ទិវា​កុមារ​អន្តរ​ជាតិ​ខួប​ទី​៦៣: បញ្ហា​សម​ធម៌​ សេវា​សង្គម​ និង​ការថែ​ទាំ​កុមារ​

 សិទ្ធ​រស់​រាន​មាន​ជីវិត សិទ្ធ​ទទួល​បាន​ការ​អភិ​វឌ្ឃន៍ សិទ្ធ​ចូល​រួម​បញ្ចេញ​មតិ​យោបល់ និង​សិទ្ធ​ទទួល​បាន​ការ​ការ​ពារ​ពី​សង្គម​ គឺ​ជា​សិទ្ធ​ធំៗ​ទាំង​៤ ​ក្នុង​បណ្តា​សិទ្ធ​ដទៃ​ជា​ច្រើន​ផ្សេង​​ទៀត ដែល​កុមារ​គ្រប់​រូប​នៅ​លើ​ពិភព​លោក​រមែង​ត្រូវ​ការ។ ការ​ចូល​រួម​ផ្តល់​សិទ្ធ​ពី​សំណាក់​អាណា​ព្យាបាល រាជ​រដ្ឋា​ភិបាល អង្គ​ការ​ជាតិ-អន្តរ​ជាតិ និង​ជា​ពិសេស​ពី​សង្គម​ទាំង​មូល​ដល់​កុមារ គឺ​ជា​អ្វី​ដែល​ពិភព​លោក​កំពុង​ផ្តោត​ការ​យក​ចិត្ត​ជា​ខ្លាំង​ដើម្បី​ជម្រុញ​ឲ្យ​យន្ត​ការ​ពារ និង​លើក​កម្ពស់​សិទ្ធ​ទាំង​ឡាយ​របស់​កុមារ​នៅ​ជុំវិញ​សកល​លោក។ តើ​នៅ​ឆ្នាំ​នេះ​កម្ពុជា និង​ពិភព​លោក កំពុង​ផ្តោត​ការ​ចាប់​អារម្មណ៍​អ្វីខ្លះ​ចំពោះ​បញ្ហា​ប្រឈម​របស់​កុមារ​នា​ពេល​បច្ចប្បន្ន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

បញ្ហា​ទាក់ទង​ទៅនឹង សមធម៌ ​សេវា​សង្គម ​និងការ​ថែ​ទាំ​កុមារ គឺ​ជា​ប្រធាន​បទ​សំខាន់​មួយ​ដែល​​​មន្ត្រី និង​ថ្នាក់​ដឹក​នាំ​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​លើក​យក​មក​និយាយ​នៅ​ក្នុង​​ទិវា​កុមារ​អន្តរ​ជាតិ​លើក​ទី៦៣​នៅ​ឆ្នាំ​២០១២​នេះ។​ លោក ​អ៊ិត សំហេង ​រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​​កិច្ច អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា​បាន​មាន​ប្រសាសន៍​នៅក្នុង​ទិវាកុមារ​ កាលពី​ព្រឹក​ថ្ងៃទី​២៩​ ខែឧសភា ឆ្នាំ​២០១២ ក្នុង​ឱកាស​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរ​ជាតិ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​កោះ​ពេជ្រ​ថា រដ្ឋាភិបាល​បាន​ធ្វើការងារ​ជាច្រើន​ដើម្បី​ការពារ​ថែទាំនិងលើក​ស្ទួយ​កុមារ។​ លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិ​បាល​បាន​បង្កើត​ច្បាប់​ដើម្បី​ការពារ​និង​គ្រប់​គ្រង​កុមារ។ រដ្ឋា​ភិបាល​បាន​ជួយទៅ​លើការចាក់វ៉ាក់​សាំងបង្ការ​ជម្ងឺ ការធ្វើឲ្យ​កុមារ​ទទួល​បាន​ការ​រៀន​សូត្រ ​បញ្ហា​បង្កា​ទារក​កុំឲ្យ​ឆ្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន បញ្ហា​រំដោះ​កុមារ​ពីការ​ធ្វើ​ពល​កម្ម ​និង​បង្ការ​កុមារ​ពីការ​ជួញ​ដូរ​ជា​ដើម។​ ក្នុង​ពិធី​នោះ ប្រ​ជាពល​រដ្ឋ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​កម្ពុជា ក៏​បាន​លើក​សំណូម​ពរ​ទៅ​កាន់​រដ្ឋា​ភិបាល​នូវ​ការងារ​មួយ​ចំនួន​ផង​ដែរ ដើម្បី​ជួយ​ឲ្យ​កុមារ​ទទួល​បាន​សមធម៌ ​សេវា​សង្គម ការ​ថែទាំ ការ​ជួញ​ដូរ​កុមារ​ជាដើម។ ​

ភ្ជាប់​ជាមួយ​ព័ត៌​មានខាង​លើ គេហ​ទំព័រ​សុខភាព​កម្ពុជា សូម​ជម្រាប​ជូន​ប្រិយ​មិត្ត​អ្នក​អាន​អំពី​មូល​ហេតុ​ប្រវត្តិ​និង​អត្ថន័យ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរ​ជាតិ​នេះ​ឡើង។ អត្ថន័យ​នៃ​ទិវា​កុមារ​អន្តរ​ជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​ឲ្យ​មនុស្ស​ជាតិ​នៅ​លើ​កសកល​លោក​ចង​ចាំ​មិន​ភ្លេច នូវ​ឧក្រិដ្ឋ​កម្មដ៏​សាហាវ និង​ព្រៃ​ផ្សៃ​យង់​ឃ្នង​បំផុត​របស់​ពួក​ហ្វា​ស៊ីស​នៅថ្ងៃ​ទី១០ ខែ​មិថុនា​ ឆ្នាំ​១៩៤២ ដែល​បាន​សម្លាប់​ប្រជា​ជន ភូមិ លីឌីស៊ែ ​ « សាធារ​ណរដ្ឋ​សហពន្ធ័​ឆែក​និង​ស្លូវ៉ា​គី » ចំនួន​១៩២​នាក់ នៅ​ក្នុង​កសិដ្ឋាន​អូរ៉ាក។ ក្នុង​នោះ​មាន​កុមារ ១០៥​នាក់​ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត ។ ម្តាយ​របស់​ក្មេងៗ​ទាំង​នោះ ត្រូវ​ពួក​វា​បញ្ជូន​ទៅ​ជំរុំ​ប្រមូល​ផ្តុំ រីឯ​ភូមិ​ដ្ឋាន​ត្រូវ​បាន​ឆក់​ប្លន់ និង​ដុត​បំផ្លាញ​ខ្ទេចខ្ទី។ រំលង​ក្រោយ​មក នៅ​ថ្ងៃទី ១០​ ខែ​មិថុនា ឆ្នាំ​ ១៩៤៤ ពូក​ឧក្រិដ្ឋ​កម្ម​ហ្វា​ស៊ីស បាន​ចាប់​មនុស្ស១,១០០នាក់ ចាក់​សាំង​ដុត​កម្ទេច​ចោល​ទាំង​រស់ នៅ​ទីក្រុង​អូរ៉ាឌូ​ប្រទេស​បារាំង​ដែល​ក្នុង​នោះ​រួម​មាន​កុមារ​តូចៗ​ចំនួន​២០០​នាក់​ផង​ដែរ។ វិនាស​កម្ម​ទាំង​នេះ​ហើយ​ដែល​ធ្វើ​អោយ​កម្លាំង​អ្នក​ស្នេហា​សន្តិ​ភាព​គ្រប់​ពណ៌​សម្បុរ នាំ​គ្នា​ក្រោក​ឈរ​ឡើង​ធ្វើការ​តស៊ូ​ប្រឆាំង​នឹង​សង្រ្គាម ដែល​បណ្តាល​អោយ​មាន​មហន្ត​រាយ​ដល់​ទ្រព្យ​សម្បតិ្ត និង អាយុ​ជីវិត​មនុស្ស​ជាតិ​ទាំង​ពួង ដើម្បី​ការពារ​អាយុ​ជិវិត ការពារ​សេរី​ភាព និង គាំ​ពារ​បី​បាច់​ថែ​រក្សា កុមារ លើ​ភព​ផែន​ដី​យើង​នេះ។

សូម​រំឮក​បន្ថែម​ផងដែរ​ថា នៅឆ្នាំ​១៩៤៥​លទ្ធិ​ហ្វា​ស៊ីស ត្រូវ​បាន​រលំ​រលាយ​ដោយ​សារ​ថ្វី​ដៃ​របស់​កង​ទ័ព​អតីត​សហ​ភាព​សូ​វៀត។ គ្រា​នោះ​មនុស្ស​ជាតិ​ទាំង​ឡាយ មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ដោយ​បាន​រួច​ផុត​ពីគ្រោះ​មហន្ត​រាយនៃ​លទ្ធិ​ហ្វាស៊ីស​ដ៏​សាហាវ​យង់​ឃ្នង​នេះ។ នៅ​ខែ​មេសា ឆ្នាំ​ ១៩៤៩ សម្ព័ន្ធ​នារី​ប្រជា​ធិប​តេយ្យ​អន្តរ​ជាតិ​បាន​បើក​សម័យ​ប្រជុំ​នា​ទី​ក្រុង​មូស្គូ ដោយ​បាន​សម្រេច​យក​ថ្ងៃ​ទី ១​ ខែ​មិថុនា ឆ្នាំ ១៩៥០  ធ្វើ​ជា​ទិវា​កុមារ​អន្តរ​ជាតិ។ សេចក្តី​សម្រេច​នេះត្រូវ​បាន​ទទួល​ការ​ឯកភាព​ពីអង្គ​ការ​អន្តរ​ជាតិ​នានា។ ក្នុង​នោះ​រួម​មាន​អង្គការ​សម្ព័ន្ធ​សហ​ជីព​កម្មករ​អន្តរ​ជាតិ និង​អង្គការ​សហ​ពន័្ធ​យុវ​ជន​ប្រជា​ធិប​តេយ្យ​ពិភព​លោក​ផង​ដែរ។

ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ នា​ខែ​មេសា​ឆ្នាំ​១៩៥២ នារី​យែន​ នារី​នៅ​ប្រទេស​អូ​ទ្រីស បាន​បើក​សន្និ​បាត​មួយ​ ​ដែល​មានឈ្មោះ​ថា​សន្និ​បាត​ការពារ​កុមារ។ នៅ ឆ្នាំ​ ១៩៥៥ ស្ត្រី​ជា​ម្តាយ​នៅ​លើ​សកល​លោក​បាន​ធ្វើ​មហា​សន្និ​បាត​មួយ ដើម្បី​បរិហារ​ទោស​ពួក​ចក្រ​ពត្តិ ដែល​មាន​ឧបាយ​កល​ធ្វើ​សង្រ្គាម​គម្រាម​កំហែង​ដល់​អាយុ​ជីវិត​មនុស្ស​ជាតិ និង កុមារ​តូចៗ​រាប់​លាន​នាក់​ទៅ​លើ​ប្រទេស​ជាតិ​នានា ។ មហា​សន្និ​បាត​នោះ​បាន​អំពាវ​នាវ​ដល់​មនុស្ស​ទាំង​អស់​នៅ​លើ​ទ្វីប​ទាំង​៥ អោយ​រួប​រួម​កម្លាំង​គ្នា​ធ្វើ​ការ​តស៊ូ​ដោយ​មិន​សំចៃ​កម្លាំង ដើម្បី​សន្តិភាព​ដ៏​រឹង​មាំ នៅ​លើ​ពិភព​លោក និង​ដាច់​ខាត​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោ​ឃៅ​ព្រៃ​ផ្សៃ ដែល​មាន​រួប​ភាព​ដ៏អណោច​អាធម៌​ដូច​នៅ​លី​ឌី​ស៊ែ និង អូ​រ៉ាឌូ។

ពិភព​លោក​បាន​កំណត់​ថាថ្ងៃ​ទី ១ មិថុនា ជា​ទិវា​ចង​កំហឹង​ឈឺ​ចាប់​យ៉ាង​សម្បើម​សម្រាប់​ការ​រំលោភ​សិទ្ធិ​របស់​កុមារ ហើយ​វា​ក៏​ជា​ទិវា​មួយ​ដែល​បំផុស​ស្មារតី​ដល់​មនុស្ស ជាតិ ទាំង​មូល​អោយ​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាល​ភាព​កុមារ​ទាំង​ឡាយ ព្រម​ទាំង​ជា​ទិវា​សាមគ្គី​អន្តរ​ជាតិ​ របស់​កុមារ​លើ​ពិភព​លោក ។ ចាប់​តាំង​ពីដើម​ទសវត្ស ៥០​មក នៅ​ថ្ងៃទី ០១​ ខែ​មិថុនា​ត្រូវ​បាន​ពិភព​លោក​ប្រារព្ធ​ទិវា​កុមារ​អន្តរ​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​ និង​បន្ត​រហូត​មក​ទល់​នឹង​បច្ចប្បន្ន ។

គោល​បំណង​សំខាន់​នៃ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរ​ជាតិ ០១ មិថុនា គឺ​សំដៅ​ដល់​ការ​ក្រើន រំលឹក​និង​បង្កើន ការ​យក​ចិត្ត ទុក​ដាក់​ជា​ពិសេស​ចំពោះ​កុមារ។ តើ​លោក​អ្នក​ជា​អាណា​ព្យាបាល បាន​បន្ត​ការ​យក​ចិត្ត​ចំពោះ​សិទ្ធ​របស់​កុមារ​ហើយ​ឬ​នៅ? បើ​នៅ​ចូរ​កុំភ្លេច​អនុវត្តន៍​ឲ្យ​បាន​ល្អ​ផង​ណា!​

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២

Google Analytics Alternative