វិធីទប់ទល់កូនមិនព្រមបៅដោះ

ទារក​ត្រូវការ​ទឹកដោះ​ម្ដាយ​សម្រាប់​ការ​រស់រាន​មាន​ជីវិត។ ប៉ុន្ដែ​មាន​ទារក​មួយ​ចំនួន​មិនព្រម​បៅដោះ​របស់​ម្ដាយ​តាំងពី​ដំបូង ឬក៏​បៅបាន​មួយរយៈ​ហើយ​មិនព្រម​បៅត​ទៅទៀត។ អ្នក​ម្ដាយ​មួយ​ចំនួន​មិនអាច​ដឹងអំពី​មូល​ហេតុនៃ​ការមិន​ព្រមបៅ​របស់ ទារក​ទេ ជាហេតុ​នាំឱ្យ​គាត់មាន​កង្វល់ជា​ខ្លាំង។ តើ​ហេតុអ្វី​បានជា​ទារក​មិនព្រម​បៅដោះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដូចដែល​លោកអ្នក​ជា​ពិសេស​អ្នកម្ដាយ​ទាំងទ្បាយ​បានជ្រាប​រួចមក​ហើយ​អំពី​ការ​ផលិត​ទឹកដោះ​របស់​ម្ដាយ​ដែល​តម្រូវ​តាមសេចក្ដី​ត្រូវការ​របស់​ទារក។ បាន​ន័យថា​បើ​ទារក​បៅកាន់​តែច្រើន ទឹកដោះ​ផលិត​កាន់តែ​ច្រើន។ ផ្ទុយ​ទៅវិញ​បើទារក​បៅកាន់​តែតិច ការ​ផលិត​ទឹកដោះ​ក៏កាន់​តែតិច​ដែរ និងអាច​ឈានទៅ​រកការ​ឈប់​ផលិត​តែម្ដង។

សញ្ញា​ដែល​បញ្ជាក់​ថាទារក​មិនព្រម​បៅដោះ

បើទោះ​បីជា​ទារក​ត្រូវការ​ទឹកដោះ​ម្ដាយ​យ៉ាងណា​ក៏អាច​មាន​ពេលណា​មួយមិន​ប្រក្រតី ទារក​អាចលែង​ចង់​ឬមិន​ព្រមបៅ ដោះម្ដាយ​តទៅ​ទៀត។ សញ្ញា​ទាំងនោះ​ស្ដែងឡើង​តាមរយ ៖

  • ទារក​បៅហើយ​ខ្ជាក់​ចេញ​មកវិញ
  • ទារក​មិនព្រម​ហាមាត់​ស្រវា​ដោះ
  • ទារក​យំជាប់​ជាប្រ​ចាំព្រោះ​ឃ្លាន តែបៅ​មិនបាន

មូលហេតុ​ដែល​ទារក​មិនព្រម​បៅដោះ

មាន​មូលហេតុ​ដែលគួរ​ឱ្យកត់​សម្គាល់​ជាច្រើន​ដែល​អាច​បញ្ជាក់​ពីដើម​ហេតុ​មិនព្រម​បៅដោះ​របស់​ទារក។

1 . មូលហេតុ​ធម្មតា

  • ទឹកដោះ​ចេញ​ច្រើន​ហើយ​លឿន​ពេកនាំ​ឱ្យ​ទារក​ឈ្លក់។
  • ទារក​ខ្លះ​ប្រហែល​ជាអាយុ​៥ខែ មាន​អារម្មណ៍​មិនសូវ​មូល​លើការ​បៅទេ ឧទា​ហរណ៍​បើមាន​សម្លេង​អ្វីខ្លាំង​ទារក​នឹង​ឈប់ បៅ​ភ្លាម។
  • ទារក​ខ្លះ​ក្រោយពី​បៅបាន​១ឆ្នាំ វាផ្ដាច់​ដោះ​ដោយខ្លួន​ឯង។
  • ជួនកាល​អាចមាន​ករណី​ខ្លះកើត​ឡើង ដូចជា​ការ​ប្រែប្រួល​ពីទម្លាប់​ធម្មតា​ក្នុង​គ្រួសារ ដូចជា​ទៅលេង​ផ្ទះគេ​ឬរើ​ផ្ទះទៅ​នៅ កន្លែង​ថ្មីជា​ដើម ប្រហែល​ជាម្ដាយ​គ្មាន​ពេល​បំបៅ​ដោះ​ទារក នៅពេល​ដែល​ទារក​ចង់បៅ​នោះទេ។
  • ជួនកាល​ទារក​មិនព្រម​បៅដោះ​ទេ បើសិន​ជាម្ដាយ​មានក្លិន​ប្លែក ឧទា​ហរណ៍​ម្ដាយ​បរិភោគ​ខ្ទឹមស ប្រើប្រាស់​សាប៊ូ​ឬទឹក អប់​ប្រភេទ​ថ្មី ដែលមិន​ធ្លាប់ប្រើ​ពីមុន​មក។
  • ទារក​អាច​ប្រកែក​មិនព្រម​បៅ បើសិន​ជាម្ដាយ​ឈឺ ឬមាន​រដូវ ឬក៏​មាន​បញ្ហា​លៀស​ដោះ។
  • ទារក​ដែល​បៅមិន​បាន​គ្រប់​គ្រាន់​អាច​រញ៉ាំ​រញ៉ូវ ហើយ​មិនព្រម​ជញ្ជក់​ដោះ​ដែល“គ្មានទឹក​ដោះ”ទេ។ ទឹកដោះ​អាចចុះ​ថយ ដោយសារ​មូលហេតុ​ជាច្រើន។
  • បើ​សិនជា​ទារក​ជញ្ជក់​ក្នុង​ស្ថាន​ភាព​មិនល្អ ហើយ​ទឹកដោះ​មិន​ចេញ ទារក​អាច​ជញ្ជក់​ទាញ​ទាំងខឹង និងយំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2. មូល​ហេតុ​មិន​ធម្មតា

នៅពេល​ជាមួយ​គ្នានោះ បើមាន​សញ្ញា​បញ្ជាក់​ថាមាន​ជម្ងឺ​ដទៃ​ទៀត ដូចជា ក្អួត រាក ដេក​ច្រើន កើត​លឿង​ឬ​ប្រកាច់​នោះ ទារក​អាចឈឺ​ពិត​ប្រាកដ។

  • ទារក​អាចតូច​ហើយ​ខ្សោយពេកក្នុង​ការជញ្ជក់ បើសិន​ជាទារក​មាន​ទម្ងន់​តិចជាង​១៨០០​ក្រាម​(១គីឡូ​ក្រាម៨​ខាំ)។
  • ទារក​មាន​បញ្ហាក្នុង​ច្រមុះ ឬមាត់​បើសិន​ជាក្ដៅ​ខ្លួន​ហើយតឹង​ច្រមុះ។
  • បើសិន​ជាទារក​ឈឺ​មាត់ ឬកើត​ជ្រាំង។
  • មិនព្រម​បៅ​ដោះអាច​ជាសញ្ញា​ដែលថា​ទារក​ឈឺ ឧទា​ហរណ៍​អាចមាន​ជម្ងឺ​ក្លាយ​រោគ ឬខូច​ខួរ​ក្បាល។

ដំណោះ​ស្រាយ​ចំពោះ​ទារក​មិនព្រម​បៅដោះ

  • គប្បី​ទុកឱ្យ​ម្ដាយ និង​ទារក​នៅ​ជាមួយ​គ្នាទាំង​យប់ទាំង​ថ្ងៃ។ មិនត្រូវ​ឱ្យអ្នក​ដទៃ​ណាមួយ​មកកាន់​ទារកទេ​ហើយអ្នក​ម្ដាយ​ត្រូវលើក​ទារក​បី ឱបត្រ​កងឱ្យ​បានច្រើន បើអាច​ធ្វើទៅ​បាន ម្ដាយ​ត្រូវគេង​ជាមួយ​កូន។
  • ត្រូវហុច​ដោះឱ្យ​កូនបៅ​នៅពេល​ដែល​ឃើញថា​ទារក​ចង់​ជញ្ជក់​ដោះ ឬនៅ​ពេល​ស្រៀវ​ហើយ​ហូរទឹក​ដោះ។ មិនត្រូវ​បង្ខំ ទារក​ឱ្យបៅ​ទេ។ ជាការ​ប្រសើរ​បើសិន​ជាម្ដាយ​ច្របាច់​ទឹកដោះ​បន្ដិចដាក់​ទៅក្នុង​មាត់​របស់​ទារក​នៅពេល​ចាប់ផ្ដើម​បំបៅ។
  • ត្រូវ​បំបៅ​ទារក​ក្នុង​ស្ថានភាព​ល្អ ម្ដាយ​យល់​ច្បាស់ថា​ត្រូវឱ្យ​ទារក​បៅសាច់​ដោះឱ្យ​បានពេញ​មាត់។ ទាក់ទង​នឹង​ចំណុច​នេះ សូម​ស្វែងរក​អត្ថបទ“ឥរិយា​បទ​បីព​ទារក”ដែល​បានចុះ​ផ្សាយក្នុង​ទំព័រ​ទស្ស​នាវដ្ដី សុខភាពយើងលេខ​០០៦​ប្រចាំ​ខែកក្ក​ដា ២០​០៦។
  • មិនត្រូវ​បំបៅ​ដោយ​ដបទេ។ បើសិន​ជាទា​រកបៅ​ដោះទាំងពីរ​ហើយ​មិនឆ្អែត​ទៀត​ចូរអ្នក​ម្ដាយ​ច្របាច់​ទឹកដោះ​រៀងរាល់ ពីរទៅ​បីម៉ោង​ម្ដង ហើយ​បញ្ចុក​ទារក​ដោយ​ប្រើកែវ។ ការ​ច្របាច់​ទឹកដោះ​អាចជួយ​ឱ្យដោះ​នៅ​បញ្ចេញ​ទឹកដោះ​ដដែល។
  • មិនត្រូវ​ឱ្យ​ទារក​ជញ្ជក់​ក្បាល​ដោះទេ។

បណ្ដាំ​ផ្ញើ

ទោះបី​ជាយ៉ាង​ណាក៏​ដោយ​សូមអ្នក​ម្ដាយ​ទាំងឡាយ​យកចិត្ដ​ទុកដាក់​សង្កេត​មើល​អាការ​មិន​ប្រក្រតី​របស់​កូន​កុំមើល​ស្រាល ថាជា​លក្ខណៈ​ប្រក្រតី​ឱ្យ​សោះ។ ជួន​កាលវា​មិនដូច​លោក​អ្នកគិត​ទេ​តែអាច​មាន​គ្រោះ​ថ្នាក់​ដល់កូន​លោកអ្នក​ទៀត​ផង។ សូមព្យា យាម​បន្ថែម​ការចាប់​អារម្មណ៍​ទៅលើ​ផ្លែផ្កា​នៃ​សេចក្ដី​ស្នេហា​របស់​លោក​អ្នក។ ក្នុង​ករណី​មិន​ធម្មតា​គ្រូពេទ្យ​ជំនាញ​អាចជួយ​លោក អ្នក​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative