ការ​​​ថែរក្សា​​​ស្បែក​​​ស្ដ្រី​​​នៅ​​​ក្នុង​​​វ័យ​​​សិក្សា

ក្មេង​​ស្រី​​សម័យ​​នេះ​ឆាប់​លូត​លាស់​ណាស់​ត្រឹម​តែ​អាយុ​១២​ទៅ​១៣​ឆ្នាំ​ក៏​ចាប់​ផ្ដើម​បែក​សាច់​បែក​ឈាម​ពេញ​ក្រមុំ​ទៅ​ហើយ​ ព្រោះ​​អាហា​រ​​មាន​​ចំណែក​​ធ្វើ​ឱ្យ​​អ័រ​ម៉ូន​នៅក្នុង​សារ​ពាង្គ​កាយ​មាន​ដំណើរ​ការ​ល្អ។​ ចំណែក​ឯការ​សិក្សា​វិញ​ក៏​មាន​ការ​រីក​ចម្រើន​ដែរ​ ដោយ​មាន​សុ​ភាព​នារី​ខ្លះ ​ខំ​ប្រឹង​សិក្សារ​ហូត​ដល់​ភ្លេច​ការ​ថែ​រក្សា​សម្រស់​របស់​ខ្លួន​ក៏​មា​ន​ដែរ​ ដែល​ជា​ហេតុ​អាច​ធ្វើ​ឱ្យ​សម្រស់​ត្រូវ​ បាន​បាត់​បង់​។ ​ដូច​នេះ​សម្រាប់​យុវ​តី​ដែល​ជា​សិស្ស​ឬ​និសិ្សត​ទាំង​ឡាយ​ ក្រៅ​ពី​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ទៅ​លើ​ការ​សិក្សា​ហើយ​ ក៏​ត្រូវ​គិត​ ទៅ​ដល់​ការ​ថែ​រក្សា​សម្រស់​ផង​ដែរ​ ជា​ពិសេស​ការ​ថែ​រក្សា​ស្បែក​។

រូបភាពទស្សនាវដ្តីសុខភាពយើង

​ទស្សនាវដ្ដី​ សុខភាពយើង ជួប​ជា​មួយ​លោក​ស្រី​ ​សា​ពណ៌​ នាយក​សា​ពណ៌​ម៉ូ​ឌែ​លីង​អេ​ជិន​ស៊ី ​បក​ស្រាយ​ប្រាប់​ពី​វិធី​នៅ​ក្នុង​ ការ​ថែ​រក្សា​ស្បែក​ស្ដ្រី​នៅ​ក្នុង​វ័យ​សិក្សា​ ដើម្បី​ឱ្យ​សុភាព​នារី​គ្រប់​រូប​បាន​ជ្រាប​បន្ថែម​​ចំពោះ​បញ្ហា​នេះ​។

វិធី​ថែ​រក្សា​ស្បែក​ស្ដ្រី​នៅ​ក្នុង​វ័យ​សិក្សា​

វិធី​ថែ​រក្សា​ស្បែក​សម្រាប់​សិស្ស​ឬ​និសិ្សត​នៅ​ក្នុង​វ័យ​សិក្សា​នេះ​មាន​សារ​ប្រយោ​ជន៍​ណាស់ ​ដែល​អាច​ធ្វើឱ្យ​សុភាព​នារី​មាន​ ស្បែក​ស្រស់​ស្អាត​ មិន​មាន​​មុន​ ឬ​កន្ទួល​រមាស់​ជា​ដើម​។ ​តែ​បើ​សិន​ជា​សុភាព​នារី​មិន​បាន​ថែ​រក្សា​ឱ្យ​បាន​ល្អ ​បណ្ដាល​ឱ្យ​ស្បែក​បាត់​បង់​នូវ​ ភាព​ស្រស់​ស្អាត​ឬ​មាន​បញ្ហា​មិន​ល្អ​នៅ​ក្នុង​វ័យ​ក្មេង​ខ្ចី​បែប​នេះ​ ​វា​ពិត​ជា​គួរ​ឱ្យ​សោក​ស្ដាយ​ណាស់​។ ​ដូច​នេះ​សុភាព​នារី​ត្រូវ​តែ​ធ្វើ​ការ​ ថែ​រក្សា​ស្បែក​ឱ្យ​បាន​ល្អ​ ហើយ​វិធី​នៅ​ក្នុង​ការ​ថែ​រក្សា​នេះ ​វា​មិន​មាន​អ្វី​លំបាក​នោះ​ទេ ​ដោយ​សុភាព​នារី​គ្រាន់​តែ​អនុវត្ដ​ទៅ​តាម​ការ​ ណែ​នាំ​ដូច​ខាង​ក្រោម​ ៖​

-​ ស្បែក​មុខ​មិន​ត្រូវ​បណ្ដោយ​ទៅ​តាម​ធម្មជាតិ​ពេក​នោះ​ទេ​​គឺ​ត្រូវ​តែ​មាន​ផលិត​ផល​សម្រាប់​ថែ​រក្សា​ ដោយ​ត្រូវ​ជ្រើស​រើស​ សាប៊ូ​ឬ​ហ្វូម​មក​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ។​​ មិត្ដ​នារី​មិន​ត្រូវ​ជ្រើស​រើស​ផលិត​ផល​ដែល​មាន​សារ​ជាតិ​កាត់​នោះ​ទេ ​ព្រោះ​ស្បែក​មុខ​នៅ​ខ្ចី​ អាច​បណ្ដាល​ឱ្យ​មាន​​អាការ​ក្រហាយ​ឬ​ប្រតិ​កម្ម​។​ ​ដូច​នេះ​គួរ​តែ​ជ្រើស​រើស​ហ្វូម​លាង​មុខ​ឱ្យ​សម​ទៅ​នឹង​ប្រភេទ​ស្បែក​មុខ​។ ​នៅ​ពេល​ លុប​លាង​មុខ​ត្រូវ​តែ​ដុស​ឱ្យ​សព្វ​ពេញ​ផ្ទៃ​មុខ​ ដោយ​ត្រូវ​យក​ដៃ​អង្អែល​រហូត​ដល់​មាន​ពពុះ ​រួច​សឹម​លាង​ចេញ​ មិន​មែន​យក​សាប៊ូ​ដុស​មុខ​ មិន​ទាន់​សព្វ​ផង​ក៏​លាង​ទឹក​ចេញ​នោះ​ទេ ​ព្រោះបើ​នៅ​មាន​ខ្លាញ់​ឬ​វត្ថុ​កខ្វក់​នៅ​សេស​សល់​លាង​មិន​ជ្រះ ​នាំ​ឱ្យ​កើត​មុន​និង​មាន​កន្ទួល​ រមាស់​ជា​ដើម​។​

-​ នៅ​ពេល​ងូត​ទឹក​ ត្រូវ​ប្រើ​សាប៊ូ​និង​ស្បៃ​ដុស​សម្អាត​ខ្លួន​ដៃ​ជើ​ង​ឱ្យ​បាន​ស្អាត​ ជា​ពិសេស​គួរ​តែ​ធ្វើ​ការ​សម្អាត​ខ្នង​ផង​ដែរ​ ដើម្បី​កុំ​ឱ្យ​កើត​មុន​នៅ​លើ​ខ្នង​។​

-​ ខោ​អាវ​ទ្រនាប់​ត្រូវ​តែ​ធ្វើ​កា​ផ្លាស់​ប្ដូរ​ឱ្យ​បាន​ញឹក​ញាប់​ និង​ត្រូវ​បោក​គក់​សម្អាត​ឱ្យ​បាន​ស្អាត​ ជា​ពិសេស​ត្រូវ​ហាល​ឱ្យ​ត្រូវ​ពន្លឺ​ ថ្ងៃ​។ ​ខោ​អាវ​ស្លៀក​ពាក់​ខាង​ក្រៅ​ដែល​ពាក់​ បើ​សិន​ជា​មាន​ភាព​សើម​ដោយ​ញើស​និង​វត្ថុ​​កខ្វក់​ប្រឡាក់​ប្រឡូក​ ត្រូវ​ឆាប់​ដោះ​ចេញ​យក​ ទៅ​បោក​គក់​ មិន​ត្រូវ​ផ្អាប់​ទុក​ចោល​ ឬ​យក​ទៅ​ហាល​ឱ្យ​ស្ងួត​នោះ​ទេ។​

-​ កន្លែង​គេង​ត្រូវ​តែ​សម្អាត​ឱ្យ​បាន​ស្អាត​ជានិច្ច​ ជា​ពិសេស​ត្រូវ​សម្អាត​ស្រោម​ពូក​ ស្រោម​ខ្នើយ​ ដោយ​ត្រូវ​យក​ទៅ​បោក​គក់​ សម្អាត​និង​ត្រូវ​ហាល​ថ្ងៃ​​ឱ្យ​ស្ងួត​ កុំ​ផ្អាប់​ទុក​ឬ​ត្រាំ​ចោល​ ព្រោះ​អាច​បណ្ដុះ​នូវ​មេ​រោគ​ធ្វើ​ឱ្យ​កើត​មុន​ កើត​កន្ទួល​រមាស់​ និង​បង្ក​ឱ្យ​កើត​ មាន​បញ្ហា​ទៅ​ដល់​ស្បែក​ផង​ដែរ​។

-​ សិស្ស​ឬ​និសិ្សត​នៅ​ពេល​ចេញ​ពី​សាលា​រៀន​តែង​តែ​ប៉ះ​ពាល់​ជា​មួយ​ធូលី​ដី​ និង​បែក​ញើស​ជោក​ខ្លួន​ ជា​ពិសេស​នៅ​បរិវេណ​ ក្លៀក​ ដូច​នេះ​គួរ​តែ​មាន​ក្រដាស​អនាម័យ​ឬ​កន្សែង​ជូត​មុខ​ដាក់​នៅ​តាម​ខ្លួន​ ដើម្បី​ការពារ​ការ​កើត​កន្ទួល​រមាស់ ​និង​កើត​មុន​ជា​ដើម​។​ នៅ​ពេល​មិត្ដ​នារី​ប៉ះពាល់​នឹង​ភាព​កខ្វក់​ ជាតិ​ពុល​ ល្អង​ធូ​លី​ដី ​និង​បរិ​យាកាស​កខ្វក់​ បើ​មាន​ពេល​គួរ​តែ​ឆ្លៀត​លាង​សម្អាត​មុខ​ចេញ​ ឬ​បើ​សិន​ជា​មិន​មាន​ពេល​ទេ ​គួរ​តែ​ឆ្លៀត​ជូត​មុខ​ជា​មួយ​ក្រដាស​អនាម័យ​ក៏​បាន​។​ នៅ​ពេល​ត្រឡប់​ពី​សាលា​រៀន​ ពេល​មក​ដល់​ផ្ទះ ​គួរ​ តែ​ប្រញាប់​ងូត​ទឹក​លាង​មុខ​ឱ្យ​ស្អាត​មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​ការងារ​ផ្សេង​ៗ​ទៀត​។

-​ សុភាព​នារី​គួរ​​​​តែ​មាន​ឡេ​ថែ​រក្សា​ស្បែក​ ដូច​ជា​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​និង​ឡេ​ការពារ​កម្ដៅ ​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​ មាន​សំណើម​ និង​ម៉ត់​រលោង​ និង​មិន​ធ្វើ​ឱ្យ​ស្បែក​បែក​ស្រកា​ជា​ដើម​។ ​

-​ នៅ​ពេល​មក​រដូវ​ម្ដង​ៗ ​អាច​ឡើង​មុន​២​ទៅ​៣​នៅ​លើ​ផ្ទៃ​មុខ​។​ សុភាព​នារី​មិន​ត្រូវ​ខ្វាយ​ខ្វល់​នោះ​ទេ​ ហើយ​ក៏​មិន​ត្រូវ​យក​ ដៃ​ច្របាច់​ឬ​ញេច​មុន​ដែរ​ គឺ​ត្រូវ​ទុក​ឱ្យ​វា​រាប​ដោយ​ខ្លួន​ឯង​ ព្រោះ​កាល​ណា​បើ​សុភាព​នារី​ប្រើ​ដៃ​ញេច​អាច​បង្ក​ឱ្យ​កើត​មុន​កាន់​តែ​ច្រើន​ ឡើង​ ព្រោះ​មិន​បាន​ដឹង​ថា​ដៃ​អាច​មាន​ភាព​កខ្វក់​ឬ​មាន​ជាប់​មេ​រោគ​អ្វី​នោះ​ទេ​។

​-​ ​ចំពោះ​សុភាព​នារី​ដែល​ចូល​ចិត្ដ​ទទួល​ទាន​បង្អែម​ ដូច​ជា​ប្រភេទ​នំប៉័ង​ នំផ្អែម​ អាច​ធ្វើ​ឱ្យ​ធាត់​ឬ​ឡើង​មុន​ ដោយ​មិន​ដឹង​ខ្លួន​ ។​ សុភាព​នារី​គួរ​តែ​សម្គាល់​ខ្លួន​ឯង​ថា​ត្រូវ​ឬ​ខុស​ប្រក្រតី​ ដូច​ជា​កើត​មុន​លើ​ផ្ទៃ​មុខ​ ធាត់​ដុះ​ក្បាល​ពោះ ​ចង្កេះ​ និង​កំភួន​ជើង​ធំ​។​ ដូចនេះ​ បើ​សិន​ជា​មិត្ដ​នារី​ទទួល​ទាន​ច្រើន​ គួរ​តែ​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ខ្ជាប់​ខ្ជូន​ ទើប​ខ្លាញ់​មិន​គរ​ផ្ដុំ​ច្រើន​ ដែល​មិន​អាច​ធ្វើ​ឱ្យ​ធាត់​។

-​ សិស្ស​ឬ​និស្សិត​តែង​តែ​រៀន​ច្រើន​ ជា​ពិសេស​មុន​ពេល​ប្រឡង​អាច​អត់​ងងុយ​។​ យុវ​តី​ត្រូវ​រៀប​ចំ​ពេល​ឱ្យ​ល្អ ​គួរ​រក​ពេល​ វេលា​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់​ មិន​ត្រូវ​លេង​អ៊ីន​ធឺ​ណែត​ដល់​យប់​ជ្រៅ ​ភ្លេច​ទទួល​ទាន​ដំណេក​ ឬ​ធ្វើ​លំហាត់​ប្រាណ​យូរ​ពេក​ ប្រសិន​បើ ​មិន​ចង់​កើត​មុន​។​ បើ​សិន​ជា​ចង់​ស្អាត​ ត្រូវ​ឱ្យ​ស្បែក​បាន​សម្រាក​ខ្លះ ​ព្រោះ​ករណី​អត់​ងងុយ​យប់​ជ្រៅ​ពេក​អាច​ធ្វើ​ឱ្យ​ស្បែក​ស្រពន់​ ចំណែ​កឯ​ប្រព័ន្ធ​ការពារ​រាង​កាយ​ក៏​មិន​រឹង​មាំ ​ដូច​នេះ​មិន​អាច​ប្រឆាំង​នឹង​មេរោគ​បាន​នោះ​ទេ ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​ខូច​សុខ​ភាព​ផង​ ដែរ​។

-​ យុវ​តី​គ្រប់​រូ​ប​ត្រូវ​តែ​រៀន​ធ្វើ​ការ​សម្រួល​អារម្មណ៍​ឱ្យ​ស្រស់​ថ្លា ​ចេះ​សមា​ធិ​ កុំ​គិត​តែ​រវើ​រវាយ​ ​នាំ​ឱ្យ​កើត​ភាព​តប់​ប្រមល់​ តាន​តឹង​ ព្រោះ​ក្រៅ​ពី​ធ្វើ​ឱ្យ​ឈឺ​ក្បាល​ហើយ​ ថែម​​ទាំង​ធ្វើ​ឱ្យ​ស្បែក​មាន​បញ្ហា​ សុខ​ភាព​ក៏​ទ្រុឌ​ទ្រោម​ទៅតាម​នឹង​ផង​ដែរ​។ ​បើ​សិន​ជា​ ធុញ​ថប់​ មិត្ដ​នារី​អាច​ស្ដាប់​បទ​ភ្លេង​ឬ​ចម្រៀង​កំដរ​អារម្មណ៍​ឱ្យ​ស្រស់​ថ្លា​ឡើង​វិញ​។

​ដំ​បូន្មាន​អ្នក​ជំនាញ​

សុភាព​នារី​ត្រូវ​តែ​យក​ចិត្ដ​ទុក​ដាក់់​នៅ​ក្នុង​ការ​ថែ​រក្សា​សម្រស់​និង​សុខ​ភាព​ឱ្យ​បាន​ល្អ​ ជា​ពិសេស​គឺ​​ការ​សិក្សា​ មិន​ត្រូវ​ធ្វេស​ ប្រហែស​នោះ​ទេ​។​ ភាព​ធ្វេស​ប្រហែស​នៅ​ក្នុង​ការ​ថែ​រក្សាសម្រស់​អាច​ធ្វើ​ឱ្យ​សុភាព​នារី​ជួប​នឹង​ផល​លំបាក​ ដូច​ជា​កើត​មាន​មុន​ មាន​ កន្ទួល​រមាស់​ ស្បែក​ឆាប់​ជ្រីវ​ជ្រួញ​ជា​ដើម​។ ​ចំពោះ​សិស្ស​និសិ្សត​មួយ​ចំនួន​ ដែល​តែង​តែ​ធ្វើ​ការ​តុប​តែង​មុខ​ជ្រុល​​ហួស​ហេតុ​ ជា​ពិសេស​ ចូល​ចិត្ដ​ស្លៀក​សម្លៀក​បំពាក់​ខើច​ខ្លី​ទៅ​សាលារៀ​ន​នោះ​ គួរ​តែ​ផ្លាស់​ប្ដូរ​នូវ​ទម្លាប់​នេះ​ចោល​ ព្រោះ​នេះ​ជា​ប្រការ​ខុស​ឆ្គង​ដែល​នាំ​ឱ្យ​ខូច​ ឈ្មោះ​ជា​សិស្ស​ឬ​និសិ្សត​ ជា​ពិសេស​អាច​ប៉ះ​ពាល់​ដល់​ទំនៀម​ទម្លាប់​ខ្មែរ​ផង​ដែរ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative