ឡេលាយ ៖ គុណ​វិបត្ដិ​ច្រើន​ជាង​គុណ​សម្បត្ដិ

ឡេ​លាយ​ជា​សារ​ធាតុ​ច្រើន​យ៉ាង​បញ្ចូល​គ្នា សម្រាប់​ជួយ​កែខៃ​ស្បែក​ឱ្យ​ស្រស់​ថ្លា និង​ភ្លឺ​រលោង។ ឡេ​លាយ​អាច​លាប​បាន​ទាំង​បុរស​ទាំង​ស្ដ្រី។ ឡេ​លាយ​មាន​ទាំង​គុណ​សម្បត្ដិ និង​គុណ​វិបត្ដិ​ជាមួយ​គ្នា អាស្រ័យ​ទៅ​លើ​ការ​លាយ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ឬក៏​អត់ ។ មិត្ដ​នារី​មួយ​ចំនួន​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​លាយ​ឡេ​នោះ ពិត​ជាមាន​ការ​ចង់​ដឹងពី​វិធី​លាយ​ឡេ ថាតើ​គួរ​លាយ​តាម​វិធី សាស្ដ្រ​បែប​ណា​ដើម្បី​មិនឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​បញ្ហា​សុខ​ភាព​ស្បែក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សព្វ​ថ្ងៃ​ដោយ​សារ​តែ​មាន​ការ​និយម​ប្រើ​ឡេ​លាយ​សម្រាប់​លាប​ខ្លួន​យ៉ាង​ច្រើន ទើប​ទស្សនា​វដ្ដី សុខភាពយើង​​​ បានសម្ភាស​ជាមួយ​លោក​ស្រី ច័ន្ទ ស្រី​ណុច ម្ចាស់​ហាង​កែ​សម្ផស្ស មី​កាសា ដើម្បី​មក​បក​ស្រាយ​អំពី​វិធី​សាស្ដ្រ​លាយ​ឡេ និង​ផល​ប៉ះ​ពាល់​របស់​វា។

វិធី​សាស្ដ្រ​ក្នុង​ការ​លាយ​ឡេ

ជា​ដំបូង​មិត្ដ​នារី​គួរ​ដឹង​ពីការ​កំណត់​ចំនួន​បរិ​មាណ​ឱ្យ​បាន​ត្រឹម​ត្រូវ មួយ​មុខៗ​ត្រូវ​មាន​បរិ​មាណ​ស្មើ​គ្នា​ឬ​សម​ស្រប។  សម្រាប់ផលិត​ផល​ដែល​ជ្រើស​រើស​យក​មក​លាយ ត្រូវ​ពិនិត្យ​លើ​គុណ​ភាព និង​កាល​បរិច្ឆេទ។ ប្រសិន​បើ​មិត្ដ​នារី​មិន​មាន​ជំនាញ​ច្បាស់​លាស់​ទេនោះ អាច​ទៅ​ពិភា​ក្សា​ជាមួយ​អ្នក​ដែល​មាន​បទ​ពិសោធន៍ ដើម្បី​ពិគ្រោះ​យោ​បល់។ នៅ​ពេល​ជ្រើស​រើស​ផលិត​ផល​បាន​តាម​ការ​កំណត់ ហើយ​អាច​យក​សារ​ធាតុ​ផ្សំ​ទាំង​អស់​នោះ​មក​លាយ​បញ្ចូល​គ្នា​ហើយ​កូរ​វាឱ្យ​យូរ  រហូត​សព្វ​ល្អ ឬក៏​អាច​យក​វា​ទៅ​កិន ឬ​គ្រលុក​ជាមួយ​ម៉ាស៊ីន​ទឹក​គ្រលុក​ក៏បាន​ដែរ។ កាល​ណា​ឡេ​លាយ​មិន​បាន​ល្អ នៅ​ពេល​យក​ទៅ​លាប​នោះ​ក៏មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ប៉ុន្មាន​ឡើយ តែ​បើ លាយ​សព្វ​បាន​ល្អ​ឆាប់​មាន​ប្រសិទ្ធ​ភាព។

វ័យ​ដែល​គួរ​ប្រើ​ប្រាស់​លាប​ឡេ និង​ឡេ​លាយ

ចំពោះ​ស្ដ្រី​ការ​ប្រើ​ឡេ​គឺចាប់​ពី​ពេញ​វ័យ រហូត​ដល់​វ័យ​ចំ​ណាស់។ ស្ដ្រី​ដែល​មាន​វ័យ​ចំ​ណាស់ គួរតែ​ឧស្សាហ៍​លាប​ឡេ​ឱ្យ​បាន​ញឹក​ញាប់​បន្ដិច ព្រោះ​ស្បែក​ចាប់​បាត់​បង់​ភាព​ស្រស់​ថ្លា​ទៅ​តាម​អាយុ​កាល ជា​ហេតុ​ចាំបាច់​ត្រូវ​បំប៉ន​ស្បែក​ជា​ប្រចាំ ជា​ពិសេស​ពេល​ចេញ​ដើរ​ទៅ​ខាង​ក្រៅ​ផ្ទះ​ត្រូវ​ប្រើ​ជា​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ ដើម្បី​ចៀស​វាង​ការ​កើត​មាន​ចំណុច​ខ្មៅឬ​អាចម៍​រុយ​នៅ​លើ​ស្បែក។ មិន​គួរ ប្រើ​ឡេ​នៅ​វ័យ​ក្រោម​អាយុ​១០​ឆ្នាំ​ឡើយ។ អ្នក​ដែល​មាន​សម្បុរ​មិន​ភ្លឺ​ថ្លា គួរ​តែថែ​ទាំឱ្យ​បាន​ញឹក​ញាប់​បន្ដិច និង​ទាម​ទារ​ឱ្យមាន​ការ ចេះ​ថែ​រក្សា​បន្ថែម​ទៀត។

វិធី​ការ​ពារ​ចៀស​វាង​ប្រតិ​កម្ម​ស្បែក

នៅ​ពេល​ដែល​លោក​ស្រីអ្នក​នាង​កញ្ញា​សម្រេច​ចិត្ដ​ជ្រើស​រើស​ផលិត​ផល​យក​មក​លាយ​ជាមួយ​ឡេ ដើម្បី​លាប​ឱ្យ​ស្បែក ស្រស់​ស្អាត​នោះ​គួរ​ជ្រើស​រើស​យក​ផលិត​ផល​ដែល​មាន​គុណ​ភាព និង​លាយ​ឱ្យ​បាន​ល្អ។ ប្រសិន​បើ​មិន​ចេះ​ជ្រើស​រើស អាច​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ខាង​កែ​សម្ផស្ស ឬ​ជំនាញ​ខាង​ស្បែក ដើម្បី​ពិនិត្យ និង​ផ្ដល់​ជា​យោ​បល់ ក្នុង​ការ​ជ្រើស​រើស​ឱ្យ​បាន​ត្រឹម​ត្រូវ។ ពេល​ងូត ទឹក​សូម​ដុស​ជាមួយ​សាប៊ូ​ដែល​ត្រូវ​ជាមួយ​ស្បែក​ឱ្យ​ស្អាត ដើម្បី​កម្ចាត់​មេរោគ ហើយ​ជូត​ខ្លួនឱ្យ​ស្ងួត​ជាតិ​ទឹក​លើ​ដង​ខ្លួន ទើប​លោក​អ្នក លាប​ឡេ​តាម​ក្រោយ​ដើម្បី​ចៀស​វាង​ការ​ប្រតិ​កម្ម​ស្បែក។ លោក​អ្នក​គួរ​លាប​នៅ​ពេល​យប់​ព្រោះ​ងាយ​ស្រួល​ឱ្យ​ជាតិ​ឡេ​ឆាប់​ជ្រាប ចូល​ក្នុង​ស្បែក។ សម្រាប់​ពេលថ្ងៃ​គួរ​លាប​ជាឡេ​ការពារ​កម្ដៅថ្ងៃ​ទើប​អាច​បញ្ចៀស​ស្នាម​ខ្មៅ​នៅ​លើ​ស្បែក។

ផល​ប្រយោជន៍​ចំពោះ​ការ​ប្រើ​ឡេ​លាយ

ការ​លាប​ឡេ​មាន​សារៈ​សំខាន់​ជា​ច្រើន ធ្វើឱ្យ​មាន​ការ​ផ្លាស់​ប្ដូរពី​អាក្រក់​ទៅ​ល្អ បំបាត់​ស្លាក​ស្នាម​កន្ទួល​នៅ​លើ​ស្បែក និង​ផ្លាស់​ប្ដូរ​ពណ៌​រោម​នៅ​លើ​ស្បែក​ផង​ដែរ។ ចំពោះ​មនុស្ស​វ័យ​ចំ​ណាស់ អាច​មាន​ការ​ប្រែ​ក្លាយ​ជា​ក្មេង​ជាង​វ័យ ព្រោះ​សារ​ធាតុ​ទាំង​នេះ​បាន​ជ្រាប​ទៅ​ជួយ​រឹត​បន្ដឹង​ភាព​ជ្រីវ​ជ្រួញ និង​បំបាត់​អាចម៍​រុយ​លើ​ស្បែក។

ផល​ប៉ះ​ពាល់​ចំពោះ​ការ​ប្រើ​ឡេ

ផល​ប៉ះ​ពាល់​នៃការ​ប្រើ​ឡេ​លាយ​មាន​ច្រើន​គួរឱ្យ​កត់​សម្គាល់ អាស្រ័យ​លើ​ផលិត​ផល​ដែល​យក​មក​លាយ បើ​ផលិត​ផល​ទាំង​នោះ​ជា​ផលិត​ផល​មិន​ត្រឹម​ត្រូវ ផលិត​ផល​គ្មាន​គុណ​ភាព ហួស​កាល​កំណត់ ក្លែង​ក្លាយ នាំឱ្យ​បង្ក​ប្រតិ​កម្ម​ឬ​បញ្ហា​ផ្សេងៗ​លើ​ស្បែក។ ម្យ៉ាង​ទៀត​ប្រសិន​បើ​ការ​លាយ​មិន​បាន​ល្អក៏​ជា​ហេតុ​មួយ​បង្កឱ្យ​មាន​បញ្ហា​ប្រតិ​កម្ម​លើ​ស្បែក​ដែរ ដូច​ជា​បណ្ដាល​ឱ្យ​កើត​ជា​រមាស់​កន្ទួល ឬ​ខូច​ស្បែក។ អ្នក​ខ្លះ​មាន​បញ្ហា​រមាស់​ដល់​ថ្នាក់​អេះ​ចេញ​ឈាម និង​ឡើង​កន្ទួល​ធំៗ ដែល​ឡេ​លាយ​អាច​ជ្រាប​ចូល​ដល់​កោ​សិកា​ខាង​ក្នុង  ប៉ះ​ទង្គិច​ដល់​សុខ​ភាព​ស្បែក​និង​សុខ​ភាព​រាង​កាយ។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

លោក​អ្នក​គប្បី​ថែ​រក្សា​សម្រស់​ស្បែក​ឱ្យ​បាន​ឋិត​ថេរ​ទាំង​បុរស​ទាំង​ស្ដ្រី ហើយ​សូម​កុំឱ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ញឹក​ញាប់​ពេក។ គួរ​តែ​ពាក់​អាវ​ដៃ​វែង​ពេល​ដើរ​ហាល​ថ្ងៃ ព្រោះ​កម្ដៅ​ថ្ងៃ​ធ្វើឱ្យ​ស្បែក​ឆាប់​ជ្រីវ​ជ្រួញ​ងាយ​នឹង​កើត​បញ្ហា​ផ្សេងៗ​លើ​ស្បែក។ លោក​អ្នក​គួរ​លាប​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃឱ្យ​បាន​ជា​ប្រចាំ ទើប​រក្សា​ស្បែក​នៅ​ស្រស់​ស្អាត​បាន​យូរ។ មិត្ដ​នារី​គ្រប់​រូប គួរ​ប្រើ​ឡេ​មាន​គុណ​ភាព​ល្អ និង​មាន ឈ្មោះ​ត្រឹម​ត្រូវ​តាម​រយៈ​ការ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ត្រឹម​ត្រូវ។

បណ្ដាំ​ផ្ញើ

អ្វី​ដែល​រៀប​រាប់​ជូន​ខាង​លើ​នេះ គ្រាន់​ជា​ចំណេះ​ដឹង​សម្រាប់​លោក​អ្នក​ពិចារ​ណា​តែ​ប៉ុណ្ណោះ។ សូម​លោក​អ្នក​ជ្រើស​រើស​យក​អ្វី​ដែល​លោក​អ្នក​យល់​ថាល្អ​ត្រឹម​ត្រូវ។ ជា​ពិសេស​សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯក​ទេស​មុន​សម្រេច​ចិត្ដ ទើប​ត្រឹម​ត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative