បូមមុន​បង្ក​ផល​អាក្រក់​ច្រើន​ជាង​ផលល្អ

បូមមុន​សំដៅ​លើការ​ព្យាបាល​ម្យ៉ាង ដោយការ​ប្រើ​ម៉ាស៊ីន​សម្រាប់​សម្អាត​គ្រាប់​មុននៅ​លើ​ស្បែកមុខ។ ការ​បូម​មុនបាន ទទួល​លទ្ធ​ផល​ល្អតិច​តួច​ណាស់។ ប៉ុន្ដែ​មាន​ផលប៉ះ​ពាល់​ច្រើន គឺអាច​ធ្វើឱ្យ​មាន​ប្រតិកម្ម​លើស្បែក​មុខ​និង​ប្រព័ន្ធ​កោសិកា​នៅលើ ស្បែកមុខ​ទៀត​ផង។ ដើម្បី​ចៀស​វាង​បញ្ហា​ស្បែក​មុខ និង​ប៉ះពាល់​សុខភាព​លោកអ្នក​គួរតែ​យល់ឱ្យ​បាន​ច្បាស់​អំពី​បញ្ហា​បូមមុន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដោយ​ឆ្លងកាត់​បទ​ពិសោធន៍ និង​បានចុះ​ទៅឃើញ​ផ្ទាល់​អំពី​ផល​ប៉ះពាល់​នៃការ​បូមមុន ទើប​លោក​ស្រី ច័ន្ទ​ស្រីណុច ជា ម្ចាស់​ហាងកែ​សម្ផស្ស​មី​កាសា បាន​បក​ស្រាយ​ឱ្យបាន​ជ្រាប​ពីផល​អាក្រក់​នៃការ​បូមមុន​តាម​រយៈ​ទស្ស​នាវដ្ដី​សុខភាពយើង ជូនមិត្ដ​អ្នក អានបាន​យល់ដឹង​ពី​បញ្ហា​ទាំងនេះ។

មូល​ហេតុ​នៃការ​បូមមុន

ការ​បូម​មុន​ចេញពី​ស្បែក​មុខ ភាគ​ច្រើន​ធ្វើឡើង​លើមិត្ដ​នារី​ដែលមាន​កង្វល់​លើ​ស្បែក​មុខ​ដែល​កើត​មុន​ហើយ​គ្មាន​វិធី​ព្យា​បាល។ ការ​ព្យាយាម​ព្យាបាល​គ្រប់​វិធី​មិនបាន​សម្រេច​ទើប​បណ្ដាល​ឱ្យ​លោកអ្នក​មួយ​ចំនួន​សម្រេច​ចិត្ដ​យក​វិធី​ចុង​ក្រោយ​គេ​បង្អស់​មក​អនុ​វត្ដន៍ គឺបូម​មុន​ចេញពី​មុខតែ​ម្ដង។ ម្យ៉ាង​ទៀត​លោកអ្នក​ទាំងនោះ​អាចគិត​ថាជា​វិធីនេះ​គឺឆាប់​ទទួល​លទ្ធផល​ចំណេញ​ពេល​វេលា និង​ចំណេញ​ថវិកា។

ផល​ប្រយោជន៍​នៃការ​បូមមុន

អ្នកខ្លះ​បូមមុន​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង ប៉ុន្ដែ​អ្នកខ្លះ​ទៀតមិន​បាន​ទទួល​លទ្ធផល​ដូចការ​រំពឹង​ទុក​ឡើយ។ បូម​មុនមាន ផល​ប្រយោជន៍​ជួយឱ្យ​អស់​គ្រាប់មុន​ពីលើ​ស្បែក​មុខ និងធ្វើ​ឱ្យលែង​មាន​ស្នាម​កន្ទួល​រមាស់​ជា​ពិសេស​បំបាត់​ភាព​រដិប​រដុប​លើ​ស្បែក មុខ ដោយ​ប្រែ​ក្លាយទៅ​ជាទន់​ភ្លឺ​រលោង។ ម្យ៉ាង​ទៀត​អាចជួយ​បញ្ឈប់​ការ​កកើត​គ្រាប់​មុនជា​បន្ដទៅ​ទៀតបាន។

ផល​ប៉ះពាល់​នៃការ​បូមមុន

ការបូម​មុនមិន​មែនអាច​អស់មុន​ពីលើ​ផ្ទៃមុខ​១០០​ភាគ​រយ​នោះទេ ព្រោះ​មានអ្នក​ខ្លះ​ទទួល​បាន​លទ្ធ​ផល​តិចតួច​ជួន​កាល​ស្ទើរតែ​គ្មាន​បាន​ទទួល​លទ្ធផល​សោះតែ​ម្ដង។ ទាំងនេះ​អាស្រ័យ​ទៅលើ​សាច់ឬ​ស្បែកមុខ​តែ​ប៉ុណ្ណោះ។ ក្រៅពី​ជួយឱ្យ​ស្បែក​មុខស្អាត​ខុសពី​សភាព​ដើម​ហើយ​នោះ មិត្ដ​នារីគួរ​តែ​ពិចារ​ណាអំពី​ផល​ប៉ះពាល់​នៃការ​បូម​មុនផង។ ការ​បូម​មុនមាន​ផល​ប៉ះពាល់​ច្រើនដល់​ស្បែក មុខអាច​នាំឱ្យ​មាន​ស្នាម​ក្រហូង បង្កជា​ដំបៅ​ខាងក្រៅ ឬ​ក្លាយជា​មហារីក​នៅលើ​ស្បែកមុខ។ ចំពោះ​កោសិកា​ខាងក្នុង​នៃស្បែក​មុខ អាច​ដាច់​រលាត់​ប្រព័ន្ធ​សរសៃ​ចេញ​មកខាង​ក្រៅ​ព្រោះ​ម៉ាស៊ីន​បូមមុន​មាន​កម្លាំង​រុញច្រាន​ខ្លាំង​ជាង​ប្រព័ន្ធ​ការពារ​កោសិកា​ខាងក្នុង។ ម្យ៉ាង​វិញទៀត​ប្រសិន​បើខ្វះ​បច្ចេក​ទេស​នោះការ​បូមមុន​នាំឱ្យ​មានការ​ប៉ះពាល់​ទៅ​សរសៃ​ភ្នែក​ទាំងគូ ជួនកាល​បណ្ដាល​ឱ្យខ្វាក់​តែម្ដង​ព្រោះ​កម្លាំង​ទាញនៃ​ម៉ាស៊ីន​នាំឱ្យ​សរសៃ​ដែលនៅ​ជិតៗ​គ្នារង​កម្លាំង​ជាមួយ​គ្រាប់មុន​ដែរ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

មិត្ដនារី​គួរ​ជ្រើស​រើស​វិធីដ៏​ត្រឹម​ត្រូវ​មក​ព្យាបាល ដើម្បី​ថែរក្សា​ស្បែក​មុខឱ្យ​បានយូរ​អង្វែង។ បូមមុន​មិនមែន​ជាវិធី​សម្រាប់​ជ្រើស​រើស​នោះទេ ព្រោះ​បង្ក​ផល​អាក្រក់​ច្រើនជាង​ផលល្អ។ គួរតែ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​មុន​សម្រេច​ចិត្ដ​ជ្រើស​រើស​ការព្យា​បាល​ណាមួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative