កាត់​បន្ថយ​រោគ​រុំារ៉ៃ​នៅ​លើពិភព​លោក

ប្រភេទ​ជម្ងឺ​រុំារ៉ៃ បាន​លបលួច​វាយ​ប្រហារ​អាយុ​សង្ខារ​របស់​មនុស្ស​ជាតិ​បន្តិច​ម្តងៗ ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ពិភព​លោក។ ជម្ងឺ​ទាំង​នោះ​បានធ្វើ​ឲ្យប្រទេស​ជាច្រើន​មានការ​ព្រួយ​បារម្ភ ហើយ​បានជួប​ប្រជុំ​រួមគ្នា​ដោះ​ស្រាយ និង​រកវិធី​ទប់​ស្កាត់។ ជម្ងឺ​ទាំង​នោះ​រួមមាន​ជម្ងឺ​បេះដូង ទឹក​នោម​ផ្អែម មហារីក​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គេហ​ទំព័រ​សារព័ត៌​មាន​សិង្ហបុរី “Channel News Asia” កាល​ពីថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០១២​កន្លង​ទៅនេះ បាន​ឲ្យ​ដឹង​ថា អង្គការ​សុខភាពពិភព​លោកហៅ​កាត់ថា “WHO” បាន​រៀប​ចំដាក់​គោល​ដៅដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ន័យ​ចង់​ធ្វើការ​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​ដោយ​សារ​រោគ​រ៉ាំរ៉ៃ ឲ្យ​សម្រេច​ចេញ​ជាលទ្ធ​ផលនៅ​ឆ្នាំ២០២៥​ខាងមុខ។ ចំណែក​ឯទី​ភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​សុខភាព​នៃអង្គ​ការ​សហ​ប្រជាជាតិ បាន​ប្រាប់​ឲ្យដឹង​ថា កិច្ច​ប្រជុំ​កាល​ពីពេល​ថ្មីនេះ នៅ ជេណេវ៉ា ដែល​មាន​​សមាជិក​ចូលរួម​ជា​ច្រើន បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា ដោយ​អនុវត្ដឱ្យបាន​នូវ​ការ​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​ដោយ​សារ​រោគ​រ៉ាំរ៉ៃ ឱ្យ​បាន​២៥​ភាគ​រយ ​តាម​ការ​ដែល​​បាន​គ្រោង​ទុក ។

នៅ​ក្នុង​សេចក្តី​ព្រាង​ដែល​បាន​ដាក់​ទៅ​កាន់​​អង្គការ​សុខភាព​ពិភពលោក ប្រទេស​កេន​យ៉ា បាន​ជម្រុញ​ជាបន្ទាន់​ផងដែរ​ឲ្យ​មាន​ការ​បង្កើត​អង្គភាព​សម្រាប់​កិច្ចចរចា​នេះទៅ​លើ​អនុសាសន៍​របស់​ក្រុម​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​រាប់​ទាំង​របាយការណ៍​ពី​សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​ក្រុម​ប្រទេស​ផ្សេង​ទៀត​ដែល​គាំទ្រ​ទៅលើ​ការ​ពិភាក្សា​ទាំងនោះ។

បន្ទាប់​ពីកិច្ច​ប្រជុំ​ដែល​មានរយៈ​១៥ម៉ោង​រួចមក គេ​ក៏បាន​ស្នើសុំ​ឲ្យ​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក ធ្វើ​ពិធី​បិទ​បញ្ចប់​ការ​ប្រជុំ​ដោយ​មានការ​ចេញ​ជា​របាយការណ៍​វិភាគ និង​អនុសាសន៍​​​ចម្បង​ក្នុង​ការ​កាត់​បន្ថយ​អត្រា​នៃអ្នក​ស្លាប់ដោយ​សារ​រោគ​រុំារ៉ៃ​នេះ។

គួរ​បញ្ជាក់​ថា សមាជិក​ដែលចូល​រួមក្នុង​កិច្ច​ប្រជុំ​ក៏បាន​ឯកភាព​គ្នាផង​ដែរ​លើការ​គាំទ្រ និង​ជួយដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​កម្ចាត់ និង​កាត់​បន្ថយ រោគ​រ៉ាំរ៉ៃ​តាមរយៈការ​ត្រួត​ពិនិត្យ និង​ការពារ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ដល់​អ្នក​ជម្ងឺ​ទាំង​នោះ។ អង្គ​ការ​សុខភាព​ពិភពលោក បាន​ប្រកាស​នៅថ្ងៃ​សុក្រ​សប្តាហ៍​មុនថា អង្គ​ការ​បាន​ដាក់​ឱ្យ​ចេញ និង​អនុម័ត​លើ​គោល​ដៅ​កាត់​បន្ថយ​អត្រា​នៃ​អ្នក​ស្លាប់​ដោយ​រោគ​រ៉ាំរ៉ៃ នៅ​ឆ្នាំ២០២៥ ឲ្យ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ចាប់​ពីពេល​នេះ​តទៅ។

គួរ​ឮក​ផង​ដែរថា បើ​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភព​លោក បាន​ឱ្យ​ដឹងថា​អត្រា​នៃអ្នក​ស្លាប់ អ្នក​រង​គ្រោះដោយ​សារ​រោគ​រុំា​រ៉ៃ​មាន​អាយុ​ចន្លោះ​ចាប់​ពី៣០​ទៅ៧០​ឆ្នាំ ។ ឯ​រោគ​រ៉ាំរ៉ៃ នៅ​ទូទាំង​ពិភព​លោក មាន​រហូត​ដល់​ទៅ​៦៣​ភាគរយ ក្នុង​នោះរួម​មាន ជម្ងឺ​ទាក់​ទង​ទៅនឹង​បញ្ហា​បេះដូង ទឹក​នោម​ផ្អែម មហា​រីក និង ជម្ងឺ​ផ្លូវ​ដង្ហើម​ជាដើម​ដែល​ទាំង​នោះ​គឺជា​រោគ​សញ្ញា​បញ្ជាក់ អំពី​សភាព​រ៉ាំរ៉ៃ រយៈ​ពេល​យូរ ។

អត្ថបទដោយ ៖​ សៀង វិរៈ​

ចេញផ្សាយ​ ៖​ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២

Google Analytics Alternative