ក្រសួង​ឧតុ​និយម ប្រកាស​អាសន្ន​អំពី​អាកាស​ធាតុ​អាក្រក់​

នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​មកនេះ គេ​​​សង្កេត​​​ឃើញ​​​ថា​​​អាកាសធាតុ​​​នៅទីក្រុង​​​ភ្នំពេញ និង​​​តាមបណ្តា​​​ខេត្ត​​​មួយចំនួន​​​មាន​​​ភ្លៀងធ្លាក់​​​មិនឈប់ឈរ​​​ពីមួយថ្ងៃ​​​ទៅមួយថ្ងៃ។ ផ្ទៃមេឃ​​​មាន​​​សភាព​​​ងងឹត​​​នៅតាម​​​តំបន់​​​ខេត្តក្រុង​​​មួយចំនួន និង​​​បង្កឲ្យ​​​មាន​​​ភ្លៀងធ្លាក់​​​ដោយកន្លែង ហើយជា​​​ពិសេស​​​ពេលមេឃ​​​ភ្លៀង​​​ម្តងៗ គេសង្កេត​​​ឃើញថា ភ្លៀងបាន​​​នាំមក​​​ជាមួយ​​​ព្យុះ និង​​​រន្ទះ និង​​​បាន​​​បណ្តាល​​​ឲ្យលិច​​​ផ្លូវថ្នល់​​​ដោយសារ​​​ការកកស្ទះ​​​លូនៅតាម​​​បណ្តា​​​ផ្លូវសំខាន់ៗ​​​មួយចំនួន​​​ផងដែរ។

រូបភាពអំពីគ្រោះធម្មជាតិនៅកម្ពុជា

នៅ​ថ្ងៃទី​១៦​ឧសភា​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម បាន​ចេញ​សេចក្តី​ប្រកាស​ជូន​ដំណឹង​ដល់​សារធា​ណជន​ឲ្យមាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​សុវត្ថិភាព និង​គ្រោះ​ថ្នាក់​ផ្សេងៗ​ជាយ​ថាហេតុ ដែល​អាច​កើត​មានឡើង​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ។ នៅក្នុង​សេចក្តី​ប្រកាស​នោះ​បាន​ជូន​ដំណឹង​ថា បន្ទាប់​ពីធ្វើ​ការ​អង្កេត​តាម​ដាន​ពីស្ថាន​ភាព​អាកាស​ធាតុ​រួចមក​ឃើញ​ថា នៅ​វេលា​ម៉ោង ១​រំលង​អធ្រាត ឈាន​ចូល​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១២ ជ្រលង​សម្ពាធ​ទាប ដែល​មាន​ឥទ្ធិ​ពល​លើ​ព្រះរាជា​ណាចក្រ​កម្ពុជា ចាប់​តាំង​ពីថ្ងៃ​ទី០៥​ ខែ​ឧសភា ឆ្នាំ​២០១២មក​នោះ​ បាន​បង្កើន​ឥទ្ធិពល​កាន់​តែខ្លាំង​ឡើង។ សេចក្តី​ប្រកាស​ជូន​ដំណឹង​បាន​រាយ​ការណ៍​ទៀត​ថា ការ​បង្កើន​ឥទ្ធិពល​របស់​ជ្រលង​សម្ពាធ​ទាប​គួប​ផ្សំ​ជាមួយ​នឹង​ខ្យល់​មុសុង​និរតី និង​ធ្វើឲ្យ​ផ្ទៃមេឃ​មាន​សភាព​អាប់អួរ នៅ​ពេល​រសៀល និង​នៅពេល​យប់ បង្ក​ជា​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ទ្រាក់​បោក​បក់​ខ្លាំង ចាប់​ពីថ្ងៃទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា​ រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់​ស្ពឺ តា​កែវ ព្រៃ​វែង ស្វាយ​រៀង កំពង់​ឆ្នាំង ពោធិ៍​សាត់ បាត់​ដំបង កំពង់​ធំ កំពង់​ចាម ក្រ​ចេះ កំពត និង​ខេត្តព្រះ​សីហនុ​ជាដើម។

យោង​តាម​ស្ថាន​ភាព​អាកាសធាតុ​ដូចបាន​ជម្រាប​ជូនខាង​លើ ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែន​ដី និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តា​រាជ​ធានី ខេត្ត ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ពិសេស​បង​ប្អូន​ប្រ​ជា​នេសាទ សូម​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ដើម្បី​ចៀស​វាង​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ ដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ។

គួរ​រំឭក​ផងដែរ​ថា អាកាស​ធាតុ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ បាន​បង្ក​ជា​ភ្លៀង ខ្យល់​ខ្លាំង រន្ទះ ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​ សត្វ​អស់​ជា​ច្រើន ហើយ​ដើម​ឈើ និង​ផ្ទះមួយ​ចំនួន​ត្រូវ​បាន​ដួល​រលំ។ ជា​ពិសេស​នៅទី​ក្រុង​ភ្នំពេញ​ ប្រព័ន្ធ​លូត្រូវ​បាន​ស្ទះ​និង​ដើមឈើ​ត្រូវ​បាន​ដួល​រលំ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ផងដែរ។

មួយ​វិញ​ទៀត​បើ​តាម​របាយ​ការណ៍​របស់​គណៈ​កម្មការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​របស់​កម្ពុជា​បានឲ្យ​ដឹងថា នៅក្នុង​កំឡុង​ពេល៤​ខែដើម​ឆ្នាំ ២០១២​នេះ គ្រោះ​ថ្នាក់​ដោយសារ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ មាន​ការ​កើន​ឡើង​ជាង​ច្រើន​ឆ្នាំមុន​ ដែលបាន​សម្លាប់​មនុស្ស​ចំនួន ២១​នាក់ និង​រង​របួស ៥៣​នាក់ ព្រម​ទាំង​រលំ​ផ្ទះ​របស់​ប្រជាពល​រដ្ឋ ១៤២​ខ្នង រួម​ទាំងខួច​ខាត​ជាច្រើន​រយខ្នង​ផ្សេង​ទៀត។ ដែលនេះ​ ​គឺជា​លទ្ធផល​ដែល​ទទួល​បានពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពីជន​ទុច្ចរិត ដោយ​បាន​ធ្វើ​ឲ្យ​បាត់​បង់​របាំង​ការពារ​ខ្យល់​ព្យុះ​ដ៏​ធំមួយ​នៅកម្ពុជា​ ហើយ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ត្រូវ​រង​ទុក្ខ​វេទនា ដោយ​សារជន​អគតិ​ទាំង​អស់​នោះ ព្រោះ​ថា​កម្ពុជា​កាល​ពីមុន​ពុំសូវ​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ច្រើន​យ៉ាង​នេះ​នោះ​ទេ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១៦ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative