អំពាវនាវកុំ​ឲ្យ​មាន​ការ​តំឡើង​ថ្លៃ​រថយន្ត​ក្នុង​កំឡុង​ពេល​បោះឆ្នោត

ប្រធាន​សហភាព​សហ​ជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ លោក រ៉ុង ឈុន បាន​ចេញ​​សេចក្ដី​អំពាវ​នាវ​មួយ​កាល​ពីថ្ងៃ​ទី២៩ ឧសភា ឆ្នាំ២០១២ ឲ្យ​អ្នក​ប្រកប​មុខ​របរ​រត់​តាក់​ស៊ី និង​ឡាន​ក្រុង​ទាំង​អស់ កុំ​តំឡើង​តម្លៃ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ គ្រូ​បង្រៀន និង​ប្រជា​ពលរដ្ឋ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​អាទិត្យ ទី៣ មិថុនា ឆ្នាំ២០១២ ខាង​មុខ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សេចក្តី​អំពាវនាវ​បាន​សរសេរ​ថា សូម​បងប្អូន​ដែល​ប្រកប​មុខរបរ​ជា​អ្នក​រត់តាក់ស៊ី និង​ឡាន​ក្រុង​ទាំង​អស់ មេត្តា​រក្សា​តម្លៃ​មួយ​សមរម្យ និង​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​កម្មករ គ្រូ​បង្រៀន និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ដែល​ពួក​គាត់​ត្រូវ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បោះឆ្នោត​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​មូលដ្ឋាន ដែល​មិន​បម្រើ​ប្រជារាស្រ្ត ជំនួស​ដោយ​មេឃុំ​ចៅសង្កាត់​បម្រើ​ប្រជារាស្រ្ត និង​សង្គម។

សេចក្តី​អំពាវនាវ​បាន​បន្ត​ថា ចំពោះការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ត្រូវ​បាន​ផ្លាស់​ប្តូរ​នោះ គឺ​ជា​មូល​ដ្ឋាន​មួយ​ឈាន​ទៅ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ជាតិ នៅ​ពេល​បោះឆ្នោត​សកល​ឆ្នាំ​២០១៣ ដែល​មាន​អ្នក​ដឹកនាំ​ជាតិ គិត​អំពី​សុខទុក្ខ​ប្រជារាស្រ្ត មាន​ការ​គោរព​សិទ្ធិ​មនុស្ស មាន​យុត្តិធម៌​សង្គម និង​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ ហើយ​សង្គម​គ្មាន​អំពើ​ពុករលួយ និង​ទំនិញ​មាន​តម្លៃ​សមរម្យ (ប្រេង​ឥន្ធនៈ) បងប្អូន​នឹង​ងាយស្រួល​ប្រកប​មុខរបរ​រក​ទទួល​ទាន ប៉ុន្តែ​បើ​បងប្អូន​ឆ្លៀត​ឱកាស​ចង់​ចំណេញ​ច្រើន​ក្នុង​កំឡុង​ពេល​បោះឆ្នោត​នេះ គឺ​ប៉ះពាល់​ដល់​កម្មករ គ្រូ​បង្រៀន មន្រ្តី​រាជការ និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​អាច​ទៅ​ចូល​រួម​បោះឆ្នោត​បាន ដោយ​គ្មាន​លទ្ធភាព ព្រោះ​ថា សន្លឹកឆ្នោត​មួយ​សន្លឹកៗ​មាន​សារៈសំខាន់​ណាស់ ជាតិ​រស់ ឬ​ស្លាប់​ក៏​ដោយសារ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​នេះ​ដែរ។

សេចក្តី​អំពាវនាវ​បាន​បន្តទៀត​ថា សហ​ភាព​កម្ពុជា​សង្ឃឹម​ថា បង​ប្អូន​អ្នក​ប្រកប​មុខ​របរ​តាក់​ស៊ី និង​ឡាន​ក្រុង​នឹង​ជួយ​សម្រួល​តម្លៃ​ឲ្យ​បាន​សមរម្យ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ កម្មករ គ្រូ​បង្រៀន និង​មន្ត្រី​រាជការ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ប្រពឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ។

គេហ​ទំព័រ​សុខភាព​កម្ពុជា សូម​បញ្ជាក់​ថា ដើម្បី​បង​ប្អូន​ប្រជា​ពលរដ្ឋ​អាច​បោះ​ឆ្នោត​បាន សូម​បង​ប្អូន​កុំភ្លេច​យក​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ដែល​មាន​សុពល​ភាព ដូច​ខាង​ក្រោម៖

  • អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ
  • អត្ត​សញ្ញាណ​ប័ណ្ណ​នគរ​បាល​ជាតិ
  • អត្ត​សញ្ញាណ​ប័ណ្ណ​យោធា
  • លិខិត​សម្គាល់​ខ្លួន​ក្រសួង​ស្ថាប័ន
  • សៀវភៅ​គ្រួសារ​មាន​បិទ​រូប​ថត
  • លិខិត​ឆ្លង​ដែន
  • ឆា​យា​គណៈ​មហា​និកាយ
  • សុទ្ធិ​ប័ត្រ​គណៈ​ធម្ម​យុត្តិ​កនិ​កាយ
  • សង្ឃ​ដីកា
  • លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​បម្រើ​ឲ្យការ​បោះ​ឆ្នោត

ដើម្បី​មាន​ភាព​ងាយ​ស្រួល​រក​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត សូម​បង​ប្អូន​យក​ប័ណ្ណ​ព័ត៌​មាន​អ្នក​បោះ​ឆ្នោត​ដែល​គណៈ​កម្មា​ធិការ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ចែក​ជូន​បង​ប្អូន ភ្ជាប់​ទៅ​ជាមួយ​ផង​នៅ​ពេល​ទៅ​បោះ​ឆ្នោត ដើម្បី​បង​ប្អូន​អាច​ដឹង​អំពី​ទីតាំង​ការិ​យាល័យ លេខ​បោះ​ឆ្នោត​ក្នុងបញ្ជី និង​លេខ​ការិ​យាល័យ​បោះឆ្នោត​ជាដើម។ គេហ​ទំព័រ​សុខភាព​កម្ពុជា​សង្ឃឹម​ថា បង​ប្អូន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ការបោះ​ឆ្នោត​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ទាំង​អស់​គ្នា។

អត្ថបទដោយ ៖ សៀង វិរៈ

​​ចេញផ្សាយ  ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២

Google Analytics Alternative