អំពើ​ហិង្សា​នាំឱ្យ​កើត​ជម្ងឺ​ផ្លូវ​ចិត្ដ

ជាធម្មតា​កាលណា​គ្រួសារ​មួយមាន​អំពើ​ហិង្សា នោះធ្វើ​ឱ្យសមាជិក​គ្រួសារ​ទាំងអស់​មិនមាន​សេចក្ដី​សុខ និង​សុមង្គល​ឡើយ។ សេចក្ដី​សុខកើត​ឡើងពី​ការយល់​ចិត្ដយល់​ថ្លើមគ្នា​ទៅវិញ​ទៅមក តែបើ​មាន​ជម្លោះ​រវាង​គ្នាហើយ​នោះ ភាពស្និទ្ធ​ស្នាល និង​ទំនាក់ ទំនង​ក៏មានការ​បាត់បង់​បន្ដិច​ម្ដងៗ រហូត​ដល់ថ្ងៃ​ណាមួយ​វានឹង​អស់រលីង​តែម្ដង។ ក្នុង​គ្រួសារ​ដែលមាន​ការ​រកាំរ​កូសគ្នា ធ្វើឱ្យគូ ភាគី​ទាំង​សងខាង​អាចមាន​បញ្ហា​ផ្លូវចិត្ដ និងអាច​ឈានទៅ​រកជម្ងឺ​ផ្លូវចិត្ដ​បាន​ដោយ​មិនដឹង​ខ្លួន ព្រោះ​ការគិត​ច្រើនពី​រឿង​ជម្លោះ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យកាន់​តែច្បាស់​ជាងនេះ​ទៅទៀត​នោះ ទស្សនា​វដ្ដី សុខភាព​យើង បានធ្វើ​បទ​សម្ភាសន៍​ជាមួយ​វេជ្ជ​បណ្ឌិត ចក ធីតា ឯកទេស​វិកល​វិទ្យា និងជា​អនុ​ប្រធាន​កម្មវិ​ធីជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ដ​នៃមន្ទីរ​ពេទ្យមិត្ដ​ភាពខ្មែរ​សូវៀត ដើម្បី​បកស្រាយ​នូវ ប្រធាន​បទខាង​លើនេះ។

អំពើ​ហិង្សា ជាអ្វី?

អំពើ​ហិង្សា​ជាទង្វើ​មួយ​ដែលមាន​ការប៉ះ​ទង្គិច​ផ្លូវ​កាយ តាម​រយៈ​ពាក្យ​សម្ដី និងការ​វាយដំ​ពីមនុស្ស​ម្នាក់ទៅ​លើមនុស្ស​ម្នាក់ ទៀត ឬពី​ក្រុមមួយ​ទៅលើ​ក្រុមមួយ​ទៀត ដែលមាន​ឥទ្ធិ​ពល និង​ប៉ះពាល់​ខ្លាំងទៅ​លើ​បុគ្គល និ​ងសង្គម។ អំពើ​ហិង្សា​គឺចែក​ចេញជា​២ ផ្នែក គឺអំពើ​ហិង្សា​តាមរយៈ​ការ​រំលាភ​បំពាន​ខាងផ្លូវ​ចិត្ដ និង​អំពើ​ហិង្សា​ដោយ​ការបំពាន​ផ្នែករាង​កាយ។ ហិង្សា​ខាងផ្លូវ​ចិត្ដបង្ក​ការ​ ប៉ះពាល់ដល់​ផ្លូវចិត្ដ តាម​រយៈពាក្យ​សម្ដីទៅ​វិញទៅ​មក ដូចជា​ការជេរ​ប្រមាថ​គ្នា ដែលធ្វើ​ឱ្យ​អារម្មណ៍​អ្នកទី​២មាន​ការមិន​ពេញ​ចិត្ដ និ​ងឈាន​ទៅរក​អំពើ​ហិង្សា។ ចំណែក​ឯហិង្សា​តាម​រយៈ​កាយវិការ​វិញនោះ​ គឺជា​ការ​រំលោភ​បំពាន​ផ្នែក​រាងកាយ​បុគ្គល​ម្នាក់ ដោយ​ការ វាយធ្វើ​បាប​ដែលបង្ក​ឱ្យមាន​របួស​ស្នាម​ផ្សេងៗ។

