វិធី​ថែ​រក្សា​ស្បែក​មុខ​ខ្លាញ់

ស្បែក​របស់​មនុស្ស​យើង​ចែក​ចេញ​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា។ ស្បែកមុខ​មួយ​ប្រភេទៗ​មាន​វិធី​ថែទាំ​ដោយ​ឡែកៗ​ពីគ្នា ដែល​ចាំបាច់​សាមី​ខ្លួន​ត្រូវ​មាន​ការ​យល់​ដឹង ទើប​អាច​ថែរក្សា​បាន​ប្រសើរ។ ផ្ទុយ​ទៅវិញ​បើមិន​មានការ​ថែរក្សា​ឱ្យបាន​ដិត​ដល់​ទៅ តាម​ក្បួនខ្នាត​ត្រឹម​ត្រូវ​នោះ​សម្រស់​ផ្ទៃមុខ​ដែល​ជា​ចំណុច​ដំបូង​នៃការ​ផ្ដោត​អារម្មណ៍​សម្លឹង​មើល​នឹងត្រូវ​បាត់​បង់​បន្ដិច​ម្ដងៗ គួរឱ្យ សោក​ស្ដាយ​មិនខាន​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី យស់ សុល្លភា ម្ចាស់​ហាង​អេឡា​រក្សា​សម្ផស្ស​ចូល​រួម​បក​ស្រាយ​ជម្រាប​ជូន​លោកអ្នក​ជា​ពិសេស​មិត្ដ​នារី​ទាំង ឡាយ ដែល​តែង​តែ​ខ្វល់​ខ្វាយ​អំពី​បញ្ហា​ស្បែក​មុខ ដែល​ពោរ​ពេញ​ទៅ​ដោយ​ខ្លាញ់​ឬក៏​ប្រេង​តាម​រយៈ​ទស្សនាវដ្ដី​សុខភាពយើង។

ប្រភេទ​នៃ​ស្បែក​មុខ

ជាទូទៅ​ស្បែកមុខ​ត្រូវបាន​បែង​ចែក​ជា៤​ប្រភេទ​ផ្សេងៗគ្នា គឺស្បែក​ធម្មតា ស្បែក​ស្ងួត ស្បែក​ខ្លាញ់​និង​ស្បែក​ចម្រុះ។ ស្បែកមុខ​នីមួយៗ​មាន​ទំនាក់​ទំនង​យ៉ាង​សំខាន់​ទៅនឹង​លក្ខខណ្ឌ​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស ដូច​ជា​អនាម័យ​ការ​បរិភោគ ចំណី​អាហារ បរិយា​កាស​ជុំវិញ អ័រម៉ូន​ជាដើម។ ដោយ​បញ្ហា​អ័រម៉ូន​នៅពេល​ដែល​មនុស្ស​ពេញ​វ័យធ្វើ​ឱ្យ​ស្បែក​មាន​ការ​ប្រែប្រួល ហើយ​មាន​លេច ចេញ​ជា​ប្រេង អាចម៍​រុយ ប្រជ្រុយ មុនជា​ដើម។

វិធិ​ថែ​រក្សា​ស្បែក​មុខ​ខ្លាញ់

មុន​នឹង​ជម្រាប​ជូន​លោកអ្នក​អំពី​វិធី​ថែរក្សា​ស្បែក​មុខ​ខ្លាញ់ លោកអ្នក​ត្រូវ​ជ្រាប​ជាមុន​អំពី​ប្រភេទ​របស់​ស្បែក​ខ្លាញ់​ដែល ចែក​ចេញ​ជា​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​តិច មធ្យម និង​ច្រើន។ ប្រការ​សំខាន់​បំផុត​សម្រាប់​លោកអ្នក​ដែល​មាន​ស្បែក​ខ្លាញ់ ទោះ តិចឬ​ច្រើនក្ដី ក៏ត្រូវ​យកចិត្ដ​ទុក​ដាក់​ជា​ចម្បង​ទៅ​លើ​ផ្នែក​អនាម័យ​គប្បី​លាង​សម្អាត​ឱ្យបាន​ស្អាត​ជាប្រចាំ​តាម​វិធី​ធម្មជាតិ ឬក៏​ប្រើ ប្រាស់​ផលិត​ផល​សម្រាប់​សម្អាត។ ស្បែក​មុខ​មាន​ខ្លាញ់​គឺជា​បញ្ហា​រំខាន​សម្រាប់​លោក​អ្នក​ទាំង​ឡាយ។ សំណើម​ខ្លាញ់​នៅ​លើ​ស្បែក​មុខ ធ្វើឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​តុប​តែង​មុខ​របស់​មនុស្ស​ស្រី។ ចំណែក​មនុស្ស​ប្រុស​វិញ​ថ្វីបើ​ពុំចាំ​បាច់​តុប​តែង​ក៏អាច​ធ្វើឱ្យ​បាត់​បង់​មន្ដ ស្នេហ៍​ដែរ បើ​ផ្ទៃមុខ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. ការ​សម្អាត​តាម​បែប​ធម្មជាតិ ពិតជា​មិន​ពិបាក​ទេ ដោយ​គ្រាន់​តែ​លោក​អ្នក​ព្យាយាម​លាង​សម្អាត​ស្បែក​មុខ​ជាមួយ​នឹងទឹកក្ដៅ​ឧណ្ហៗ​ជាប្រចាំ នោះ​បរិមាណ​ប្រេងឬ​ខ្លាញ់​ដែល​នៅ​លើ​ផ្ទែមុខ​នឹង​បាត់​ទៅ​បន្ដិចម្ដងៗ​ជាមិន​ខាន។ ជាង​នេះ​ទៅទៀត​វិធីល្អ​ក្នុង ការ​ថែរក្សា​មុខ​ឱ្យ​ស្រស់​ស្អាត​ល្អជា​ប្រចាំ គឺប្រើ​ម្នាស់​ជាអាហារ​ដែល​សម្បូរ​នៅក្នុង​ប្រទេស​យើង។ ម្នាស់​មិន​ត្រឹម​តែជួយ​កម្ចាត់​ជាតិ ខ្លាញ់​នៅលើ​ស្បែក​មុខ​ប៉ុណ្ណោះ​ទេ តែថែម​ទាំងធ្វើ​ឱ្យស្បែក​មុខ​របស់​លោកអ្នក​រលោង​ផូរផង់​ប្រាស​ចាក​ស្លាក​ស្នាម​មន្ទិល​ផ្សេងៗ​ទៀត ផង។ ព័ត៌មាន​លម្អិត​សូមអាន​អត្ថបទ​វិធី​ជ្រើស​រើស​ផលិតផល​រក្សា​ស្បែក​ដែល​មាននៅ​ក្នុង​ទស្សនាវដ្ដី សុខភាពយើង ចេញ​ផ្សាយ​នៅ លេខ​ទី០០៥ ខែមិថុនា ឆ្នាំ​២០០៦។

2 . ការ​សម្អាត​ដោយ​ប្រើសាប៊ូ​សម្រាប់​លាង នៅ​ពេល​បច្ចុប្បន្ន ដោយ​សារ​ការរីក​ចម្រើន​ផ្នែក​ចង្វាក់​នៃការ​ផលិត គ្រឿង​សម្អាង​មួយ​ចំនួន​ត្រូវបាន​ផលិត​ឡើង​ដើម្បី​ជំនួយ​ដល់​លោកអ្នក​ដែល​មាន​ការងារ​រវល់​ច្រើន ហើយ​ចង់​ស្អាត។ ការ​ជ្រើស​រើស​សាប៊ូ សម្រាប់​លាង​សម្អាត​ស្បែក​មុខ លោកអ្នក​ត្រូវមាន​ការ​ប្រយ័ត្ន​ប្រយែង​ព្រោះ​ផលិត​ផល​គ្រឿង​សម្អាង​នៅលើ​ទីផ្សារ​កម្ពុជា​សព្វថ្ងៃ ភាគ​ច្រើន​មិនសូវ​មាន​គុណភាព​ល្អ​ប៉ុន្មាន​ទេ។ ការ​ជ្រើស​រើស​សាប៊ូ​លាង​សម្អាតមុខ​មិនបាន​ល្អ​អាច​ធ្វើឱ្យ​ស្បែកមុខ​របស់​លោកអ្នក ជា ពិសេស​សុភាពនារី​ទាំង​ឡាយ​មាន​ប្រតិកម្ម​នាំឱ្យ​មាន​បញ្ហា ដូចជា​រលាក​ស្បែក​មុខ ជាំ កើត​មុន​ជ្រីវ​ជ្រួញ​ជាដើម។ ការ​ប្រើ​ប្រាស់ សាប៊ូ​លាង​សម្អាត​មុខ​ត្រូវ​ធ្វើឡើង​ជារៀង​រាល់ថ្ងៃ​ចំនួន​បីដង​ក្នុង​មួយ​ថ្ងៃ​អាចធ្វើ​ឱ្យ​ផ្ទៃមុខ​ត្រឡប់​មកជា​ស្បែក​ធម្មតា​វិញជា​មិនខាន។ សូម​ជ្រើស​រើស​ផលិតផល​ដែល​មានការ​បញ្ជាក់ថា​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់។

ក្រៅពី​នេះ​ប្រសិន​បើ​សុភាពនារី​ទាំង​ឡាយ​មិនចង់​ប្រើប្រាស់​វិធីទាំង​ពីរខាង​លើនេះ​ទេ ឬក៏​អនុវត្ដ​ហើយ​តែគ្មាន​ប្រសិទ្ធភាព​លោកស្រី​អ្នកនាង​កញ្ញា​អាចរក​វិធី​ផ្សេង​ទៀត​ដើម្បីបិត​បាំង​ជាតិ​ខ្លាញ់​នៅលើ​ស្បែកមុខ​ដោយ​ប្រើម្សៅ ឬឡេ​ដែល​មាន​ជាតិរ​លោង ខ្លាំង​មក​រម្លស់​ជាតិ​រលោង​ចេញ​ពីស្បែក​មុខ​ខ្លះ។ ព័ត៌មាន​លម្អិត​សូម​អាន​អត្ថបទ​វិធី​ជ្រើស​រើស​គ្រឿង​សម្អាង​ដែល​មាន​នៅក្នុង ទស្សនាវដ្ដី សុខភាពយើង ចេញ​ផ្សាយ​លេខទី​០០៦ ខែកក្កដា ឆ្នាំ២០០៦។

ដំបូន្មាន​អ្នក​ប្រឹក្សា

ប្រសិន​បើ​លោកអ្នក​មិន​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួនឯង​ក្នុង​ការ​ជ្រើស​រើស​ផលិត​ផល​សម្រាប់​សម្អាត​ស្បែកមុខ​នោះទេ​សូម ទៅជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ត្រឹម​ត្រូវ។ ក្នុង​ករណី​ដែល​លោកអ្នក​មិន​ចង់​ចំណាយ​ប្រាក់​នោះ​សូម​ព្យាយាម​អនុវត្ដ​តាម​វិធី ធម្មជាតិ​ទាំងនោះ លោកអ្នក​ប្រាកដ​ជាបាន​ទទួល​ជោគ​ជ័យ ហើយ​មាន​សុវត្ថិភាព​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative