ទស្ស​នៈ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ពេល​បោះ​ឆ្នោត

ការ​បោះ​ឆ្នោត​ជា​សកល​នៅ​កម្ពុជា​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០០៨​ខាង​មុខ​នេះ ដែល​ជា​ការ​បោះ​ឆ្នោត សម្រាប់​អាណត្ដិ​ទី​៤។ ជា​ធម្មតា​នៅ​ពេល​រដូវ​កាល​បោះ​ឆ្នោត ប្រជា​ពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើន​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា ដែល​អាច​និង​កើត​ឡើង​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត។ រហូត​មក​ដល់​ពេល​នេះ គណបក្ស​នយោ​បាយ​ទាំង១១​គណបក្ស​បាន​ចាប់​យក លំដាប់​លេខ​រៀង​សម្រាប់​គណ​បក្ស​រៀងៗ​ខ្លួន​រួច​រាល់​ហើយ រង់​ចាំ​តែ​ធ្វើ​ការ​ឃោស​នា​ចូល​មក​ដល់​ពួក​គេ និង​ចាប់​ផ្ដើម​យុទ្ធ​នា​ការ ឃោស​នា​រក​សម្លេង​ឆ្នោត​ឱ្យ​គណ​បក្ស​របស់​ខ្លួន។ ក្នុង​ស្ថាន​ភាព​នេះ គណ​បក្ស​ធំៗ​ក្នុង​ប្រទេស​បាន​និង​កំពុង​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ដ្រ និង​គោល​នយោ​បាយ​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​រក​ការ​ទទួល​បាន​នូវ​អសនៈ​ក្នុង​សភា​កាន់​តែ​ច្រើន​ឡើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មតិ​របស់​ប្រជា​ពល​រដ្ឋ​ជុំ​វិញ​ការ​បោះ​ឆ្នោត

តាម​សេចក្ដី​ប្រកាស​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោះ​បាន​ឱ្យ​ដឹង​ថា សម្រាប់​អាណត្ដិ​ទី៤​នេះ មាន​អ្នក​បោះ ឆ្នោត​សរុប​ចំនួន​៨.១២៥.៥២៩​នាក់។ ក្នុង​ចំនួន​នេះ​មាន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​សម្ដែង​នូវ​ការ​យល់​ឃើញ​ផ្សេងៗ​ពីគ្នា​អំពី​ផែន​ការ ដែល​កើត​មាន​ឡើង និង​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ។

  • លោក លី ឆេង អាជី​វករ​លក់​ម៉ូតូ​បាន​មាន​ប្រ​សាសន៍​ថា “ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង មុខ​នេះ ព្រោះ​ថា​មិន​ទាន់​បោះ​ឆ្នោត​ផង​ទំនិញ​ឡើង​ថ្លៃ​សព្វ​សារ​ពើ​ទៅ​ហើយ ចុះ​ទម្រាំ​ដល់​ការ​បោះ​ឆ្នោត​ហើយ​ប្រសិន​បើ​ជាប់​គាំង​ដូច អាណត្ដិ​ទី៣​ទៀត​នោះ ប្រាកដ​ជា​ដាច់​ពោះ​ស្លាប់​មិន​ខាន ព្រោះ​ខ្ញុំ​លក់​ម៉ូតូ​បើ​ប្រជា​ជន​គ្មាន​លុយ​ទិញ​ម៉ូតូ ខ្ញុំ​បាន​អី​រស់”។ ទោះ​បី​ជា​យ៉ាង ណា លោក លី ឆេង សង្ឃឹម​ថា​អ្វីៗ​នឹង​ប្រសើរ​ឡើង​នៅ​ក្រោយ​បោះ​ឆ្នោត ព្រោះ​គណ​បក្ស​នយោ​បាយ​ក៏តិច​ជាង​មុន​ប្រហែល​ជា​ងាយ ស្រួល​ដោះ​ស្រាយ។
  • អ្នកស្រី កែវ បុទុម អ្នក​កាត់​ដេរ​ក៏​បាន​សម្ដែង​ការ​យល់​ឃើញ​ថា “ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​ខ្លះៗ​ដែរ តែ​សង្ឃឹម​ថាមិន​អី​ទេ ព្រោះ ការ​កសាង​ប្រទេស​មក​ដល់​ថ្ងៃ​នេះ​មាន​ការ​លំបាក​ណាស់ ដូច​នេះ​មិន​គួរ​បំផ្លាញ​ទៅ​វិញ​ទេ ហើយ​ខ្ញុំក៏​មាន​ការ​ជឿ​ជាក់​លើ​ទឹក​ចិត្ដ​ស្នេហា ជាតិ​របស់​គណ​បក្ស​នីមួយៗ​ដែរ”។
  • កញ្ញា ប៊ុន លក្ខិណា និស្សិត​មហា​វិទ្យា​ល័យ​មួយ​បាន​បង្ហាញ​អំពី​អារម្មណ៍​របស់​ខ្លួន​ថា “ខ្ញុំ​ជឿ​ជាក់​អ្នក​នយោបាយ​ទាំង​អស់ ពិត​ជាមិន​ធ្វើឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ចុះជា​ថ្មីម្ដង​ទៀត ព្រោះ​បើ​តាម​ស្ដាប់​អំពី​ជំហរ​របស់​គណៈ​បក្ស​នីមួយៗ គឺ​ម្នាក់​សុទ្ធតែ​ស្រឡាញ់​ប្រ ទេស​ជាតិ​ដូចៗ​គ្នា។ ទោះ​ជា​គណៈ​បក្ស​ណា​ឈ្នះ​ក៏ដោយ​សុំកុំ​ឱ្យមាន​សង្គ្រាម​ឱ្យសោះ ហើយ​ធ្វើយ៉ាង​ណាឱ្យ​និស្សិត​មាន​ការងារ​ធ្វើ ផង”។
  • លោក ខុន ពិសិដ្ឋ អ្នក​រក​ស៊ី​គួក​ជេរ​ដី​បាន​និយាយ​ថា “ខ្ញុំបន់​ឱ្យ​តែ​ការ​បោះ​ឆ្នោត​បាន​រួច​រាល់​ឆាប់ៗ​នេះ​ទេ ព្រោះ​នៅ​ពេល ជិត​បោះ​ឆ្នោត​របរ​រក​ស៊ី​របស់​ខ្ញុំ​ត្រូវ​រាំង​ស្ទះ ព្រោះ​អ្នក​វិនិ​យោគ​ដីធ្លី​មួយ​ចំនួន​នៅ​ទ្រឹង​រង់ចាំ​មើល​លទ្ធ​ផល​បោះ​ឆ្នោត។ ខ្ញុំក៏​មាន​ការ​ភ័យ ខ្លាច​ណាស់​ដែរ ខ្លាច​គណ​បក្ស​មិន​ចុះ​សម្រុង​គ្នា សេដ្ឋ​កិច្ច​ធ្លាក់​ចុះ ជីវ​ភាព​របស់​ខ្ញុំនឹង​មាន​បញ្ហា​មិន​ខាន”។
  • អ្នកនាង ជា សុខា ជា​ស្ដ្រី​មេ​ផ្ទះ​ក៏​បាន​បញ្ជាក់​ពី​អារម្មណ៍​របស់​ខ្លួន​ថា “គិត​ដល់​ពេល​បោះ​ឆ្នោត​ខ្ញុំ​ចេះ​តែ​ភ័យ​ខ្លាច ខ្ញុំ​បាន ទិញ​សម្ភារៈ​ចាំ​បាច់​មួយ​ចំនួន​ទុក ជា​ពិសេស​អង្ករ និង​ម្ហូប​អាហារ។ សូម្បី​តែ​លុយ​ដែល​ទុក្ខ​នៅ​ធនា​គារ​ក៏ដក​មួយ​ចំនួន​ទុក​ជាប់​និង​ខ្លួន ដែរ”។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ជំហរ​របស់​គណៈ​បក្ស​នីមួយៗ

ទាក់​ទង​នឹង​ការ​យល់​ឃើញ​របស់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ខាង​លើ​ដែល​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​នោះ មន្ដ្រី​គណ​បក្ស​ធំៗ ទាំង​៣ ដែល​មាន​អស​នៈ​នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​បញ្ជាក់​ពី​ជំហរ​យ៉ាង​ដូច្នេះ​ថា ៖

1 . ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ​ រាជរដ្ឋាភិបាល​ បានមាន​ ប្រសាសន៍ថា “ខ្ញុំ​ជឿ​ថា ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ដ​ទៅ​ដោយ​រលូន និង​គ្មាន​អំពើ​ហិង្សា ព្រោះ​កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​៣ដង​រួច​មក​ហើយ អាច​ចាត់​ទុក ថាមាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​បោះ​ឆ្នោត ម្យ៉ាង​វិញ​ទៀត​អ្នក​នយោ​បាយ​គ្រប់​គណ​បក្ស​ទាំង​អស់​សុទ្ធ​តែមាន​ភាព​ចាស់​ទុំ​ជាង មុន​ច្រើន​ហើយ​ដែរ”។

2 . ឯកឧត្ដម លឺ ឡាយស្រេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រី​ ក្រសួងអភិវឌ្ឍន៍​ ជនបទបាន​ បញ្ជាក់ថា “ខ្ញុំ​គិតថា​មិន​អី​ទេ ព្រោះ​យើង​ទាំង​អស់​គ្នាធ្វើ​ការ​ជាមួយ​គ្នាក៏​ច្រើន​ឆ្នាំមក​ហើយ យើង គួរ​តែរួម​រួប​គ្នា​កសាង​ប្រទេស​ជាតិ។ សូម​ប្រជា​ពល​រដ្ឋ​ទាំង​អស់កុំ ភិត​ភ័យ ហើយ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា”។

3 . ឯកឧត្ដម ស៊ុន ឆ័យ តំណាងរាស្ដ្រគណបក្សសមរង្សីបានបញ្ជាក់ថា “អ្នក​នយោ​បាយ​របស់​យើង​មាន​ភាព​ចាស់​ទុំ​ជាង មុន​ច្រើន ម្ល៉ោះ​ហើយ​មិន​មាន​រឿង​អ្វីកើត​ឡើង តែនៅ​ពេល​បោះ​ឆ្នោត​អ្នក​ណា​ឈ្នះ​អ្នក​នោះ​ដឹក​នាំ​ប្រទេស”។

សូម​ទៅ​បោះ​ឆ្នោត​ទាំង​អស់​គ្នា

នៅ​ចុង​ខែ​កក្កដា​នេះ សូម​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ទៅ​ចូល​រួម​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​អ្នក​តំណាង​រាស្ដ្រ​ដែល​លោក​អ្នក​គិត ថា មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​ដឹក​នាំ​ប្រទេស​បាន។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​សូម​ស្ងប់​អារម្មណ៍ ព្រោះ​ការ​បោះ​ឆ្នោត​នឹង ប្រព្រឹត្ដ​ទៅ​ដោយ​សេរី និង​យុត្ដិ​ធម៌​ក្រោម​ក្រសែ​ភ្នែក​អ្នក​សង្កេត​ការ​ជាតិ និង​អន្ដរ​ជាតិ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Google Analytics Alternative