មូល​ហេតុធ្វើ​ឱ្យមាន​អំពើ​ហិង្សា

មានកត្ដា​ជាច្រើន​ដែលធ្វើ​ឱ្យមាន​អំពើ​ហិង្សា​កើតមាន​ឡើងនៅ​ក្នុង​គ្រួសារ ក៏ដូច​ជាក្នុង​សង្គម​ជាតិទាំង​មូល។ ទំនាស់​តែងតែ កើតឡើង​ជានិច្ច​ជាកាល​នៅក្នុង​សង្គម​រស់នៅ​ប្រចាំថ្ងៃ​របស់យើង គ្រាន់តែ​ថាទំនាស់​នោះខ្លាំង ឬក៏​ខ្សោយតែ​ប៉ុណ្ណោះ។ ភាគ​ច្រើន​យើង ឃើញថា​ហិង្សាកើត​ឡើងចំពោះ​បុគ្គល​និងបុគ្គល​គ្នាឯង អាចជា​ក្រុម ជាបក្ស​ពួកផ្សេងៗ​គ្នា។ ពេលខ្លះ​អំពើ​ហិង្សាកើត​ឡើងដោយ ពាក្យសម្ដី​ដែលធ្វើ​ឱ្យគូ​ទំនាស់​មិនពេញ​ចិត្ដនឹង​សម្ដីដែល​បុគ្គល​មួយទៀត​និយាយ​ចេញមក ទើបធ្វើ​ឱ្យមាន​ទំនាស់ និងកើត​មានជា​អំពើ ហិង្សាឡើង។ ប៉ុន្ដែ​ពេលខ្លះ​ទៀត​ហិង្សាកើត​ឡើងដោយ​មិនបាន​ចាប់ផ្ដើម​ចេញពី​ពាក្យ​សម្ដីទេ តែវាកើត​ឡើងដោយ​សារតែ​កាយ វិការ​ទៅវិញ ដោយ​បុគ្គល​មួយមាន​ឫកពា​ច្រឡើស​បើស មិន​សមរម្យ មាន​ទង្វើកោង​កាចជា​ដើម ក៏អាច​ធ្វើឱ្យ​មានអំពើ​ហិង្សា កើតមាន​ដែរ ដោយ​មិន​ចាំបាច់​បញ្ចេញ​តាមរយៈ​ពាក្យ​សម្ដីនោះ​ទេ។ លើសពី​នេះទៀត​អំពើ​ហិង្សា​ច្រើនតែ​កើតចេញ​ពីបុគ្គល​ដែល​ផឹក ស្រា​ស្រវឹង ឬក៏​ប្រើប្រាស់​សារធាតុ​ញៀនផ្សេងៗ​ទៀត។

ដូចនេះ​ហិង្សាភាគ​ច្រើនកើត​ឡើងពី​ពាក្យសម្ដី​ជាមុន ដែល​ធ្វើឱ្យ​គូទំនាស់​នោះមាន​ភាពតាន​តឹងចិត្ដ ទប់ចិត្ដ ទប់​អារម្មណ៍ មិន​បាន ទើប​ក្លាយទៅ​ជាអំពើ​ហិង្សា​កើតឡើ​ង។ អំពើ​ហិង្សា​កើតមាន​គ្រប់ទីក​ន្លែងបាន​គ្រប់ពេល​វេលា ហើយវា​ថែមទាំង​ធ្វើឱ្យ​អ្នក ដែល​មាន​ទំនាស់​ទាំងសង​ខាងនោះកើ​​តមានបញ្ហា​ផ្លូវចិត្ដ និងអាច​ឈានទៅ​កើតជម្ងឺ​ផ្លូវចិត្ដ​ផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ពិបាក​ដែលកើត​ឡើង​អំពី​អំពើ​ហិង្សា

កាលណា​មាន​អំពើ​ហិង្សា​ហើយ​នោះ តែងតែ​មានផល​ប៉ះពាល់​ចំពោះខ្លួន​ឯងផ្ទាល់ និងអ្នក​ជិតខាង​ដែលនៅ​ជុំវិញ​ខ្លួនយើង​ ជាពិសេស​នោះគឺ​ញាតិមិត្ដ​ដែល​រស់នៅ​ជាមួយ​តែម្ដង។ ឧទាហរណ៍​ចំពោះ​មនុស្ស​ពីរនាក់​ប្ដីប្រពន្ធ​ដែលមាន​ជម្លោះ ឈាន​រហូត ដល់មាន​ហិង្សា​កើត​ឡើង ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់​កូនៗ ធ្វើឱ្យ​សតិ​អារម្មណ៍​របស់ពួក​គេភ័យ​ខ្លាច និង​ទង្វើ​របស់​ឪពុក​ចំពោះ​ម្ដាយ។ ពេលខ្លះ​ទៀតនោះធ្វើ​ឱ្យក្មេង​ចងចាំ​នូវទង្វើ​របស់​ឪពុក នៅពេល​ដែលគេ​មានគ្រួសារ​ទៅ គេអាច​ធ្វើបាប​គ្រួសារ​គេ ដូចជា​ឪពុក​គេ ធ្វើបាប​ម្ដាយគេអញ្ចឹង និងប៉ះ​ពាល់ដល់​ការសិក្សា​របស់កូន​ផងដែរ។ វាថែម​ទាំងមាន​ផលអាក្រក់​ចំពោះអ្នក​ដែលរស់​នៅជា​មួយ ដូច​ជា បងប្អូន​ ឪពុក​ម្ដាយ មីងមា​ជា​ដើម។

ម្យ៉ាងទៀត​វាធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ចំពោះ​សង្គម​ថែមទៀត​ផង ព្រោះថា​អំពើ​ហិង្សា​ខ្លះអាច​ឈានដល់​ការ​សម្លាប់ ធ្វើ អត្ដឃាត​រវាង​គ្នា និងគ្នា​ថែមទៀត​ផង។ កត្ដានេះ​ធ្វើឱ្យ​សង្គម​មិនមាន​ស្ថិរភាព គ្មាន​សន្ដិសុខ ធ្វើឱ្យ​ពលរដ្ឋ​ខ្លាចរអា ព្រមទាំង​មានការ ភិតភ័យ និង​អំពើ​ហិង្សា​បែបនេះ​​ខ្លាំង​ណាស់។

ប្រការ​គួរចៀស​វាង

នៅក្នុង​គ្រួសារ​មួយបើ​មាន​ករណី​ទំនាស់​កើត​ឡើង មិនត្រូវ​ប្រើអំពើ​ហិង្សា​ទេ ត្រូវ​និយាយ​គ្នាដោយ​សន្ដិវិធី ដោយ​ពាក្យ​សម្ដី និងមាន​ការយល់​ចិត្ដគ្នា​ទៅគ្នា​ទៅវិញ​ទៅមក ត្រូវមាន​អធ្យា​ស្រ័យ​ចំពោះ​គ្នា​ទៅវិញ​ទៅមក មិនត្រូវ​យក​កំហឹង​ទល់នឹង​កំហល់​ទេ។ បើ មាន​មនុស្ស​ពីរនាក់​មានការ​ឈ្លោះ​ប្រកែក​គ្នា អ្នកទី​មួយឬ​ក៏អ្នក​ទីពីរ​ត្រូវដើរ​ចេញឆ្ងាយ​ពីស្ថាន​ភាពមួយ​រយៈ ដើម្បី​កុំឱ្យ​ការមិន​យល់ ចិត្ដកើតឡើង​កាន់តែ​ខ្លាំង ធ្វើបែប​នេះវាធ្វើ​ឱ្យកាត់​បន្ថយ​នូវអំពើ​ហិង្សា​បានមួយ​កម្រិត​ដែរ។ ម្យ៉ាង​វិញទៀត​ត្រូវស្វែង​យល់ថា ហេតុអ្វី ទើប​មាន​ទំនាស់​កើតមាន​ឡើង។

ជាធម្មតា​ទំនាស់​កើតឡើង​ដោយការ​មិនពេញ​ចិត្ដ មិនយល់​ចិត្ដគ្នា​ជាដើម។ ទង្វើ​បែបនេះ​ចេះតែ​កើតឡើង​យូរទៅៗ ធ្វើឱ្យ​ អ្នកដែល​មានទំនាស់​នោះមាន​ការពិបាក​ចិត្ដយ៉ាង​ខ្លាំង បណ្ដាល​ឱ្យមាន​ការគិត​វិលវល់ និងអាច​ឈានទៅ​ដល់កើត​មានបញ្ហា​ផ្លូវចិត្ដ​បាន ដោយ​ងាយថែម​ទៀត​ផង។ កាលណា​មានការ​មិនយល់​ចិត្ដច្រើន ទើប​បណ្ដាល​ឱ្យមាន​ទំនាស់ ហើយក៏​អាចមាន​អំពើ​ហិង្សាផង​ដែរ។

ដំ​បូន្មាន​អ្នក​ជំនាញ

សូម​កុំយក​អារម្មណ៍​ពេលខឹង​មួយភ្លែត​នោះធ្វើ​ឱ្យអ្វី​ទាំងអស់​បាត់បង់​ពីរូប​លោកអ្នក​ឱ្យសោះ ត្រូវគិត​ថាគ្រួសារ​គឺសំខាន់​ជាង អ្វីទាំង​អស់ក្នុង​ឆាកជីវិត​របស់លោក​អ្នក និងមាន​សុភមង្គល​បំផុតផង​ដែរ។ មុននឹង​ធ្វើអ្វី​មួយត្រូវ​គិត​ពិចារណា​ឱ្យគ្រប់​ជ្រុង​ជ្រោយ ចៀស​វាងការ​មិនសួរ​ហេតុផល​ហើយ​ប្រព្រឹត្ដ​អំពើ​ហិង្សា​ទៅលើ​អ្ន​កទីពីរ​នោះ។ លោកអ្នក​ត្រូវរក​អ្នកប្រឹក្សា​ដែលល្អបំ​ផុត ក្នុង​ការ និយាយ​រឿង​រ៉ាវ​របស់​លោកអ្នក​ប្រាប់ពួក​គេ ដើម្បី​ធ្វើឱ្យ​ចិត្ដធូរ​ស្រាលជាង​នេះ។ កំហឹង​ត្រូវចាំ​ថា វាកើត​ឡើងតែ​រយៈមួយ​ខ្លី បើយើងចៀស​វាងបាន​ដំណាក់​កាលដ៏ខ្លី​នេះ កំហឹង​នឹងរសាយ​ភ្លាម ដែលមិន​បណ្ដាលឱ្យ​មានអំ​ពើហិង្សា​ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative