ខ្ញុំឧស្សាហ៍​វិលមុខ

ប្រសិន​បើ​លោកអ្នក​មាន​អាការ​ធីង​ធោង ក្អួត​ចង្អោរ ឬវិលមុខ សូម​លោក​អ្នក​កុំគិត​ថាវា​ជារឿង​ធម្មតា។ ព្រោះ​វាអាច ជារោគ​សញ្ញា​នៃជម្ងឺ​ណា​មួយ ដែល​វាចង់​បង្ហាញ​ឱ្យ​លោក​អ្នកដឹង។ ដូចនេះ​លោក​អ្នក​ដែល​ឧស្សាហ៍​វិលមុខ​ឬមាន​អាការ​ផ្សេង​ទៀត ត្រូវ​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​ពិនិត្យ​សុខភាព។ ការ​តាម​ដាន​សុខភាព​ខ្លួនឯង​ជារៀង​រាល់ថ្ងៃ​ជា​មធ្យា​បាយ​ដ៏ល្អ​ហើយ​អាច​ព្យាបាល​ទាន់ ពេល​វេលា។ កាល​ណា​លោកអ្នក​ធ្វេស​ប្រហែស​មិន​យក ចិត្ដ​ទុកដាក់​ថែទាំ​សុខភាព​ខ្លួន​ឯង​លោកអ្នក​នឹង​ស្ដាយ​ក្រោយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូម​លើក​យក​ប្រធាន​បទ​ស្ដីពី​អាការ​ឧស្សាហ៍​វិលមុខ​មក​ជូនមិត្ដ​អ្នកអាន​ឱ្យបាន​យល់​ដឹង​តាម រយៈ​ការជួប​សម្ភាស​ជាមួយ​លោក ខៀវ មី គ្រូពេទ្យ​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត។

អាការ​វិល​មុខ ជាអ្វី?

វិលមុខ​ជាអាការ​មួយ​ដែលធ្វើ​ឱ្យលោក​អ្នក​ពិបាក​នៅ​ក្នុងខ្លួន ហើយ​នៅក្នុង​ខួរក្បាល​ហាក់បី​ដូចជា​មានអ្វី​​មួយ​មក​ប្រទាញ ចុះ​ប្រទាញ​ឡើងរត់​ជុំវិញ​ខួរក្បាល និង​មាន​អារម្មណ៍​ចេះតែ​ធេង​ធោង។

មូល​ហេតុ​នៃការ​វិលមុខ

មាន​កត្ដា​ជាច្រើន​យ៉ាង​ដែល​ធ្វើឱ្យ​លោក​អ្នកចេះ​តែ​វិលមុខ គឺបណ្ដាល​មកពី​មូល​ហេតុ​ផ្សេងៗ​គ្នា។

  • វិបត្ដិ​សរសៃ​ប្រសាទ ប្រសិន​បើលោក​អ្នក​មាន​ផល​ប៉ះពាល់​ទៅនឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ​គឺធ្វើ​ឱ្យ​លោកអ្នក​ក្អួត​ចង្អោរ អស់​កម្លាំង​ល្ហិតល្ហៃ បង្កឱ្យ​មានការ​វិលមុខ។
  • វិបត្ដិ​ត្រចៀក​កណ្ដាល ជាកន្លែង​ដែល​មាន​រាងដូច​គូទខ្យង​ហើយ​បើ​មាន​វិបត្ដិ​ទៅនឹង​ត្រចៀក​កណ្ដាល​ដែល​បណ្ដាល មក​ពីមេ​រោគ​ចូល ដូច​ជាអំបៅ​អំបែក​ដែល​ស៊ី​ក្រដាស​ត្រចៀក​ខាងក្នុង ធ្វើឱ្យ​ធ្លុះ​ក្រដាស​ត្រចៀក បង្ក​ឱ្យហ៊ឹង​ត្រចៀក​ស្ដាប់​អ្វីពុំឮ ឬថ្លង់ ជាដើម។ កត្ដា​ទាំងនេះ​សុទ្ធតែ​ធ្វើឱ្យ​មានការ​វិលមុខ​ជាញឹក​ញាប់។
  • វិបត្ដិ​ត្រចៀក​ផ្នែក​ខាងក្នុង ជា​កន្លែង​ជាប់នឹង​ក្រដាស​ត្រចៀក។ បើអ្នក​ជម្ងឺ​មាន​បញ្ហា​ត្រចៀក​ផ្នែក​ខាង​ក្នុង​ធ្វើ​ឱ្យអ្នក នោះ​មានការ​កន្ដ្រាក់​គ្រាប់​ភ្នែក​ព្រិច​ញឹក​ញាប់ ឬចេះ​តែញាក់​ចិញ្ចើម។ ដោយ​សារតែ​គ្រាប់​ភ្នែក​មាន​ប្រព័ន្ធ​សរសៃ​ដែល​មាន​ទំនាក់ ទំនង​នឹង​ត្រចៀក ធ្វើឱ្យ​ត្រចៀក​បាត់​បង់នូវ​តុល្យភាព​នៃការ​ស្ដាប់​ក៏ជា​បញ្ហា​មួយ​ធ្វើឱ្យ​អ្នក​ជម្ងឺ​ឧស្សាហ៍វិ​លមុខ​ដែរ។
  • ការប៉ះ​ពាល់​លលាដ៍​ក្បាល គ្រោះ​ថ្នាក់​ចរាចរ ឬគ្រោះ​ថ្នាក់​បណ្ដាល​ពីមូល​ហេតុ​ផ្សេងៗ​ទៀត​ដែល​ប៉ះពាល់​លលាដ៍ ក្បាល​ខាង​ក្រោយ​ធ្ងន់ធ្ងរ នាំឱ្យ​ផុង​លលាដ៍ ស្រាំ​លលាដ៍ ជា​ហេតុ​ធ្វើឱ្យ​មាន​ការ​វិលមុខ​ជាញឹក​ញាប់។
  • ការ​ប៉ះពាល់​ស្រោម​ខួរក្បាល បើសិន​ជាកើត​ស្រឡ​ទែន​បណ្ដាល​ឱ្យប៉ះ​ពាល់​ទៅ​ដល់​សរសៃ​ញាណ​ក៏អាច​ធ្វើឱ្យ​មានការ វិលមុខ​ដែរ។ ម្យ៉ាង​ទៀត​ការ​រលាក​ស្រោម​ខួរក្បាល​ដែល​បណ្ដាល​មក​ពីការ​កើត​មេរោគ​គ្រីប​តូកូក​ក៏ជា​បច្ច័យ​អាក្រក់​មួយ​ដែល​ធ្វើឱ្យ មាន​ការ​វិលមុខ​ស្ទើរ​តែរាល់​ថ្ងៃ និង​ឈឺក្បាល​ជាប្រចាំ។
  • ការ​រលាក​ហើម​ប៉ោង​ស្រោម​ខួរក្បាល ធម្មតា​ស្រោម​ខួរក្បាល​គឺរាប​ស្មើ។ ប៉ុន្ដែ​ពេល​ស្រោម​ខួរ​ក្បាល​ឡើង​ហើម​ប៉ោង ដោយ​សារ​មាន​មេរោគ​ផ្សេងៗ​ចូល​បង្កឱ្យ​មាន​ការ​ហើម​ប៉ោង​ស្រោម​ខួរក្បាល​ហើយ​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​សរសៃ ញាណ​សម្លេង ជាហេតុ​ធ្វើឱ្យ​លោកអ្នក​ចេះតែ​វិលមុខ ឬឈឺ​ក្បាល​ជាដើម។
  • ការពុល​ដោយ​សារ​មូល​ហេតុ​ផ្សេងៗ​ទៀត ការ​ពុល​រលក​សមុទ្រ ពុល​រថភ្លើង ពុល​ឡាន ឬពុល​យន្ដ​ហោះ​ក៏បណ្ដាល​ឱ្យ មាន​ការ​វិលមុខ​ដែរ ដោយ​សារ​តែភាព​ខ្សោយ​នៃ​កម្លាំង​របស់​លោក​អ្នក។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

លក្ខណៈ និង​រោគ​សញ្ញា​នៃការ​វិល​មុខ

អ្នក​ជម្ងឺ​ដែល​ប្រឈមមុខ​នឹងការ​វិលមុខ​ជាញឹក​ញាប់ ស្ដែង​ចេញ​ជា​រោគសញ្ញា ដូចជា​ចេះតែ​ចង់ក្អួត​ចង្អោរ​រូបរាង​កាយ​ហាក់ ដូចជា​ទន់​ជ្រាយ​ល្វិក​ល្វក់ គ្មាន​កម្លាំង​កំហែង​នៅក្នុង​ខ្លួន ទឹក មុខ​មិន​ស្រស់ថ្លា​ទៅជា​ស្លេក​ស្លាំង​បែក​ញីស​ពេញ​ខ្លួន​ត្រជាក់​ដៃជើង ក្នុង​ខួរ​ក្បាល​ហាក់​ចេះតែ​ល្ងេល្ងើ ដូច​មានអ្វី​មក​ប្រទាញ​ចុះឡើង​នៅក្នុង​ខួរ​ជាដើម។ មិន​តែ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​សម្លឹង​មើល​វត្ថុអ្វី មួយ ឃើញ​វត្ថុនោះ​ក្រឡាប់​ចុះឡើង។

វិធី​ព្យាបាល​ការវិល​មុខ

អាការ​វិលមុខ​ជាញឹក​ញាប់​អាច​ព្យាបាល​បាន​ដោយ​ប្រើ​ប្រាស់​ឱសថ​មួយ​ចំនួន​ទៅតាម​មូល​ហេតុ​ផ្សេងៗ​គ្នា។ ប៉ុន្ដែ​លោក​អ្នក បាន​ជ្រាប​ច្បាស់​មក​ហើយ​ថា ឱសថ​គឺជា​អាវុធ​មុខ​ពីរ។ កាល​ណា​លោក​អ្នក​ចេះ​តែ​ទទួល​ទាន​ឱសថ​ដែល​ជួយ​បំបាត់​អាការ​ការវិល​មុខ តែវា​ក៏អាច​ឱ្យ​លោក​អ្នក​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ជម្ងឺ​ផ្សេងៗ​ទៀត​ដែរ។ ម្យ៉ាង​ទៀត​ការ​ទទួល​ទាន​ឱសថ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម ត្រូវ​ច្បាស់​លាស់​នោះ​ក៏បង្ក​ឱ្យ​លោកអ្នក​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ។ ដូចនេះ​មធ្យោ​បាយ​ដែលល្អ​ប្រសើរ​បំផុត​សម្រាប់​លោកអ្នក​ដែល​តែង តែជួប​ការវិល​មុខ​ជារៀង​រាល់ថ្ងៃ លោក​អ្នក​គួរតែ​ទៅកាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ដើម្បី​ជួបជា​មួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន ដើម្បី​ឱ្យ គ្រូពេទ្យ​ធ្វើការ​វិនិច្ឆ័យ​ថា​តើ​លោក​អ្នក​ចេះតែ​វិលមុខ​បណ្ដាល​មកពី​មូល​ហេតុអ្វី​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល។

ផល​វិបាក​នៃការ​វិល​មុខ

បើ​លោកអ្នក​មាន​ការវិល​មុខ​ខ្លាំង នោះបង្ក​ឱ្យមាន​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដូចជា​ធ្វើឱ្យ​លោក អ្នក​អាច​មាន​ការវៀច​មាត់ ហ៊ឹង​ត្រចៀក ថ្លង់ ឬធ្វើ​ឱ្យ​ត្របក​ភ្នែក​របស់​លោក​អ្នក​ចេះ​តែ​កន្ដ្រាក់​ចុះ​ឡើង​រហូត​មួយ​ជីវិត។ វិលមុខ​អាចឱ្យ​លោក​អ្នក​ដួល​បោក​ក្បាល  ដែល​បណ្ដាល​ឱ្យបែក​ក្បាល ឬមាន​ឈាម​កកក្នុង​ខួរ​ក្បាល​និងនាំ​ឱ្យ​លោក​អ្នក​ក្លាយ​ទៅ​ជាមនុស្ស​សរសៃ​ប្រសាទ។ មិន​តែ​ប៉ុណ្ណោះ វិលមុខ​បណ្ដាល​ឱ្យ​រំខាន​ពេល​វេលា​ការងារ​របស់​លោក​អ្នក​ក្នុង​ការ​ប្រកប​របររក​ស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​ទៀតផង។

ដំបូន្មាន​អ្នក​ឯកទេស

ប្រសិន​បើ​លោក​អ្នកចេះ​តែ​មាន​អាការ​ណា​មួយ​ដែល​ធ្វើឱ្យ​មានការ​ឈឺចាប់​ពិបាក​នៅក្នុង​ខ្លួន​ហើយ​បណ្ដាល​ឱ្យ​លោក​អ្នក មាន​អារម្មណ៍​តប់​ប្រមល់ មួម៉ៅ សូម​ប្រញាប់​ប្រញាល់​រួសរាន់​ទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បី​ជួប​គ្រូពេទ្យ​ដែល​មាន​សមត្ថភាព​ធ្វើការ វិនិច្ឆ័យ និងរិះរកវិធី​ដែល​ត្រូវ​ព្យាបាល​ដោយ​របៀប​ណា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