ទិវា​ជម្ងឺ​គ្រុនឈាម​អាស៊ាន

នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ​២០១២​នេះ គឺ​ជា​ទិវា​ប្រឆាំង​នឹង​ជម្ងឺ​គ្រុន​ឈាម​អាស៊ាន ហើយ​នេះ​គឺ​ជា​ពេល​វេលា​ដែល​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​១០ ដឹក​នាំ​ដោយ​ប្រទេស​ កម្ពុជា​ ដែល​ជា​ប្រធាន​នឹង​ធ្វើ​ការ​សន្យា​ជា​ថ្មី​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​កើន​ឡើង​នូវ​ជម្ងឺ​ដែល​ចម្លង ដោយ​សត្វ​មូស​នៅ​ក្នុង​តំបន់​។

រូបភាពគេហទំព័រសុខភាពកម្ពុជា

នៅ​ក្នុង​ប្រទេស​កម្ពុជា ជម្ងឺ​គ្រុន​ឈាម បាន​រាត​ត្បាត​នៅ​គ្រប់​ទី​កន្លែង និង​ជា​ប្រភព​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​កុមារ​ឈឺ​សម្រាក​ពេទ្យ​ ឬ​ស្លាប់​បើ​ទោះបី​ជា​វា​បណ្តាល​ឲ្យ​មនុស្ស​វ័យ​ជំទង់​ និង​មនុស្ស​ចាស់​មាន​ជម្ងឺ​ផង​ដែរ​ក្តី។ បច្ចុប្បន្ន​នេះ អង្គការ​សុខ​ភាព​ពិភព​លោក​ បាន​ប៉ាន់​ប្រមាណ​ថា វា​អាច​មាន​ករណី​ឆ្លង​ជម្ងឺ​គ្រុន​ឈាម​៥០​លាន​ករណី​ទូទាំង​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ។ មាន​មនុស្ស​ប្រហែល​ជា​២៥០​ ០០០​ ក្នុង​មួយ​ឆ្នាំ បង្ហាញ​នូវ​សញ្ញា​ធ្ងន់​ធ្ងរ​នៃ​ជម្ងឺ​គ្រុន​ឈាម ដែល​អាច​បណ្តាល​ឲ្យ​អ្នក​ជម្ងឺ​ប្រហែល​១០ ភាគ​រយ​ត្រូវ​បាន​ស្លាប់។ អាស្រ័យ​ដោយ​សារ​ការ​រីក​រាល​ដាល​លក្ខណៈ​ភូមិ​សាស្ត្រ​ដ៏​ស្រួច​ស្រាល់​នៃ​ជម្ងឺ​គ្រុន​ឈាម អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ចាត់​ថ្នាក់​ជំងឺ​គ្រុន​ឈាម ជា​កង្វល់​ផ្នែក​សុខ​ភាព​សាធារណៈ​អន្តរ​ជាតិ​ដ៏​ធំ​មួយ។ គ្រុន​ឈាម​ ដែល​ជា​ជម្ងឺ​ឆ្លង​តាម​រយៈ​វីរុស ត្រូវ​មូស​ខ្លា​ញី​ចម្លង​ទៅ​មនុស្ស​នៅ​ពេល​ថ្ងៃ។ ប្រភេទ​មូស​ខ្លា​ដែល​មាន​ទូទៅ​ជាង​គេ​ ហៅ​ថា អា​អេ​ដេស​ អា​អេហ្គីប​ទី (Aedes aegypti) ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​អាច​បង្ក​កូន​នៅ​ក្នុង​កន្លែង​ដែល​មាន​ទឹក​បន្តិច​បន្តួច។ ទន្ទឹម​នឹង​ការ​ចាប់​ផ្តើម​រដូវ​ភ្លៀង​ ជម្ងឺ​គ្រុន​ឈាម ក៏​កើន​ឡើង​ផង​ដែរ​ ដោយ​សារ​តែ​ចំនួន​ដង្កូវ​ទឹក​កើន​។ ស្ត្រី​កម្ពុជា​ដែល​ជា​ម្តាយ​ ដឹង​យ៉ាង​ច្បាស់​នូវ​ការ​ប្រឈម​មុខ​នឹង​ភាព​ប្រថុយ​ប្រថាន​ចំពោះ​ភាព​ធ្ងន់​ធ្ងរ​ជា​សក្តា​នុពល ក្នុង​រដូ​វ​គ្រុន​ឈាម​ នៅ​ពេល​ភ្លៀង​ចាប់​ផ្តើម​ធ្លាក់។ ម្តាយ​កុមារ​កម្ពុជា​នា​នា​ ក៏​ដឹង​ច្បាស់​នូវ​ឥទ្ធិ​ពល​មហន្ត​រាយ ទៅ​លើ​គ្រួសារ​ក្រី​ក្រ​របស់​ពួក​គេ​ បង្ក​ឡើង​ដោយ​ជម្ងឺ​គ្រុន​ឈាម​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​ភ្នំពេញ​ប៉ុស្តិ៍ អត្ថបទ​ដោយ​លោក វេជ្ជ​បណ្ឌិត ភី​តឺរ៍ វ៉ាន់ ​ម៉ារ៉ែន ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា។

ជម្ងឺ​គ្រុន​ឈាម​មិន​គ្រាន់តែ​ប៉ះ​ពាល់​ដល់​កុមារ​ដែល​ឈឺ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ប៉ះ​ពាល់ ទៅ​លើ​សមាជិក​គ្រួសារ​ដទៃ​ទៀត​ ដែល​ជួយ​ផ្តល់​ការ​ថែទាំ​ដល់​អ្នក​ជម្ងឺ​នោះ។ បន្ថែម​ពី​លើ​នេះ ​អំឡុង​ពេល​នៃ​ជម្ងឺ​គ្រុន​ឈាម​ដែល​មាន​រយៈ​ពេល​ជា​មធ្យម​តិច​ជាង​មួយ​សប្តាហ៍ បណ្តាល​ឲ្យ​សមាជិក​គ្រួសារ​បាត់​បង់​កម្រៃ​ ដែល​បាន​មក​ពីការ​ងារ​មួយ​ថ្ងៃ​ទ្វេ​ជា​ពីរ​ នៅ​ពេល​ដែល​ពួក​គេ​ស្នាក់​នៅ​ជា​មួយ​អ្នក​ជម្ងឺ​សម្រាក​ពេទ្យ​ពេញ​ម៉ោង​ និង​នៅ​មើល​ថែទាំ​អ្នក​ជម្ងឺ​នៅ​ផ្ទះ​ទម្រាំ​ជា​សះ​ស្បើយ​។ គ្រួសារ​ក្រី​ក្រ​ជា​ច្រើន​ នឹង​ទទួល​រង​នូវ​បន្ទុក​ នៃការ​ចំណាយ​លុយ​ដ៏​ច្រើន​អស់​ពី​ហោ​ប៉ៅ ទៅ​លើ​ការ​ព្យាបាល​ និង​ការ​ចំណាយ​ផ្សេង​ទៀត​ រួម​ជាមួយ​នឹង​ការ​បាត់​បង់​ប្រាក់​ចំណូល​នៅ​ថ្ងៃ​ដែល​ខ្លួន​មិន​បាន​ធ្វើ​ការ។ ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ទាំង​នេះ វា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ថា គ្រួសារ​ទាំង​នេះ​ភាគ​ច្រើន​ត្រូវ​ទៅ​ខ្ចី​លុយ​គេ ឬ​លក់​ទ្រព្យ​ធន​ដែល​ខ្លួន​មាន។

នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ វិធី​សាស្ត្រ​ពី​លើ​ចុះក្រោម ដែល​ពឹង​ផ្អែក​លើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ បាន​ទទួល​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់ការ​រីក​រាល​ដាល​ជម្ងឺ​គ្រុន​ឈាម។ ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង នៃ​ជម្ងឺ​គ្រុន​ឈាម​ ការ​ទាម​ទារ​របស់​សាធារ​ណជន​ឲ្យ​មាន​ការ​ចាត់​វិធាន​ការ ជា​ញឹក​ញាប់​ឈាន​ទៅ​រក​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ ទោះ​បី​ជា​យ៉ាង​ណា​ ការ​ធ្វើ​នេះ​ មិន​ទំនង​ជា​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ ដោយ​សារ​ថ្នាំ​សម្លាប់​សត្វ​ល្អិត ដែល​គេ​ចាញ់​តាម​ផ្លូវ​ មិន​ទំនង​ជា​ទៅ​ដល់​មូស​ពេញ​វ័យ​ដែល​រស់​នៅ និង​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ។ យើង​មិន​មាន​ឱសថ​ជាក់​លាក់​ណាមួយ​ សម្រាប់​ព្យាបាល​ជម្ងឺ​គ្រុន​ឈាម​នោះ​ឡើយ។ ការ​ធ្វើ​អន្ត​រាគមន៍​ ដែល​ប្រសើរ​បំផុត​ គឺ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ ប្រសិន​បើ​មាន​នោះ។ ជា​អកុសល​ ការ​បង្កើត​ថ្នាំ​វ៉ាក់​សាំង មាន​ភាព​ស្មុគ​ស្មាញ ទោះ​បី​ជា​គេ​កំពុង​ស្រាវ​ជ្រាវ​វា​ក្តី ពី​ព្រោះ​ថ្នាំ​វ៉ាក់​សាំង​ចាំ​បាច់​ ត្រូវ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​វីរុ​ស​គ្រុន​ឈាម​ទាំង​បួន​ប្រភេទ។ ក្នុង​ពេល​ដែល​គ្មាន​ថ្នាំ​វ៉ាក់​សាំង​ និង​ការ​ព្យាបាល​ដែល​ជាក់​លាក់ ការ​បង្ការ​គឺ​ជា​គន្លឹះ​។ យុទ្ធ​សាស្ត្រ​បង្ការ​នា​នា ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​​សហគមន៍​ដែល​គាំ​ទ្រ​ដោយ​ហេដា្ឋ​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ ហើយ​ត្រូវ​តែ​ឈាន​ទៅ​រក​ការ​អនុវត្ត​ជា​និរន្តរ​ភាព​ដែល​បំផុស​ឲ្យ​សមា​ជិក​សហគមន៍​ចូល​រួម​ក្នុង​វិធាន​ការ​គ្រប់​គ្រង​ជម្ងឺ​គ្រុន​ឈាម។​ អាស្រ័យ​ដោយ​ជម្រក​ក្នុង​ស្រុក និង​ឥរិយាបថ​នៃ​មូស​ខ្លា វិធាន​ការ​បង្ការ​ភាគ​ច្រើន​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​សហ​គមន៍​ចូល​រួម​ មាន​លក្ខណៈ​ត្រង់ៗ​ ពោល​គឺ​ការ​រក្សា​ទឹក​ឲ្យ​មាន​សុវត្ថិ​ភាព ទាំង​ក្នុង​ផ្ទះ និង​ក្រៅ​ផ្ទះ​ដើ​​ម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​បង្ក​កូន​ ធានា​ថា​មិន​មាន​ទឹក​ដក់ និង​ការ​ចោល​សម្រាម​រឹង​ដោយ​ប្រុង​ប្រយ័ត្ន។ ការ​សិក្សា​ផ្សេងៗ​ បាន​បង្ហាញ​ថា ពាង​ទឹក​គឺ​ជា​ជម្រក​ដង្កូវ​ទឹក​មូស​ខ្លាជាង​ ៨០​ភាគ​រយ។ ការ​ធ្វើ​អន្ត​រាគមន៍​ក្នុង​សហគមន៍​ក្នុង​ការ​គ្រប់​គ្រង​ជម្ងឺ​គ្រុន​ឈាម​ដែល​មាន​តម្លៃ​ទាប​មួយ​នោះ គឺ​ការ​ចែក​ចាយ​ ត្រី​ប្រាំ​ពីរ​ពណ៌​ដែល​ស៊ី​ដង្កូវ​ទឹក​នៅ​តាម​ផ្ទះ​ ដើម្បី​ឲ្យ​គេ​យក​ទៅ​ព្រលែង​ក្នុង​ពាង​ទឹក​ទាំង​នោះ។​ គេ​កំពុង​អនុវត្ត​វិធាន​ការ​នេះ​ប្រកប​ដោយ​ជោគ​ជ័យ​នៅ​ខេត្ត​កំពង់​ស្ពឺ​ប្រទេស​កម្ពុជា ដោយ​ប្រើ​ប្រាស់ គំរូ​ធ្វើ​ការ​តាម​សហ​គមន៍​ រួម​មាន​ការ​ប្រជុំ​តាម​ភូមិ ការ​អប់រំ​ និង​ការ​ជ្រើស​រើស​អ្នក​ស្ម័គ្រ​ចិត្ត​មិន​យក​កម្រៃ​ ក្នុង​ការ​ចិញ្ចឹម​ និង​ចែក​ចាយ​ត្រី​ប្រាំ​ពីរ​ពណ៌​។ ដោយ​សារ​ជោគ​ជ័យ​នេះ​ កម្ម​វិធី​ជាតិ​គ្រប់​គ្រង​ជម្ងឺ​គ្រុន​ឈាម មាន​ផែន​ការ​បង្កើន​ការ​ធ្វើ​អន្ត​រាគមន៍​នេះ​ទៅ​ខេត្ត​ដទៃ​ទៀត​ ដោយ​ការ​ព្រលែង​ត្រី​ប្រាំ​ពីរ​ពណ៌​ក្នុង​ពាង​ទឹក។ ក្នុង​ខណៈ​ដែល​ថ្នាំ​អាបេត​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ​ ២០០១​ ដែល​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កាត់​បន្ថយ​ករណី​នៃ​ជម្ងឺ​គ្រុន​ឈាម ទោះ​បី​ជា​យ៉ាង​ណាគេ​មើល​ឃើញ​ថា វា​ជា​វិធាន​ការ​បណ្តោះ​អាសន្ន​ អាស្រ័យ​ដោយ​ថា​វា​ត្រូវ​ចំណាយ​ខ្ពស់ ការ​ពឹង​ផ្អែក​លើ​ការ​គាំ​ទ្រ​របស់​ម្ចាស់​ជំនួយ​ ការ​ចូល​រួម​ពី​សហ​គមន៍​ និង​លទ្ធ​ភាព​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​ស៊ាំ​ចំពោះ​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​គ្រុន​ឈាម រាល់​បណ្តា​ប្រទេស​ ដែល​មាន​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​គ្រុន​ឈាម​គួរ​តែ​ប្រមូល​ទិន្ន​ន័យ​ជា​ប្រព័ន្ធ​ តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​តាម​ដាន​ជម្ងឺ​គ្រុន​ឈាម ហើយ​ប្រព័ន្ធ​នីមួយៗ​ គួរ​មាន​យន្ត​ការ​ធានា​នូវ​គុណ​ភាព។ តួនាទី​ស្នូល​នៃ​ប្រព័ន្ធ​តាម​ដាន ដែល​ទូ​លំ​ទូ​លាយ​ រួម​មាន​ ការ​តាម​ដាន​ ការ​រាយ​ការណ៍​ ការ​ស៊ើប​អង្កេត​ ការ​បញ្ជាក់​ ការ​វិភាគ​ ការ​បក​ស្រាយ​ និង​ការ​ឆ្លើយ​តប។

នៅ​ក្នុង​សមាគម​អាស៊ាន​ មាន​តម្រូ​វ​ការ​បន្ទាន់​មួយ​ ក្នុង​ការ​បង្កើត​ស្តង់​ដារ​នៃ​ប្រព័ន្ធ​តាម​ដាន​។ ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់ រួម​បញ្ចូល​ករណី​សង្ស័យ​នៃ​ជម្ងឺ​គ្រុន​ឈាម​ ដោយ​មិន​គិត​ពី​អាយុ​ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​តាម​ដាន​ជម្ងឺ​គ្រុន​ឈាម ត្រូវ​បាន​គេ​ធ្វើ​ឡើង​តែ​ក្នុង​ចំណោម​កុមារ​​អាយុ​ក្រោម​ ១៥​ ឆ្នាំ​ បើ​ទោះ​បី​ជា​ជម្ងឺ​នេះ​ ប៉ះ​ពាល់​ដល់​មនុស្ស​ពេញ​វ័យ​ក្តី។ បច្ចុប្បន្ន​នេះ ការ​ធ្វើ​ដូច្នេះ​ មិន​មាន​បញ្ហា​ សម្រាប់​ការ​វិភាគ​នៅ​កម្រិត​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ​ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ការ​វិភាគ​និង​ការ​ប្រៀប​ធៀប​អន្តរ​ប្រទេស​តាម​តំបន់​និង​សកល​ មាន​ការ​ពិបាក។​ ជម្ងឺ​គ្រុន​ឈាម ​មិន​គ្រាន់​តែ​ជា​បញ្ហា​បន្ទាន់​ផ្នែក​សុខ​ភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជា​បន្ទុក​សេដ្ឋ​កិច្ច​ និង​សង្គម​ដ៏​ធ្ងន់​ធ្ងរ​ សម្រាប់​អ្នក​ក្រី​ក្រ។ ប៉ុន្តែ​ វា​អាច​បង្ការ​បាន​ ហើយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វា ទាម​ទារ​ឲ្យ​មាន​ការ​សហការ​ជា​ច្រើន​ផ្នែក រវាង​ស្ថាប័ន​រដ្ឋា​ភិបាល​ អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ និង​សង្គម​ស៊ីវិល​ និង​ការ​ចូល​រួម​ពី​សហគមន៍។ សង្គ្រាម​ប្រឆាំង​នឹង​ជម្ងឺ​គ្រុន​​ឈាម​ គឺ​ជា​សង្គ្រាម​របស់​ប្រជា​ជាតិ​មួយ​ ដែល​ទទួល​បាន​ជ័យ​ជម្នះ​ ប្រសិន​បើ​យើង​ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​នេះ​ ក្នុង​លក្ខណៈ​រួម​ដៃ​ និង​សហការ​គ្នា និង​ឲ្យ​សហគមន៍​ចូល​រួម​គ្រប់​ដំណាក់​កាល​ទាំង​អស់​។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២

Google Analytics Alternative