អ្នក​រងគ្រោះ​ដោយ​សារ​ជម្ងឺ​ឆ្លង​រាត​ត្បាត​នៅ​ខេត្ត​កំពង់​ស្ពឺ​ស្រែក​សុំ​ជំនួយ

ជម្ងឺ​ឆ្លង​រាត​ត្បាត នៅ​តែ​ជា​ក្តី​បារម្ភ​របស់​ពល​រដ្ឋ​នៅ​តាម​ទី​ជន​បទ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជម្ងឺ​ឆ្លង​ជា​ជម្ងឺ​ដែល​កាច​សាហាវ និង​ងាយ​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែល​រស់​នៅក្បែរ​ខាង​ជាមួយ​គ្នា និង​បន្ត​ទៅអ្នក​ដ៏ទៃ​ជាបន្ត​បន្ទាប់​និង​អាច​ធ្វើឲ្យ​មនុស្ស​បាត់​បង់​ជីវិត​ផង​ដែរ។ ថ្មីៗ​នេះ ពល​រដ្ឋ​នៅ​ខេត្ត​កំពង់​ស្ពឺ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ជម្ងឺ​ឆ្លង​នេះ ដែល​បាន​រាត​ត្បាត​ទៅ​លើ​មនុស្ស​ជាច្រើន​រយ​គ្រួសារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្នក​ភូមិ​នៅ​ខេត្ត​កំពង់ស្ពឺ បានព្រួយ​បារម្ភ​ពី​ជម្ងឺ​ឆ្លង​កំពុង​រាតត្បាត​ក្នុង​មូលដ្ឋាន ហើយ​ពួក​គាត់​គ្មាន​លទ្ធភាព​ទប់​ស្កាត់។ ពលរដ្ឋ​រង​គ្រោះ​បាន​អំពាវនាវ​ទៅ​មន្ត្រី​ក្រសួង ឬ​មន្ទីរ​សុខាភិបាល ឲ្យ​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ចុះ​ដល់​មូលដ្ឋាន​កើត​មាន​ជម្ងឺ ដើម្បី​ទប់​ស្កាត់​ជំងឺ​រាតត្បាត​ជា​បន្ទាន់។ ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កំពុង​ព្រួយ​បារម្ភ​ពី​ប្រភេទ​ជំងឺ​ម្យ៉ាង​ដែល​កំពុង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ហើយ​ពលរដ្ឋ​មិន​អាច​ទប់ស្កាត់​បាន។ នេះ​បើយោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​វិទ្យុ​អាស៊ី​សេរី។

សេចក្តី​រាយការ​ពី​គេហ​ទំព័រ​ខាង​លើ​បាន​បន្ត​ថា លោក​ស្រី ឆេ ខាវ ពលរដ្ឋ​រស់​នៅ​ភូមិ​ពង្រ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឺ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ​​ថា កូនស្រី​គាត់​​ម្នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​ជម្ងឺ​​​អាការៈ​ក្ដៅ​ខ្លួន មាន​កន្ទួល​ក្រហម​ចេញ​លើ​រាងកាយ និង​ឈឺ​សន្លាក់​​​ដៃ​សន្លាក់​ជើង មិន​អាច​ដើរ​បាន។ អាណាព្យាបាល​រូប​នេះ​បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល ឬ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ ជួយ​មាន​​​វិធានការ​ទប់ស្កាត់ ឬ​បញ្ជូន​គ្រូពេទ្យ​ចុះ​ព្យាបាល​អ្នក​ជម្ងឺ ជូន​ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រង់ ស្រុក​គងពិសី ឲ្យ​បាន​ទាន់​ពេល ព្រោះ​ជម្ងឺនេះកំពុង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ លោកបានបន្ថែមថា៖ «កើត​ជម្ងឺហ្នឹង​ចង់១​ខែ​ហើយ។ មុន​ដំបូង​ឈឺ​មួយៗ​ទេ ហើយ​កូន​ខ្ញុំ​ឈឺ​មុន​គេ រួច​ហើយ​ឈឺ​តៗ​គ្នា​ទាំង​អស់។ ឥឡូវ​កាន់​តែ​ឈឺ​រាលដាល​ពេញ​ភូមិ ផ្ទះ​ប្អូន​ខ្ញុំ ៦​នាក់ ឈឺ​ទាំង ៦ ហើយ​ប្អូន១​គ្រួសារ​ទៀត​ក៏ឈឺ​ទាំង​គ្រួសារ»។

ចំណែក​ពលរដ្ឋ​ច្រើន​នាក់​ទៀត​ ក៏​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​ចុះ​ជួយ​ព្យាបាល​ជម្ងឺ​ដល់​ពលរដ្ឋ​រស់​ឃុំ​ស្រង់ ស្រុក​គងពិសី ឲ្យ​បាន​ទាន់​ពេល ព្រោះ​សព្វ​ថ្ងៃ​នេះ​មាន​អ្នក​ជម្ងឺ​ប្រហែល ២​នាក់​ក្នុង​១​គ្រួសារ បាន​ឈឺ​ជម្ងឺចម្លែក​នេះ។ ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ដូច្នេះថា៖ «អាការៈ​អ្នក​ជម្ងឺឡើង​កន្ទួល​ក្រហម​ដូច​ជម្ងឺកញ្ជ្រឹល​អ៊ីចឹង ឡើង​ត្មិល​ពេញ​ខ្លួន ហើយ​ទន់​ដៃ​ទន់​ជើង ហើម​មុខ និង​មាន​មុខ​ក្រហម ឈឺ​ឆ្អឹងឆ្អែង របៀប​គ្រុន​ផ្ដាសាយ​ធំ។ ឈឺ​ក្នុង​១​ផ្ទះ​ឆ្លង​គ្រប់​គ្នា ពី​ប្រពន្ធ​ទៅ​ប្ដី​ទៅ​កូន។ ១​ភូមិ​ឈឺ​ទាំង​អស់​គ្នា ក្នុង​១​ផ្ទះ​ឈឺ​ឆ្លង​ទាំង​អស់»។ ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​បន្ថែមថា ជម្ងឺដែល​ឆ្លង​រាតត្បាត​ក្នុង​មូលដ្ឋាន​នេះ បាន​កើត​មាន​តាំង​ពី​ខែ​មេសាមក​ម្ល៉េះ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​វត្តមាន​មន្ត្រី​សុខាភិបាល​ចុះ​ដល់​មូល​ដ្ឋាន ដើម្បី​អប់រំ ឬ​ក៏​ជួយ​ព្យាបាល​ជម្ងឺនេះ​ជូន​ពលរដ្ឋ​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ លោក ជា សុខ អនុ​ប្រធាន​ភូមិ​ពង្រ ស្ថិត​នៅឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​ទទួល​ស្គាល់​​ថា ពិត​ជា​មាន​ពលរដ្ឋ​រាប់​រយ​គ្រួសារ​នា​មូលដ្ឋាន​លោក​កើត​មាន​ជម្ងឺពិត​មែន។ លោកបាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១០០គ្រួសារ​រស់​នៅ​មូលដ្ឋាន​លោក គឺ​បាន​កើត​ជម្ងឺ​នេះ​ស្ទើរ​គ្រប់​ផ្ទះ។ លោក​ថ្លែង​ថា ជម្ងឺ​រាតត្បាតនេះ​ មិន​ទាន់​ឃើញមន្ត្រី​ជំនាញសុខាភិបាល​ផ្នែក​ណា​មួយ​ចុះ​ជួយ​ព្យាបាល​ជម្ងឺជូន​ពលរដ្ឋ​ដល់​មូលដ្ឋាន​នៅ​ឡើយ​ទេ។ ដូច្នេះ​លោក​ស្នើ​ឲ្យ​មន្ត្រីសុខាភិបាលចុះ​ជួយ​ព្យាបាល​ជម្ងឺ​​ជូនដល់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់។

ឆ្លើយ​តប​ទៅនឹងកង្វល់របស់​ពលរដ្ឋ ​លោក​វេជ្ជបណ្ឌិត ងាន់ ចន្ថា នាយក​រង​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជម្ងឺ​គ្រុន​ចាញ់ និង​ជា​ប្រធាន​​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺគ្រុន​ឈាម នៃ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ក្រសួង​​សុខាភិបាល​បាន​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ចុះ​ស្រាវជ្រាវ និង​អប់រំ​ពី​ការ​ទប់​ស្កាត់​ជម្ងឺ​ជូន​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺរួច​​ហើយ។ លោក​​បានបន្តថា ជម្ងឺ​រាតត្បាត​នៅ​ស្រុក​គងពិសីនេះ មិន​បង្ក​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ដល់​អាយុ​ជីវិត​ទេ ព្រោះ​ដើម​ហេតុ​បណ្ដាល​មក​ពី​មូស​ខ្លាខាំ។ ដូច្នេះ​វិធី​ទប់ស្កាត់​ លោកស្នើ​ឲ្យប្រជាពលរដ្ឋ​សំអាត​លំនៅឋាន​របស់​ខ្លួន​ឲ្យ​មាន​អនាម័យ និង​ត្រូវ​ទទួល​ទាន​ដំណេក​ក្នុង​មុង​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ។ លោក ងាន់ ចន្ថាបានថ្លែងបន្តថា៖ «យើង​ឃើញ​ថា អ្នក​ជម្ងឺ​គ្រុន​ក្ដៅ ហើយ​មាន​ចេញ​កន្ទួល​ក្រហមៗ​នៅ​លើ​ខ្លួន ដូច​​ជា​ជម្ងឺ​គ្រុន​ឈាម ហើយ​មាន​អ្នក​ជម្ងឺ​ខ្លះ​ស្បែក​ឡើង​ដោល ហើយ​រោគ​សញ្ញា ១​ទៀត អ្នក​ជម្ងឺ​ខ្លះ​ឈឺ​សន្លាក់​ដៃ​ជើង។ ជម្ងឺហ្នឹង​យើង​បាន​បូម​ឈាម​មក​មើល យើង​ឃើញ​ថា វា​ជា​ជម្ងឺ១ យើង​ហៅ​ថាជម្ងឺ​ឈិនគុនយ៉ា ហើយ​ជម្ងឺ​នេះ​ឆ្លង​ដោយ​ការ​ខាំ​របស់​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លង​ជម្ងឺគ្រុន​ឈាម»។ លោក ងាន់ ចន្ថា ឲ្យ​ដឹង​ដែរ​ថា មាន​អ្នក​ជម្ងឺ​ពី ២០០ ទៅ ៣០០​នាក់ ដែល​កើត​មាន​ជម្ងឺ​មិន​បាន​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្ត​កំពង់ស្ពឺទេ ដោយ​រង់ចាំ​គ្រូពេទ្យ​ចុះ​ទៅ​ដល់​មូលដ្ឋាន។ យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​អះអាង​ថា មិន​ទាន់​ឃើញ​វត្តមាន​មន្ត្រី​​ក្រសួង ឬ​មន្ទីរ​សុខាភិបាល​ចុះ​ដល់​មូលដ្ឋាន​របស់​ខ្លួន​ទេ ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​រាតត្បាត​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១២ មក​នោះ។

គួរ​រំឮក​ផង​ដែរ​ថា ជម្ងឺ​ឈិន​គុនយ៉ា ដែល​កំពុង​រាត​ត្បាត​ប្រជាជន​នៅខេត្ត​កំពង់​ស្ពឺ​នេះ ក៏​ធ្លាប់​បាន​រាត​ត្បាត​ពលរដ្ឋ​នៅខេត្ត​កំពង់​ស្ពឺ​នេះម្តង​រូចមក​ហើយ​កាល​ពីចុង​ខែ​មិនា ហើយ​ចំណែក​ឯ​ប្រជាពល​រដ្ឋនៅ​ខេត្ត​តាកែវ​រស់នៅ​ក្នុង​ភូមិ​មួយ​ចំនួន ក៏​ទើប​តែ​ទទួល​រង​នូវ​ការ​រាត​ត្បាត​ពី​ជម្ងឺ​នេះផង​ដែរ​កាល​ពីប៉ុន្មាន​សប្តាហ៍​មុន​នេះ។គួរ​បញ្ជាក់​ផង​ដែរ​ថា ជម្ងឺ​ឈិន​គុន​យ៉ា​នេះ បាន​កប់បាត់​ខ្លួន​ជាង​៤០​ឆ្នាំមក​ហើយ ប៉ុន្តែ​ឥឡូវ​វាបាន​បន្ត​កើត​ឡើង​វិញ​ដោយ​ភ្នាក់​ងារ​ចម្លង​ជម្ងឺ​គឺ​មូស​ខ្លា​ខាំ។

អត្ថបទដោយ ៖ ​សៀង វិរៈ​

ចុះផ្សាយ ៖ ថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១២

Google Analytics Alternative