គ្រូពេទ្យ​មួយ​ចំនួន​រងការ​ចោទ​ប្រកាន់​ថា បាត់បង់​ក្រម​សីលធម៌​ពេទ្យ

បច្ចុប្ប​ន្នរាជ​រដ្ឋា​ភិបាល​និង​ក្រសួង​សុខា​ភិបាល​បានយក​ចិត្ដទុក​ដាក់ និង​ជំរុញឱ្យ​ស្ដ្រីទៅ​សម្រាល​កូននៅ​មន្ទីរពេទ្យ។ ប៉ុន្ដែ​ដើម្បី​សម្រាក​សម្រាល​កូនបាន ស្ដ្រីត្រូវ​ចំណាយ​ថវិកា ដោយត្រូវ​បង់ថ្លៃ​សេវាកម្ម និង​សគុណ​ក្រៅផ្សេង​ៗទៀត​ដើម្បី​ការយក​ចិត្ដ យកថ្លើម​ដល់​បុគ្គល​គ្រូពេទ្យ​មួយ​ចំនួន​តូច។ ពេលខ្លះ​ក៏គេ​ឃើញ​មាន​ជម្លោះ​ជាការ​ជជែក​គ្នាខ្លាំង​ៗរវាង​គ្រូពេទ្យ​និងភាគី​អ្នកស្វែង​រក សេវា​កម្ម​ដែរ។ មាន​គ្រូពេទ្យ​មួយ​ចំនួនតូច​បាត់បង់​សីលធម៌​ប្រព្រឹត្ដ​ខុស​តែក៏​មានគ្រូ​ពេទ្យមួយ​ចំនួនធំ​រក្សាបាន​នូវការ​សង្គ្រោះ​ដោយ មេត្ដា​ធម៌ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដោយសារ​បញ្ហា​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​របស់​គ្រូពេទ្យ មិនទាន់​ត្រូវបាន​អនុវត្ដ​ល្អ​ទើបធ្វើ​ឱ្យផ្ទុះ​ទស្សនៈ​រិះគន់​ធ្ងន់ៗ​ពីប្រជា​ពលរដ្ឋ។ ទស្ស​នាវដ្ដី សុខភាពយើងលេខនេះ បានជួប​សម្ភាស​ឯកឧត្ដម​សាស្ដ្រា​ចារ្យ លី ប៉ូរ​ប្រធាន​ក្រុម​ប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​(ក.គ.ជ.)​ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះជូន​ប្រជា​ពលរដ្ឋ​បានជ្រាប​ក្នុង​គោល​បំណង​បង្កើន​ការយក​ចិត្ដទុក​ដាក់លើ​បញ្ហា​ក្រម​សីលធម៌ នេះ។

ក្រម​សីលធម៌​វិជ្ជា​ជីវៈ​គ្រូពេទ្យ     

ក្រម​សីលធម៌​វិជ្ជា​ជីវៈ​គ្រូពេទ្យ​ជាក្រម​វិន័យ ចេញ​ដោយ​អនុក្រឹត្យ​ដែលមាន​លក្ខណៈ​ជាច្បាប់​ពេញ​លេញ​និងជាក់​លាក់ ចុះ ហត្ថ​លេខា​ដោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​ដើម្បី​ឱ្យគ្រូ​ពេទ្យ​គោរព​តាម ក្នុង​គោល​បំណង​រក្សា​គុណ​តម្លៃ សេចក្ដី​ថ្លៃថ្នូរ ប្រយោជន៍​ជួយ​សង្គ្រោះ​អ្នកជម្ងឺ។ ក្រម​សីលធម៌​វិជ្ជា​ជីវៈ​គ្រូពេទ្យ ត្រូវបាន​ចងក្រង​ឡើង ដោយ​ក្រុម​ប្រឹក្សា​គណៈ​គ្រូពេទ្យ​កម្ព្ពុជា (ក.គ​.ជ.)។

អំពើ​ប្រាស​ចាកក្រម​សីលធម៌

គ្រូពេទ្យ​មួយចំនួន​បានប្រើ​លក្ខខណ្ឌ​ចិត្ដសាស្ដ្រ​គម្រាម​យ៉ាងត្រជាក់​ដើម្បី​ផល​ប្រយោជន៍ និងមិន​ទទួល​ខុសត្រូវ​នូវអំពើ​ក្បត់ ឧត្ដម​គតិ ក្បត់​កាតព្វ​កិច្ច​របស់ខ្លួន​ថែមទៀត។ បុរស​ម្នាក់សុំ​មិន​បង្ហាញ​អត្ដ​សញ្ញាណ​មាន​ប្រសាសន៍​ថា“គាត់​បាននាំ​ប្រពន្ធ​ទៅ​សម្រាល កូននៅ​ពេទ្យ​រដ្ឋមួយ​កន្លែង។ គាត់​ត្រូវបង់​ថវិកា​លើ​សេវា​សម្រាល​កូនដល់​មន្ទីរ​ពេទ្យ​និង​២០០០០​រៀលទៀត​សម្រាប់​ពេទ្យយាម​ម្នាក់ ដែលជួយ​ពិនិត្យ​ផ្ទៃពោះ​ឱ្យ​ប្រពន្ធ​គាត់។ តាមពិត​ប្រពន្ធ​គាត់​ប្រាកដ​ជាអាច​សម្រាល​កូនបាន​ធម្មតា។ ប៉ុន្ដែ​ដោយ​មិនដឹង និងមិន​បានជូន សគុណ​ឱ្យគ្រប់​ពេទ្យ​យាម​ការយក​ចិត្ដទុក​ដាក់​ពិនិត្យ​ពីក្រុម​គ្រូពេទ្យ​គឺមិន​ដិតដល់។ ទីបំផុត​ប្រពន្ធ​គាត់​ត្រូវវះ​កាត់​ដើម្បី​សម្រាល កូន។ ដូច្នេះ​គាត់ត្រូវ​ចំណាយ​ថវិកា​៣០​ដុល្លារ​ជូនស​គុណ​លោក​វេជ្ជ​បណ្ឌិត​វះកាត់ ដើម្បី​ដំណើរ​ការវះ​កាត់បាន​ប្រសើរ។ លោក ពូបញ្ជាក់​ថា នេះ​ដោយសារ​គាត់មិន​ចេះចាយ​លុយ។ មានអ្នក​សម្រាក​ពេទ្យ​ក្បែរខាង​គាត់ខ្សឹប​ប្រាប់ថា បើជូន​លុយ​ពេទ្យ​យាម​គ្រប់គ្នា ប្រាកដ​ជាអាច​សម្រាល​កូន​ធម្មតា​បាន។ ហើយ​បើ​រាត្រី​នោះមិន​ទាន់​សម្រាល ដល់​រាត្រី​ស្អែក​មានពេទ្យ​យាមថ្មី គេក៏​ត្រូវមាន​ជំនូន​ជាថ្មី ម្ដងទៀត។ នេះជា​ករណី​មួយ​ហើយក៏​មាន​ករណី​ដោយឡែក​ផ្សេងទៀត​មាន​លំនាំ​ស្រដៀង​ៗគ្នា មាន​កម្រើក​ឡើងនូវ​ជម្លោះ​ទាស់​សម្ដី​ដោយ​លេស​ផ្សេងៗ​របស់​គ្រូពេទ្យ ព្រោះតែ​ជូនស​គុណមិន​ស្មើគ្នា។ អ្នកមាន​ជីវភាព​ខ្សត់​ខ្សោយ គ្មាន​ថវិកា​គ្រប់គ្រាន់ គេអាច​ទុក មួយ​អន្លើ​សិន​ហើយក៏​មានអ្នក​សម្រាល​កូនលើ​ឥដ្ឋខ្លួន​ឯងដោយ​ខ្វះ​អន្ដ​រាគមន៍​ពីគ្រូ​ពេទ្យដែរ។ នេះជា​អ្វីដែល​ក្រុម​ការងារ​យើងបាន​ជួប​សម្ភាស​នឹងអ្នក​ជម្ងឺ។ អំពើ​ទាំងនេះ​ផ្ទុយពី​ក្រម​សីលធម៌​ដែលមាន​ចែងក្នុង​សៀវភៅ​គណៈ​គ្រូពេទ្យ ត្រង់​មាត្រា៣ មាត្រា៧​មាត្រា ២៧ មាត្រា៥០ និង​មាត្រា​ផ្សេងខ្លះ​ទៀត។

មូលហេតុ​បង្ក​អំពើ​អសីល​ធម៌

លោក​សំបូរ មាណ្ណា​រ៉ា អនុ​ប្រធាន​ដេប៉ា​តឺម៉ង់​ប្រវត្ដិ​សាស្ដ្រ​នៃសាកល​វិទ្យាល័យ​ភ្នំពេញ​អះអាង​ថា​“សង្កេតជា​ទូទៅ​លើ​បញ្ហា​សេដ្ឋកិច្ច គ្មានគ្រូ​ពេទ្យ​ណាម្នាក់​ក្រីក្រ​ជាងអ្នក​ជម្ងឺ រហូត​បង្ខំចិត្ដ​ត្រូវតែ​ប្រព្រឹត្ដ​អំពើ​អសីល​ធម៌​ដោយ​ពុក​រលួយ​និងកេង​ប្រវ័ញ្ចយ​ក ចំណេញ​តាមដែល​អាចធ្វើ​ទៅបាន​តាមរយៈ​វិជ្ជា​ជីវៈ​របស់​ខ្លួននោះ​ទេ។ ដោយ​អំពើ​អសីល​ធម៌​មាន​ច្រើន​ប្រភេទ​ច្រើន​រូបភាព​ដូច្នេះ មូល​ហេតុ​បន្ទាប់​បន្សំ​ដែលជា​លេសក៏​មានច្រើន​យ៉ាងដែរ។ កាលណា​មនុស្ស​បណ្ដោយ​ឱ្យ​តណ្ហា​សេចក្ដី​លោភ​មកជាន់​ឈ្លីលើ​វិចា​រណ- ញាណ​ហើយ អ្វីៗ​ប្រាកដ​ជាអាច​កើតឡើង​ដោយក្ដី​ងងឹត​ងងុល។ ឧទា​ហរណ៍​ការចង់​មានចង់់​បានហួស​ពេក​គេអាច​ទ្រាំមើល​ទ្រាំស្ដាប់​សភាព​ការណ៍​លំបាក​របស់អ្នក​ខ្សត់ខ្សោយ​ដែលមក​ពឹងពាក់​លុះ​ដំណាក់​កាលចុង​ក្រោយបាន។ លោក​សំបូរ មាណ្ណា​រ៉ា និងលោក​សាស្ដ្រា ចារ្យ លី​ប៉ូរមាន​ទស្សនៈ​ស្របគ្នា​ថា“អ្វី​ដែល​សំខាន់​បំផុត​នោះគឺ​ការបាត់​មនសិ​ការ​និង​ឧត្ដម​គតិ​ផ្ទាល់​របស់​បុគ្គលជា​គ្រូពេទ្យ។ គោល ជំហរ ឧត្ដម​គតិ​សំខាន់​ណាស់ក្នុង​ការតម្រង់​សីលធម៌​វិជ្ជា​ជីវៈ​គ្រូពេទ្យ”។

ផល​វិបាក​នៃ​អំពើ​អសីល​ធម៌

1 . បញ្ហា​ផ្លូវចិត្ដ ៖ ក្រុម​គ្រួសារ ពិសេស​ស្ដ្រីមាន​ផ្ទៃពោះ​ផ្ទាល់ តែងមាន​ការភ័យ​ខ្លាច អស់​សង្ឃឹម តក់ស្លុត​តានតឹង អារម្មណ៍ ក្នុង​ករណី​គ្រូពេទ្យ​មាន​ចេតនា​បំភ័យ​ដោយ​ពោលពាក្យ​មិន​សមរម្យ គំរោះ​គំរើយ​ពោល​ស្មានៗ​ពីទម្ងន់​អាការ​ជម្ងឺ។ នេះ ព្រោះតែ​ចង់ឱ្យ​ភាគី​អ្នកជម្ងឺ​មានជា​សគុណ ស្រោម​សំបុត្រ និងលាភ​សក្ការៈ​ដោយ​និយាយ​ថា​កូន​ពិបាក​កើត​ណាស់ អាចត្រូវ​វះកាត់ ជាដើម។ មិនតែ​ប៉ុណ្ណោះ​ការពោល​ពាក្យ​អសុរោះ​បោះបោក​របស់​ពេទ្យ​មួយ​ចំនួនក៏​ធ្វើឱ្យ​អ្នកជម្ងឺ​បន្ថែមនូវ​ការឈឺ​ចិត្ដ ភ័យខ្លាច​ពីសុវត្ថិ ភាពកូន ខឹង​សម្បារ​ចំពោះពេទ្យ បាត់បង់​ភាពកក់​ក្ដៅពី​គ្រូពេទ្យ។ នេះជា​ហេតុ​ការណ៍​កើតឡើង​ចំពោះអ្នក​ស្រីផ.ល.។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . សេដ្ឋកិច្ច បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នៅមាន​កម្រិត​ជីវភាព​ក្រីក្រ​ដែលជា​បច្ច័យ​អាក្រក់​មួយងាយ​ឱ្យ មនុស្ស​កើតមាន​ជម្ងឺ។ ចុះបើ​ចំណូល​មាន​អតុល្យ​ភាពនឹង​សេវា​ព្យាបាល​ដែលត្រូវ​ចំណាយ​ថវិកា​ច្រើនទាំង​ថ្នាំទាំង​សេវាថែ​ទាំ តើ ប្រជា​ពលរដ្ឋ​អាចនឹង​មានបាន​ម្ដេចរួច? នោះ​ប្រទេស​ជាតិនឹង​មិនមាន​ការអភិ​វឌ្ឍ​ជឿនលឿន​ឡើយ។ ពោលគឺ​អំពើ​អសីល​ធម៌ជា សត្រូវ​នៃការ​លូតលាស់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ។ បើពេទ្យ​ធ្វើឱ្យ​ប្រជាជន​ខ្លាចឬ​ស្អប់ខ្ពើម​នោះគាត់​អាចទ្រាំ​នឹងជម្ងឺ ជួនកាល រហូត​ដល់​អាការ​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទើបគាត់​ដាច់ចិត្ដ​រកពេទ្យ​នោះគាត់​បាត់​សុពល​ភាពក្នុង​ការបង្ក​បង្កើន​ផល បាត់បង់​ប្រាក់​ចំណូល​កាន់ តែខ្ពស់ ជម្ងឺ​កាន់តែ​ពិបាក​កែ។

3 . សង្គម​មនុស្ស ៖ អំពើ​អសីល​ធម៌​របស់​គ្រូពេទ្យ​មួយ​ចំនួន​មិនបាន​បង្កឱ្យ​មាន​សាមគ្គី​ភាព​សេចក្ដី​ស្រឡាញ់​រាប់អាន សេចក្ដី​ថ្លៃថ្នូរ​នោះឡើយ។ លើសពី​នេះក៏​អាច​បណ្ដាល​ឱ្យកើត​ក្ដី​ច្រណែន ចងគំនុំ​នឹងគ្នា។ អ្នកស្រី​ផ.ល.​អះអាង​ថា“គាត់​ខឹង និងស្អប់ ពេទ្យមួយ​ចំនួននោះ​ណាស់ រហូត​មានក្ដី​ប្រមាថ​មិនល្អ​ក្នុងចិត្ដ”។

ដំណោះ​ស្រាយ​ចំពោះ​ការប្រ​ព្រឹត្ដខុស​ក្រមសីល​ធម៌

តាមរយៈ​ប្រសាសន៍​របស់​ឯកឧត្ដម​សាស្ដ្រា​ចារ្យ លី ប៉ូរ​រំលឹក​ឱ្យដឹង​ថាកន្លង​មកមាន​ការ​ប្រព្រឹត្ដ​ខុសក្រម​សីលធម៌​ជាច្រើន ករណី​ផ្សេងៗ​គ្នា។ បន្ទាប់​ពីបាន​បង្កើត​ឡើងនូវ​ក.គ.ជ.​កាលពី​ឆ្នាំ​២០០០​ការរៀប​ចំឱ្យ​មានការ​ចុះឈ្មោះ​ជាសមា​ជិក​ក.គ.ជ​.ពី​គ្រូពេទ្យ ទូទាំង​ប្រទេស យើងបាន​ក្ដោប​និងរឹត​បន្ដឹង​នូវការ​គោរព​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​កាន់តែ​ប្រសើរ​ឡើង។ ក្នុងនោះ​មានគ្រូ​ពេទ្យខុស​ឆ្គង អាច​ទទួល​ការព្រមាន ការស្ដីប​ន្ទោស ឬដាក់​ពិន័យ​និងអាច​ត្រូវលុប​ឈ្មោះ​ចេញពី​បញ្ជី​គណៈ​គ្រូពេទ្យ និង​មានដាក់​ពិន័យ​ធ្ងន់ធ្ងរ​ផ្សេង ទៀត។ ប៉ុន្ដែក៏​នៅមាន​បុគ្គល​មួយ​ចំនួន​រឹងរូស​លួចលាក់​ប្រព្រឹត្ដ​អំពើ​អសីល​ធម៌ដែរ។ ឯកឧត្ដម​សាស្ដ្រា​ចារ្យ លី ប៉ូរ អះអាងថា គណៈ​គ្រូពេទ្យ​នឹង​ព្យាយាម​សហការ​លុប​បំបាត់​អំពើ​ពុំគប្បី​ទាំងនេះ​តាមគ្រប់​រូបភាព​ដោយ​ខិតខំ​អប់រំ​បណ្ដុះនូវ​មនសិការ ឧត្ដម​គតិ គ្រូពេទ្យ​ទាំង​ជំនាន់​ចាស់​ទាំងជំនាន់​ថ្មី​ធ្វើយ៉ាង​ណាឱ្យ​ពួកគេ​គោរព​បានតាម​ក្រម​សីលធម៌​គ្រូពេទ្យ​នៅក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំងអស់។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

គ្រូពេទ្យ​ជាមាតា​ដ៏​ប្រពៃ​នៃអ្នក​ជម្ងឺ និងជា​អ្នក​សន្ដោស​សង្គ្រោះ​ជីវិត​ប្រជា​ពលរដ្ឋ​ដោយ​ខន្ដី មិន​ប្រកាន់​ពណ៌​សម្បុរ​ភេទ ឋានៈ តួនាទី និងមាន​ក្រឡើយ។ អ្នក​ដែល​ស្វែងរក​សេវា​សង្គ្រោះ​ព្យា​បាល​មិនគួរ​ទទួល​បានការ​ឈឺចាប់​បន្ថែម​ទៀតទេ។ ដូច្នេះ​សូម គ្រូពេទ្យ​គ្រប់រូប​កុំធ្វើ​ខ្លួនឱ្យ​ក្លាយជា​ប្រការ​ដទៃ​កុំយក​លេស​អារម្មណ៍​មិនល្អ​ផ្ទាល់ខ្លួន​ទៅ​រំសាយ​ចំពោះអ្នក​ជម្ងឺ កុំ​ប្រព្រឹត្ដ​ខុស​ក្រម សីលធម៌​ផ្សេងៗ។ ទង្វើ​ផ្ទុយពី​អត្ដ​សញ្ញាណ​នៃ​សម្លៀក​បំពាក់​ឈុត​ពណ៌ស សូមកប់​វាចោល​ទៅ។ ចុង​ក្រោយក៏​សូម​គោរព​កោត សរសើរ​ដោយ​ស្មោះ​ចំពោះ​គ្រូពេទ្យ​មួយចំនួន​ធំ ដែលជា​ពេទ្យគំរូ​ដែលលោក​រក្សា​បាននូវ​គុណ​តម្លៃដ៏​ប្រសើរ​ខ្ពង់ខ្ពស់​ក្នុងការ​សង្គ្រោះ ដោយ​មេត្ដា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative