ខ្ញុំ​ត្អើក

ត្អើក​ជា​ប្រភេទ​ជម្ងឺ​មួយ​ដែល​មាន​ការ​រំខាន​ដល់​លោក​អ្នក និង​ធ្វើឱ្យ​លោក​អ្នក​ពិបាក​ក្នុង​ការ​និយាយ​ស្ដី​ទៅរក​អ្នក​ដទៃ​ទៀត​ផង។ ពេល​ខ្លះ​លោក​អ្នក​រកទឹក​មក​ពិសា​ដើម្បី​បំបាត់​ការ​ត្អើក​នេះ ប៉ុន្ដែ​ពេល​ខ្លះ​ទៀត​ទឹកមិន​អាច​ជួយ​លោក​អ្នក​បាន​ទេ។ លោក​អ្នក​ពិបាក​នៅ​ក្នុង​អារម្មណ៏ និង​ពិបាក​ប្រាប់​អ្នក​ដទៃ​អំពី​អាការ​របស់​ខ្លួន​អ្នកឱ្យ​ទៅអ្នក​ដទៃ​ដឹង​ខ្លាំង​ណាស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​លោក ខៀវ មី ជាគ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បក​ស្រាយ​នូវ ប្រធាន​បទ​ត្អើក​នេះ​ជូន​ដល់​មិត្ដ​អ្នក​អាន​ទាំង​អស់​ឱ្យ​បាន​ជ្រាប។

អ្វី​ទៅ​ជា​អាការ​ត្អើក?

ត្អើក​ជាការ​កន្ដ្រាក់​មួយ​ដែល​បណ្ដាល​មកពី​ការ​រួម​ត្បៀត​នៃ​សន្ទះ​ទ្រូង។ ការ​កន្ដ្រាក់​នេះគឺ​បញ្ជាក់​ឱ្យ​ដឹង​ថា​ជាការ​កន្ដ្រាក់ យ៉ាង​គំហុកៗ ឬ​យ៉ាង​ខ្លាំង​នៃ​ផ្នែក​ពោះ​ទៅ​ផ្នែក​ទ្រូង​ដែល​មាន​លាយ​ឡំ​ដោយ​សម្លេង​ស្អកៗ​បន្ដិចៗ​ផង​ដែរ។ ត្អើក​បង្ក​ជា​ហេតុ​ទៅ​ជា រលក​នៃ​ខ្យល់​រត់​ប្រដេញ​គ្នា​កាត់​ទទឹង​ពោះ​នោះ​ឯង។

មូល​ហេតុ​បង្ក​អាការ​ត្អើក

ការ​ត្អើក​នេះ​បណ្ដាល​មកពី​ការ​រលាក ឬការ​ក្រហល់​ក្រហាយ​នៃ​សរសៃ​ញ្ញាណ​សន្ទះ​ទ្រូង។ ត្អើក​ចែក​ចេញ​ជាពីរ​ប្រភេទ សំខាន់ៗ ត្អើក​ស្រួច​ស្រាវ និង​ត្អើក​រ៉ាំរ៉ៃ។

1 . ត្អើក​ស្រួច​ស្រាវ ៖ បណ្ដាល​មកពី​ជម្ងឺ​រលាក​បំពង់​អាហារ ដំបៅ​ក្រោម​សន្ទះ​ទ្រូង​ឬ​រលាក​ក្រពះ​តិច​តួច​ដែល​បណ្ដាល មកពី​ការ​បរិភាគ​សារ​ជាតិ​ស្រវឹង។ មាន​ប្រភព​ផ្សេង​ទៀត​ចេញ​មកពី​អារម្មណ៍​ផ្លូវចិត្ដ ដូច​ជាការ​គិត​ច្រើន​ឬ​សម្រាក​មិន​លក់​ជា​ដើម។

2 . ត្អើក​រ៉ាំរ៉ៃ ត្អើក​នេះ​ស្ថិត​លើ​អ្នក​ជម្ងឺ​ដែល​មាន​បញ្ហា​ផ្នែក​ពោះ​ដូច​ជាអ្នក​ជម្ងឺ​ក្រោយ​ការ​វះ​កាត់​នៅ​ចំណុច​ពោះ​ផ្សេងៗ ក្នុង​ករណី​មាន​បញ្ហា​ផ្លូវ​បំពង់​អាហារ​ផ្នែក​លើ​ដែល​នាំឱ្យ​ដុំពក​នៅ​ដើម​ទ្រូង ឡើង​ប៉ោង​សរសៃ​ឈាម​អាអ៊រ័្ស​ជម្ងឺ​ប្រព័ន្ធ​សរសៃ​ប្រសាទ ជា​ដើម។ ជម្ងឺ​សរសៃ​ប្រសាទ​មាន​ដូចជា​ដុំពក​ក្នុង​ខួរ​ក្បាល រលាក​ស្រោម​ខួរ​ក្បាល​ការ​ប៉ះ​ទង្គិច​ខ្លាំង​ផ្នែក​ក្បាល។

តើ​ត្អើក​មាន​អាការ​បែប​ណា?

ត្អើក​នាំឱ្យ​មាន​អាការ​ពិបាក​ក្នុង​ខ្លួន​ជា​ខ្លាំង ដែល​ធ្វើឱ្យ​អ្នក​ជម្ងឺ​ត្រូវ​មាន​ចិត្ដ​ធ្ងន់​ក្នុង​ការ​ទ្រាំ​ជា​អាទិ​មាន​ចំណុច​ដូច​ខាង​ក្រោម នេះ។

  • ធ្វើ​ឱ្យ​អ្នក​ជម្ងឺ​នោះ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង
  • ពិបាក​ដក​ដង្ហើម
  • ចង់​ក្អួត​ចង្អោរ
  • ចុក​ពោះ​តិចៗ​តែ​ពិបាក​ទ្រាំ
  • នៅ​ស្ងៀមៗ​តែ​ត្រជាក់​ខ្លួន​បែក​ញើស ដោយ​សារ​តែ​ការ​ខំ​ប្រឹង​ទ្រាំ​នូវ​អាការ​ទាំង​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ត្អើក

ជា​ដំបូង​ត្រូវ​ឱ្យអ្នក​ជម្ងឺ​បិទ​ភ្នែក ហើយ​យក​មេដៃ​សង្កត់​លើ​ប្រអប់​ភ្នែក​ធ្ងន់​ល្មម​ដែល​អាច​ឱ្យអ្នក​ជម្ងឺ​ទ្រាំ​បាន​ប្រហែល​ជា១ ទៅ​២នាទី​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ត្រូវ​ឱ្យ​អ្នក​ជម្ងឺ​ពិសា​ទឹក​ត្រជាក់​ឱ្យ​បាន​ច្រើន។

ចំណែក​ឯការ​ប្រើ​ប្រាស់​ថ្នាំ​វិញ អ្នក​ជម្ងឺ​អាច​ប្រើ​ប្រាស់​បាន​លុះ​ត្រា​តែ​មាន​វេជ្ជ​បញ្ជា​ពី​គ្រូ​ពេទ្យ​ត្រឹម​ត្រូវ។ គួរ​តែទៅ​ពិភាក្សា ជា​មួយ​គ្រូ​ពេទ្យ​ឬអ្នក​ឯក​ទេស​ណា​ម្នាក់ ឬអ្នក​ជំនាញ​ដែល​អាច​ឱ្យ​លោក​អ្នក​ទុក​ចិត្ដ​បាន​ដើម្បី​ធ្វើ​ការ​ពន្យល់​ណែនាំ​លោក​អ្នក​ពីការ​ប្រើ ប្រាស់​ថ្នាំ​ផ្សេងៗក្នុង​ការ​ការ​ពារ​កុំឱ្យ​មាន​ត្អើក​នេះ​កើត​ឡើង​តទៅ​ទៀត។

វិធី​បង្ការ​ត្អើក

វិធី​បង្ការ​កុំឱ្យ​មាន​អាការ​ត្អើក​មាន​ប្រការ​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​អនុវត្ដ​បាន។

  •  ហាម​មិនឱ្យ​អ្នក​ត្អើក​ពិសា​ជាតិ​ស្រវឹង
  •  អ្នក​ជម្ងឺ​មិន​ត្រូវ​គិត​ច្រើន ដែល​ធ្វើឱ្យ​ទាក់​ទង​ទៅនឹង​សតិ​អារម្មណ៍​រ៉ាំរ៉ៃ
  •  សូម​កុំឱ្យ​មាន​ការ​ប៉ះ​ទង្គិច​ផ្នែក​ក្បាល។

ដំបូ​ន្មាន​អ្នក​ជំនាញ

ការ​ត្អើក​នេះ​មិន​មាន​អ្វីគួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​ទេ ឬជា​ជម្ងឺ​មួយ​ដែល​ធ្ងន់​ធ្ងរ​នោះ​ឡើយ។ បើ​លោក​អ្នក​មាន​បញ្ហា​ត្អើក រ៉ាំ​រ៉ៃ ត្រូវ​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ ឬ​អ្នក​ឯក​ទេស​ដើម្បី​ធ្វើ​ការ​ពិគ្រោះ​កុំចេះ​តែទុក​វាឱ្យ​កើត​ឡើង​យូរ​អង្វែង​តទៅ​ទៀត​ឱ្យ សោះ។ អ្នក​ជម្ងឺ​អាច​ធុញ​ទ្រាន់​នឹង​ការ​ចេះ​តែ​ត្អើក​មិន​ឈប់​ឈរ​នោះ សូម​ធ្វើ​ការ​ព្យាបាល​ភ្លាមៗ​ផង​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative