ស្ដ្រី​ធ្លាក់ស ពេលមាន​ផ្ទៃពោះ

ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ភាគច្រើន​តែងតែ​មាន​បញ្ហា​មួយ​គឺការ​ធ្លាក់ស ជា​ជាងស្ដ្រី​ដែលមិនទាន់​មាន​ផ្ទៃពោះ។ កត្ដានេះ​ធ្វើឱ្យ ស្ដ្រី​មួយ​ចំនួន​មានការ​ព្រួយបារម្ភ​ជាខ្លាំង អំពី​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន សុខភាព​ផ្លូវភេទ​ជាពិសេស​ជាងនេះ​ទៅទៀត​នោះគឺ​សុខភាព កូន​នៅក្នុង​ផ្ទៃ។ ដូច្នេះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ហើយមាន​ការធ្លាក់​សកើត​ឡើងនោះ ត្រូវ​ប្រតិបត្ដិ​ខ្លួន​យ៉ាងណា​ដើម្បី​រក្សា​បាននូវ សុខភាព​ខ្លួន ក៏​ដូចជា​សុខភាព​ទារក​ក្នុងផ្ទៃ​ឱ្យបាន​ល្អ​ប្រសើរ​នោះ?   

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្វែងយល់​ជាមួយ​ទស្សនាវ​ដ្ដី សុខ​ភាព​​យើង តាម​រយៈ​​ការ​​បក​ស្រាយ​​របស់​​លោក​ស្រី​វេជ្ជបណ្ឌិត ប៉ែន រិកស៊ី​ឯកទេស រោគ​ស្ដ្រី និង​សម្ភព នៃ​​មន្ទី​រពេ​ទ្យ​មិត្ដភាព​ខ្មែរ​សូ​វៀត។

ធ្លាក់ស​ពេលមាន​ផ្ទៃពោះ

ការធ្លាក់ស​មាន​ពីរប្រភេទ គឺការ​ធ្លាក់ស​ដោយមាន​ជម្ងឺ និងការ​ធ្លាក់ស​ដោយ​មិនមាន​ជម្ងឺ។ ការ​ធ្លាក់ស​ដែលបង្ក​ឡើង​ដោយ ជម្ងឺ​មានអាការ​ដូចជា​ធ្លាក់ស​មាន​ពណ៌ មាន​ក្លិន និង​មាន​​រមាស់​​អម​មក​ជាមួយ។ ចំណែក​ឯការ​ធ្លាក់ស​មិនមាន​ជម្ងឺវិញ​នោះជា​ការ​ធ្លាក់ សធម្មតា​មួយមាន​ពណ៌ស​ថ្លា មិនមាន​ក្លិន មាន​សភាព​ដូចជា​ផ្នែកស​នៃ​ពងមាន់។ វាកើត​ឡើង​ចំពោះ​គ្រប់ស្ដ្រី​មុនពេល​មករដូវ និង​អាច ក្រោយពេល​មករដូវ វាជា​រឿង​ធម្មតា​របស់​ស្ដ្រីទេ។

មួយវិញ​ទៀត​នោះ​គឺការ​ធ្លាក់ស​ពេលមាន​ផ្ទៃពោះ​ជាការ​ធ្លាក់​នូវ​វត្ថុរាវ​ម្យ៉ាង ឬជា​ជាតិ​រំអិល​​ដែលមាន​ពណ៌ មានក្លិន​និង អាច​ធ្វើឱ្យ​ទ្វារមាស​របស់ស្ដ្រី​រមាស់ ពិបាក​នឹងទ្រាំ​នូវ​អាការ​ទាំងនោះ​ខ្លាំងណាស់។ ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ភាគច្រើន​តែងតែ​មានការ ធ្លាក់ស វាអាច​ធ្លាក់តិច ឬច្រើន​ទៅតាម​ស្ដ្រី​នីមួយៗ។

មូលហេតុ​ធ្លាក់ស​ពេលមាន​ផ្ទៃពោះ       

មាន​មូលហេតុ​មួយចំនួន​ដែល​បណ្ដាល​ឱ្យស្ដ្រី​មានការ​ធ្លាក់ស​ពេល​ដែលស្ដ្រី​មាន​ផ្ទៃ​ពោះ​ជា​ជាងស្ដ្រី​ដែលមិនមាន​ផ្ទៃពោះ ដោយសារ​កត្ដា​អនាម័យ ព្រោះស្ដ្រី​ដែលមាន​ផ្ទៃពោះ​ពិបាក​ក្នុងការ​ធ្វើអនាម័យ​ប្រដាប់ភេទ​ឱ្យ​បាន​​ស្អាតល្អ​ជាងស្ដ្រី​ដែល​មិនមាន​ផ្ទៃ ពោះ។ មួយវិញ​ទៀត​នោះ​ពេល​ដែលស្ដ្រី​មាន​ផ្ទៃពោះ​មាន​សារជាតិ​ម្យ៉ាង​ដែលជំរុញ​ឱ្យស្ដ្រី​ចាំបាច់​ត្រូវតែ​មានការ​ធ្លាក់ស​នេះកើត ឡើង​តែម្ដង ដោយ​ភាគរយ​តិចណាស់​ដែលស្ដ្រី​មានផ្ទៃពោះ​ហើយ​មិនមាន​ការធ្លាក់ស​នោះ។

អំឡុង​ពេល​ដែលស្ដ្រី​មាន​ផ្ទៃពោះ ការធ្លាក់ស​មានច្រើន​ជាង​ពេល​ធម្មតា​ដោយសារ​តែ​បរិមាណ​ឈាម​ដែលរត់​នៅ​ម្ដុំទ្វារ មាស និង​ស្បូន​កើន​ឡើង​យ៉ាងខ្លាំង។ ជា​ហេតុធ្វើ​ឱ្យ​សារធាតុ​ត្រង់​ស៊ុយដាត​ជ្រាប​ចេញ​តាម​ភ្នាស​ជញ្ជាំង​ស្បូនមាន​បរិមាណ​ច្រើន ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ធ្វើឱ្យ​ក្រពេញ​ផ្សេងៗដែល​នៅ​បរិវេណ​ទ្វារមាស​និង​កស្បូន​ផលិត​សារជាតិ​រាវ​ចេញ​មក​កាន់​​តែ​ច្រើន ជា​ហេតុធ្វើ​ឱ្យស្ដ្រី​មានផ្ទៃពោះ​មានការ​ធ្លាក់ស​ច្រើនជាង​ពេលដែល​មិនទាន់​មាន​ផ្ទៃពោះ​រហូត​ដល់ពេល​ខ្លះទៀត​ស្ដ្រី​ត្រូវ​ប្រើប្រាស់​សំឡី អនាម័យ​ទៀតផង ដើម្បី​ការពារ​សំណើម​នេះ។

រោគសញ្ញា​ធ្លាក់ស​ពេល​មាន​ផ្ទៃពោះ

ស្ដ្រី​ដែល​មាន​ផ្ទៃពោះ ហើយមាន​ការ​ធ្លាក់ស តែងតែ​មាន​អាការ​ដូចជា ៖

  •      មាន​សារធាតុ​រាវហូរ​ចេញមក​ក្រៅ​តាម​ទ្វារមាស
  •      មានការ​ឈឺចាប់​នៅ​ទ្វារមាស
  •      មានអាការ​ក្រហាយ​នៅ​ប្រដាប់ភេទ
  •      មានអាការ​រមាស់​នៅត្រង់​ទ្វារមាស។

ផលវិបាក​នៃការ​ធ្លាក់ស​ពេលមាន​ផ្ទៃពោះ

ស្ដ្រី​ដែល​ធ្លាក់ស​នៅពេល​មាន​ផ្ទៃពោះ​ជាញឹកញាប់ ហើយមាន​ក្លិន និង​ថែមទាំង​មានពណ៌​ទៀតនោះ​នេះជា​រោគ​សញ្ញា​មួយ មិនធម្មតា​ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ។ ស្ដ្រីដែល​មាន​អាការ​បែបនេះ​ត្រូវ​ប្រញាប់ប្រញាល់​ទៅកាន់​មន្ទីរពេទ្យ​ព្រោះវា​ជាសញ្ញា មួយ​អវិជ្ជមាន​ដែលអាច​កើត​ឡើង​ចំពោះ​សុខភាព​ស្ដ្រី។ ស្ដ្រីត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ឯកទេស​រោគស្ដ្រី​ពិនិត្យ និង ព្យាបាល​ឱ្យទាន់​ពេលវេលា ចៀសវាង​ការទុក​ឱ្យ​ជម្ងឺ​កាន់តែ​រីករាល​ដាល​ខ្លាំង​ឡើងៗ និងអាច​មានផល​អាក្រក់​ចំពោះ​សុខភាព និង ទារក​ទៀតផង។

ការធ្លាក់ស​នេះ​មាន​ផល​ប៉ះពាល់​ទៅដល់​ទារក អាច​ធ្វើឱ្យ​ទារក​ពេលកើត​មកមាន​ការឈឺ​ភ្នែក​ជាដើម។ ម្យ៉ាងវិញ​ទៀតនៅ ពេល​ដែល​សម្រាល​កូន​នោះ ក៏ធ្វើ​ឱ្យ​ទ្វារ​មាស​របស់ស្ដ្រី​ងាយ​នឹងមាន​ការ​ដាច់​រហែក​ធំ​ដោយសារ​តែការ​ធ្លាក់ស​នេះ។

វិធី​ព្យាបាល​ការ​ធ្លាក់ស ពេលមាន​ផ្ទៃពោះ

អ្នកជំនាញ​នឹងធ្វើ​ការ​ព្យាបាល​ទៅតាម​កម្រិត​រោគ​ធ្លាក់ស មាន​កម្រិត​ធ្ងន់ និងមាន​កម្រិត​ស្រាល។ ការពិនិត្យ​ទៅលើ​ស្ដ្រី ដែលមាន​ផ្ទៃពោះ ហើយ​មាន​ការធ្លាក់​ស​ដោយ​យកស​នោះ​ទៅ​ពិនិត្យ និង​ធ្វើការ​ព្យាបាល​ទៅតាម​មេរោគ​ដែលបង្ក​ឱ្យជា​ថ្នាំ​ទៅកាន់ ស្ដ្រី ដែល​ធ្វើ​យ៉ាងណា​ទាម​ទារ​មិនឱ្យ​មានការ​ប៉ះពាល់​ទៅដល់​សុខភាព​ទារក​នៅក្នុង​ផ្ទៃពោះ។

ប្រការ​គួរតែ​ប្រតិបត្ដិ​ចំពោះការ​ធ្លាក់ស​ពេលមាន​ផ្ទៃពោះ

ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ ត្រូវ​ព្យាយាម​ធ្វើអនាម័យ​ប្រដាប់ភេទ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​បំផុត។ អនាម័យ​ជាកត្ដា​ចម្បង​មួយ​ដែលអាច​ឱ្យស្ដ្រី​ទាំងអស់​ចៀសផុត​ពីជម្ងឺ​ផ្សេងៗបាន។ មិនថា​ស្ដ្រី​ដែលមាន​ផ្ទៃពោះ ឬស្ដ្រី​ដែល​មិនមាន​ផ្ទៃពោះ​ទេ​បើមាន អាការ​ធ្លាក់ស មានក្លិន មាន​ពណ៌ ត្រូវ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួបនឹង​អ្នកជំនាញ​ខាង​សម្ភព​និង​រោគស្ដ្រី​ប្រយោជន៍​ធ្វើការ​ពិនិត្យ ព្យាបាល​ជាបន្ទាន់ ចៀសវាង​មានផល​ពិបាក​ទៅថ្ងៃ​ក្រោយ។

មួយវិញ​ទៀត​នោះ ចំពោះស្ដ្រី​ដែលមាន​ផ្ទៃពោះ​ហើយមាន​ការ​ធ្លាក់ស ចៀសវាង​ការ​ប្រើប្រាស់​ទឹកថ្នាំ​លាងសម្អាត​ព្រោះថា នៅក្នុង​ទ្វារមាស​របស់ស្ដ្រី​មាន​តុល្យភាព​ល្អ​ពីធម្មជាតិ​ស្រាប់​ទៅហើយ។ បើ​ប្រើប្រាស់​ទឹក​សម្អាត​វាអាច​ធ្វើឱ្យ​បាត់បង់​តុល្យភាព​ទ្វារ មាស ដែលជា​ហេតុបង្ក​ឱ្យមាន​ការរលាក និង​ឆ្លងរោគ​ផ្សេងៗ​បាន​យ៉ាងងាយ។ ដូច្នេះ​ស្ដ្រីគួរ​ប្រើប្រាស់​ទឹកស្អាត​ធម្មតា​ដើម្បី​សម្អាត​ទ្វារ មាស ក៏​ដូចជា​ប្រដាប់ភេទ​បាន​​ហើយ​ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​លាង​សម្អាត​ទ្វារមាស។

ដំបូន្មាន​អ្នក​ឯកទេស

បើមាន​ការធ្លាក់ស​ពេល​ដែលមាន​ផ្ទៃពោះ សូម​ប្រញាប់​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​មើលរោគ​សញ្ញា​និងទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ ចៀសវាង​ការប្រើ​ថ្នាំអ្វី​មួយ​ដែលមិន​សមហេតុ​ផល គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​វេជ្ជបណ្ឌិត​ព្រោះវា​អាចមាន​ផល ប៉ះពាល់​ទៅដល់​ទារកបាន​គ្រប់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative