ក្លិន​សម្រាម​រំខាន​សួត

សម្រាម​ត្រូវបាន​គេរាប់​បញ្ចូល​នូវ​របស់​របរ​គ្រប់យ៉ាង​ដែលត្រូវ​បានគេ​បោះបង់​ចោល ហើយអាច​រលួយ​និងបង្ក​ឱ្យមាន​ក្លិន មិនល្អ ក្លិនស្អុយ​ជាដើម។ ក្លិន​របស់​សម្រាម​ពុំមែន​ជា​មេរោគ​ទេ​ប៉ុន្ដែ​ក្លិន​អាក្រក់​ទាំងនោះ​អាចជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​ដង្ហើម ពិសេស​សួត។ ការជះ​ឥទ្ធិពល​អាក្រក់​នេះធ្វើ​ឱ្យសួត​មាន​សុខភាព​មិនល្អ ទន់​ខ្សោយ​ហើយក៏​អាចឱ្យ​មេរោគ​ឱកាស​និយម​ចូលទៅ​បង្ក ជម្ងឺ​ផ្សេងៗ​បានដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ដឹងថា​ក្លិន​សម្រាម​អាចធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​អាក្រក់​យ៉ាងណា​ខ្លះដល់​សុខភាព​សួត​នោះ លោក​វេជ្ជ​បណ្ឌិត នី​ចន្ទី ប្រធាន​ផ្នែក​ជម្ងឺសួត​នៃមន្ទីរ​ពេទ្យ​ព្រះកុ​សុមៈបានបក​ស្រាយ​ជូន​ប្រិយ​មិត្ដអ្នក​អានតាម​រយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

តួនាទី​របស់​សួត

សួតមាន​តួនាទី​សំខាន់​ណាស់​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​ដក​ដង្ហើម ជាអ្នក​ស្រូបយក​នូវ​ឧស្ម័ន​អុកស៊ី​ហ្សែន​ដើម្បី​ចិញ្ចឹម​សព៌ាង្គ កាយ និង​បញ្ចេញ​ចោលមក​វិញនូវ​ឧស្ម័ន​កាបូ​និចមក​ខាង​ក្រៅ។ ម្យ៉ាង​ទៀត សួត​ប្រៀប​ដូចជា​តម្រង​ត្រង​និងច្រោះ​ឧស្ម័ន​ដែលដក ដង្ហើម​ចូលទៅ។ កាលណា​ឧស្ម័ន​ដែលដក​ដង្ហើម​ចូលទៅ​មាន​ផ្សែង​ពុល(ដូច​ជាផ្សែង​បារី​ផ្សែង​រថយន្ដ)​មានផ្ទុក​មេរោគ​ផ្សេងៗ និង មានក្លិន​មិនល្អ​នោះ សួត​រលាក ហើម និងអាច​មានជម្ងឺ​ផ្សេងៗ ដោយសារ​តែ​សារធាតុ​ពុល​ក្លិនមិន​ល្អ និង​មេរោគ​ទាំងនោះ។ ចំពោះ លោកអ្នក​ដែល​ជក់បារី តាមក្បួន​វេជ្ជ​សាស្ដ្រ​គេសង្កេត​ឃើញថា​សួត​មាន​ពណ៌​ក្រមៅ​ពោរពេញ​ទៅដោយ​ជ័រថា​ដែល​បណ្ដាល​មកពី ផ្សែង​បារី និងមាន​ជម្ងឺ​ច្រើន​ប្រភេទ​ទៀតផង។

ផល​ប៉ះពាល់​នៃក្លិន​សម្រាម

សម្រាម និងក្លិន​អាចបង្ក​ជម្ងឺ​ផ្សេងៗ ដូចជា​រលាក​ផ្លូវ​ដង្ហើម ឈឺ​ក្បាល វិលមុខ និងមាន​ជម្ងឺ​ផ្នែកផ្លូវ​ដង្ហើម​ជាដើម។ សម្រាម ជា​ប្រភព​នៃ​មេរោគ​ទាំងឡាយ ឯក្លិន​នៃ​សម្រាម​ដែលបាន​មកពី​ការផ្អាប់​រលួយ​នៃ​របស់​ប្រើ​ប្រាស់​កាក​សំណល់​ផ្សេងៗ​ឬបាន​ពីផ្សែង នៃការ​ដុត​បំផ្លាញ​សម្រាម​ទាំងនោះ ក៏អាច​បង្ក​គ្រោះថ្នាក់​បានដែរ។ ក្លិន​ស្អុយ ក្លិនឆ្អេះ​ឆ្អាប ក្លិន​ឈ្ងៀម​និងក្លិន​ដែលមិន​ប្រក្រតី​នៃ សម្រាម​ថ្វីត្បិត​ពុំមែន​ជា​មេរោគ​ប៉ុន្ដែ​ការដក​ដង្ហើម​ក្លិន​មិនល្អ​ទាំងនោះ​ចូលពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃ​រយៈពេល​យូរ​នឹងអាច​ធ្វើឱ្យ​ប្រព័ន្ធ​ផ្លូវ ដង្ហើម​មាន​បញ្ហា ពិសេស​គឺសួត។ ទង​សួត និងសួត​មាន​ប្រតិ​កម្ម​នឹងក្លិន​នោះ​បន្ដិច​ម្ដងៗ​ធ្វើឱ្យ​កោសិកា​សួត​ក្រិន និងអាច​មាន​ជម្ងឺ រលាក​សួត​រ៉ាំរ៉ៃ ជម្ងឺ​ហឺត​ជា​ដើម។ ប្រភេទ​ជម្ងឺ​ទាំងនេះ​ធ្វើឱ្យ​អ្នក​ជម្ងឺ​ឈឺ​បន្ដិច​ម្ដងៗ​នៅពេល​សុខភាព​ចាប់​ទ្រុឌ​ទ្រោម​ទើប​លេច​ចេញជា រោគ​សញ្ញា។

ផល​វិបាក​នៃជម្ងឺ​ដែល​បង្ក​ដោយ​ក្លិន​សម្រាម

អ្នក​ជម្ងឺ​ហត់​ខ្លាំង មានក្អក ដែល​ច្រើន​ធ្វើទុក្ខ​នៅពេល​យប់។ បើ​ព្យាបាល​មិនទាន់​ពេល​វេលា​អ្នក​ជម្ងឺ​អាចស្ទះ​ដង្ហើម​ដោយ សារ​ការរួម​ត្បៀត​នៃទង​សួត និងភាព​មិន​ប្រក្រតី​នៃ​ចលនា​របស់​សួត។ អ្នក​ជម្ងឺ​ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​តាមការ​កំណត់​របស់​ពេទ្យ ត្រូវលេប​ថ្នាំក្នុង​រយៈពេល​យូរ។ ទន្ទឹម​នឹងអ្នក​ជម្ងឺ​ទទួល​ទាន​អាហារ​មិនសូវ​បាន ស្រក​ទម្ងន់​និងមាន​ផល​រំខាន​ដល់ការ​បំពេញ​ការងារ អាជីវ​កម្ម និងការ​សិក្សា​ទៀតផង។

ការ​ព្យាបាល​ជម្ងឺ​ដែល​បង្ក​ដោយ​ក្លិន​សម្រាម

ការ​ព្យាបាល​ត្រូវ​ចាប់ផ្ដើម​ពីការ​លុប​បំបាត់​មូល​ហេតុ​បង្ក។ បន្ទាប់​មក​សន្និដ្ឋាន​ពី​កម្រិត​ជម្ងឺ​ដូចជា​រលាក​ទងសួត​ឬសួត​ផ្ទាល់ ជម្ងឺ​ហឺតជា​ដើម​ដោយការ​ប្រើ​ឧបករណ៍​ទំនើប និង​ជំនាញ​ផ្ទាល់​របស់​គ្រូពេទ្យ។ ករណី​ជម្ងឺ​ហឺត​និង​ជម្ងឺ​សួត​ឈានដល់​ដំណាក់​កាល ធ្ងន់ធ្ងរ ការ​ព្យាបាល​ត្រូវប្រើ​ពេល​យូរ ជួនអាច​ត្រូវ​ព្យាបាល​រហូត​មួយ​ជីវិត​តែម្ដង។ អ្នក​ជម្ងឺ​នឹងត្រូវ​ដាក់ថ្នាំ​ប្រភេទ​វ៉ង់តូ​លីនតាម ហោប៉ៅ​ជានិច្ច ដោយ​បាញ់​បញ្ចូល​ទៅផ្លូវ​ដង្ហើម​តាមរយៈ​មាត់​ដើម្បី​ជំនួយ​ដល់​បំពង់​ខ្យល់ពេល​ស្ទះឬ​ថប់​ដង្ហើម ឬពេល​ជម្ងឺរើ​ឡើង​វិញ ជាយថា​ហេតុ។ ថ្នាំ​ប្រភេទ​នេះប្រើ​ដើម្បី​ជួយឱ្យ​ទងសួត ឬកន្លែង​ហើម​ស្រក​និងបើក​ឡើង​វិញ។ ប៉ុន្ដែ​ថ្នាំវ៉ង់​តូលីន​(ស្ប្រ៉ាយ​)នេះមិន អាច​ព្យាបាល​ជម្ងឺ និងអ្នក​ជម្ងឺឱ្យ​ជារហូត​បានទេ​អាច​ជួយអ្នក​ជម្ងឺ​បានត្រឹម​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ដោយសារ​ជម្ងឺនេះ​អាចត្រូវ ព្យាបាល​អស់មួយ​ជីវិត ត្រូវប្រើ​ថ្នាំឱ្យ​បាន​សមស្រប​ចៀសវាង​ខូច​សុខភាព​ដោយសារ​ថ្នាំដែរ។ ដោយ​ឡែក​សម្រាប់​ថ្នាំចាក់​ប្រើនៅ ពេលដែល​ជម្ងឺ​ធ្វើទុក​ប៉ុណ្ណោះ។

វិធី​បង្ការ​ជម្ងឺ​ដែល​បង្ក​ដោយ​ក្លិន​សម្រាម

លោកអ្នក​គួរធ្វើ​អនាម័យ​ឱ្យបាន​ល្អទាំង​ក្នុង និងក្រៅ​ផ្ទះ ពោលគឺ​កុំផ្អាប់​ទុក​កម្ទេច​កម្ទី​បន្លែ កាក​សំណល់​អាហារ​និង​សម្រាម យូរ​រហូត​រលួយ​មានក្លិន​មិនល្អ​ជះចេញ​មកដល់​ច្រមុះ ដោយ​មិនត្រូវ​នៅទ្រាំ​ហិតក្លិន​ទាំងនោះ​ទេ។

ដំ​បូន្មាន​អ្នក​ជំនាញ

ក្លិន​សម្រាម​អាច​បណ្ដាល​ឱ្យ​សួត​រលាក ក្លាយជា​ជម្ងឺ​ហឺតជា​ដើម។ ជម្ងឺ​ហឺតនេះ​ទៀត​សោតអាច​នឹងត្រូវ​ព្យាបាល​អស់មួយ ជីវិត។ ដូច្នេះ​លោកអ្នក​ត្រូវចេះ​បង្ការ ព្រោះ​ការពារ​ប្រសើរ​ជាង​ព្យាបាល។ ការធ្លាក់​ខ្លួនឈឺ​ហើយ​ទើប​ស្វែងរក​សេវា​ព្យាបាល មិន​មែន ជារឿង​ងាយ​ស្រួល​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative