គ្រោះ​ថ្នាក់​ចរា​ចរណ៍​បង្កហូរ​ឈាម​តាម​ត្រចៀក

ហូរឈាម​តាម​ត្រចៀក​ជា​អាការ​មួយដែល​កើតឡើង​ចំពោះ​លោកអ្នក​គ្រប់វ័យ។ គ្រោះថ្នាក់​ប៉ះទង្គិច​ក្បាល​ខ្លាំងអាច​បង្កជា បញ្ហា​ឈាម​តាម​ត្រចៀក គ្រាន់តែ​តិច ឬច្រើន ដោយ​អាស្រ័យ​ទៅលើ​ហេតុ​ការណ៍​ជាក់​ស្ដែង។ ទោះជា​យ៉ាងណា​ក៏ដោយ​ហូរឈាម តាម​ត្រចៀក​មិនមែន​ចោទជា​បញ្ហា​ដល់​ជីវិតនោះ​ឡើយ វាគ្រាន់​តែជា​អាការ​តែ​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត អ៊ឹម សុផាន អ្នក​ជំនាញ​ផ្នែក​ត្រចៀក​ច្រមុះ​បំពង់ក នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​បានបក​ស្រាយ​ជូនមិត្ដ​អ្នក​អានឱ្យ​យល់ពី​អាការ​ឈាម​ត្រចៀក តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ហូរឈាម​តាម​ត្រចៀក      ហូរ​ឈាមតាម​ត្រចៀក​ជារោគ​សញ្ញា​មួយដែល​អាច​បញ្ជាក់​ថាអ្នក​រងគ្រោះ​មានការ​ប៉ះទង្គិច​ត្រង់ក្បាល ទាំងផ្នែក​ខាងក្រៅ និង​ខាងក្នុង។ ឈាម​ត្រចៀក​គ្រាន់តែ​ជា​អាការ​មួយ​សម្គាល់​បានថា​ខួរក្បាល​មាន​បញ្ហា​តិច​ឬច្រើន​តែ​ប៉ុណ្ណោះ។ ឈាម​ត្រចៀក​មិន អាច​ប៉ះពាល់​ដល់អាយុ​ជីវិត​ឡើយ​ព្រោះសព្វ​ថ្ងៃមាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ព្យាបាល។ ការប៉ះ​ទង្គិច​រហូត​ដល់មាន​អាការ​ហូរ ឈាមតាម​ត្រចៀក​នេះនៅ​បរទេស​មានរហូត​ដល់៤៣​ភាគរយ។ ដោយឡែក​ក្នុង​ប្រទេស​យើងមាន​ប្រមាណ​ជា១០​ភាគរយ នេះបើ តាមរយៈ​ការស្រង់​ស្ថិតិ​ជារៀង​រាល់ឆ្នាំ​ប៉ុន្ដែ​ឆ្នាំខ្លះ​មានតិច​តួច​បំផុត។

មូល​ហេតុ​បង្កការ​ហូរឈាម​តាម​ត្រចៀក

ក្បាលផ្នែក​ខាងមុខ​ជា​ចំណុច​សំខាន់​នាំឱ្យ​ឈាម​ត្រចៀក ដែលអាច​បណ្ដាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតក្នុង​កន្លែង​ដែល មាន​សម្លេង​ខ្លាំង មុជទឹក​ចុះទៅ​ខាងក្រោម​ដែលមាន​សម្ពាធ​ខ្លាំង ឬដោយ​ប្រការ​ផ្សេងៗ​ទៀត។ កាលណា​មានការ​ប៉ះទង្គិច​ពីខាង​មុខ អាចធ្វើ​ឱ្យខួរ​ក្បាល​ក្រឡាប់​ចុះឡើង ដូចជា​បាល់ដែល​កំពុង​ទាត់ជា​ដើម។ លើសពី​នេះទៅ​ទៀតអាច​ធ្វើឱ្យ​បែកបាក់​ប្រព័ន្ធ​ការពារ​ខាង ក្រោយ ទើប​បណ្ដាលឱ្យ​ហូរឈាម​តាម​ត្រចៀក។ ការ​ប៉ះទង្គិច​ទាំងនេះ​ទៅប៉ោង​នៅត្រង់​កណ្ដាស់​ត្រចៀក របួស​កណ្ដាស់​ត្រចៀក ឬដាច់​កណ្ដាស់​ត្រចៀក​ជាដើម ទើបមាន​ឈាមហូរ​តាម​ត្រចៀក។

រោគ​សញ្ញា​ហូរឈាម​តាម​ត្រចៀក

ហូរ​ឈាមតាម​ត្រចៀក​ចាប់ផ្ដើម​ហូរ​បន្ដិច​ម្ដងៗ ហើយបើ​គ្មាន​វិធី​ទប់ស្កាត់​ទេនោះ​នឹងហូរ​កាន់តែ​ខ្លាំង។ បើ​លោកអ្នក​មាន​អាជីព​ដែល​ឧស្សាហ៍​ចុះទៅ​មុជទឹក​មាន​ជម្រៅ​ជ្រៅ នោះ​លោកអ្នក​អាចមាន​ឱកាស​ហូរ​ឈាម​តាម​ត្រចៀក​បាន។ ប៉ុន្ដែ​ចំពោះ​ករណី​ស្ដាប់​កាសក្នុង​ត្រចៀក​មិនអាច​ប៉ះពាល់​ដល់​កណ្ដាស់​ត្រចៀក ធ្វើឱ្យ​ហូរឈាម និងធ្វើ​ឱ្យថ្លង់​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ឈាម​ហូរតាម​ត្រចៀក

មុន​ដំបូង​សូមយក​សំឡី​មកជូត​សម្អាត​បរិវេណ​ខាងក្រៅ បន្ទាប់​មកយក​សំឡី​ដាក់ថ្នាំ​ជួយ​បន្ថយ​ការហូរ​ឈាមទៅ​ញ៉ុកក្នុង​ត្រចៀក ដើម្បី​ទប់ឈាម​មិនឱ្យ​ឈាមហូរ​បន្ដទៀត។ ក្រោយ​ពេល​ពិនិត្យ​ប្រសិន​បើមាន​បញ្ហា​ប៉ះពាល់​ដល់​កណ្ដាស់​ត្រចៀក​ខ្លាំង គ្រូពេទ្យ​ជំនាញ​ដាក់ថ្នាំ​ផ្សះ ដើម្បី​ឱ្យ​កណ្ដាស់​ត្រចៀក​ឆាប់ជា។ បើអ្នក​ជម្ងឺគ្រោះ​ថ្នាក់​រហូត​ដល់​សន្លប់​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ ឈាម​ហូរច្រើន​មិនព្រម​ឈប់ ទើបចាក់​ថ្នាំ​ដើម្បី​ទប់ស្កាត់​ការហូរ​ឈាម។

វិធី​ការពារ និង​ទប់ស្កាត់​ឈាម​ហូរតាម​ត្រចៀក

ឈាម​ហូរតាម​ត្រចៀក​មិនសូវ​កើតឡើង​ពិតមែន តែទោះ​ជាយ៉ាង​ណាក៏​ដោយត្រូវ​យកចិត្ដ​ទុកដាក់​ទៅលើ​សុវត្ថិភាព​ជា ប្រចាំ​ថ្ងៃ ដើម្បី​ការពារ និង​ទប់ស្កាត់​បញ្ហា​ទាំងនេះ។

  • មិន​ត្រូវឱ្យ​ក្បាល​មានការ​ប៉ះទង្គិច​ជាញឹក​ញាប់​ពេកទេ
  • អ្នក​មុជទឹក​ដែលមាន​ជម្រៅ​ជ្រៅ​ត្រូវតែ​ពាក់មួក​ការពារ ហើយ​ប្រសិន​បើ​ត្រចៀក​កាន់តែ​ហ៊‌ឹងខ្លាំង​ត្រូវ​ប្រញាប់​ឡើង​មកខាង​លើវិញ ដើម្បី​ចៀសវាង​ការដាច់​កណ្ដាស់​ត្រចៀក
  • លោកអ្នក​ដែលធ្វើ​ការនៅ​កន្លែង​មានសម្លេង​ខ្លាំង គួរតែ​រក​សំឡី​ញ៉ុក​ត្រចៀក​ដើម្បី​ជួយទប់​សម្លេង​ទាំងនោះ​មិនឱ្យ​ឮខ្លាំង​ពេក។
  • ពេលធ្វើ​ដំណើរ​ទៅទី​ជិត ឬទី​ឆ្ងាយ​ត្រូវពាក់​មួក​សុវត្ថិភាព​ដើម្បី​ចៀសវាង​នៅពេល​មាន​គ្រោះថ្នាក់​មិនឱ្យ​មាន​ការប៉ះ​ទង្គិច​ក្បាលខ្លាំង
  • មិនត្រូវ​លូកលាង​ត្រចៀក​ផ្ដេសផ្ដាស​ឡើយ ព្រោះខ្លាច​ដាច់​កណ្ដាស់​ត្រចៀក អាច​បណា្ដលឱ្យ​ឈាមហូរ
  • មិនគួរ​ប្រើ​តម្បារ​ត្រចៀក​ញឹកញាប់​ឡើយ ព្រោះ​អាច​បណា្ដល​ឱ្យ​រលាក​ត្រចៀក។ យកល្អ គួរតែ​ប្រើកូន​កន្សែង​ដៃ​ផ្ដិតជូត​ពីលើ​ផ្ទៃ​ជញ្ជាំង​ត្រចៀក​ថ្នមៗ ទើប​ប្រសើរ
  • គួរតែ​ទៅរក​អ្នក​ជំនាញ​ដែលមាន​បទ​ពិសោធន៍ ដើម្បី​សម្អាត​ត្រចៀក​ព្រោះខ្លាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខាងក្នុង​នៃខួរ​ក្បាល
  • កាលណា​មានការ​ប៉ះទង្គិច​ក្បាល និង​អាការ​ខុសប្លែក​ពីធម្មតា ត្រូវ​ប្រញាប់​ទៅរក​គ្រូពេទ្យ​ដែលមាន​ជំនាញ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​គ្រប់រូប​គួរតែ​ប្រយ័ត្ន​ចំពោះ​ក្បាល កុំឱ្យ​ប៉ះ​ទង្គិច។ គ្រោះថ្នាក់​តាមផ្លូវ​ចៀសមិន​ផុតឡើយ​នូវការ​ប៉ះទង្គិ​ចក្បាល ហេតុ​ដូចនេះ​នៅពេល​ធ្វើ​ដំណើរ​លោកអ្នក​គប្បី​ប្រុង​ប្រយ័ត្ន ដោយ​ពាក់មួក​ការពារ​និង​បញ្ចៀស​គ្រោះថ្នាក់​ចរា​ចរណ៍​ជាយថា​ហេតុ។ ម្យ៉ាងទៀត​លោកអ្នក​ដែលធ្វើ​ការនៅ​កន្លែង​មាន​សម្លេង​ខ្លាំងក៏​គួរតែ​មានវិធី​ការពារ​សម្លេង​រំខាន​ទាំងនោះ​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative