ចិន​ត្រៀម​បង្កើត​ភ្លៀង​សិប្ប​និម្មិត​សង្គ្រោះ​ប្រជាជន​របស់​ខ្លួន

អាកាស​ធាតុ​នៅ​លើ​ពិភព​លោក​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស បាន​បង្ខំ​ចិត្ត​មនុស្ស និង​ប្រទេស​​​មួយ​ចំនួន​រិះរក​គំនិតថ្មីៗ​ដើម្បី​ទប់​ទល់​ទៅ​នឹង​ការ​ប្រែប្រួល​ដ៏​អាក្រក់​នេះ។យ៉ា​ង​​ណា​មិញ​នៅ​ពេល​អាកាស​ធាតុ​ក្តៅ ​អ្នក​វិទ្យសាស្ត្រ​បាន​ខិត​ខំ​បង្កើត​ម៉ាស៊ីន​ត្រជាក់​ កង្ហារ​​ជាដើម ដើម្បី​បំបាត់​ភាព​ក្តៅ​ស្អុះ​ស្អាប់។ រីឯ​នៅ​ពេល​មាន​ខ្យល់​ព្យុះ ​គេបាន​បង្កើត​ឧបករណ៍​វាស់​កម្រិត​ខ្យល់​ព្យុះ ​ដើម្បី​ការពារ​និង​ប្រកាស​អាសន្ន​ទុក​ជាមុន​ដល់​ប្រ​ជា​ជន​។​ ចុះ​បើអត់​ភ្លៀង​វិញ តើ​គេធ្វើ​ដូចម្តេច​វិញ? តើ​ការ​បង្កើត​របស់​ទាំងនោះ​មាន​ប្រសិទ្ធ​ភាព​​១០០% ដែល​មិន​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​តប​ត្រឡប់​មក​វិញ​ដែរ​ឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

យោង​តាម​របាយការណ៍​ថ្មី​មួយរបស់​គេហ​ទំព័រ​សារព័ត៌​មាន​ចិន Chinadaily កាល​ពី​ ថ្ងៃ​ទី ២៣ ឧសភា ឆ្នាំ​២០១២​ថ្មីៗ​នេះ បាន​រាយ​ការណ៍​ឲ្យ​ដឹងថា  រដ្ឋា​ភិបាល​ប្រទេសចិន​នឹង​បង្កើត​បច្ចេក​វិទ្យា​ថ្មីមួយ​ដោយ​ធ្វើឲ្យ​ភ្លៀង​សិប្បនិម្មិត​​ចេញជា​រូបរាង​ឡើង នៅ​ចន្លោះ​ពី៣​ទៅ៥ឆ្នាំ​ខាងមុខ​ទៀត​​ ហើយធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទឹក​គ្រប់គ្រាន់​​សម្រាប់​​ប្រជាកសិករ​របស់​ខ្លួន។ ​ ចំពោះវត្ថុធាតុ​ដើម ​ដែល​អាច​ធ្វើ​ឲ្យ​គម្រោង​ខាង​លើ​ចេញ​ជា​រូបរាង​បាន ​មាន​ដូច​ជាគ្រាប់​រ៉ុកកែត​ជាង​៧ពាន់​គ្រាប់​ យន្តហោះ ​៥០​គ្រឿងនិង​ត្រូវការ​កាំភ្លើង​យ៉ាង​ហោច​ណាស់​៧ពាន់​ដើម ដើម្បី​បាញ់​សារធាតុ​ Silver iodide ទៅ​ក្នុង​ពពក​ដើម្បី​បង្កើត​ជា​ប្រតិកម្ម​ មាន​ភ្លៀង​ធ្លាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​ គឺជា​ប្រទេស​មួយ​ដែល​ធ្លាប់​ទទួល​រង​គ្រោះ​ធម្មជាតិ​នៅ​តំបន់ និង​នៅ​ខេត្ត​ធ្វើ​កសិកម្ម​សំខាន់ៗ​មួយ​ចំនួន និង​ធ្វើ​ឲ្យ​មនុស្ស​សត្វ ស្លាប់​បាត់​បង់​ជីវិត​អស់​ជា​ច្រើន​ផងដែរ។ មួយ​វិញ​ទៀត ប្រទេស​ចិន​ក៏ជា​ប្រទេស​មួយ​ដែល​ទទួល​រង​ពីការ​ប្រែប្រួល​អាកាស​​ធាតុ​ជាច្រើន​ផ្សេង​ទៀត​ដូចជា​គ្រោះ​ទឹក​ជំនន់ ខ្យល់​ព្យុះ និង​រញ្ជួយ​ដីជា​ដើម។ ហើយ​កត្តា​ដែល​នាំឲ្យ​អាកាស​ធាតុ​អាកាស​នៅ​ក្នុង​ប្រទេស​ចិន​ ​ទទួល​រង​ការ​គម្រាមកំហែង​យ៉ាង​ខ្លាំងនោះគឺ​ដោយ​សារ​តែ​ការ​រុករាន​យក​ដី​ និង​កាប់​ព្រៃ​ឈើ​​ដើម្បី​សាងសង់​ទីក្រុង​កាល​ពី​ជាង​២​ទសវត្សន៍​មុន​។ ​ទង្វើ​ទាំងអស់​នេះ​ បាន​ធ្វើ​ឲ្យ​អាកាស​ធាតុ​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​​​ចិន​ហួតហែង​គ្មាន​ភ្លៀង​ និង​ប្រែ​ក្លាយពី​ដី​មាន​ជីជាតិ​ទៅ​ជា​គ្មាន​ជីជាតិ​ ដាំ​ដំណាំ​អ្វីលែង​កើត។​

គួរ​រំឮក​ផងដែរ​ថា ដើម្បី​សង្គ្រោះ​វិស័យ​កសិកម្ម​ឡើង​វិញ ​រដ្ឋាភិបាល​ចិន​បាន​បញ្ចូល​គម្រោង​ខាងលើ​នេះ​ចូល​ទៅក្នុង​គម្រោង​ថ្នាក់​ជាតិ ដោយបាន​ចំណាយ​ថវិកា​សរុប​ជិត ២៦៦លាន​ដុល្លារ​អាមេរិក​ម្តង​រួច​ទៅ​ហើយ​កាល​ពី២ឆ្នាំ​មុន​កន្លង​ទៅនេះ។

អត្ថបទដោយ ៖​​ សៀង វិរៈ​

ចេញផ្សាយ ៖​​ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១២

Google Analytics Alternative