ជម្ងឺ​ប្រ​កាំង ៖ មូល​ហេតុ និង​វិធី​ព្យាបាល

តាមការ​ស្រាវ​ជ្រាវ​បាន​ដឹងថា​មាន​ប្រជា​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​ប្រមាណ​ជា៨០% មាន​ជម្ងឺ​ឈឺ​ក្បាល​ម្ដងដែរ​ក្នុងមួយ​ឆ្នាំ។ ឈឺ​ក្បាលជា​ជម្ងឺ​ដែល​បណ្ដាល​មកពី​មូល​ហេតុ​ច្រើន​យ៉ាង​ផ្សេងៗ​ពីគ្នា។ ម្យ៉ាង​ទៀត​អាការ​ឈឺក្បាល​ដែល​មិន​បណ្ដាល​ពីការ​ប៉ះ​ទង្គិច ជា​សញ្ញា​នៃ​បញ្ហា​ប្រព័ន្ធ​ប្រសាទ។ ក្នុងនោះ​រោគ​សញ្ញា​ជាជម្ងឺ​ប្រកាំង​ក៏នាំ​ឱ្យអ្នក​ជម្ងឺ​ឈឺ​ក្បាលដែរ។ តើ​អាការ​ឈឺក្បាល​ដូចម្ដេច ទើប ចាត់ទុក​ថាជម្ងឺ​ប្រកាំង?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត មុនី សុត្ថារា អ្នក​ឯកទេស​វិកល​វិទ្យា និងជា​ប្រធាន​ផ្នែក​ជម្ងឺ​ផ្លូវចិត្ដ​ប្រចាំ​មន្ទីរ​ពេទ្យ​ព្រះកុ​សុមៈ​បាន​ស្រាយ​បំភ្លឺ​អំពី​ជម្ងឺ​ប្រកាំង​នេះ តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង ជូ​នប្រិយ​មិត្ដ​អ្នកអាន​បាន​ជ្រាប។

អ្វីជា​ជម្ងឺ​ប្រកាំង?

ប្រកាំង​ជាជម្ងឺ​ដែលមាន​អាការ​ឈឺក្បាល​ម្យ៉ាង ហើយមិន​បណ្ដាល​ពីការ​ប៉ះទង្គិច​ឡើយ​គឺវា​បានពាក់​ព័ន្ធ​សំខាន់​ទៅនឹង​បញ្ហា សរសៃ​ប្រសាទ។ ការឈឺ​ក្បាល​បែប​ប្រកាំង​នេះមាន​កម្រិត​ធ្ងន់ធ្ងរ​ជាងការ​ឈឺក្បាល​ដែល​បណ្ដាលពី​មូលហេតុ​ផ្សេងទៀត ដូចជា​ការ គ្រុន​ផ្ដាសាយ គ្រុនពោះ​វៀន  ការគិត​ច្រើន ការតាន​តឹងចិត្ដ ការថប់​អារម្មណ៍​ជាដើម។ ក្នុង​ចំណោម​អ្នកជម្ងឺ​ដែលបាន​ទៅរក​សេវា ព្យាបាល​នៅផ្នែក​ជម្ងឺផ្លូវ​ចិត្ដមាន​ប្រមាណ​ជា៩០​%បាន​ត្អូញត្អែរ​ថាមាន​អាការ​ឈឺក្បាល។

រោគ​សញ្ញា​ជម្ងឺ​ប្រកាំង

មានកត្ដា​មួយ​ចំនួន​ដែលអ្នក​ជម្ងឺ​អាចកត់​សម្គាល់​ដោយខ្លួន​ឯងបាន ក្នុងនោះ​មានដូច​ជា ៖

  • អាចមាន​អាការ​ម្យ៉ាង​ដែលធ្វើ​ឱ្យដឹង​មុន ដូចជា​មានគ្រាប់​ខ្មៅព្រាល​ៗលេច​ឡើងព្រិច​ៗចំពោះ​មុខ​ហើយក៏​អាចមើល ឃើញ​ច្បាស់មួយ​ចំហៀង​មិនច្បាស់​មួយចំ​ហៀង​ពេលដែល​មើលចំ​ពីមុខ​លុះណា​មើលបែរ​បញ្ឆិត​បន្ដិច​ទើបឃើញ​ច្បាស់ដូច​ធម្មតា។ នៅក្រោយ​ពេល​អាការ​ទាំងនេះ​បាត់ទៅ​វិញ ការឈឺ​ក្បាលក៏​ចាប់ផ្ដើម​កើតឡើង​តែម្ដង
  • អ្នកជម្ងឺ​ខ្លះអាច​កើតឡើង​នូវ​អាការ​មើលមិន​ច្បាស់ ឬចាញ់់ពន្លឺ ពេលអ្នក​ជម្ងឺ​នៅកន្លែង​កាន់តែ​ភ្លឺ​ឈឺក្បាល​ក៏កាន់​តែខ្លាំង
  • ឈឺមួយ​ចំហៀង​ក្បាលអាច​ផ្នែកខាង​ឆ្វេង ឬខាង​ស្ដាំ និងអាច​ខាងមុខ ឬខាង​ក្រោយ
  • ឈឺក្បាល​ញឹក​ញាប់ និងទៀង​ពេល​វេលា​អាច​ពេល​ព្រឹក ពេលថ្ងៃ ពេល​រសៀល ឬពេល​ណាមួយ​ផ្សេង​ទៀត​ដោយ​អ្នក ជម្ងឺ​ខ្លះអាច​ឈឺមួយ​ថ្ងៃម្ដង អាចមួយ​សប្ដាហ៍​ម្ដង ឬពីរ​ដង ហើយក៏​អាចមួយ​ខែឈឺ​២ដង ឬ៣ដង​ក៏មាន
  • ឈឺក្បាល​សង្គ្រប់​ខ្លាំងភ្លាមៗ ហើយមាន​រយៈពេល​វែង ជួនកាល​អាចដល់​ទៅពីរ​ម៉ោងក្នុង​ពេលឈឺ​ម្ដងៗ
  • អាចមាន​អាការ​ចង់​ចង្អោរ ឬក្អួត​មុនពេល​ឈឺក្បាល ឬខណៈ​ពេល​កំពុង​ឈឺក្បាល
  • ឈឺក្បាល​ហាក់ដូច​ជាមាន​គេយកអ្វី​មួយគាប​ក្បាល។

មូល​ហេតុ​ជម្ងឺ​ប្រកាំង

ក្នុងការ​ស្រាវ​ជ្រាវ​មានមូល​ហេតុ​មួយ​ចំនួន​ត្រូវបាន​គេរក​ឃើញ។

  • ការ​រំខាន​នៃ​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ឈាម​ខួរក្បាល ដែល​ចលនា​ឈាម​រត់នោះ​មានការ​ប្រែប្រួល​ឬដោយ​សារមាន លក្ខណៈ​មិន​ប្រក្រតី​នៃចរន្ដ​ឈាម ជា​ហេតុអាច​ធ្វើឱ្យ​ចរន្ដ​ឈាមស្ទះ​ជាដើម
  • ចំពោះ​ស្ដ្រីដែល​កើតជម្ងឺ​ប្រកាំង​គឺអាច​បណ្ដាលពី​ការ​ប្រែប្រួល​នៃអ័រម៉ូន​អូស្ដ្រូសែន​ក្នុងខណៈ​ពេលដែល​ស្ដ្រីជិត​ធ្លាក់រដូវ ឬ​ក្រោយ​ពេលធ្លាក់​រដូវ ក៏ច្រើន​ឈឺក្បាល​ខ្លាំងនៅ​ពេលនោះ​ដែរ
  • ការ​គ្រប់គ្រង់​អារម្មណ៍​មិនបាន​ល្អពេល​មាន​កំហឹង ឬឆាប់​ខឹង​ច្រឡោត​ការកើត​មាន​ករណី​នេះញឹក​ញាប់ក៏​អាច​បណ្ដាល​ឱ្យ​កើតមាន​ជម្ងឺ​ប្រកាំង​បានដែរ

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការព្យា​បាលជម្ងឺ​ប្រកាំង

មាន​វិធីសា​ស្ដ្រមួយ​ចំនួន​ដែលអ្នក​ជម្ងឺត្រូវ​ប្រតិបត្ដិ​ដោយខ្លួន​ឯង។ នៅពេល​ចាប់ផ្ដើម​ឈឺក្បាល​សូមរក​កន្លែង​សម្រាក​បិទ ភ្នែក​សម្ងំដេក​នៅ​កន្លែង​ងងឹត​បន្ដិច។ អ្នក​ជម្ងឺ​មួយ​ចំនួន​កបនឹង​ការ​ញ៉ាំ​កាហ្វេ​គឺក្នុង​ពេលឈឺ​ក្បាល​ប្រកាំង​នេះអ្នក​ជម្ងឺអាច​ញ៉ាំ​កាហ្វេ​ក្នុង​កម្រិត​១០០​មីលី​ក្រាម(​ឆុងទឹក​ក្ដៅ) ក៏អាច​ធូរស្រាល​ទៅបាន​ដែរ។ តែបើ​ការញ៉ាំ​កាហ្វេ​នេះនៅ​តែបន្ដ​ញ៉ាំយូរ​ពេក អាចមាន​បញ្ហា ញៀន​កាហ្វេ​កើតឡើង។ ដូច្នេះ​វិធី​នេះអាច​អនុវត្ដ​បានតែ​ម្ដងម្កាល​ពេលឈឺ​តែ​ប៉ុណ្ណោះ។ ការហាត់​ប្រាណឱ្យ​បានទៀង​ទាត់ក៏​ជាវិធី មួយដែល​ធ្វើឱ្យ​អារម្មណ៍​ល្អ បំបាត់​នូវភាព​ស្មុគ​ស្មាញ​ទប់ស្កាត់​សភាព​ធ្ងន់ធ្ងរ​នៃជម្ងឺ​ប្រកាំង​បានមួយ​កម្រិត។ តាមការ​ព្យាបាល​របស់ ពេទ្យ​ជំនាញ មានវិធី​សម្រួល​សាច់ដុំ និងមាន​វិធី​បន្ទាប់​បន្សំ​ផ្សេង​ទៀត​ដូចជា​ធ្វើម៉ា​ស្សាម្ដុំ​កញ្ចឹងក​ថ្ងាស​ដើម្បី​សម្រួល​សរសៃ​ឈាម និងយក​កន្សែង​ជ្រលក់​ទឹកក្ដៅ​ឧណ្ហៗ​ជូតនៅ​សព្វ​កន្លែង​នៃក្បាល។ ថ្នាំ​ប្រភេទ​ខ្លះអាច​ជួយ​សម្រួល​ពេលឈឺ​ក្បាលខ្លាំង ដូចជា​អាស្ពីរីន ជាដើម​ប៉ុន្ដែ​ថ្នាំ​ប្រភេទ​នេះអ្នក​ជម្ងឺ​មិនអាច​លេបជា​ប្រចាំ​ក្នុងរយៈ​ពេលយូរ​នោះឡើយ​ព្រោះវា​អាចប៉ះ​ពាល់​ក្រពះ។ ការ​ប្រើប្រាស់​ថ្នាំ សម្រាប់​ព្យាបាល​លុះត្រា​តែអ្នក​ជម្ងឺ​ទទួល​បានការ​ណែនាំ​អនុ​ញ្ញាត​ឬ​វេជ្ជ​បញ្ជា​ពីគ្រូ​ពេទ្យ​ជំនាញ​ជាមុន​សិន។

វិធី​បង្ការ​ជម្ងឺ​ប្រកាំង

ក្នុងជីវ​ភាពរស់​នៅប្រ​ចាំថ្ងៃ លោកអ្នក​មិនគួរ​គប្បី​បណ្ដែត​បណ្ដោយ​ឱ្យភ្លើង​កំហឹង​ឆាបឆួល​តាមតែ​អាចកើត​ឡើងនោះ​ទេ។ ម្យ៉ាង​ទៀតរាល់​បញ្ហា​ស្មុគស្មាញ​ដែលកើត​ឡើង​ចំពោះមុខ លោកអ្នក​ត្រូវចេះ​រំសាយ​វាចោល​កុំឱ្យ​បញ្ហា​តានតឹង​អារម្មណ៍​កើតឡើង ចំពោះ​លោកអ្នក។

ផល​វិបាក​ជម្ងឺ​ប្រកាំង

ការបៀត​បៀន​ដោយ​ជម្ងឺ ធ្វើឱ្យ​មានផល​រំខាន​គ្រប់យ៉ាង។ បញ្ហា​ដែលកើត​ឡើងពី​ជម្ងឺ​ប្រកាំង ធ្វើឱ្យ​អ្នកជម្ងឺ​មានការ​លំបាក​ជាខ្លាំង​ពេលដែល​ជម្ងឺនេះ​ធ្វើទុក្ខ​ម្ដងៗ។ បើសិន​ជាជម្ងឺ​ប្រកាំង​ដែលឈឺ​ទៀងពេល​មួយថ្ងៃ​ម្ដងៗ​នោះអ្នក​ជម្ងឺ​ប្រាកដ​ជាធ្វើ​ការងារ​អ្វីមិន​កើត ឬមិន​បានផល​ល្អឡើយ។ ក្នុង​ករណី​មិនបាន​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ​ផល​រំខាន​ក៏មាន​កាន់តែ​ខ្លាំងដែរ។ ដូច្នេះ​អ្នកជម្ងឺ​ខាតបង់​ទាំង​ពេលវេលា​ដោយឥត​ប្រយោជន៍ ខាតបង់​ទាំង​ឱកាស​ការងារ ខាតបង់​ទាំង​សេដ្ឋកិច្ច​ប៉ះពាល់​ទាំង​ជីវភាព ហើយ​ប៉ះពាល់​អារម្មណ៍​សមាជិក​គ្រួសារ​ផងដែរ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

បើសិន​លោកអ្នក​សង្ស័យ​ថាខ្លួន​មានជម្ងឺ​ប្រកាំង សូមឆាប់​ទៅរក​សេវា​ពិគ្រោះ​ព្យាបាល​ជាមួយ​គ្រូពេទ្យ។ ការនៅ​តែបន្ដ​ឱ្យ ជម្ងឺ​ប្រកាំង​កើតឡើង​ចំពោះ​លោកអ្នក​មិនជា​ការល្អ​ឡើយ។ ម្យ៉ាងទៀត​សូមកុំ​ព្យាយាម​លេបថ្នាំ​បំំបាត់​ការឈឺ​ក្បាល​ដោយខ្លួន​ឯងដែល គ្មាន​វេជ្ជ​បញ្ជា ព្រោះវា​អាច​បណ្ដាល​ឱ្យមាន​ផលប៉ះ​ពាល់​ផ្សេងទៀត​ចំពោះ​សុខភាព​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative