រលាក​ទង​សួត ៖ មូល​ហេតុ និង​វិធី​ព្យាបាល

ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​មនុស្ស​មាន​តួនាទី​សំខាន់​ណាស់ ដែលមាន​ដូចជា​សួត ទងសួត​ជាដើម។ ការដក​ដង្ហើម​ដែលនាំ​ខ្យល់ កខ្វក់ ក្លិន​មិនល្អ ឬធូ​លីដី​ចូលអាច​នាំឱ្យ​ទងសួត​រលាក។ ជម្ងឺនេះ​កើតចំពោះ​កុមារមាន​អត្រាខ្ពស់​បំផុត។ កាលណា​មានករណី​រលាក ទងសួត សុខភាព​នឹងទ្រុឌ​ទ្រោម។ ជម្ងឺ​រលាកទង​សួតងាយ​ឆ្លង ប៉ុន្ដែ​ជម្ងឺនេះ​ក៏អាច​ព្យាបាល​និងបង្ការ​បានដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានជួប​សម្ភាស​លោកវេជ្ជ​បណ្ឌិត នី ចន្ទី​ប្រធាន​ផ្នែក​ជម្ងឺសួត​ប្រចាំ​មន្ទីរ​ពេទ្យ​ព្រះកុ​សុមៈ ស្ដីពី ជម្ងឺ​រលាក​ទងសួត។

អ្វីទៅ​ជាជម្ងឺ​រលាក​ទងសួត?

រលាក​ទងសួត​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​បង្កពី​មេរោគ​ផ្សេងៗ និងនៅ​ពេលមាន​ការផ្លាស់​ប្ដូរ​រដូវ ឬអាកាស​ធាតុ។ ជម្ងឺ​នេះធ្វើ ឱ្យ​រលាក និងហើម​ផ្លូវដង្ហើម ទងសួត ដែលអាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់វ័យ។ ប៉ុន្ដែ​វ័យកុមារ​មានការ​ប្រឈម​ខ្ពស់ជាង​មនុស្ស​វ័យ ចំណាស់។

រោគ​សញ្ញា​ជម្ងឺ​រលាក​ទងសួត

ក្រោយ​ពេលឆ្លង​កាត់ការ​ផ្លាស់ប្ដូរ​រដូវឬ​អាកាស​ធាតុ បើមាន​បញ្ហាចោទ​ដល់ទង​សួត រយៈពេល​ពីរឬ​បីថ្ងៃ​ក្រោយមក​អាច បង្ហាញ​រោគ​សញ្ញា ដោយ​លេចចេញ​នូវអា​ការក្ដៅ​ខ្លួន(មិន​ខ្លាំងពេក​ទេ) ហើយពេល​លេបថ្នាំ​គឺកម្ដៅ​ឆាប់ធ្លាក់​ចុះ។ ក្រៅពី​នេះទៀត​គឺ មានឈឺ​បំពង់ក ក្អកមាន​ស្លេស កណ្ដាស់ តឹង​ច្រមុះ ហៀរ​សំបោរ ហត់ជា​ដើម។ នៅពេល​ពិនិត្យ​និងឃើញ​លេចចេញ​មានពក គ្រាប់តូច​ៗដោយ​សារការ​ហើម មានឡើង​ក្រហម​នៅត្រង់​គល់​អណ្ដាត និង​បំពង់ក។ នៅពេល​ស្ដាប់​សញ្ញា​ដង្ហើម​មានអា​ការត្បៀត ផ្លូវ​ដង្ហើម។ ក្នុង​ករណី​រលាក​ទងសួត​ដែលបង្ក​ឡើងដោយ​មាន​មេរោគ​អ្នក​ជម្ងឺនឹង​មាន​កំហាក​មានពណ៌​ខ្ទុះ ពណ៌​ស្វាយ​បន្ដិច។

មូល​ហេតុ​រលាក​ទង​សួត

ជម្ងឺ​រលាក​ទងសួត​មានការ​ពាក់ព័ន្ធ​នឹងរដូវ​កាល នៅពេល​មានការ​ផ្លាស់ប្ដូរ​រដូវពី​ក្ដៅមក​ត្រជាក់​ការចាប់​ផ្ដើមធ្លាក់​ភ្លៀង​ដំបូង អាកាស​ធាតុមាន​ការប្រែ​ប្រួលលឿន​ជាដើម ជាហេតុ​នាំឱ្យ​ប្រព័ន្ធផ្លូវ​ដង្ហើម​មានការ​រលាក​ច្រមុះ រលាក​បំពង់ក​និងឈាន​ទៅរក ការហើម ឬ​រលាក​ទងសួត​ថែមទៀត។ ម្យ៉ាងទៀត​អាច​បណ្ដាល​មកពី​បរិស្ថាន​មិនល្អ​ដូចជា​ផ្សែងពុល​នៃការ​ដុត​បំផ្លាញ​អ្វីមួយ ផ្សែង​រថយន្ដ ផ្សែងមាន​សារធាតុ​គីមី ធូលី​ដីក្នុង​ស្រទាប់​ខ្យល់ ក្លិនមិន​ល្អនៃ​កាក​សំណល់ លូទឹក​ស្អុយ​ផ្សែង​បារី​ជាដើម។ ការដក​ដង្ហើម ចូលទៅ​នូវខ្យល់​អុកស៊ី​សែនក៏​អាចនាំ​ចូលទៅ​នូវធូលី​ដីដែល​មាន​មេរោគ​និង​សារធាតុ​អាក្រក់ៗ​ផ្សេង​ទៀតដែរ។ នេះជា​ដើមចម​នៃការ ធ្វើឱ្យ​រលាក​ទងសួត។ រលាក​ទងសួត​កើតមាន​លើ​មនុស្ស​គ្រប់វ័យ​ប៉ុន្ដែ​ច្រើនកើត​នៅលើ​ក្មេងដែល​មានអាយុ​ក្រោម​១០ឆ្នាំ។ ឯមនុស្ស ចាស់ដែល​កើតជម្ងឺ​រលាកទង​សួត អាចក្លាយ​ជាជម្ងឺ​រ៉ាំរ៉ៃ ឬជម្ងឺ​ហឺត។

ការ​ព្យាបាល​ជម្ងឺ​រលាក​ទង​សួត

ការ​ព្យាបាល​ជម្ងឺ​រលាកទង​សួតមិន​ប្រើថ្នាំ​ផ្សះទេ គឺប្រើ​ថ្នាំពពួក​ប៉ារ៉ា​សេតា​ម៉ុល ថ្នាំ​បំបាត់​អាលែក​ហ្ស៊ី និងកាត់​ស្លេស​កាត់​សំបោរ​ជាដើម។ បើជម្ងឺ​រលាក​ទងសួត​មាន​កម្រិត​ស្រាល គេអាច​ព្យាបាល​ជាសះ​ស្បើយក្នុង​ពេល​ប្រមាណ​ជា​ប្រាំថ្ងៃ។ ក្នុង​ករណី​រលាក ទងសួត​ធ្ងន់ធ្ងរ ដំបៅ​មានខ្ទុះ ការព្យា​បាលក៏​ត្រូវប្រើ​ថ្នាំផ្សះ ថ្នាំ​កម្រិត​ខ្ពស់តាម​នោះដែរ។ ករណី​ទងសួត​មានហើម អាចត្រូវ​ប្រើថ្នាំ ដើម្បី​ឆ្ពុង​សម្រក​ការហើម ព្រោះការ​ហើមនេះ​ធ្វើឱ្យ​ស្ទះខ្យល់​ដក​ដង្ហើម។ ដូច្នេះ​គ្រូពេទ្យ​ជំនាញ​នឹងធ្វើ​ការ​សង្គ្រោះ​តាម ដែលអាច​ធ្វើ ទៅបាន។ ជួនកាល​ក៏ត្រូវ​ប្រើថ្នាំ​ចាក់ទៀត​ក៏មាន ទៅតាម​ការពិនិត្យ​ជាក់ស្ដែង​និងទៅ​តាមវិធី​សាស្ដ្រ​របស់​គ្រូពេទ្យ​ជំនាញ។ ប្រសិន បើ​ព្យាបាល​មិនទាន់​ពេល​វេលា​ជម្ងឺ​រលាក​ទងសួត​អាចធ្វើ​ឱ្យអ្នក​ជម្ងឺពិបាក​ក្នុងការ​ដក​ដង្ហើម ដោយស្ទះ​ៗនឹងកង្វះ​អុកស៊ី​សែនក្នុង​ឈាម ដែលអាច​បណ្ដាល​ឱ្យបាត់​បង់ជីវិត​បាន។

វិធី​បង្ការ​ជម្ងឺ​រលាក​ទងសួត

លោកអ្នក​មិនត្រូវ​នៅកន្លែង​ដែលមាន​អាកាស​ធាតុក្ដៅ​ពេក ឬត្រជាក់​ពេកទេ មិនត្រូវ​នៅហាល​ភ្លៀង​ហាល​ខ្យល់​ត្រូវទឹក​សន្សើម​ទេ។ ក្រៅពី​នេះទៀត​ក៏ត្រូវ​នៅឱ្យ​ឆ្ងាយពី​ទីកន្លែង​ដែលមាន​ធូលី​ដីហុយ ផ្សែង​កខ្វក់​កន្លែងមាន​ក្លិនមិន​ល្អជា​ដើម។ ប្រសិន​បើ នៅក្នុង​គ្រួសារ​មាន​សមាជិក​ណាម្នាក់​មានជម្ងឺ​រលាក​ទងសួត គួរឆាប់​ព្យាបាល​ឱ្យទាន់​ពេល​វេលា។ ហើយគួរ​ដាក់អ្នក​ជម្ងឺឱ្យ​រស់នៅ​ឆ្ងាយ ពីគេ​ឯងតាម​ដែលអាច​ធ្វើទៅ​បាន ព្រោះ​ជម្ងឺនេះ​ងាយឆ្លង​ណាស់ ជា​ពិសេស​កុមារ។ ជាមួយ​គ្នានេះ ផ្សែងបារី​អាចបង្ក​ការ​រលាក​ទងសួត និងជម្ងឺ​ផ្សេងទៀត​ដែលពាក់​ព័ន្ធ។

ដំ​បូន្មាន​អ្នក​ជំនាញ

បើមាន​រោគ​សញ្ញា​ដូចបាន​ជម្រាប​ជូនខាង​លើ សូម​រូតរះ​រកសេវា​ប្រឹក្សា​ព្យាបាល។ ការ​ដំអក់​យូរអាច​នាំឱ្យ​មានការ​ឆ្លងរាល​ដាលដល់​អ្នកដទៃ។ កុមារ​មាន​អាយុ​ក្រោម១០​ឆ្នាំ ងាយឆ្លង​ពីអ្នក​ដទៃ​ណាស់។ ដើម្បី​ចៀសវាង​ការខាត​បង់​ថវិកា​លើសេ​វាកម្ម​ព្យាបាល ចុះខ្សោយ​សុខភាព ខូចខាត​ការងារ និងការ​សិក្សា លោកអ្នក​គួរចេះ​បង្ការ​និង​ការពារ​ខ្លួនឱ្យ​បានគ្រប់​ៗគ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *