ជាប់​សរសៃ

តើមិត្ដ​អ្នកអាន​ទាំង​អស់​ធ្លាប់​មាន​អាការ​ជាប់​សរសៃ​ក ងាក​មិន​រួច​ដូច​ខ្ញុំនេះ​ដែរ​ឬទេ? មិន​ដឹង​ថា​ដូច​ម្ដេច នៅ​សុខៗ​គ្រាន់​តែភ្ញាក់​ពីគេង​ឡើង​ក៏ឈឺ​យ៉ាង​នេះ? នៅ​ពេល​សួរ​ម្ដ្កាយ​របស់​ខ្ញុំ​គាត់​ប្រាប់​ខ្ញុំថា មក​ពីខ្ញុំ​នេះ​គេង​ធ្លាក់​ពីលើ​ខ្នើយ ដូច​នេះ​ដើម្បី​ឱ្យវា​ជា បាត់​ទៅ​វិញ​ត្រូវ​យក​ខ្នើយ​ដែល​ខ្ញុំ​គេង​នោះ​ទៅ​ហាល​ថ្ងៃ។ ខ្ញុំឆ្ងល់​ណាស់ ដោយ​គ្រាន់​តែយក​ខ្នើយ​ទៅ​ហាល​ថ្ងៃ តើ​ហេតុ​អ្វីក៏​អាច ព្យាបាល​អាការ​ជាប់​សរសៃ​នេះ​បាន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​អស់​ចម្ងល់​ថាតើ​ទម្លាប់​តៗ​គ្នានេះ​មាន​ប្រសិទ្ធ​ភាព​កម្រិត​ណា​នោះ ទស្សនា​វដ្ដី សុខភាពយើង សូម​លើក​យក​ប្រធាន​បទ​នេះមក​បក​ស្រាយ​ដោយ​មាន​លោក​គ្រូ សារ៉ាយ ចន្ថា​រិទ្ធ អ្នក​ឯក​ទេស​ព្យាបាល​ដោយ​ចលនា ជា​អ្នក​ផ្ដល់​ប្រឹក្សា។

អាការ​ជាប់​សរសៃ

អាការ​ជាប់​សរសៃ​ជា​អាការ​ឈឺ​ចាប់​នៅត្រង់​សាច់​ដុំ​ណា​មួយ ជា​ពិសេស​បរិ​វេណ​នៅ​ជុំវិញ​ឆ្អឹង​កង​ក។ ការ​ឈឺ​ចាប់​នេះ​អាច​ប្រព្រឹត្ដ​ទៅ​អស់​រយៈ​ពេល​យូរ​ថ្ងៃ ដែលវា​នឹង​បាត់​ទៅវិញ​នៅ​ពេល​ដែល​មាន​ការ​ស្ទាប ច្របាច់ ម៉ាស្សា​ចំ​លើ​សរសៃ​ដែល​មាន​បញ្ហា​នោះ​ឬ​ដោយ​ការប្រើ​ប្រាស់ថ្នាំ​សង្កូវ​វេជ្ជ​សាស្ដ្រ។

មូល​ហេតុ​បណ្ដាល​ឱ្យ​ជាប់​សរសៃ

អាការ​កប់​សរសៃ ឬ​ជាប់​សរសៃ​នេះ​កើត​ឡើង​ក្នុងពីរ​កម្រិត​ផ្សេង​គ្នា និង​ដោយ​មូល​ហេតុ​ខុសគ្នា​ផង​ដែរ។

1 . កម្រិត​ស្រាល ភាគ​ច្រើន​កើត​នៅ​ត្រង់​កន្លែង​ណា​ដែល​មាន​ចលនា​តិចៗ ហើយ​មាន​គន្លង​តូច មាន​ន័យ​ថា​កន្លែង​ដែល​សាច់​ដុំអាច​បត់​ចុះ​ឡើង​ត្រឹម​៤៥ទៅ​៥០ដឺក្រេ​យ៉ាង​ច្រើន។ ដោយ​សារ​ការ​លេង​កីឡា​ច្រើន​ហួស​ហេតុ ឬលេង​កីឡា​ដោយ​មិន​បាន​ធ្វើ ចលនា​កម្ដៅ​សាច់​ដុំ​ជា​មុន​ទើប​ធ្វើឱ្យ​មាន​ការ​ឈឺចាប់​ដោយ​សារ​សាច់​ដុំស្អិត​ជាប់​គ្នា។ ម្យ៉ាង​ទៀត​ការ​ធ្វើ​ការ​ងារ​ធ្ងន់​ដោយ​ប្រើ​កម្លាំង​ខ្លាំង​ក៏អាច​បណ្ដាល​ឱ្យកើត​មាន​អាការ​បែប​នេះផង​ដែរ គឺ​មាន​ការ​ឈឺចាប់​រោយ​ចុក​នៅ​ត្រង់​សាច់​ដុំ​ដែល​ធ្វើ​ចលនា ដែល​គេ​ហៅ​ថា​កប់ ចន្លក ឬកប់​សរសៃ​នេះ​ឯង។ អាការ​មួយ​ទៀត​នោះ​គឺភាគ​ច្រើន​កើត​នៅត្រង់​ម្ដុំ​បរិវេណ​កញ្ចឹង​ក​ដែល​បណ្ដាល​ឱ្យមាន​ការ​ឈឺ​ចាប់ និង មាន​ការ​លំបាក​ក្នុង​ការងាក​រេ​ចុះ​ឡើង។ ហើយ​វា​បណ្ដាល​មកពី​ការងាក​ជាប់​រយៈ​ពេល​យូរ ពិសេស​នៅពេល​ដែល​យើង​គេង ប្រសិន បើ​ក្បាល​របស់​យើង​បត់​ជាប់​ក្នុង​រយៈ​ពេល​មួយ​ដែល​អាច​ធ្វើឱ្យ​ស្អិត​សរសៃ​ក​នោះ​ក៏​បណ្ដាល​ឱ្យ​ឈឺ​ចាប់​ផង​ដែរ។ ប្រជា​ពល​រដ្ឋ​ខ្មែរ យើង​បាន​សន្និ​ដ្ឋាន​ថា ការ​ជាប់​សរសៃ​នេះ​បណ្ដាល​មកពី​ការ​គេង​ធ្លាក់​ពីលើ​ខ្នើយ​ដូចនេះ​ត្រូវ​យក​ខ្នើយ​ទៅ​ហាល​ថ្ងៃ ដើម្បី​បំបាត់​ការ ឈឺ​ចាប់​បាន។

2 . កម្រិត​ធ្ងន់ ការ​កប់​ចន្លក​ក្នុង​ករណី​នេះ​បណ្ដាល​មកពី​ជម្ងឺ​សសរ​ឆ្អឹង​ខ្នង។ ការ​ឈឺ​ចាប់​នេះ​ច្រើន​កើត​ឡើង​នៅម្ដុំ​ស្មា​ដែល​បណ្ដ្កាល​មកពី​សាច់​ដុំក និង​ឈឺនៅ​ត្រង់​ចង្កេះ ហើយ​អាច​រាល​ដាល​មក​ដល់​ជើង​ថែម​ទៀត​ផង។

ផល​វិបាក​នៃការ​ជាប់​សរសៃ

ពុំមាន​អ្វីជា​ផល​វិបាក​យូរ​អង្វែង​នោះ​ទេ សម្រាប់​ជម្ងឺ​កប់​សរសៃ​កម្រិត​ស្រាល​នោះ។ វាគ្រាន់​តែធ្វើ​ឱ្យយើង​ឈឺចាប់​មាន​ការ​លំបាក​ក្នុង​ការ​ប្រកប​កិច្ច​ការ​ងារ​ប៉ុណ្ណោះ លើស​ពីនេះ​ទៅ​ទៀត​វាមាន​ការ​រំខាន​យ៉ាង​ខ្លាំង ដែល​មិន​អាច​ឱ្យ​យើង​ធ្វើ​បាន​គ្រប់​កាយ​វិការ នោះ​ទេ។ ឧទា​ហរណ៍​ប្រសិន​បើ​យើង​ឈឺ​នៅ​ជុំវិញ​បរិ​វេណ​កញ្ចឹង​ក ធ្វើឱ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​ងាក​រេម្ដងៗ ដូច​នេះ​យើង​មិន​ហ៊ាន ងាក​រេ​ចុះ​ឡើង​ទៀត​នោះ​ទេ​ព្រោះ​ខ្លាច​ឈឺ​នេះ​ឯង។ នេះ​ហើយ​ជា​ផល​រំខាន​ដែល​បណ្ដាល​មកពី​ការ​កប់​សរសៃ។

ចំពោះ​កម្រិត​ធ្ងន់​ធ្ងរ​វិញ​ក៏​បណ្ដ្កាល​ឱ្យ​ឈឺ​ចាប់​ដូច​គ្នា​ដែរ ក៏​ប៉ុន្ដែ​ការ​ឈឺ​ចាប់​នេះ​បណ្ដាល​មកពី​ជម្ងឺ​សសរ​ឆ្អឹង​ខ្នង ដូច​នេះ​ប្រសិន​បើពុំ​មាន​ការ​ព្យាបាល​ឆ្អឹង​ខ្នង​នោះ​ទេ វាអាច​បណ្ដ្កាល​ឱ្យ​ខូច​ឆ្អឹង​របស់​យើង​នោះ​តែម្ដង។ ហេតុ​នេះត្រូវ​រួស​រាន់​ទៅរក​វេជ្ជ​បណ្ឌិត ជំនាញ ដើម្បី​ពិគ្រោះ ពិភាក្សា​និង​ព្យាបាល ចៀស​វាង​ធ្វើឱ្យ​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​មាន​វិប្បដិ​សារី​ទៅ​ថ្ងៃ​ក្រោយ ដោយ​សារ​ការ​ធ្វេស ប្រហែស​នេះ។

វិធី​ព្យាបាល​ជាប់​សរសៃ

កប់​ចន្លក ឬ​កប់​សរសៃ​នេះពុំ​អាចជា​សះ​ស្បើយ​ដោយ​ឯក​ឯង​នោះ​ទេ គឺត្រូវ​ទាម​ទារឱ្យ​មាន​ការ​ព្យាបាល​ដោយ​ចលនា ឬប្រើ​ប្រាស់​ថ្នាំវេជ្ជ​សាស្ដ្រ។ ការ​ព្យាបាល​នេះ​ទៀត​សោត​ក៏​ត្រូវតែ​ពិនិត្យ​តាម​ដាន​ដោយ​គ្រូ​ពេទ្យ​ជំនាញ​ឱ្យបាន​ដិត​ដល់​ផង​ដែរ ដើម្បី​ដឹង​ពី មូល​ហេតុ​ច្បាស់​លាស់​ទៅតាម​ករណី​ធ្ងន់ឬ​ស្រាល។

  • ករណី​ស្រាល ៖ ត្រូវ​ធ្វើ​ម៉ាស្សា ស្ទាប ច្របាច់ និង​រឹត​ដោយ​បច្ចេក​ទេស​នៅ​ត្រង់​កន្លែង​ដែល​ឈឺ​ចាប់ ពោល​គឺ​ត្រូវ​ព្យាបាល​ដោយ​ចលនា​ជាមួយ​អ្នក​ឯក​ទេស ដើម្បី​កាត់​បន្ថយ​ឬ​បំបាត់​ការ​ឈឺចាប់​ដែល​បណ្ដ្កាល​មកពី​ការ​កប់​សរសៃ​នោះ។ ចំពោះ​ការ​ធ្វើ​ម៉ាស្សាដោយ​អ្នកពុំ​មាន​ឯក​ទេស ឬ​បច្ចេក​ទេស​ច្បាស់​លាស់ ជម្ងឺ​នេះ​ពិតពុំ​អាច​ធូរ​ស្រាល​សម​តាម​បំណង​នោះ​ទេ ហើយ​វាក៏​បណ្ដ្កាល ឱ្យ​ខាត​ពេល​វេលា​ប្រាក់​កាក់​ដោយ​ឥត​ប្រយោជន៍​ទៀត​ផង។
  • ករណី​ធ្ងន់ធ្ងរ ៖ ចំពោះ​ករណី​ធ្ងន់​ធ្ងរ​វិញ គឺត្រូវ​ស្រាវ​ជ្រាវ​រក​ឫស​គល់​ឬដើម​ហេតុ​ដែល​បណ្ដាល​ឱ្យ​ឈឺ​នោះ​ដើម្បី ព្យា​បាល។ ជាង​នេះ​ទៅទៀត​ក៏ត្រូវ​តែមាន​ការ​រួម​សហ​ការ​ពី​សំណាក់​គ្រូពេទ្យ​ឯក​ទេស អ្នក​ជម្ងឺ និង​អ្នក​ព្យាបាល​ដោយ​ចលនា​ផង ដែរ។
  • ការ​លាប​ប្រេង ៖ ការ​លាប​ប្រេង​គឺពុំ​សូវ​មាន​ផល​ប្រយោជន៍​ចំពោះ​ការ​ព្យាបាល​ជាប់​សរសៃ​ប៉ុន្មាន​នោះ​ទេ ក៏​ប៉ុន្ដែ​ការ​លាប​ប្រេង​នេះគឺ​ចាំបាច់​ក្នុង​ការ​ព្យាបាល​ដោយ​ចលនា ដើម្បី​កុំឱ្យ​មាន​ការ​កកិត​ខ្លាំង​រវាង​ដៃ​របស់​អ្នក​ធ្វើ​ម៉ាស្សា​ជាមួយ​ស្បែក​របស់​អ្នក ជម្ងឺ​ដែល​បណ្ដ្កាល​ឱ្យមាន​ការ​ឈឺផ្សា ក្រហាយ ឬ​ដាច់​រលាត់​នៅ​លើ​ស្បែក។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

ចំពោះ​អ្នក​ជម្ងឺ​ទាំង​អស់​ដែល​មាន​បញ្ហា​នេះ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ជាមុន​សិន ដើម្បី​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​ឈឺ។ ប្រសិន​បើ​ជម្ងឺ​នោះ​ត្រូវ​ធ្វើការ​ព្យាបាល​ដោយ​ចលនា​នោះ គ្រូ​ពេទ្យ​នឹង​ធ្វើការ​ណែ​នាំ​អ្នក​ជម្ងឺ​នោះ​ទៅ​រក​អ្នក​ឯក​ទេស​ព្យាបាល​ដោយ​ចលនា​តែ​ម្ដង មិន​ចាំ​បាច់​អ្នក​ជម្ងឺ​ស្វែង​រក​សេវា​ដោយ​ខ្លួន​ឯង​នោះ​ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative