ស្ដ្រីខ្មែរ​ដែល​ពូកែ​ក្នុង​ប្រវត្ដិ​សាស្ដ្រ

មិនមែន​តែនៅ​ពេល​បច្ចុប្បន្ន​នេះទេ ដែល​ស្ដ្រីខ្មែរ​ពូកែ មាន​ចំណេះ​ដឹង និងមាន​ស្នាដៃ​ជាច្រើន​នោះទេ។ បើយើង​ក្រឡេក មើល​ប្រវត្ដិ​សាស្ដ្រ​ខ្មែរតាំង​ពីសម័យ​ដើម​ដំបូង មាន​ស្ដ្រីដែល​ពូកែ​ជាច្រើន​ដែលបាន​រួម​ចំណែក​កសាង​ប្រទេស​ដែលមាន​បន្សល់​ទុក ស្នាដៃ​រហូត​មកដល់​បច្ចុប្បន្ន​នេះ។ ក្នុង​ឱកាស​ថ្ងៃ៨ មីនា ទិវាសិទ្ធ​នារីខួប​លើកទី​៩៩ឆ្នាំ​នេះ សូមស្វែង​យល់ជា​មួយ​ទស្សនា​វដ្ដី សុខភាព​យើង នូវ​ស្នាដៃ​នានា​ដែល​ស្ដ្រីខ្មែរ​បាន​បន្សល់​ទុក គួរ​ឱ្យស្ងើចស​រសើរ​មកដល់​សម័យ​បច្ចុប្បន្ន​នេះ តាមរយៈ​ការរលឹក​ឡើង វិញ​របស់ឯក​ឧត្ដម​បណ្ឌិត រស់ ចន្ដ្រា​បុត្រ អនុ​ប្រធាន​រាជ​បណ្ឌិត​សភា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ស្ដ្រី​ពូកែ​ប្រចាំ​ប្រវត្ដិ​សាស្ដ្រ

នៅក្នុង​សង្គម​ខ្មែរ​កន្លង​មក​មាន​ទស្សនៈ​ពីរនៅ​ជាមួយ​គ្នា ដែល​មួយ​បញ្ជាក់ពី​ការលើក​តម្កើង​ស្ដ្រី គឺ​សង្គម​មាតា​ធិបតេយ្យ និង​មួយ​ទៀតក្នុង​ន័យ​បន្ដុះ​បង្អាប់ រើស​អើង មាក់​ងាយ គឺ​ស្ដ្រីវិល​ចង្ក្រាន​មិនជុំ។ បើទោះ​បីជា​មាន​ទស្សនៈ​និងការ​យល់ឃើញ​ក្រោម​ផ្នត់ គំនិត​មើលងាយ​មើលថោក​ស្ដ្រីយ៉ាង​ណាក៏​ដោយ ក៏ស្ដ្រី​ខ្មែរបាន​តស៊ូ​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ភាព​ត្រចះ​ត្រចង់​នៃប្រទេស​ជាតិមិន​ចាញ់ បុរស​ប៉ុន្មាន​ដែរ។ ស្ដ្រីដែល​បានរួម​ចំណែក​កសាង​ប្រវត្ដិសា​ស្ដ្រក​ម្ពុជា យើងខ្ញុំ​សូមលើក​មកជម្រាប​ជូនដូចត​ទៅ។

1 . ស្ដ្រីជា​ស្ដេចដែល​គ្រប់គ្រ​ង​ប្រទេស ៖ នៅក្នុង​ប្រវត្ដិ​សាស្ដ្រនៃ​កម្ពុជា​ចារឹក​យ៉ាង​ច្បាស់​លាស់​អំពី​ក្សត្រិយ៍​ពីរ​អង្គ ដែល មានស្នា​ព្រហស្ថ​ក្នុងការ​កសាង​ប្រទេស​ជាតិ​របស់​យើង​នៅពេល​នោះ។

  • ព្រះនាង​សោមា ឬព្រះ​នាង​នាគ ៖ ព្រះ​មហាក្ស​ត្រដំបូង​នៃកម្ពុជា​គឺ​ព្រះនាង​សោមា ដែល​តាម​ឯកសារ​ចិនមាន​ឈ្មោះ​ថា
    ព្រះនាង​លីវ​យីដែល​ព្រះនាង​ជាអ្នក​ដែល​គ្រប់គ្រង​កម្ពុជា​រហូត​ដល់​មាន​ស្ដេច​មួយ​អង្គ​មកពី​ប្រទេស​ឥណ្ឌា ដែលមាន​ព្រះនា​មថា កៅ ឌិណ្ឌ​វរ្ម័ន។ ការចង​សម្ព័ន្ធ​មេត្រី​រវាង​ស្ដេចទាំង​ពីរអង្គ​បានធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​នាសម័យ​នោះមាន​ការរីក​ចម្រើន ដោយ​មានការ​រួបរួម ជាតិ​សាសន៍​នានា។ ស្នាដៃ​ដែល​ព្រះនាង​មាននា​សម័យ​នោះ គឺព្រះ​នាងបាន​ការពារ​ទឹកដី​កម្ពុជា ចេះ​ទទួល​យកការ​ចងសម្ព័ន្ធ​ជាមួយ បរទេស ដើម្បី​កសាង​ប្រទេស​ជាតិ រួម​បញ្ចូលសាសន៍​ដទៃ​ឱ្យទៅជា​ខ្មែរតែ​មួយ ក្លាយទៅ​ជា​មហានគរ​ដ៏រុង​រឿងមួយ​នា​សម័យ​នោះ។
    • ព្រះមហាក្ស​ត្រិយ៍ ស៊ី សុវត្ថិ កុសមៈ​នារីរត្នសេរី​វឌ្ឍនា ៖ ព្រះនាង​ជាព្រះមាតា​របស់​ព្រះវររាជបិតា​ព្រះបាទ​នរោត្ដម សីហនុ។ បើទោះបី​ជាពុំ​មានការ​តែងតាំង​ជាផ្លូវ​ការយ៉ាង​ណាក៏​ដោយ ក៏ក្នុង​កំឡុង​ពេលដែល​ព្រះបាទ​នរោត្ដមសុរា​ម្រិត​ចូល​ទិវង្គត​ទៅ កម្ពុជា​មិនបាន​ជ្រើសរើស​ព្រះមហាក្សត្រ​ទៅតាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ទេ។ ផ្ទុយ​ទៅវិញ​ព្រះមហាក្ស​ត្រិយ៍នេះ​ហើយ ដែលជា​តំណាង​របស់ ព្រះមហាក្ស​ត្រ បើទោះ​បីជា​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៤៧​បានចែង​ថា នៅកម្ពុជា​មិនអាច​មានស្ដេច​ស្រី​សោយរាជ្យ​សម្បត្ដិបាន​ទេ។ ហេតុ​នេះ ហើយ​ព្រះមហាក្ស​ត្រិយានី​អង្គនេះ​ទទួល​ព្រះរាជ​កិច្ចដឹកនាំ​​ប្រទេសជា​តិនាអំឡុង​ពេល​អន្ដរកាល​នោះ។ ចំពោះ​ស្នាដៃ​ដ៏លេច​ធ្លោ​របស់ ព្រះមហាក្ស​ត្រិយានី​កុសមៈ​នោះ គឺព្រះនាង​បានរៀបចំ​ឱ្យមាន​របាំ​ព្រះរាជ​ទ្រព្យ ដែលខ្មែរ​ស្ទើរតែ​បាត់បង់​ទម្រង់​ដើមទៅ​ហើយ នៅ​ពេល​ដែលសៀម​ឈ្លានពា​នទឹកដី ហើយ​នាំ​របាំនេះ​ទៅកាឡៃ​ជារបាំ​របស់​គេនោះ។ ព្រះនាង​បានកែ​ទម្រង់​របាំនេះ​សារជា​ថ្មីឱ្យ​មាន លក្ខណៈ​ទន់ភ្លន់​ជាខ្មែរ​ដូចពី​មុន ព្រះនាង​បាន​ប្រមូល​ផ្ដុំអ្នក​សិល្បៈ​វប្បធម៌​ដើម្បីកែ​ច្នៃរបាំ​នេះ ដោយ​រាប់តាំង​ពីសម្លៀក​បំពាក់​គ្រឿង ក្បូ​រក្បាច់​លម្អផ្សេង​ៗ រហូតដល់​របាំ​ព្រះរាជ​ទ្រព្យនេះ​បានត្រូវ​ចុះក្នុង​បញ្ជីជា​បេតិកភណ្ឌ​ពិភព​លោក​អរូបី​រហូត​មកដល់​បច្ចុប្បន្ន​នេះ។

    2 . ស្ដ្រីដែល​ពូកែ​ខាងអក្សរ​សាស្ដ្រ ៖ តំណែង​នេះត្រូវ​បាន​ប្រគល់ថ្វាយ​ដល់​ព្រះនាង​ឥន្ទ្រទេវី។ ព្រោះ​ព្រះនាង​ជាស្ដ្រី​ម្នាក់ ដែល​មានវិជ្ជា​ខ្ពង់ខ្ពស់ មាន​ប្រាជ្ញាភ្លឺ​ថ្លាមោះ​មុត ឈ្លាស​វៃ ពូកែ​ល្បីល្បាញ​ខាង​វិជ្ជា​អក្សរ​សាស្ដ្រ មានធម៌​មេត្ដា​សន្ដោស ហើយ​ជា សាស្ដ្រចារ្យ​ដែលបង្ហាត់​បង្រៀន​នៅសកល​វិទ្យាល័យ​នៃ​មហានគរ។ កូនចៅ​ជំនាន់​ក្រោយ​អាចស្គាល់​ព្រះនាង​បានតាម​រយៈការ​ចារ សិលាចារឹក​របស់​ព្រះនាង​នៅ​ប្រាសាទ​ភិមាន​អាកាស​ស្ដីអំពីភា​ពជាស្ដ្រី​គ្រប់​លក្ខណ៍​របស់​ព្រះនាង​ជ័យ​រាជា​ទេវី ដែលជា​ប្អូនស្រី​របស់​ព្រះ នាង និង​ជាព្រះ​មហេសី​របស់​ព្រះបាទជ័យ​វរ្ម័នទី៧។

    3 . ស្ដ្រីដែល​ពូកែ​ខាងផ្នែក​ជំនឿ សាសនា ៖ មានស្ដ្រី​ពីរអ្នក​ដែល​លេចធ្លោនៅ​ក្នុងផ្នែក​នេះ ៖

    • ព្រះនាង​ជ័យរាជា​ទេវី ៖ មូលហេតុ​ដែលអាច​ចាត់ទុក​ថា ព្រះនាង​ជាអ្នក​ដែល​ប្រកាន់​ខ្ជាប់នូវ​ការប្រតិបត្ដិ​សាសនា​នោះក៏ ព្រោះ​តាមរយៈ​សិលា​ចារឹក​ដែលកត់​ត្រាដោយ​ព្រះនាង​ឥន្ទ្រទេវី​នោះបាន​អធិប្បាយ​បង្ហាញ​ថា “ព្រះ​មហេសី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ព្រះនាង​ជ័យរាជា​ទេវី​ប្រៀបបា​នទៅនឹង​ព្រះនាង​សិតា​ដែល​កំពុង​តែព្រាត់​ពីស្វាមី គឺ​ព្រះរាម។ ព្រះរាម​គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧។ ឯស្ដេចចាម​ប្រៀប​បានទៅ​នឹង​ក្រុង​រាពណ៍។ នៅពេល​ដែល​ព្រះស្វាមី​យាងចេញ​ទៅធ្វើស​ង្គ្រាមនឹង​ខ្មាំង ព្រះនាង​ជ័យ​រាជា​ទេវី​បាន ចូលកាន់សីល កាន់​ត្រណម គោរពទៅ​កាន់ក្បួន​ខ្នាតប្រពៃណីមិ​នធ្វេសប្រហែស​សោះ​ឡើយ។ ព្រះនាង​តែងតែ​ខំស្វាធ្យាយ​ន៍ធម៌ បួងសួង​បន់ស្រន់សុំ​ឱ្យព្រះស្វាមី​បានជួបតែ​សេចក្ដី​សុខ និងជ័យ​ជំនះ​ឈ្នះលើស​ត្រូវ។ ព្រះនាង​មានរូប​រាងកាយ​ស្គម​ស្គាំង ហើយ​មិន យកចិត្ដ​ទុកដាក់នឹង​សក់របស់​ព្រះនាង​ឡើយ។ កាលបើ​នឹកឃើញ​ទៅដល់​ព្រះស្វាមី​ម្ដងៗ ព្រះនាង​តែងតែឈឺ​ចុកចាប់​ពើតក្នុង​ទ្រូង។ តែការ​ឈឺចុក​ចាប់​នេះ ធ្វើឱ្យ​ព្រះនាង​សប្បាយ​រំសាយ​ទុក្ខទៅ​វិញ។ ព្រះនាង​ជ័យរា​ជាទេវី​ស្មោះត្រង់​រងចាំ​ការវិល​ត្រឡប់​របស់ព្រះ ជ័យ​វរ្ម័ន​ជានិច្ច”។ ក្រៅពី​អ្វីដែល​បានបញ្ជាក់​លើ​សិលា​ចារឹក​នេះ ព្រះនាង​ជ័យរាជា​ទេវីបាន​ជួយដល់​ព្រះជ័យ​វរ្ម័នទី​៧ជា​ច្រើនក្នុង​ការ កសាង​ប្រទេស​ជាតិ​នៅពេល​នោះដែល​បានក្លាយ​ជាមហា​នគរ មហា​អំណាច​មួយ។ ព្រះនាង​បានផ្ដល់​ជាគំនិត​ផ្សេងៗ ដូចជា​កសាង មន្ទីរ​ពេទ្យ សាលាសំណាក់​ជាដើម ដែលមាន​ចំនួ​នដ៏ច្រើន​នាសម័យ​កាល​នោះ។ ព្រះនាង​ជ័យ​រាជាទេវី​ជាអគ្គ​មហេសីដ៏​កំពូល ជា​ទី ប្រឹក្សា ជាអ្នក​ដែលគិត​គូរអំពី​សាសនា អ្នក​ប្រតិបត្ដិ​សាសនា ដែលហ៊ាន​លះបង់​គ្រប់បែប​យ៉ាង​ដើម្បី​ជួយ​ស្វាមី​ក្នុងការ​កសាង ប្រទេស​ជាតិ។
      • លោក​យាយ​ពេញ ៖ ស្ដ្រី​ចំណាស់​ម្នាក់នេះ​បានធ្វើ​ឱ្យមាន​ទីក្រុង​ភ្នំពេញ​មកដល់​សព្វថ្ងៃ​នេះ ព្រោះ​លោក​យាយបាន​ប្រមូល ផ្ដុំក​ម្លាំង​អ្នកស្រុក​អ្នកភូមិ​ដើម្បី​ពូនភ្នំ​មួយ​ដើម្បី​ធ្វើជា​ទីសក្ការៈ​បូជា​នូវ​ព្រះអង្គ​មាន​ព្រះភ័ក្ដ្រ​បួនដែល​លោកយា​យបាន​ជួបប្រទះ​នៅពេល​​ដែ​ល​លោក​យាយ​​ស្រង់​ដើម​​គគីរ​​ធំមួយ​​ដែល​​អណ្ដែត​​ទឹកនៅ​​ទន្លេ​បួន​​មុខ។ លោក​យាយជាអ្នក​ដែលបាន​កសាង​ទីតាំង ដែល ក្រោយ​មក​ព្រះបាទ​ពញាយ៉ាត​បាន​កសាង​រាជធានី​រហូត​ដល់​បច្ចុប្បន្ន​នេះ។

      ឆ្លងតាម​ការ​ជម្រាប​ជូនខាង​លើនេះ ​លោកអ្នក​ពិតជា​បាន​ជ្រាបនូវ​ស្នាដៃ​មហាសាល​របស់​ស្ដ្រីខ្មែរ​យើង​ដែលមិន​អាចខ្វះ​បាន ទោះក្នុង​កាលៈ​ទេសៈ​ណាក៏ដោ​យ។ ស្ដ្រីថ្វី​ត្បិតតែ​មានកម្លាំង​កាយមិន​មាំមួន​ដូចបុរស​ តែកម្លាំង​ចិត្ដ ភាពអត់​ធ្មត់មាន​ច្រើនជាង​បុរស ឆ្ងាយ​ណាស់។ ការឱ្យ​តម្លៃទៅ​លើស្ដ្រី​ពិតជា​ត្រូវតែ​មាន ព្រោះសូម្បី​តែនៅ​បរទេស​ក៏មានសុភាសិត​មួយពោល​ថា ៉នៅក្នុង​លោកនេះ​បើ គ្មាន​ស្ដ្រីទេ នោះអំពើ​អាក្រក់​ក៏ពុំ​អាចកើត​មាន អំពើ​ល្អក៏មិន​មានដូច​គ្នា​ដែរ”។

      បុគ្គល​ម្នាក់ៗ​ទោះបី​បុរសក្ដី​ស្ដ្រីក្ដី អាចមាន​គុណ​សម្បត្ដិ សមត្ថភាព និងទេព​កោសល្យ​ខុសប្លែក​គ្នា តែភាព​ខុសគ្នា​នេះ ពុំអាច​កែប្រែតម្លៃ​របស់​មនុស្ស​បាន​ឡើយ។ សិទ្ធិ​ស្ដ្រីគឺ​ជាសិទ្ធិ​មនុស្ស និងជា​អំណាច​របស់​ស្ដ្រីដែល​ធ្វើអ្វីៗ​បានតាម​សមត្ថ​ភាព និង លទ្ធភាព​ដោយ​អនុលោម​ទៅតាម​ច្បាប់ និ​ងសីលធម៌។

      ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative