អាហារ​សម្រាប់​ស្ដ្រី​ក្រោយ​ពេល​សម្រាល

ការ​​សម្រាល​​កូន ឬឆ្លង​​ទន្លេ​​ជា​​ព្រឹត្ដិ​​ការណ៍​​មួយ​​ដែល​​ធ្វើឱ្យ​​សុភាព​​ស្ដ្រី​​ទាំង​​ឡាយ​​មាន​សុខ​​ភាព​​​ចុះ​​ខ្សោយ​យ៉ាង​ខ្លាំ​ង។ ការប្រើក​ម្លាំងនិងការបាត់បង់ឈាមច្រើននៅពេល សម្រាលបានធ្វើឱ្យភារាងកាយរបស់ស្ដ្រីបាត់ប​ង់នូវ​ថាមពល​ជាច្រើន។ ដូច​នេះ​​សរីរាង្គ​កាយ​ របស់​​ស្ដ្រី​​ត្រូវ​ការ​​ចាំបាច់​​នូវ​​សារ​​ធាតុ​ផ្សេងៗ ដែល​មាន​នៅក្នុង​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​បំពេញ​ការ​បាត់​បង់​ទាំង​នោះឱ្យ​ត្រឡប់​មក​ដូច ដើម​វិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ស្រី អ៊ូ សារឿន នាយក​សាល​​សម្ភព​នៃ​មជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា និងទារក នឹង​ចូល​រួម​បក​ស្រាយ​នូវ​ចម្លើយ​ទាំង អស់​នេះ​តាម​រយៈ​ទស្សនា​វដ្ដី សុខភាព​​យើង ដើម្បី​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ជ្រាប​ទុកជា​ទុនមួយ​សម្រាប់​ប្រតិបត្ដិ។

អាហារ​ដែល​ស្ដ្រី​គួរ​បរិភោគ​ក្រោយ​សម្រាល​កូន

ចំពោះ​ស្ដ្រី​ដែល​ទើប​សម្រាល​កូន គប្បី​ទទួល​ទាននូវ​អាហា​រូបត្ថម្ភ​ដូចគ្នា​ទៅនឹង​ស្ដ្រី​ដែល​មាន​គភ៌​នៅក្នុង​ផ្ទៃដែរ។ នៅ​ពេល សម្រាល​កូនរួច រាង​កាយ​របស់​ស្ដ្រី​បាត់​បង់នូ​វថាម​ពល និង​ឈាម​ជា​ច្រើន។ ដូច្នេះ​ដើម្បី​ទ្រទ្រង់​រាង​កាយ​ឱ្យមាន​សុខ​ភាព​ប្រសើរ​ឡើង វិញ ស្ដ្រី​ទាំង​ឡាយ​ត្រូវ​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ ឬអាច​និយាយ​បានថា​ត្រូវ​ទទួល​ទាន​អាហារ​គ្រប់​មុខ​និង​គ្រប់​គ្រាន់។ ប្រភេទ​អា ហារ​ដែលល្អ​សម្រាប់​ស្ដ្រី​ទើប​សម្រាល​កូន គឺត្រូវ​មាន​សារ​ធាតុ​គ្រប់​គ្រាន់ ហើយ​អាហារ​ទាំង​នោះ​មាន​ចែក​ចេញ​ជាបី​ក្រុម​ផ្សេងៗ​គ្នា។ សូម​បរិភោគ​អាហារ​ទាំងបី​ក្រុម​លាយ​បញ្ចូល​គ្នា ដើម្បី​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​រាង​កាយ។

1 . អាហារ​សាង​សង់ ឬ​ស្ថាបនា​រាង​កាយ ៖ ជា​ប្រភេទ​អាហារ​ដែល​មាន​តួនាទី​សំខាន់​ជាង​គេ ដើម្បី​ជួយ​ឱ្យ​ស្ដ្រីមាន​ភាព​រឹង មាំ​វិញ។ អាហារ​ទាំង​នេះ​រួមមាន​សត្វ​សាច់​គ្រប់​ប្រភេទ (ដូចជា​សាច់​គោ ជ្រូក មាន់ ទា ត្រី កង្កែប អន្ទង់ ក្ដាម ស៊ុត​ជា​ដើម) និង​គ្រាប់ ធញ្ញ​ជាតិ(ដូចជា​សណ្ដែក​សៀង សណ្ដែក​ដី ពោត តៅហ៊ូ​ជា​ដើម)ក៏​អាច​ជួយ​ឱ្យស្ដ្រី​មាន​សុខ​ភាព​មាំមួន​ផង​ដែរ។

2 . អាហារ​ថាម​ពល ចែក​ចេញ​ជា២​ប្រភេទ សម្រាប់​ជួយ​ផ្ដល់ឱ្យ​ស្ដ្រីនូវ​អ្វី​ដែល​បាត់​បង់​ពេល​សម្រាល​កូន​ត្រឡប់​មក មាន​កម្លាំង​កំហែង​ដូច​ដើម​វិញ។

  • អាហារ​ផ្ដល់​ថាម​ពល​ខ្ពស់ ៖ ជា​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន ដូច​ជាស្ករ​ត្នោត ស្ករ​អំពៅ ទឹក​ឃ្មុំ ទឹក​អំពៅ ទឹកដូង​ខ្ចីជា​ដើម។ ជាមួយ​គ្នានេះ​ដែរ ខ្លាញ់់​ជ្រូក ខ្លាញ់​ត្រី​ប្រេង​សណ្ដែក និង​ចេក​ណាំ​វ៉ា ក៏អាច​ធ្វើឱ្យ​ស្ដ្រី​ឆាប់​មាន​កម្លាំង ផង​ដែរ។
  • អាហារ​មូល​ដ្ឋាន ៖ ជា​រឿយៗ​អាហារ​ប្រភេទ​នេះ តែង​តែទទួល​ទាន​ស្ទើរ​រៀង​រាល់​ថ្ងៃ គ្រាន់​តែពេល​ខ្លះ សុភាព​ស្ដ្រី​មិន​បាន​ដឹង​ថា ខ្លួន​កំពុង​តែ​បរិភោគ​ប្រភេទ​អាហារ​ដែល​ផ្ដល់នូវ​ថាម​ពលឬ​កម្លាំង​តែ​ប៉ុណ្ណោះ។ អាហារ​ប្រភេទ​នេះរួម​មាន បាយ បបរ ដំឡូង ពោត ឬនំ​បញ្ចុក។

3 . អាហារ​ការពារ ជា​ប្រភេទ​អាហារ​ដែលការ​ពាររាង​កាយ​របស់​ស្ដ្រីឱ្យ​ចៀស​ផុតពី​ជម្ងឺ​តម្កាត់​ផ្សេងៗ។ ភាគ​ច្រើន  មាននៅ​ក្នុង​បន្លែ​បង្ការ​គ្រប់​ប្រភេទ​ដែលមាន​ពណ៌​បៃតង ត្រួយ​ស្ដៅ ក្រូច​ឆ្មារ ថ្លើម​សត្វគ្រប់​ប្រភេទ​និងផ្លែ​ឈើ​ដែល​មាន​ពណ៌​លឿងទុំ ដូចជា​ល្ហុង ល្ពៅ ផ្លែ​សេដា​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សុភាព​ស្ដ្រី​ទាំង​ឡាយ​ដែល​ក្លាយ​ទៅជា​ម្ដាយ គួរ​គប្បី​ទទួល​ទាន​អាហា​រូបត្ថម្ភ​ទាំងបី​ក្រុម នេះ​ឱ្យបាន​គ្រប់​គ្រាន់​និង​ទៀង ទាត់ ជា​ពិសេស​មិនត្រូវ​មាន​គំនិត​លះ​បង់នូវ​អាហារ​ទាំង​នេះ​បន្ទាប់​ពី​បញ្ឈប់​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​នោះ​ទេ​ព្រោះ​ជា​គំនិត​ខុស ឆ្គង​មួយ​ដែល​ស្ដ្រី​ភាគ​ច្រើន​តែង​យល់​ច្រឡំ និង​អនុវត្ដ​ជា​រឿយៗ​ចង់​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង។

គុណ​សម្បត្ដិ​នៃ​អាហា​រូបត្ថម្ភ​សម្រាប់​ស្ដ្រី​ក្រោយ​សម្រាល​កូន

ចំពោះ​ស្ដ្រី​ដែល​បាន​ទទួល​ទាន​អាហា​រូបត្ថម្ភ​ផ្សេងៗ មិន​ថា​កំពុង​មាន​ផ្ទៃ​ពោះ ឬ​ក្រោយ​សម្រាល​កូនរួច​នោះ​ទេ​គឺ​អាច​ធ្វើ​ឱ្យ ទាំង​ម្ដាយ និង​ទារក មាន​សុខ​ភាព​មាំ​មួន សាច់​ឈាម​ស្រស់​ថ្លា​ដូច​គ្នា។ ជា​ពិសេស​វាធ្វើ​ឱ្យ​ស្ដ្រី​ជា​ម្ដាយ​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់ ចិញ្ចឹម​ទារក។ អ្នក​ម្ដាយ​ទាំង​អស់​គួរ​ចង​ចាំ​ថា ទឹក​ដោះ​មាន​សារ​ធាតុ​ចិញ្ចឹម​ច្រើន​ណាស់​ធ្វើឱ្យ​ទារក​មាន​សុខ​ភាព​ល្អ និង​បញ្ចៀស​ជម្ងឺ ផ្សេងៗ​បាន​មួយ​កម្រិត។

គុណវិបត្ដិនៃការទទួលទានអាហារមិនត្រឹមត្រូវ

ជា​ទម្លាប់​រាល់​ពេល​ស្ដ្រី​ឆ្លង​ទន្លេ​រួច ចាស់ៗ​តែង​តែ​ចូល​ចិត្ដ​ចម្អិន​អាហារ​ដែល​មាន​ជាតិ​ហឹរ​ខ្លាំង ដាក់​ម្ទេស​ឬ​ម្រេច​ច្រើន​ឱ្យ ស្ដ្រី​ទទួល​ទាន។ ការ​ធ្វើ​ដូច្នេះ​ដើម្បី​កាត់​ជាតិ​ឆ្អេះ​ឆ្អាប​នៅក្នុង​ខ្លួន ឬធ្វើ​ឱ្យ​សរសៃ​ឈាម​មាន​ភាព​រឹង​មាំ​ឬ​ហៅ​ថា​ហូប​ឱ្យ​ចាស់​សរសៃ។ លើស​ពីនេះ​ការ​ត្រាំ​ស្រា​ជាមួយ​ថ្នាំ​បុរាណ ឬផ្លែ​ឈើ​ផ្សេងៗ​ទៀត​ឱ្យ​ទទួល​ទាន​ក៏ជា​បច្ច័យ​មិន​ល្អ​ដែរ។ ទង្វើ​ទាំង​នេះ​គឺជា​ប្រការ ខុស​ឆ្គង​ទាំង​ស្រុង ដែល​ស្ដ្រី​ទាំង​ឡាយ​គួរតែ​ចៀស​វាង។ ខណៈ​ណា​ដែល​ស្ដ្រី​មិន​បាន​ទទួល​អាហា​រូបត្ថម្ភ​ឱ្យ​បាន​ត្រឹម​ត្រូវ​បន្ទាប់​ពី សម្រាល​កូន​រួច ស្ដ្រី​នឹង​មាន​រូប​រាង​ស្លេក​ស្លាំង ល្ហិត​ល្ហៃ​ដៃ​ជើង ស្គម​រីង​រៃ​អស់​កម្លាំង​ជា​ដើម។ ជា​ពិសេស​អាច​ធ្វើ​ឱ្យ​ស្ដ្រី​មិន​មាន​ទឹក ដោះ​គ្រប់​គ្រាន់​សម្រាប់​ទារក​បៅ ជា​ហេតុ​ធ្វើ​ឱ្យ​ទារក​មិន​មាន​សុខ​ភាព​ល្អ​និង​ងាយ​រង​នូវ​ជម្ងឺ​តម្កាត់​ផ្សេងៗ​បាន​យ៉ាង​ងាយ។

ដំបូន្មានអ្នកប្រឹក្សា

សុភាព​ស្ដ្រី​ដែល​ក្លាយ​ទៅ​ជា​ម្ដាយ​គ្រប់​រូប គប្បី​ចេះ​ថែ​រក្សា​សុខ​ភាព​របស់​ខ្លួន និង​កូន​ឱ្យ​បាន​ប្រសើរ។ ជា​ពិសេស​ចំពោះ ទារក​តូចៗ​ដែល​ទើប​នឹង​កើត គួរ​យក​ទៅ​ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​ផ្សេងៗ តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់​ពេល​វេលា។ ស្ដ្រី​ទាំង អស់​គួរ​បំបៅ​កូន​ដោយ​ទឹក​ដោះ ព្រោះ​មាន​សារ​ធាតុ​ចិញ្ចឹម​ច្រើន​ប្រភេទ និង​អាច​ទប់​ស្កាត់​នូវ​ជម្ងឺ​ផ្សេងៗ​បាន​មួយ​កម្រិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative