ជម្ងឺ​គ្រួស​ក្នុង​ប្រព័ន្ធ​ទឹក​នោម

 បច្ចុប្បន្ន​នេះ មានអ្នក​ជម្ងឺ​តម្រង​នោម​ជាច្រើន បើគិត​តាម​ស្ថិតិ​នៅតាម​មន្ទីរ​ពេទ្យ​នានា។ លោក​អ្នក​ពិតជា​ធ្លាប់​បានឮ​ហើយ​ពីជម្ងឺ​គ្រួស​តម្រង​នោម ហើយ​អ្នកខ្លះ​ទៀត​ក៏អាច​នឹង​ធ្លាប់​កើត​ទៀត​ផង។ ជម្ងឺ​នេះជា​ជម្ងឺ​មួយ​ដែល​ធ្វើឱ្យ​បង​ប្អូន​មាន​ការ​ព្រួយ បារម្ភ និង​ភ័យ​ខ្លាច​មិនតិច​ទេ។ ប៉ុន្ដែ​ជម្ងឺ​នេះមាន​ឱកាស​ជាសះ​ស្បើយ​ច្រើន​ប្រសិន​បើមាន​ការ​ព្យា​បាល​​ទាន់​ពេល​វេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ធ្វើការ​ស្វែង​យល់​ជាមួយ​ទស្សនា​វដ្ដី សុខភាព​យើង អំពី​ជម្ងឺ​គ្រួសក្នុង​ប្រព័ន្ធ​ទឹក​នោម​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ លោក​វេជ្ជ​បណ្ឌិត កែវ ណារិទ្ធ ឯកទេស​គ្រួស​ក្នុង​តម្រង​នោម​នៃ​មន្ទីរ​ពេទ្យ​ព្រះកេតុ​មាលា។

គ្រួស​ក្នុង​ប្រព័ន្ធ​ទឹក​នោម

ជម្ងឺ​គ្រួស​ក្នុង​ប្រព័ន្ធ​ទឹកនោម ជាដុំ​គ្រួស​ដែលមាន​នៅក្នុង​តម្រង​នោម បំពង់​នោម និងប្លោក​នោម​ហើយ​ដែលជា​ទូទៅ គ្រួស​នេះ​កកើត​ដំបូង​បង្អស់​គឺនៅ​លើ​តម្រង​នោម។ គេ​សង្កេត​ឃើញ​ជម្ងឺនេះ​ច្រើន​កើត​នៅលើ​បុរស​ជាង​ស្ដ្រី​ជា​ពិសេស​វ័យ​កណ្ដាល អាយុ​ចាប់ពី​៣០ទៅ​៥០ឆ្នាំ។

មូល​ហេតុ​បង្ក​គ្រួសក្នុង​ប្រព័ន្ធ​ទឹកនោម

មាន​កត្ដា​ជាច្រើន​ដែល​បណ្ដាល​ឱ្យមាន​កើត​ជម្ងឺ​គ្រួស​ក្នុង​ប្រព័ន្ធ​ទឹកនោម​នេះ។

  • កត្ដា​ចំណី​អាហារ មានដូច​ជាទឹក​ដោះគោ សាច់​សត្វ អំបិល​និង​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​អុកសា​ឡាត ដូចជា​សូកូ​ឡា តែ ម្រេច​ជា​ដើម។ ការ​ញ៉ាំ​អាហារ​ដែល​ពុំសូវ​សម្បូរ​ទៅដោយ​សារធាតុ​សរសៃ​ច្រើន​ឬការ​ញ៉ាំ​ទឹកមិន​បាន​គ្រប់​គ្រាន់ ក៏ជា​អាចជា​ដើម​ហេតុ​ដែរ។
  • ភាព​មិន​ប្រក្រតី​នៃ​ទម្រង់​ប្រព័ន្ធ​ទឹក​នោម
  • មានថ្នាំ​ពេទ្យ​មួយ​ចំនួន​ក៏អាច​បណ្ដាល​ឱ្យមាន​ការ​កើត​ជម្ងឺ​នេះដែរ។

រោគ​សញ្ញា​ជម្ងឺ​គ្រួស​ក្នុង​ប្រព័ន្ធ​ទឹក​នោម

ជា​ធម្មតា​អ្នក​ជម្ងឺ​តែងតែ​ដឹងពី​ខ្លួនឯង​ច្បាស់​ជាងអ្នក​ណា​ទាំងអស់ ថាខ្លួន​ឈឺនៅ​កន្លែង​ណា។

  • អ្នក​ជម្ងឺ​មាន​ឈឺចុក​ចាប់ផ្នែក​តម្រង​នោម
  • អ្នក​ជម្ងឺ​ធ្លាប់​មាន​អាការ​នោម​មាន​លាយ​ឈាម
  • មាន​អាការ​ពិបាក​បត់ជើង​តូច
  • មាន​ការឈឺ​ចុកចាប់​ខ្លាំងនៅ​ផ្នែក​ចង្កេះ រួចហើយ​រាលដាល​មកដល់​ម្ដុំ​ប្រដាប់​ភេទ
  • អ្នក​ជម្ងឺ​នោម​តិចៗ ពេលខ្លះ​ក៏មាន​ការ​ឈឺចាប់​ផងដែរ។

វិធី​ព្យាបាល​ជម្ងឺ​គ្រួសក្នុង​ប្រព័ន្ធ​ទឹកនោម

1 . ការ​បំបែក​គ្រួស​ដោយ​ម៉ាស៊ីន

វិទ្យា​សាស្ដ្រ​ជឿន​លឿន បច្ចេក​ទេសក៏​ទំនើប​ផងដែរ។ សព្វថ្ងៃ​ជម្ងឺនេះ​ត្រូវ​ព្យាបាល​ដោយ​បច្ចេក​ទេស​ទំនើប​និងមិន​សូវ មានការ​ឈឺចាប់​ទៀត​ផង ដូចជា​ការ​បាញ់​បំបែក​គ្រួស​ពីក្រៅ​ខ្លួន ដោយ​ម៉ាស៊ីន​យ៉ាង​ទំនើប។ ការ​បំបែក​គ្រួសពី​ក្រៅ​ខ្លួន​ដោយ​ម៉ាស៊ីន ទាមទារ​ឱ្យមាន​ការយល់​ដឹង​ខ្ពស់​ក្នុងការ​ប្រើ​ប្រាស់​ម៉ាស៊ីន និងការ​កំណត់​ច្បាស់​លាស់​ពី​ប្រភេទ​ផ្សេងៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ទំហំ​គ្រួស​មិន​ធំ​ពេក បើពុំ​ដូចនោះ​ទេវា​នឹងមាន​ការ​ស្ទះ​ដោយ​សារ​កម្ទេច​គ្រួស ដែល​ធ្វើការ​បំបែក​នោះ
  • ប្រភេទ​គ្រួស​ដែល​ពិបាក​ក្នុងការ​បំបែក​បាន​ដោយ​ម៉ាស៊ីន​នេះ មានដូច​ជា​ប្រភេទ​អុក​សាឡាត​ឌីកាល់​ស្យូម ម៉ូណូ​អ៊ី​ដ្រាត​តេ និង​ប្រភេទ​ស៊ីស្ទីន។
  • ទី​កន្លែង​របស់​គ្រួស ដូចជា​នៅផ្នែក​ខាង​ក្រោម​នៃ​តម្រង​នោម។

ការ​ចាប់​បំបែក​យក​តាម​រន្ធ​ធម្ម​ជាតិ​ជាវិធី​ល្អ​ចំពោះ​គ្រួស​ដែល​ធ្លាក់​ចូលទៅ​ក្នុង​បំពង់​នោម​ហើយ​ដែល​បណ្ដាល​ឱ្យមាន​ឈឺ ចុកចាប់​យ៉ាង​ខ្លាំង។ វាជា​ឧបករណ៍​ម្យ៉ាង​ដែល​លូកចូល​ទៅក្នុង​រន្ធ​នោម​របស់​យើង រួចឡើង​ទៅដល់​តម្រង​នោម​និង​មាន​លទ្ធភាព ចាប់​បំបែក​គ្រួស​យក​ចេញ​មក​ក្រៅ​បាន​យ៉ាង​ស្រួល ដោយ​ពុំមាន​ការ​ឈឺ​ចាប់​ថែម​ទាំង​សម្រាក​មន្ទីរ​ពេទ្យ​រយៈ​ពេល​ខ្លី។

2 . ការ​ចោះចាប់​យក​គ្រួស ការ​ចោះចាប់​យក​គ្រួស​នេះជា​វិធី​មួយ​ដែល​ល្អ​សម្រាប់​គ្រួស​ដែលមាន​សណ្ឋាន​ធំៗ​ស្ថិត​នៅ ត្រង់​តម្រង​នោម ហើយ​ដែល​យើង​មានការ​បរាជ័យ​ក្នុងការ​បំបែក​ដោយ​ម៉ាស៊ីន​នោះ។ ការ​ចោះនេះ​ប្រើ​ប្រាស់​ឧបករណ៍​ម្យ៉ាង ដែល ដំបូង​តម្រូវ​ឱ្យធ្វើ​ការ​ចោះជា​រន្ធ​មួយ​តូច ពី​ក្រៅ​ខ្លួនចូល​ទៅ​រហូត​ដល់​តម្រង​នោម។ បន្ទាប់​មកដាក់​បញ្ចូល​ឧបករណ៍​នេះ​ដើម្បី​ទៅ បំបែក​គ្រួស​យក​ចេញ​មកខាង​ក្រៅ។ ការ​ចោះនេះ​ទាមទារ​ត្រូវ​ប្រើប្រាស់​ថ្នាំ​សណ្ដំ​ជាមុន​សិន​ទើប​ធ្វើការ​ចោះ​ជា​ក្រោយ។

3 . ការវះ​កាត់ ៖​នេះជា​វិធី​ចុង​ក្រោយ​គេ​បង្អស់​បន្ទាប់​ពី​បរាជ័យ​ក្នុងការ​ព្យាបាល​ដោយ​វិធី​ផ្សេងៗ​ដែល​បាន​រៀប​រាប់​ខាង លើ ជា​ពិសេស​សម្រាប់​គ្រួស​ដែលមាន​សណ្ឋាន​ធំ​ពេក។

វិធី​បង្ការ​ជម្ងឺ​គ្រួស​ក្នុង​ប្រព័ន្ធ​ទឹក​នោម

  •  ត្រូវ​កំណត់​ច្បាស់​នូវ​ចំណី​អាហារ ដែល​បណ្ដាល​ឱ្យកើត​ជម្ងឺ​នេះ
  •  ត្រូវ​បរិភាគ​ទឹកឱ្យ​បាន​ច្រើន លើស​ពី២​លីត្រ​ក្នុង​រយៈពេល​២៤​ម៉ោង
  •  បន្ថយ​ការហូប​ចុក​ចំណី​អាហារ​ដែលមាន​ជាតិ​អុក​សាឡាត
  •  ធ្វើការ​ហាត់​ប្រាណ​ឱ្យបាន​ញឹក​ញាប់
  •  ចៀស​វាង​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យកើត​ជម្ងឺ​នេះ។

ដំ​បូន្មាន​អ្នក​ជំនាញ

ប្រសិន​បើ​លោកអ្នក​មាន​អាការ​ដូចបាន​រៀបរាប់​ខាង​លើ ត្រូវទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ដើម្បី​ពិនិត្យ​រកមូល​ហេតុឱ្យ​បាន​ច្បាស់​លាស់ ចៀស​វាងការ​ប្រើប្រាស់​ថ្នាំ​ដោយ​មិនដឹង​ពីមូល​ហេតុ​ច្បាស់​លាស់​វាបណ្ដាល​ឱ្យខូច​តម្រង​នោម​ដោយ​មិនដឹង​ខ្លួន។ បើ​ដឹង ពី​មូល​ហេតុ​ហើយ​នោះ ត្រូវធ្វើ​ការ​ព្យាបាល​ដោយ​ពេទ្យ​ជំនាញ​ព្រោះថា​ពេល​បច្ចុប្បន្ន​នេះគេ​មាន​បច្ចេក​ទេស​ទំនើបៗ​ជាច្រើន ក្នុងការ ជួយ​លោកអ្នក​ដោយ​ពុំសូវ​មានការ​ឈឺចាប់ និង​ទទួល​បាន​លទ្ធផល​ខ្ពស់​ថែមទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative