វិធីទប់ស្កាត់ការកើតចៃ

បញ្ញើ​ក្អែក​ជា​រុក្ខ​ជាតិ​ដែល​រស់​ដោយ​សារ​គេ​គឺ​ដើម​ឈើ​ផ្សេង​ទៀត។ រីឯ​សត្វ​ចៃក៏​ដូច​ជា​បញ្ញើ​ក្អែក​ដែរ​ដែល​វា​អាស្រ័យ​ជីវិត ដោយ​រស់​នៅ​លើ​ខ្លួន​មនុស្ស ដោយ​ជ្រក​កោន​នៅ​លើ​ស្បែក​ខ្លួន ស្បែក​ក្បាល និង​ជ្រក​កោន​តាម​កន្លែង​ដែល​សម្បូររោម​តាម​រយៈ​ការ បឺត​ឈាម​ដើម្បី​ចិញ្ចឹម​ជីវិត។ ចៃ​ងាយ​កើត​ឡើង​នៅ​លើ​មនុស្ស​ណា​ដែល​គ្មាន​អនាម័យ។ ចៃមិន​មាន​លទ្ធ​ភាព​បង្ក​ជារោគ​ដោយ​ខ្លួន​វា ផ្ទាល់​នោះ​ទេ តែវា​អាច​ជា​ដើម​ចម បណ្ដាល​ឱ្យ​មេ​រោគ​ផ្សេងៗ​ចូល​ក្នុង​ខ្លួន​មនុស្ស​និង​បង្ក​ជាជម្ងឺ​ផ្សេងៗ​ទៀត​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​ក្នុង​លេខ​នេះ ទស្ស​នា​វដ្ដី សុខភាព​​​យើង​ សូម​លើក​យក​អត្ថបទ​ស្ដី​អំពី​សត្វ​ចៃ​មក​បរិយាយ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ស្វែងយល់ និង​​​បង្ការ​ខ្លួន តាម​រយៈ​ការ​ជួប​សម្ភាសន៍​លោក​វេជ្ជ​បណ្ឌិត ម៉ី ស៊ី​ថាច ឯក​ទេស​ផ្នែក​ជម្ងឺ​សើ​ស្បែក និង​កាមរោគ​នៃ​មន្ទីរ​ពេទ្យ ព្រះ​កុសុ​មៈ។

ប្រភេទ​សត្វ​ចៃ

ចៃជា​ប្រភេទ​សត្វ​ល្អិត​ម្យ៉ាង មាន​ជើង​៦ ដែល​បឺត​ឈាម​និងស៊ី​កម្អែល​ជា​អាហារ។ ចៃ​អាច​មាន​ជីវិត​រស់​នៅលើ​មនុស្ស​បាន រាប់​ខែ និង​អាច​ស្លាប់​ទៅ​វិញ​ក្នុង​អំឡុង​ពេល​ពីរ​សបា្ដហ៍​ប្រសិន​បើ នៅ​ក្រៅ​ខ្លួន​មនុស្ស។ សត្វចៃ​ចែក​ចេញ​ជាបី​ប្រភេទ​ដែល​មាន​រូប​រាង ស្ទើរ​ដូច​គ្នា។

1 . ចៃ​លើ​ក្បាល ៖ ចៃ​ប្រភេទ​នេះវា​រស់​នៅតែ​លើ​ក្បាល​ប៉ុណ្ណោះ។ វា​ចិញ្ចឹម​ជីវិត​ដោយ​ការបឺត​ឈាម​ជា​អាហារ​ដូច​ចៃ ប្រភេទ​ផ្សេង​ទៀត​ដែរ។ ចៃ​លើ​ក្បាល​បង្ក​កំណើត​ដោយ​ការ​ពង​ជាប់​នៅ នឹង​សក់​ហើយ​ញាស់​ជាកូន​ចៃ​ក្រោយ​ពង​ប្រហែល​មួយ សបា្ដហ៍។

2 . ចៃ​តាម​រោម ៖ ប្រភេទ​ចៃ​នេះ​រស់​នៅ​តាម​រោម​ក្រាស់ៗស ដូចជា​រោម​ក្លៀក រោម​លើ​ប្រដាប់​ភេទ រោម​ភ្នែក​រោម ចិញ្ចើម រោម​ដៃ រោម​ជើង​ជា​ដើម។ ចៃលើ​រោម​ពង​នៅ​តំបន់​ដែល​វារស់​នៅ​ហើយ​អាច​ឆ្លង​ទៅរស់​នៅតាម​សក់​បាន​ដែរ។

3 . ចៃ​លើ​សាច់ ៖ ជា​ប្រភេទ​ចៃដែល​រស់នៅ​តាម​សម្លៀក​បំពាក់ ហើយ​មកទំ​លើ​ស្បែក​ពេល​ត្រូវការ​អាហារ។ ចៃ​ប្រភេទ នេះ​ពង​នៅតាម​សម្លៀក​បំពាក់ កន្សែង និង​របស់​ប្រើ​ប្រាស់​ផ្សេង​ទៀត​ជា​ក្រណាត់។ នេះ​ជាហេតុ​នាំឱ្យ​មាន​ការ​យល់​ច្រឡំ​ពី ប្រជា​ពល​រដ្ឋ​ថា ជា​ប្រភេទ​ចៃ​ចេញ​ពី​សាច់ ព្រោះ​មិន​ឃើញ​មាន​ពង​នៅ​លើ​រោម។

មូល​ហេតុ​កើត​ចៃ

សត្វ​ចៃ​ច្រើន​កើត​នៅ​តាម​កន្លែង​ដែល​មាន​ស្ថាន​ភាព​វឹកវរ សង្គ្រាម គ្រោះ​មហន្ដ​រាយ​និង​កន្លែង​ដែល​មាន​ក្រុម​មនុស្ស​រស់ នៅ​ច្រើន​ចម្រុះ​គ្នា។ នៅ​តាម​ទីកន្លែង​ទាំង​នោះ មនុស្ស​ច្រើន​តែខ្វះ​អាហារ និង​អនា​ម័យខ្លួន​ប្រាណ​មិន​ស្អាត​បាត។ ប៉ុន្ដែ​មិន​មែន​មាន ន័យ​ថា អ្នក​ហូប​ចុក​គ្រប់​គ្រាន់ មាន​អនាម័យ​ស្អាត​បាត​មិន​មាន​កើត​ចៃនោះ​ទេ​គ្រាន់​តែថា​មាន​អត្រា​ភាគ​រយ​តិច​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ឆ្លង​ចៃ

ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​គឺ​ដោយ​សារ​ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់ ការ​រួម​ភេទ ការ​ប្រើ​សម្លៀក​បំពាក់​ឬ របស់​ប្រើ​ប្រាស់​រួម​គ្នា ការ​ប្រើ​ក្រាស​សិត​សក់ ឬ​ស្និត​សិត​ចៃ​រួម​គ្នា​ជា​ដើម។

ផល​វិបាក​ដែល​បង្ក​ដោយ​ចៃ

ចៃ​មិន​អាច​ចម្លង​ជម្ងឺ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​បឺត​ឈាម​បាន​ទេ។ ប៉ុន្ដែ​វាបាន​បើក​ឱកាស​ឱ្យ​មេ​រោគ មួយ​ចំនួន​ចូល​ទៅ​បង្ក​ជម្ងឺ​ក្នុង​ខ្លួន​មនុស្ស ដូច​ជា​មេ​រោគ​រីគែត​ស្យា ស្ពី​រ៉ូគែត ស្ដាហ្វ៉ី​ឡូកុក ស្ដ្រិប​តូកុក​ជា​ដើម។ ពេល​លោក​អ្នក​អេះ មាន​ជាប់​មេរោគ​ដែល​នៅ​នឹង​ក្រចក វានឹង​ចូល​តាម​ការ​ដាច់​រលាត់​នោះទៅ​ក្នុង​សរីរៈ​រាង​កាយ​ហើយ​អាច​បង្ក​ជា​ជម្ងឺ។ ជួន​កាល មេ​រោគ​ដែល​នៅនឹង​ធូលី​ដី​ពាស​ពេញ​ក្នុង​ស្រទាប់​ខ្យល់​ក៏​អាច​ចូល​ក្នុង​ខ្លួន​មនុស្ស​យើង​បាន​ដែរ​តាម​រយៈ​ស្នាម​អេះ កន្ទួល​រមាស់ ស្នាម​ពង​ខ្ទុះ​ជា​ដើម។ មេ​រោគ​ទាំង​នោះ​អាច​បង្ក​ឱ្យ​មាន​ជម្ងឺ​រលាក​តម្រង​នោម រលាក​សន្លាក់​ពិសេស​ច្រើន​កើត​ឡើង​ចំពោះ​កុមារ ឬ​ក្មេង​តូចៗ ព្រោះ​ក្មេង​មាន​អង្គ​បដិ​បក្ខ​ប្រាណ​ខ្សោយ។ មនុស្ស​ពេញ​វ័យ​ឬវ័យ​ចាស់​ក៏អាច​កើត​មាន​ជម្ងឺ​ទាំង​នេះ​បាន​ដែរ នៅ​ពេល មាន​ជម្ងឺ​និង​អង្គ​បដិបក្ខ​ប្រាណថ​មថយ​សុពល​សភាព។

ដំណោះ​ស្រាយ​ករណី​មាន​ចៃ

ចៃ​អាច​ស្លាប់​ក្នុង​អំឡុង​ពីរ​សបា្ដហ៍​បើ​សិន​នៅ​ក្រៅ​ខ្លួន​មនុស្ស។ ដូច្នេះ​លោក​អ្នក​គួរ​យក​សម្លៀក​បំពាក់​ទៅ​ត្រាំ​នឹង​ទឹក​ក្ដៅ​ដាំ ពុះ​ប្រហែល​១៥នាទី​សិន ទើប​យក​មក​បោក​គក់​នឹង​ទឹក​ត្រជាក់​ធម្មតា​វិញ។ បើ​សិន​ជា​ប្រើ​ម៉ាស៊ីន​បោក​ខោ​អាវ គួរ​ដាក់​កម្ដៅ​ចាប់​ពី៦៥ អង្សា​ឡើង​ទៅ​ដោយ​ទុក​រយៈ​ពេល​កន្លះ​ម៉ោង។ លោក​អ្នក​គួរ​អ៊ុត​សម្លៀក​បំពាក់​ដោយ​ប្រើ​កម្ដៅ​ក្ដៅ​តាម​ដែល​អាច​ធ្វើ​បាន និង​តាម ប្រភេទ​សាច់​ស​ក្រណាត់។ សម្លៀក​បំពាក់​ឬ​របស់​ប្រើ​ប្រាស់​ណា​ដែល​មិន​ចាំ​បាច់​ត្រូវ​ច្រក​ស្បោង​ចង​មាត់​ឱ្យ​ជិត​ទុក​ចោល​រយៈ​ពេល​យ៉ាង តិច​ពីរ​សបា្ដហ៍ ដើម្បី​បង្អត់​អាហារ​របស់​ចៃ និង​ហាម​យក​ទៅ​ទុក​នៅ​កន្លែង​ត្រជាក់។ ម្យ៉ាង​ទៀត​អាច​ប្រើ​ស្និត​សិត​យក​មេចៃ កូន ចៃ និង​អាច​ប្រើ​ទឹក​ខ្មេះ​កក់​លើ​សក់​បូត​ពង​ចៃ​ចោល។ នៅ​ក្នុង​វិធាន​ចុង​ក្រោយ​បើ​ធ្ងន់​ធ្ងរ​ចាំ​បាច់​គួរ​ជួប​ប្រឹក្សា​នឹង​អ្នក​ជំនាញ ពេល​នោះ​អ្នក ជំនាញ​អាច​ឱ្យ​ប្រើ​ថ្នាំ​លាប​ដើម្បី​សម្លាប់​ចៃ និង​ព្យា​បាល។ ក្នុង​នោះ​ត្រូវ​លាប​ថ្នាំ​លើក​ទីពីរ​ក្រោយ​លាប​លើក​ទីមួយ​មួយ​សប្ដាហ៍ ដើម្បី សម្លាប់​ផ្ដាច់​ពូជ​កូន​ចៃ​ដែល​ទើប​នឹង​ញាស់។ គេ​អាច​ប្រើ​ស្ពាន់​ធ័រ​លាយ​ទឹក​ដើម្បី​លាប​សម្លាប់​ចៃ​បាន។ ប៉ុន្ដែ​បើ​ប្រើ​មិន​បាន​សម​ស្រប អាច​បណ្ដាល​ឱ្យពុល​ដល់​មនុស្ស។

ការ​បង្ការ​កុំ​ឱ្យ​មាន​ចៃ

លោក​អ្នក​ត្រូវ​ចាប់​ផ្ដើម​ពី​ការ​មាន​អនា​ម័យ​ខ្លួន​ប្រាណ​ឱ្យ​បាន​ល្អ​ចេះ​ប្រុង​ប្រយ័ត្ន​ទោះ​រស់​នៅ​ក្នុង​ទី​កន្លែង​មិន​សូវ​ល្អក៏​ដោយ ។ កុំប្រើ​របស់​របរ​រួម​នឹង​អ្នក​មាន​ចៃ ដូច​ជា​សម្លៀក​បំពាក់ កន្សែង ក្រមា ក្រាស​សិត​សក់​ជា​ដើម។ កុំ​ប៉ះ​ពាល់​ផ្ទាល់​ដេក​ក្បែរ ឬ​កើយ​ខ្នើយ​ជាប់​គ្នានឹង​អ្នក​មាន​ចៃ។ បើ​មាន​ឆ្លង​ចៃ​តិច​តួច​ហើយ​ត្រូវ​ឆាប់​កម្ចាត់​ចោល​តាម​វិធី​ផ្សេងៗ​កុំទុក​យូរ​រហូត​ចៃ​បង្កើត​កូន ចៅ​ច្រើន។

ដំបូ​ន្មាន​អ្នក​ជំនាញ

នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ដក៏​មាន​រូប​ភាព​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពីការ​រកចៃ​លើ​ក្បាល​ឱ្យ​គ្នា​ដែរ។ ដូច្នេះ​នេះ​ជា​ទម្លាប់​ល្អ មួយ​ដែល​គួរ​ធ្វើ​នៅ​ពេល​ទំនេរ​ពី​ការ​ងារ។ ថ្វី​ត្បិត​ថា​ថ្នាំ​សម្លាប់​សត្វ​មូស ស្ពាន់​ធ័រ​អាច​សម្លាប់​ចៃ​បាន​ប៉ុន្ដែ​បើ​ប្រើ​លើស​ជ្រុល មិន​ត្រឹម ត្រូវ​អាច​ធ្វើឱ្យ​ពុល​ដល់​មនុស្ស។ លើស​ពីនេះ​បើលើ​ខ្លួន​មាន​កន្ទួល រមាស់ ពង​ខ្ទុះ​ដោយ​ការ​អេះរ​មាស់​ចៃ​ខាំ​គួរ​ជួប​ប្រឹក្សា​នឹង​អ្នក​ជំនាញ ជម្ងឺ​សើ​ស្បែក ដើម្បី​ព្យា​បាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Google Analytics Alternative