់។ ចាប់ពី​អាយុ​៦០ ប្លាយទៅ​សម្ពាធ​ឈាមអ​តិបរមា​អាចឡើង​ដល់ទៅ​១៥០ ឬ១៦០។ ចាប់ពី​អាយុ៧០​ឆ្នាំឡើង​ទៅ សម្ពាធ​ឈាម​អតិបរ​មាធម្មតា​អាច ឡើង​ដល់​១៧០។

បើទោះ​បីជា​មនុស្ស​ភាគច្រើន​កើតជម្ងឺ​លើសឈាម​ដោយមិន​ដឹងខ្លួន​ជាច្រើន​ឆ្នាំ ព្រោះមិន​មានសញ្ញា​បញ្ជាក់​ឱ្យច្បាស់​លាស់ ក៏​ដោយ ក៏លោក​អ្នកចំ​ណាំបាន​ខ្លះៗដែរ គួរឱ្យ​ចាប់​អារម្មណ៍។ មានរោគ​សញ្ញាស្ដែ​ងឡើង​ខ្លះៗ ដូចជា​ឈឺក្បាល​នៅពេល​យប់ ឬពេល ងើប​ពីទទួល​ដំណេក​ពេល​ព្រលឹម ស្រវាំង​ភ្នែក ហ៊ឹងនៅ​ត្រចៀក អស់កម្លាំង​គ្មានហេ​តុផល វិល​មុខ វង្វេងវ​ង្វាន់ជា​ដើម។ ជួន​កាល រោគ​សញ្ញាអាសន្ន​ដំបូង​មានឈាម​ច្រមុះ ឬបែក​សរសៃ​ឈាមក្នុង​ភ្នែក។

ជម្ងឺលើស​ឈាមដែល​មិនបាន​ធ្វើរោគ​វិនិច្ឆ័យ ឬមិន​បាន​ទទួលការ​ព្យាបាល អាចបង្ក​ជាវិបត្ដិ​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា​ជម្ងឺ ខ្សោយ​បេះដូង ជម្ងឺខ្សោយ​តម្រង់​នោម ដាច់​សរសៃ​ឈាមក្នុង​ខួរក្បាល ហូរឈាម​ក្នុងខួរក្បាល​ជាដើម។

អ្នកដែល​ប្រឈម​មុខនឹង​ជម្ងឺលើស​ឈាម

ជា​ទូទៅជ​ម្ងឺលើស​ឈាមអាច​កើតមាន​លើ​មនុស្ស​គ្រប់វ័យ​ទាំងអស់។ មនុស្ស​ធម្មតា​មាន១០​ភាគរយ​អាចកើត​ជម្ងឺ​លើស ឈាម ប៉ុន្ដែ​សម្រាប់​លោកអ្នក​ដែលមាន​អាយុចា​ប់ពី៦៥​ឆ្នាំឡើង​ទៅ មានការ​ប្រឈម​មុខនឹង​ជម្ងឺលើស​ឈាមចាប់​ពី៥០​ភាគរយ ឡើង​ទៅ។ បើទោះ​បីជា​មកដល់​ពេលនេះ​មិនទាន់​មានការ​បញ្ជាក់អំពី​មូលហេតុ​ដែលនាំ​ឱ្យកើត​ជម្ងឺលើស​ឈាមនេះ​ក៏ដោយ ក៏មាន​ការ សង្កេត​ជាទូទៅ​មួយបាន​ឱ្យដឹង​ថា អ្នកដែល​ប្រឈម​មុខនឹង​ជម្ងឺលើស​ឈាមនោះ​មានកត្ដា​មួយ​ចំនួន។

  • ជាអ្នក​ដែលរាង​កាយ​ធាត់ មានដុះ​ក្បាល​ពោះ
  • ជាអ្នក​ដែល​ទទួល​ទានគ្រឿង​ស្រវឹងក្នុង​បរិមាណ​ច្រើន​រយៈពេល​ច្រើនឆ្នាំ
  • ជាអ្នក​មាន​ចំណូលចិត្ដ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ប្រៃ ដូចជា​ផ្អក ប្រហុក ត្រីងៀត​ជាដើម
  • ជាអ្នក​ដែលមាន​សកម្មភាព​ផ្លូវកាយ​តិច មិនមាន​ការហាត់​ប្រាណ ជាពិសេសអ្ន​កដែល​រស់នៅ​ទីក្រុង
  • អ្នកដែល​មិនចូ​លចិត្ដ​ទទួល​ទាន​បន្លែ បរិភោគ​សាច់សត្វ​ច្រើន
  • អ្នកដែល​មានកង្វះ​សារជាតិ​ប៉ូតា​ស្យូម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធីទប់​ស្កាត់ជម្ងឺ​លើស​ឈាម

មិនមែន​ជារឿងងាយ​ស្រួលប៉ុន្មាន​ទេក្នុង​ការទប់​ស្កាត់ជម្ងឺ​លើស​ឈាម ដោយ​សារតែ​មូលហេតុ​បង្កមួយ​ចំនួន ដូចជា​ជម្ងឺ លើស​ឈាមដែល​បង្កមក​ពីជម្ងឺ​ផ្សេងៗ​ជាដើម។

  • ជម្ងឺតម្រង់​នោម(ស្ទះ​សរសៃ​ឈាមអាក​ទែរ​តម្រង់​នោម ឬជម្ងឺ​តម្រង់​នោមដទៃ​ទៀត)
  • ជម្ងឺ​ក្រពេញ​បញ្ចេញ​អ័រម៉ូន ដូចជា​ក្រពេញ​លើតម្រង់​នោម ក្រពេញ​ទីរ៉ូអ៊ីដ​ជាដើម

ក្រៅពី​នេះបញ្ហា​អាយុកា​លក៏មិន​អាចទប់​ស្កាត់បាន​ដែរ ព្រោះ​មនុស្ស​យើងនៅ​ពេលមាន​វ័យកាន់​តែចាស់ ជម្ងឺលើស​ឈាម កាន់តែ​ខិតមក​រក ដោយសារ​នៅពេល​មានអាយុ​ច្រើនសរីរាង្គ​មួយ​ចំនួន​របស់​លោកអ្នក​មាន​បញ្ហា​ជម្ងឺ​ផ្សេងៗ ដូចជា​ជម្ងឺ​បេះដូង ទឹក នោម​ផ្អែម ខ្លាញ់ក្នុ​ងសរសៃ​ឈាមជា​ដើម។

ទោះបី​ជាយ៉ាងណា​ក៏ដោយ​ប្រសិនបើ​លោកអ្នក​ព្យាយាម​តាមដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ និងគិត​គូរដល់​សុខភាព​ឱ្យបាន ច្រើននោះ លោកអ្នក​អាចគេច​ផុត ឬក៏​កាត់បន្ថយ​អត្រា​ប្រឈម​មុខនឹង​ជម្ងឺលើស​ឈាមនេះ។ វិធី​ងាយស្រួល​មួយ​ចំនួន​អាចជួយ លោក​អ្នក​បាន ដោយជា​ដំបូង​លោកអ្នក​ត្រូវផ្លាស់​ប្ដូរ​របៀប​នៃការ​រស់នៅ​របស់​លោក​អ្នក។

  • លោកអ្នក​ត្រូវរក្សា​ទម្ងន់នៃ​រាងកាយ ដោយ​ព្យាយាមមិ​នឱ្យឈាន​ទៅរក​ការធាត់ ហើយមាន​ដុះក្បាល​ពោះនោះ​ទេ
  • កាត់បន្ថយ​ការទទួល​ទានគ្រឿង​ស្រវឹង​ឱ្យនៅ​តិចបំផុត
  • ផ្លាស់ប្ដូរ​ចំណូល​ចិត្ដទទួល​ទាន​អាហារ​ដែលមាន​ជាតិប្រៃ​មកជា​ការ​ទទួល​ទានអាហារ​ដែលមាន​រសជាតិ​បែបសាប​វិញ
  • ព្យាយាម​ហាត់ប្រាណ​ឱ្យបាន​ជាប់ជា​ប្រចាំ ដើម្បី​ឱ្យរាង​កាយកាយ​បានបញ្ចេញ​ជាតិពុល​ផ្សេងៗ​តាមរយៈ​ញើស
  • សូម​ទទួល​ទានបន្លែ ផ្លែឈើ​ឱ្យបាន​ច្រើនជាង​សាច់
  • តាមដាន​សារជាតិ​ប៉ូតាស្យូម​នៅក្នុង​រាងកាយ ដើម្បី​ឱ្យដឹង​ពីភាព​ខ្វះខាត​របស់វា
  • តាមដាន​សុខភាព​ជា​ប្រចាំ ជា​ពិសេស​សម្រាប់​លោកអ្នក​ដែលមាន​ឪពុកម្ដាយ​មានជម្ងឺ​លើស​ឈាម ព្រោះតាម​ការសិក្សា បាន​បង្ហាញ​ឱ្យ​ឃើញ​​ថា ប្រសិន​បើ​លោក​អ្នក​មានឪពុក​ម្ដាយមាន​ជម្ងឺនោះ លោកអ្នក​មានអត្រា​ប្រឈម​មុខនឹង​ជម្ងឺនេះ​ច្រើនជាង​អ្នក ដែលមិន​មាន។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិន​បើលោក​អ្នកមិន​ចង់មាន​ជម្ងឺលើស​ឈាមនោះ​ទេ លោកអ្នក​ត្រូវតែ​តាមដាន​សុខភាព​ជា​ប្រចាំ ហើយ​ចំពោះ​លោក អ្នក​ដែលមាន​ជម្ងឺនេះ​ក៏ត្រូវ​មានការ​ថែរក្សា​សុខភាព​ជា​ពិសេស​ដោយ​ឡែកផង​ដែរ។ ហេតុនេះ​លោកអ្នក​ធ្វើយ៉ាង​ណាកុំ​ឱ្យជម្ងឺ​បង្ក គ្រោះដល់​លោកអ្នក​បាន ព្រោះជម្ងឺ​នេះត្រូវ​បានគេ​ចាត់ទុក​ថាជា​ឃាតករ​សម្ងាត់​មួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative