អ្នក​ស្ម័គ្រ​ចិត្ដ​ផ្ដល់​ឈាម​ គឺ​ជា​វីរ​ជន

ការ​ផ្តល់​ឈាម គឺ​ពិត​ជា​មាន​អត្ថន័យ​បំផុត​សម្រាប់​ជន​រង​គ្រោះ​ដែល​បាន​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ផ្សេងៗ​ ហើយបណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ឈាម​ច្រើន​។ អំពើ​សប្បុរស​នៃ​ការ​ផ្តល់​ឈាម​ គឺ​ជា​ក្តី​សង្ឃឹម​របស់​ជន​រង​គ្រោះ​ និង​ជា​កុសល​ផល​បុណ្យ​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

រូបភាពគេហទំព័រសុខភាពកម្ពុជា

រាជ​រដ្ឋា​ភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សុខា​ភិបាល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១២​ បាន​រៀប​ចំ​ពិធី​ទិវា​​ពិភព​លោក​នៃ​អ្នក​បរិច្ចាគ​ឈាម ក្រោម​ប្រធាន​បទ“អ្នក​ស្មគ្រ័​ចិត្ដ​ផ្ដល់​ឈាម គឺ​ជា​វីរ​ជន” ។ ឯក​ឧត្តម​ ម៉ម​ ប៊ុន​ហេង បាន​មាន​ប្រសាសន៍​ថា យុទ្ធនា​ការ​នៃ​ការ​បរិច្ចាគ​ឈាម​ ដែល​មាន​ការ​ចូល​រួម​ផ្ដល់​ឈាម​ជា​ច្រើន​ហូរ​ហែ​កន្លង​មក​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ ការ​ផ្ដល់​អនុសាសន៍​ពី​សំណាក់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​ កាល​ពី ថ្ងៃ​ទី១៥​ ខែ​មិថុនា​ ឆ្នាំ​២០១១​។ ឯកឧត្តម​ ម៉ម​ ប៊ុន​ហេង ក៏​បាន​ជម្រុញ​ឱ្យមជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម បន្ដ​ខិត​ខំ​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​នូវ​ការ​ផ្គត់​ផ្គង់​ឈាម​ និង​ផលិត​ផល​ឈាម​គ្រប់​គ្រាន់​ប្រកប​ដោយ​សុវត្ថិ​ភាព ទាន់​ពេល​វេលា​ទៅ​តាម​ការ​ចាំ​បាច់​របស់​អ្នក​ជម្ងឺ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​ដើម​អំពិល​។នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ស្រី ជឹង​ សុគន្ធា​វី នាយិកា​ប្រតិបត្ដិ​ ក្រុម​ហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់​និង​ជា​តំណាង ​របស់​លោក​ស្រី អគ្គនា​យិកា​ហ៊ុន ម៉ា​ណា បាន​មាន​ប្រសាសន៍ថា​ ទិវា​ពិភព​លោក នៃ​អ្នក​បរិច្ចាគ​ឈាម ក្រោម​ប្រធាន​បទ “អ្នក​ស្មគ្រ័​​ចិត្ដ​ផ្ដល់​ឈាម គឺ​ជា​វីរ​ជន” គឺ​ជា​ប្រធាន​បទ​ប្រកប​ដោយ​អត្ថន័យ​ជ្រាល​ជ្រៅ និង​បាន​ឆ្លុះ​បញ្ចាំ​យ៉ាង​ច្បាស់​ពី​គុណ​តម្លៃ​ មិនអាច​កាត់​ថ្លៃ​បាន នៃ​ទឹក​ចិត្ដ​សប្បុរសរបស់​អ្នក​ស្មគ្រ័​ចិត្ដ​ផ្ដល់​ឈាម ដែល​ហ៊ាន​លះ​បង់​នូវ​ឈាម​ស្រស់​របស់​ខ្លួនដើម្បី​ជួយ​សង្គ្រោះ​ជីវិត​របស់​អ្នក​ជម្ងឺ​ និង​ជន​រង​គ្រោះ ដោយសារ​ឧបទ្ទវ​ហេតុ​នា​នា ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ​ស្រប​តាម​ពាក្យ​ស្លោក​ «ជួយ​ គ្នា​ក្នុង​គ្រា​មាន​អាសន្ន។» លោក​ស្រី ជឹង​ សុ​គន្ធា​វី បាន​បន្ដ​ថា ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​ពីតម្រូវ​ការ​ឈាម​នៃ​សុវត្ថិភាព​នៃ​ការ​ផ្ដល់​ឈាម​ ឱ្យ​កាន់​តែទូ​លំ​ទូលាយ​ ក្រុម​ហ៊ុន​ទឹក​បរិសុទ្ធ​ វី​តាល់​ បាន​អំពាវ​នាវ​ដល់​ថ្នាក់​ដឹក​នាំ​និង​បុគ្គលិក​របស់​ខ្លួន​ឱ្យ​ផ្ដល់​ឈាម​ ដោយ​ស្មគ្រ័​ចិត្ដបន្ថែម​ទៀត នៅ​ក្នុង​ឱកាស​ទិវា​ពិភព​លោក​នៃ​អ្នក​បរិច្ចាគ​ឈាម​ ហើយ​ក្រុម​ហ៊ុន​ទឹក​បរិសុទ្ធ​វី​តាល់​ បាន​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម រៀប​ចំ​កម្ម​វិធី​ផ្ដល់​ឈាម​នៅតាមស្ថាប័ន​រដ្ឋ ឯក​ជន និង​គ្រឹៈ​ស្ថាន​អប់រំ​ នា​នា សរុប​ចំនួន​២៨​លើក​រួច​មក​ហើយ​នាពេល​កន្លង​ទៅ តាម​ការ​អំពាវ​នាវ​របស់​សម្ដេច​ នាយករ​ដ្ឋ​មន្ដ្រី​ហ៊ុន សែន ហើយ​បាន​ការបរិច្ចាគ​ឈាម​ពី​វីរ​ជន រហូត​ដល់​ទៅ​ប្រមាណ​ ៣០០០​នាក់ ។ជាមួយ​គ្នា​នេះ លោក​វេជ្ជ​បណ្ឌិត ​ហុក​ គឹម​ចេង ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម​ឆ្នាំ​នេះ មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម នឹង​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​ដូច​ខាង​ក្រោម​៖

ទី១- ថ្លែង​អំណរ​គុណ និង​សម្ដែង​សេចក្ដី​កោត​សរសើរ ចំពោះ​អ្នក​បរិច្ចាគ​ឈាម ដើម្បី​ឱ្យ​គាត់​បន្ដ​បរិច្ចាគ​បាន​ទៀង​ទាត់។

ទី២- បំផុស​គំនិត​ដល់​អ្នក​មិន​ដែល​បាន​បរិច្ចាគ​ឈាម​ ប៉ុន្ដែ​មាន​សុខ​ភាព​ល្អ ​ឱ្យ​ចាប់​ផ្ដើម​បរិច្ចាគ​ឈាម។

ទី៣- លើក​ទឹក​ចិត្ដ​មន្ដ្រី​រាជ​ការ​ បុគ្គ​លិក​បម្រើ​ការ​ក្នុង​សេវា​កម្ម​ផ្ដល់​ឈាម ឱ្យ​ទទួល​ស្គាល់​សប្បុ​រស​ជន​បរិច្ចាគ​ឈាម​ទាំង​អស់ ចំពោះ​កាយ​វិការ​ប្រកប​ដោយ​វីរ​ភាព​របស់​គាត់ រាល់​ពេលដែល​គាត់​បាន​បរិច្ចាគ​ឈាម​។

ទី៤- រក​ការ​គាំទ្រ​បន្ថែម​ពី​សំណាក់​រាជ​រដ្ឋា​ភិបាល​ ក្រសួង​សុខា​ភិបាល ឱ្យ​សម្ដែង​នូវ​សេចក្ដី​កោត​សរសើរ​ ចំពោះ​សប្បុ​រសជន​បរិច្ចាគ​ឈាម ព្រម​ទាំង​ផ្ដល់​នូវ​ធន​ធាន​គ្រប់​គ្រាន់ ដល់សេវា​កម្ម​ផ្ដល់​ឈាម​ដើម្បី​ឈាន​ទៅ ទទួល​បាន​នូវ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្មគ្រ័​ចិត្ដ​មិន​យក​កម្រៃ​ ១០០​ភាគ​រយ។

លោក​ហុក គឹម​ចេង បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា កាល​ពី​ឆ្នាំ២០១១​ឈាម​ចំនួន​ ៤០​១៤០​បោ្លក​ ក្នុង​នោះ នៅ​រាជ​ធានី​ភ្នំពេញ​ចំនួន​២២.៨២១​បោ្លក និង​នៅ​តាម​បណ្ដា​ខេត្ដ​ ចំនួន​១៧៣១៩​បោ្លក បាន​ប្រើ​ប្រាស់ ក្នុង​បុព្វហេតុ​នៃ​ការ​ព្យាបាល​ និង​សង្គ្រោះ​បន្ទាន់​ ។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative