សារ​ព្រមានពី​ជម្ងឺ​លើស​ឈាម ​ទឹក​នោម​ផ្អែម ​និងជម្ងឺ​ធាត់​ជ្រុល​ពីអង្គ​ការ​សុខ​ភាព​ពិភព​លោក

លើស​ឈាម ជា​មូល​ហេតុ​ជួរ​មុខ​នៃការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និងជម្ងឺ​ខ្សោយ​តម្រង​នោម ។ វា​ជា​ភ្នាក់ងារ​បង្ក​ឲ្យងងឹត​ភ្នែក និង​អាការៈ​បាត់​ការ​ចង​ចាំ ។ ឯការ​ឡើង​ទម្ងន់​ធ្ងន់​ធ្ងរ​វិញ ក៏​អាច​បង្កើន​ជា​ហានិភ័យ​នៃ​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ ដែល​ធ្វើឱ្យ​ឈឺ និង​ក្លាយជា​ជម្ងឺ​រ៉ាំរ៉ៃ ជា​ពិសេស​ក្នុង​ចំណោម​ស្ត្រី​ដែល​មាន​ទម្ងន់​ធាត់​ខ្លាំង​។ រីឯ​ជម្ងឺ​ទឹកនោម​ផ្អែម​ក៏ជា​ឃាតករ​ដ៏សាហាវ​ក្នុងការ​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ងាយ​ស្រួល​ផង​ដែរ។ ជម្ងឺ​ទាំងនេះ​ហើយ​ដែល​អង្គ​ការ​សុខភាព​ពិភពលោក​បាន​ធ្វើការ​ព្រមាន​ឲ្យ​មនុស្ស​គ្រប់រូប​ត្រូវ​នាំគ្នា​ប្រុង​ប្រយ័ត្ន។

រូបភាពគេហទំព័រសុខភាពកម្ពុជា

​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​សុខភាព​ពិភព​លោក របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ (WHO) ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឺណែវ ​បាន​និយាយ​​ថា មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​១០​នាក់​នៅទូទាំង​ពិភព​លោក មាន​ជម្ងឺ​ទឹក​នោម​ផ្អែម ដែល​ជាជម្ងឺ​ត្រូវ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ព្យាបាល ហើយដែល​ធ្វើ​ឲ្យ​អ្នក​កើត​ជម្ងឺ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជម្ងឺ​បេះ​ដូង ខូច​តម្រង​នោម និង​ពិការ​ភ្នែក​។ របាយការណ៍​នេះ បាន​អះអាងបន្ថែមទៀត​ថា ខណៈ​ពេលដែលភាពជា​ទូទៅ​នៃ​ជម្ងឺ​ទឹក​នោម​ផ្អែម​ក្នុង​ពិភពលោក​ជា​មធ្យម មាន​ប្រហែល​១០​ភាគរយ ហើយពលរដ្ឋ​រហូត​ដល់​១ភាគ៣ នៅ​រដ្ឋ​កោះ​សមុទ្រ​ប៉ាស៊ីហ្វិក​ខ្លះ ក៏កើត​មាន​ជម្ងឺ​ប្រភេទ​ទាំង​នេះ​ផង​ដែរ​។

ទិន្នន័យ​សុខាភិបាល ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បាន​បង្ហាញ​ពី​ភស្តុ​តាង​ច្បាស់​ថ្មី​បំផុត​នៃ​ការ​រីក​រាល​ដាល​របស់​ជម្ងឺ​រុំារ៉ៃ​ដូចជា​ជម្ងឺទឹក​នោម​ផ្អែម និង​ជម្ងឺ​បេះដូង​ចាប់​ពី​ប្រទេស​អភិវឌ្ឍន៍​រហូត​ដល់​តំបន់​ក្រីក្រ ដូច​អាហ្វ្រិក ខណៈ​ជីវភាព​រស់នៅ និង​របប​អាហារ​នៅ​ទីនោះ​មាន​ការ​ផ្លាស់​ប្តូរ​។

រីឯ​ទិន្នន័យ​អង្គការ​សហ​ប្រជា​ជាតិ បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ម្នាក់​ ក្នុង​ចំណោម​បី​នាក់​នៅ​ទូទាំង​ពិភព​លោក បាន​ឡើង​​សម្ពាធ​ឈាម​ ដែលជា​មូល​ហេតុនៃ​ការ​ស្លាប់មនុស្ស​ប្រមាណ​ពាក់​កណ្តាល​ នៃ​ការ​ស្លាប់​ដោយ​ជម្ងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល និង​ជម្ងឺ​បេះដូង។ ​ស្ថានភាព​នេះ ធ្វើឲ្យមានផលប៉ះពាល់​ដល់​ចំនួន​ប្រជាជន​ពេញ​វ័យ ​ស្ទើរ​តែ​ពាក់​​កណ្តាល​នៅ​ក្នុង​ប្រទេស​ខ្លះ​នៅ​ទ្វីប​អាហ្វ្រិក។

ជម្ងឺរុំារ៉ៃ​ដូចជា​ជម្ងឺទឹក​នោម​ផ្អែម ជម្ងឺ​បេះដូង និង​ជម្ងឺ​មហា​រីក ជា​រឿយ​ៗ​ត្រូវបាន​គេ ​គិត​ដល់​ជម្ងឺ​ដែល​ប៉ះ​ពាល់​មុន​គេ​ដល់​ប្រជាជន​ក្នុង​ប្រទេស​អ្នក​មាន​ ជា​ទី​ដែល​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ គ្រឿង​ស្រវឹង និង​ការ​ជក់​បារី គឺជា​ការ​ប្រឈម​ធំ​ដល់​បញ្ហាសុខភាព។ ប៉ុន្តែ​ WHO និយាយ​ថា ការ​ស្លាប់​ជិត​៨០​ភាគរយ​មក​ពី​ជម្ងឺ​បែប​នេះ បច្ចុប្បន្ន​បាន​កើត​មាន​នៅ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យមផង​ដែរ។ នៅ​អាហ្វ្រិក អត្រា​នៃអ្នកជក់​បារីបាន​កើន​ឡើង​ ហើយ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​របប​អាហារ​បែប​លោក​ខាង​លិច និង​ការ​ហាត់​ប្រាណតិច​តួច​មាន​ន័យ​ថាជម្ងឺ​រ៉ាំរ៉ៃ ឬ​ជម្ងឺមិន​ឆ្លង​ទាំង​នេះ​ កំពុង​កើនឡើង​យ៉ាង​ឆាប់​រហ័ស និង​ត្រូវ​គេ​រំពឹង​ថា​នឹងកើន​លើស​ជម្ងឺ​ផ្សេង​ទៀត ដែល​ជា​ឃាតក​សាមញ្ញ​បំផុត​ នៅ​ត្រឹម​ឆ្នាំ​២០២០​។

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​កម្រិត​ទាប នៃ​សុខភាព​រាងកាយ និង​ប្រវត្តិ​គ្រួសារ​មាន​ជម្ងឺ​លើស​ឈាម​គឺមាន​ហានិ​ភ័យ​ខ្ពស់ ក្នុង​ការ​កើត​មាន​ជម្ងឺ​នេះ​ដល់ ៧០% បើ​ប្រៀប​ទៅនឹង​មនុស្ស ដែល​មាន​សុខភាព​រាងកាយ​ល្អខ្លាំង​នោះ។ លើស​ពីនេះ​ទៅទៀត, ក្នុង​ចំណោម​មនុស្ស ដែល​មានសុខ​ភាព​ល្អ មាន​ប្រវត្តិ​គ្រួសារ​មាន​ជម្ងឺ​លើស​ឈាម កើន​ឡើង​ហានិភ័យ​ដល់​ទៅ ១៦%។

ក្នុង​សុន្ទរកថា​មួយ​ជា​មួយ​នឹង​របាយ​ការណ៍​នេះ អគ្គនាយក​អង្គការ​ WHO លោក​ស្រី ម៉ាហ្គារ៉ែត ចាន់​ បាន​ថ្លែង​ឲ្យ​ដឹងថា របាយ​ការណ៍​នេះ គឺជា​ភស្តុតាង​បន្ថែម​ទៀត​ ជុំវិញ​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​លើ​ជម្ងឺ​ដែល​បង្ក​ជា​ជម្ងឺ​បេះដូង និង​ជម្ងឺរ៉ាំរ៉ៃ​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​ក្នុង​បណ្តា​រដ្ឋ​មាន​ចំណូល​ទាប និង​មធ្យម និងនៅ​ទ្វីប​អាហ្វ្រិក ក៏មាន​ជម្ងឺ​លើស​ឈាម​ផងដែរ។

បញ្ហា​មួយ​ទៀត អ្វី​ដែល​គួរ​ពិចារណា​ផង​ដែរ​នោះ​គឺ​ថា ប្រទេស​ក្រី​ក្រ​ដូច​ជា​ប្រទេស​កម្ពុជា​គឺ​មាន​បញ្ហា​ខ្វះ​ម្ហូប​អាហារ និង​អាហា​រូបត្ថម្ភ​សម្រាប់​រាង្គកាយ​ ប៉ុន្ដែ​នៅ​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​អ្នក​មាន​ជា​ច្រើន​ទៀត​បញ្ហា​សម្បូរ​អាហារ​ច្រើន​ ក៏​ធ្វើ​ឲ្យ​ពល​រដ្ឋ​គេ​មាន​ការ​ធំ​ធាត់​ហួស​កម្រិត​ច្រើន​ដែរ។ សម្រាប់​ប្រទេស​កម្ពុជា ថ្វី​ត្បិត​តែ​តំបន់​ជន​បទ​មាន​ការ​ខ្វះ​ខាត​ក៏​ពិត​មែន ប៉ុន្ដែ​ប្រជា​ពល​រដ្ឋ​នៅ​តាម​ទី​ក្រុង​ដែល​មាន​សម្បូរ​ហូរ​ហៀ​បែរ​ជា​មាន​បញ្ហា​ធំធាត់​ជ្រុល​ទៅ​វិញ។

ដូច្នេះ​ការ​កំណត់​អាហារ​ និង​ការបរិភោគភេ​ស​ជ្ផៈ​ ដែល​មាន​សារធាតុ​ស្ករ​ខ្ពស់​ ដូច​ជា​ទឹកក្រូច​ ឬ​បង្អែម​ នំ​ផ្អែម​គឺជាប្រការ​ដែល​ត្រូវ​យកចិត្ត​ទុក​ដាក់ ព្រោះ​អាហារ​ទាំង​នេះបាន​ធ្វើ​អោយ​ទម្ងន់​ខ្លូ​នរបស់លោកអ្នក​កើន​ឡើង​ ដោយ​មិនដឹង​ខ្លួន​។​ការ​បន្ថយ​ការ​ទទួលទាន​អាហារ​ក្រៅ​ផ្ទះ​ ជា​ពិសេស​អាហារ​ឆ្អិន​ស្រាប់​ (Fast​ Food)​ក៏ជា​ប្រការ​ល្អផង​ដែរ ព្រោះ​អាហារ​ប្រភេទ​នេះ​ មាន​សារធាតុ​ខ្លាញ់​ច្រើន​ ជា​ពិសេស​ ខ្លាញ់​ឆ្អែត​ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ កូ​លេ​ស្តេ​រ៉ូ​ស​ (Cholesterol)​ ទៀត​ផង​។

បន្ថែម​ពីនេះ លទ្ធផល​នៃការ​ស្រាវជ្រាវ បាន​បង្ហាញ​ថា អ្នក​ដែលបាន​ធ្វើលំហាត់​ប្រាណ ក្នុង​កម្រិត​មួយ​មធ្យម គឺដូច​ជាការ​ដើរ​យឺតៗ ប្រហែល​ជា ១៥០នាទី ក្នុង​មួយ​សប្តាហ៍ អាច​នាំអោយ​មានសុខ​ភាពល្អ ជា​ពិសេស​សម្រាប់​លោក​អ្នក ដែល​នឹងអាច​កើតមាន​ជម្ងឺ​លើស​ឈាម ដោយ​សារតែ​ប្រវត្តិ​គ្រួសារ​មាន​ជម្ងឺ​នេះ។ មួយវិញ​ទៀត​ពេល​អាយុ​កាន់តែ​ច្រើន​ ប្រ​ព័​ន្ឋ​ដុត​បំប្លែង​ថាមពល​ក្នុង​រាង​កាយ​ នឹង​ថមថយ​កម្លាំង។​ ហេតុ​ដូច្នេះ​ លោកអ្នក​ត្រូវ​យក​ចិត្តទុក​ដាក់​ចំពោះ​លំហាត់​ប្រាណ និងការ​បរិភោគ​ចំណី​អាហារ​បន្តិច​ដើម្បី​ឲ្យឃ្លាត​ឆ្ងាយ​ ពី​ជម្ងឺ​ធាត់​ ។

ចំពោះ​អ្នកកើត​មាន​ជម្ងឺ​ទឹកនោម​ផ្អែម​មាន​បី​ប្រភេទ​សំខាន់​គឺ​ទឹកនោម​ផ្អែម​ប្រភេទ​១​ ទឹកនោមផ្អែម​ប្រភេទ​២​និង​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះនោះ ចូរ​ធ្វើការ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​អោយ​បាន​ទៀងទាត់​ និង​សម្គាល់​រោគ​សញ្ញា​នៃ​ការខ្វះ​ជាតិ​ស្ករ​​ក្នុង​ឈាម​ មាន​ដូច​ជា​បែកញើស​ ញ័​សាច់​ អស់កំលាំង​ ឃ្លាន​ វិលមុខ​ ឈឺក្បាល​ ព្រឹល​ភ្នែក​ ញ័រ​ដើមទ្រូង​ ឆាប់​ខឹង​ និយាយ​ឡុ​លៗ​ សន្លឹម​ វង្វេង​វង្វាន់​ ខ្យល់គរ​ និង​ប្រកាច់​ជាដើម​ ។​ ​

អត្ថបទដោយ ៖ ​សៀង វិរៈ​

ចុះផ្សាយ ៖ ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១២

Google Analytics Alternative