អាណូ​ស្រី​ស្អាត​ទម្រង់​មុខ​អឺរ៉ុប

តាម​រយៈ​កញ្ចក់​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំពេញ​បុស្ដិ៍​លេខ​៣ លោក​អ្នក​តែង​តែ​បាន​ឃើញ​នូវ​សម្ផស្ស​និង​ទេព​កោ​សល្យ​របស់ ពិធី​ការិនី​សួន ភក្ដី ហៅ​អាណូ។ ពិធី​ការិនី​រូប​នេះ​មាន​ថ្វី​មាត់​ដែល​ជាទី​ទាក់​ទាញ​ដល់​ទស្សនិក​ជន ជា​ពិសេស​យុវវ័យ​ហើយ​ល្បិច នៃ​ការ​តុប​តែង​ខ្លួន​ក៏​និយម​តាម​បែប​យុវវ័យ​ដែរ។ ទោះ​បីជា​យ៉ាង​ណា​អាណូ​នៅតែ​ស្រស់​ស្អាត​សម្រាប់​ក្រសែ​ភ្នែក​លោក​អ្នក ជា ពិសេស​សុភាព​ស្ដ្រី​ដែល​ប្រាថ្នា​ឱ្យ​បាន​ដូច​នាង និង​ចង់​ដឹង​ពីវិធី​ថែទាំ​សម្រស់​របស់​ពិធី​ការិនី​មុខ​កូន​កាត់​អឺរ៉ុប​រូប​នេះ​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាបយើង

អាថ៌​កំបាំង​ក្នុង​ការ​ថែ​រក្សា​សម្រស់ និង​សុខ​ភាព​របស់​កញ្ញា​អាណូ នាង​ពេញ​ចិត្ដ​នឹង​ប្រគល់​ជូន​លោក​អ្នក ជា​ពិសេស​មិត្ដ​នារី ទាំង​អស់ តាម​រយៈ​ទស្សនា​វដ្ដី សុខភាពយើង។

ប្រ​វត្ដិ​មុន​ចូល​សិល្បៈ

មុន​នឹង​ក្លាយ​ជាពិធី​ការិនី​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​ដូច​សព្វ​ថ្ងៃ អាណូ​ជា​ដំបូង​ឡើយ​គ្រាន់​តែជា​អ្នក​អាន​ព័ត៌​មាន​នៅ ស្ថានីយ​ទូរ​ទស្សន៍​បុស្ដិ៍​លេខ​៥ បន្ទាប់​ពីបាន​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​១​របស់​ផលិត​ផល​គ្រឿង​សម្អាង​ហានីវី។ ក្រោយ​មក​ក៏​ក្លាយ ទៅ​ជា​ឌីជេ​ក្នុង​វិទ្យុ ហើយ​ក៏ធ្វើ​ជា​វីជេ​ក្នុង​កម្ម​វិធី​តន្ដ្រី​ប៉ុស្ដិ៍​លេខ​៥។ ចាប់​ពី​ពេល​នោះ​មក​អាណូ​ក៏មាន​ឱកាស​ចេញ​ថត​ចម្រៀង​ខារ៉ន្ដ​ផ្សេងៗ ហេតុ​នេះ​នាង​មិនមាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ការងារ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​បុស្ដិ៍​លេខ៥​ទើប​សម្រេច​ចិត្ដ លា​ឈប់​តែ​ម្ដង។ ក្រោយ​មកក៏​បំពេញ​ការងារ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​បុស្ដិ៍​លេខ​៣​ក្នុង​តួ​នាទី​ជា​អ្នក​ផលិត​កម្មវិធី​និង​ពិធី​ការិ​នី​រហូត​មក ដល់​សព្វ​ថ្ងៃ​នេះ។ ភាព​យន្ដ​ដែល​អាណូ​បាន​ចូល​រួម​សម្ដែង​មាន​ប្រមាណ​ជា​ជាង​២០​រឿង​ហើយ។

ការ​ថែ​រក្សា​សក់

ជា​រឿង​ធម្មតា​សម្រាប់​តារា​សម្ដែង និងពិធីការិនី សក់​របស់​អាណូ​ត្រូវ​បាន​តុប​តែង​តាម​ម៉ូដ​ផ្សេងៗ​ឱ្យ​សម​នឹង​សាច់​រឿង ឬ កម្ម​វិធី ជួន​កាល​គាប​សក់ បួង​សក់ បាញ់​នូវ​ផលិត​ផល​តុប​តែង​ផ្សេងៗ រួម​ជាមួយ​នឹង​កម្ដៅ​ថ្ងៃ ជា​ហេតុ​ធ្វើឱ្យ​សរសៃ​សក់​អាណូ​ស្រួយ បែក​ចុង និង​គ្មាន​ទម្ងន់។ ដូច​នេះ​ហើយ​ទើប​អាណូ​មាន​វិធី​ថែទាំ​សក់​យ៉ាង​ពិសេស គឺ​នៅ​ពេល​ដែល​នាង​កក់​សក់​រៀង​រាល់ពីរ​ថ្ងៃ​ម្ដង នាង​តែង​តែ​អប់​សក់​ជា​ប្រចាំ ដើម្បី​ជំនួយ​ដល់​សរសៃ​សក់។

ការ​ថែ​រក្សា​ស្បែក

ជា​តារា​សម្ដែង និង​ជា​ពិធី​ការិនី ស្បែក​មុខ​របស់​អាណូ​ត្រូវ​ទទួល​រង​នូវ​កម្ដៅ​ថ្ងៃ ពន្លឺ​ភ្លើង​ហ្វារ និង​គ្រឿង​សម្អាង​គ្រប់​ប្រភេទ។ បន្ទាប់​ពី​ការ​តុប​តែង​ក្នុង​ពេល​សម្ដែង ឬ​កម្ម​វិធី អាណូ​ត្រូវ​តែ​ប្រញាប់​លាង​សម្អាត​មុខ ព្រោះ​ការ​ទុក​គ្រឿង​សម្អាង​នៅ​លើ មុខ​ក្នុង​រយៈ​ពេល​យូរ​វា​ជា​រឿង​មិន​ល្អ​សម្រាប់​ស្បែក​មុខ។ ក្រៅ​ពី​ការ​សម្ដែង អាណូ​តែង​តែ​ទុក​ស្បែក​មុខ​ឱ្យ​នៅ​ទំនេរ​ដោយ​មិន ប៉ះ​ពាល់​ជាមួយ​ផលិត​ផល​អ្វី​ឡើយ។ ដោយ​ឡែក​សម្រាប់​វិធី​ថែទាំ​ស្បែក​តាម​ធម្ម​ជាតិ​វិញ​នោះ អាណូ​តែង​តែ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ ជា​មួយ​អំបិល ហើយ​ជ្រលក់​ក្រណាត់​ឬ​កន្សែង​ស្អាត​មក​ជូត​សម្អាត​លើ​ស្បែក​មិន​ថា​ស្បែក​ខ្លួន ឬ​ស្បែក​មុខ​ទេ។ អាណូ​មិន​ដែល​ទៅ ម៉ា​ស្សា ឬ​ស្ទីម​មុខ​នោះ​ទេ ដោយ​សារ​នាង​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ម្យ៉ាង​នាង​ខ្លាច​មាន​បញ្ហា​លើ​ស្បែក​មុខ​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ផង។ ចំពោះ​ស្បែក​ខ្លួន​ក៏ដូច​គ្នា គ្រាន់​តែ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃជា​ការ​ស្រេច។

ការ​ថែ​រក្សា​ធ្មេញ

ជា​ទូទៅ​អាណូ​សម្អាត​ធ្មេញ​ក្នុង​មួយ​ថ្ងៃ៣​ដង​ជា​ប្រចាំ​ជាមួយ​នឹង​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​សារ​ជាតិ​ជួយ​ឱ្យ​ធ្មេញ​រឹងមាំ​និង​ស។ អាណូ​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ទៅ​រក​ពេទ្យ​ធ្មេញ​ទេ ជួន​កាល​ពន្យារ​ពេល​រហូត​ដល់​៦​ខែ​ទើប​ទៅ​ម្ដង។

ការ​ថែ​រក្សា​ក្រចក និង​ប្រអប់​ដៃ

អាណូ​ចូល​ចិត្ដ​កាត់​ក្រចក​ខ្លី​ធម្មតា​មិន​ទុក​វែង​ពេក និង​ចូល​ចិត្ដ​លាប​ពណ៌​ក្រចក​បែប​យុវវ័យ។ ជា​ទូទៅ​ពី៥​ទៅ៧​ថ្ងៃ​អាណូ ទៅ​ធ្វើ​ក្រចក​ម្ដង។ ចំពោះ​ប្រអប់​ដៃ​អាណូ​មិន​ដែល​ទៅ​ម៉ាស្សា​ឱ្យ​ម្រាម​ដៃ​ស្រឡូន​ម្ដង​ណា​ទេ ហើយ​ក៏គ្មាន​ក្រែម​ដែល​ប្រើ​ពិសេស សម្រាប់​ថែ​ប្រអប់​ដៃ​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាបយើង

វិធី​សម្រក​ទម្ងន់ និង​ការ​ថែ​រក្សា​សុខ​ភាព

អាណូ​មិន​សូវ​ទទួល​ទាន​អាហារ​ទៀង​ទាត់​ពេល​វេលា​ទេ ព្រោះ​ត្រូវ​សម្ដែង ជួន​ពេល​ខ្លះ​អត់​ទទួល​ទាន​ក៏​មាន​ដែរ។ ប៉ុន្ដែ សម្រាប់​អាណូ​គ្មាន​បញ្ហា​ក្រពះ​ឡើយ ព្រោះ​នាង​មាន​សុខ​ភាព​មាំ​មួន​ជា​និច្ច។ អាណូ​ចូល​ចិត្ដ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ណាស់ ដើម្បី សម្រស់​និង​សុខ​ភាព។ ជាង​នេះ​ទៅ​ទៀត​ទឹក​ក៏​សំខាន់​ណាស់​ដែរ​សម្រាប់​នាង។ អាណូ​មិន​ដែល​ទៅ​ពិនិត្យ​សុខ​ភាព​ទេ ព្រោះ​នាង​មិន មាន​ពេល​វេលា​គ្រប់​គ្រាន់ ទាល់​តែ​មាន​ជម្ងឺ​ទើប​ទៅរក​វេជ្ជ​បណ្ឌិត​ព្យាបាល​តែ​ម្ដង។ ដោយ​ឡែក​ចំពោះ​ការ​ហាត់​ប្រាណ​នាង​ក៏​មិន​មាន ពេល​គ្រប់​គ្រាន់​ដើម្បី​ហាត់​ដែរ។ អាណូ​ពិត​ជា​រវល់​នឹង​អាជីព​របស់​នាង​ខ្លាំង​ណាស់​ម្ល៉ោះ​ហើយ​មិន​សូវ​មាន​ពេល​វេលា​សម្រាប់​ទទួល ទាន ដំណេក​គ្រប់​គ្រាន់​ទេ។ ទោះ​ជា​យ៉ាង​ណា ដើម្បី​កុំ​ឱ្យ​ភ្នែក​របស់​នាង​ស្លក់​រង្វង់​ភ្នែក​ស្រអាប់​មិន​ស្រស់​ថ្លា នាង​តែង​តែ​ឆ្លៀត​ទទួល ទាន​ដំណេក​នៅ​ពេល​ទំនេរ។

បំណង​ទៅ​ថ្ងៃ​អនា​គត

អាណូ​បាន​អះ​អាង​ថា បើ​ទស្ស​និក​ជន​នៅ​តែ​គាំទ្រ នាង​នឹង​បន្ដ​អាជីព​សិល្បៈ​ជា​រៀង​រហូត។ អ្វី​ដែល​ជា​បំណង​ប្រាថ្នា​របស់ នាង​គឺ​បើក​កន្លែង​សម្រាប់​លាង​រថយន្ដ​មួយ ដើម្បី​រក​ប្រាក់​ចំណូល​ទប់​ទល់​ជីវ​ភាព​នៅ​ពេល​មាន​វ័យ​ចំ​ណាស់។

បណ្ដាំ​ផ្ញើ​របស់​អាណូ

សូម​សុភាព​នារី​ទាំង​អស់​ងាក​មក​ចាប់​អារម្មណ៍​ជា​មួយ​ការ​ថែ​រក្សា​សម្រស់​តាម​បែប​ធម្មជាតិ ព្រោះ​អាច​ធានា​សុវត្ថិ​ភាព ដល់​រាង​កាយ និង​សម្រស់​បាន​ដោយ​មិន​បាច់​បារម្ភ។ ក្រៅ​ពីនេះ​សូម​ចេះ​កំណត់​ដោយ​ខ្លួន​ឯង​អំពី​របៀប​នៃការ​ថែ​រក្សា​សុខ​ភាព និង សម្រស់។

ការ​រៀប​រាប់​ជូន​ខាង​លើ​នេះ ជា​ការ​យល់​ឃើញ និង​ជាការ​អនុវត្ដ​របស់​កញ្ញា​អាណូ​តែ​ប៉ុណ្ណោះ។ សូម​លោក​ស្រី​អ្នក​នាង កញ្ញា​ជ្រើស​រើស​យក​អ្វី​ដែល​លោក​អ្នក​យល់​ថាល្អ​ត្រឹម​ត្រូវ​សម្រាប់​អនុ​វត្ដ​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ សួន ភក្ដី ហៅ​អាណូ
  • អាយុ ៖ ២៦ឆ្នាំ
  • កម្ពស់ ៖ ១,៦៣ ម៉ែត្រ
  • ទម្ងន់ ៖ ៤៧គីឡូ​ក្រាម
  • ទំហំ​ទាំង​បី ៖ ៣៦, ២៦, ៣៧
  • បង​ប្អូន ៖ ៧ នាក់(ជា​កូន​ទី​៣)
  • ស្ថាន​ភាព​គ្រួសារ ៖ នៅ​លីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Google Analytics Alternative