លទ្ធ​ផល​បណ្តោះ​អាសន្ន​ នៃ​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣​ឆ្នាំ​២០១២

ដូច​ការ​រំពឹង​ទុក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មុន​ការ​បោះឆ្នោត​មែន លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​មួយ​នេះ​បាន​ឈ្នះ​អាសនៈ​លើសលប់​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣​។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​នានា​បាន​ឲ្យ​ដឹង​ថា លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ម្សិល​មិញ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​តំណែង​មេឃុំ-ចៅសង្កាត់​រហូត​ដល់​ចំនួន ១៥៩១​ឃុំ​សង្កាត់ ក្នុង​ចំណោម​១៦៣៣​ទូទាំង​ប្រទេស។ ចំណែក​គណបក្ស​ប្រឆាំង​សម​រង្ស៊ី​វិញ​ទទួល​បាន​ត្រឹម​តែ​២២​ឃុំ​សង្កាត់​ប៉ុណ្ណោះ ដោយ​ត្រូវ​បាត់បង់​ចំនួន​៦ បើ​ធៀប​នឹង​ឆ្នាំ​២០០៧ ដែល​គណបក្ស​មួយ​នេះ​ទទួល​បាន​តំណែង​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន​២៨។ ដោយ​ឡែក​គណ​បក្ស​សិទ្ធិ​មនុស្ស​វិញ​ត្រូវ​សង្ឃឹម​ថា នឹង​ទទួល​បាន​តំណែង​ជា​មេឃុំ​ចៅ​សង្កាត់​ចំនួន​២០។ នេះបើយោងតាមការចេញផ្សាយ​របស់គេហទំព័រសារព័ត៌មានសេរី។

បើ​ប្រៀបធៀប​ជាមួយ​ការបោះឆ្នោតក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០០៧ ចំនួន​អាសន​: គណបក្ស​ប្រជាជន​កម្ពុជា បាន​កើនឡើង ពី ៧៩៩៣ មកដល់ ៨២៨៣ អាសន​: ក្នុងចំណោម អាសន​: ទាំងអស់ ១១៤៥៩​។​

ក្នុង​ចំណោម​អាសនៈ​សរុប ១១.៤៥៩ លទ្ធ​ផល​ក្រៅ​ផ្លូវ​ការ បាន​បង្ហាញ​ដូចត​ទៅនេះ

  • គណ​បក្ស​ប្រជា​ជន​កម្ពុជា ទទួល​បាន ៨.២៨៣​អាសនៈ​
  • គណ​បក្ស​សម​រង្ស៊ី ទទួល​បាន ២.១៥៥​អាសនៈ​
  • គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ទទួល​បាន ១៦០​អាសនៈ​
  • គណ​បក្ស​នរោត្តម រណ​ឫទ្ធិ ទទួល​បាន ៥៣​អាសនៈ​
  • គណ​បក្ស​សិទ្ធិ​មនុស្ស ទទួល​បាន ៨០០​អាសនៈ​

សូម​រម្លឹក​ផង​ដែរ​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី២ នាឆ្នាំ​២០០៧​កន្លង​ទៅ មាន​គណ​បក្ស​នយោ​បាយ ចំនួន​១២ បាន​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​អាស​នះ​ទាំង​អស់​១១៣៥៣ ហើយ​មាន គណ​បក្ស​៥​ប៉ុណ្ណោះ ដែល ទទួល​បាន អាសនៈ​។​
លទ្ធផល​ការ​បោះឆ្នោត​ឆ្នាំ​២០០៧​បង្ហាញ​ថា​៖

  • គណ​បក្ស ប្រជា​ជន កម្ពុជា ចំនួន ៧.៩៩៣ អាសនៈ
  • គណ​បក្ស សម​រង្ស៊ី ចំនួន ២.៦៦០ អាសនៈ
  • គណ​បក្ស នរោត្តម រណ​ឫទ្ធិ ចំនួន ៤២៥ អាសនៈ
  • គណ​បក្ស ហ្វ៊ុន ស៊ិន​ប៉ិច ចំនួន ២៧៤ អាសនៈ
  • គណ​បក្ស ហង្ស​ដា​រ៉ា ចលនា​ប្រជា​ធិបតេយ្យ ចំនួន ១ អាសនៈ

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​​​មិ​ថុ​នា ២០១២

Google Analytics Alternative