អត្រា​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា​ថយចុះ

អស់រយៈ​ពេល​ប្រមាណ​២៥ឆ្នាំ​មក​ហើយ ដែល​មេរោគ​អេដស៍​បានរាត​ត្បាតនៅ​លើ​ពិភព​លោក។ ប្រទេស​កម្ពុជា​ក៏ជា ប្រទេស​មួយដែល​ឆ្លង និង​រីករាល​ដាលយ៉ាង​ខ្លាំង​អស់រយៈ​ពេល១៦​ឆ្នាំ (ឆ្នាំ​១៩៩១-​២០០៧​)មកហើយ​ដែរ។​ឥឡូវ​អត្រា​ដ៏ខ្ពស់​នៅ ប្រទេស​កម្ពុជា​បានថយ​ចុះយ៉ាង​ខ្លាំងគួរ​ឱ្យកត់​សម្គាល់។ ការធ្លាក់​ចុះនេះ មិនមែន​មានន័យ​ថា​ការរាត​ត្បាតនៃ​ជម្ងឺ​អេដស៍​លែង​ចោទ ជា​បញ្ហា​នោះទេ។ ក៏​ប៉ុន្ដែជា​មោទនៈ​ភាព​របស់​កម្ពុជា​ដែល​ត្រូវបាន​សកល​លោក​ទទួល​ស្គាល់ថា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ ដែល អាចកាត់​បន្ថយ​ការរាល​ដាលនៃ​ជម្ងឺ​អេដស៍​បាន​ដោយ​ជោគជ័យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង នឹង​បង្ហាញពី​តួលេខ​ប៉ាន់​ស្មាន​អត្រា​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ២​០០៦​និងយុទ្ធ សាស្ដ្រ​របស់​រដ្ឋា​ភិបាល ដើម្បី​បន្ដ​ការកាត់​បន្ថយ​អត្រា​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា​បន្ថែម​ទៀត នាពេល​អនាគត។

ប្រភព​ទិន្នន័យ​នៃ​អត្រា​មេរោគ​អេដស៍

បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​ប្រភព​ទិន្នន័យ​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​អត្រា​ផ្ទុក​មេរោគ​អេដស៍។ ក្រុម​អ្នក​បច្ចេក​ទេស អន្ដរ​ជាតិ​មកពី​ស្ថាបន័​ផ្សេងៗ បាន​ស្វែងរក​នូវ​វិធី​សាស្ដ្រ​រួមមួយ​ច្របាច់​បញ្ចូល​ជាមួយ​ទិន្នន័យ​ទាំងនោះ​ដូចជា​ទិន្នន័យ​ការ​អង្កេត​អត្រា ផ្ទុក​មេរោគ​អេដស៍​២០០៦ ការ​អង្កេត​ប្រជា​សាស្ដ្រ និង​សុខភាព​ឆ្នាំ២០​០៥​និង​ទិន្នន័យ​ស្ថិតិ​ប្រជា​ពលរដ្ឋ​ដែល​បានម​កពីវិទ្យា​ស្ថាន​ជាតិ ស្ថិតិ។ ក្នុង​គោល​បំណង​រកឱ្យ​ឃើញ​នូវតួ​លេខ​មួយ​ដែលមាន​ភាព​សុក្រឹត​ក្នុង​កម្រិត​មួយដែល​អាច​ទទួល​យកបាន។ លទ្ធផល​ដែលរក​ឃើញ​បាន​បង្ហាញ​នូវតួ​លេខរួម​មួយ​សម្រាប់​តំណាង​ឱ្យ​អត្រា​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា​ចាប់ពី​អាយុ១​៥ដល់​៤៩ឆ្នាំ។

ការ​ថយចុះ​នៃ​អត្រា​ប្រេវ៉ា​ឡង់​មេរោគ​អេដស៍

អត្រា​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ទូទៅ​អាយុពី​១៥ដល់​៤៩ឆ្នាំ​ក្នុងឆ្នាំ​២០០៦​រក​ឃើញ​មាន​ចំនួន​០.៩ភាគ រយ​ដែល​ស្មើនឹង​៧ម៉ឺន​នាក់។ ចំនួន​ទាំងនេះ​បាន​បង្ហាញ​ថា​មានការ​ធ្លាក់ចុះ​បើ​ប្រៀប​ធៀប​ទៅនឹង​អត្រា​មេរោគ​អេដស៍​ឆ្នាំ២​០០៣ ដែល មាន​ចំនួន១.២ភាគ​រយ។

ជាមួយ​គ្នានេះ​នៅឆ្នាំ​២០០៧ មាន​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​២ម៉ឺន​នាក់​ក្នុងនោះ​មាន​កុមារ​ចំនួន​២ពាន់​នាក់​កំពុង ទទួល​ឱសថ​ពន្យារ​ជីវិត និង១​ម៉ឺន២​ពាន់​នាក់​កំពុង​ទទួល​ការថែ​ទាំជម្ងឺ​ឱកាស​និយម។ ក្រៅពី​នេះអ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​សុខភាព ល្អ ដែល​តាមការ​ប៉ាន់​ស្មាន​ប្រមាណ​៥០​ភាគរយ អ្នក​ទាំងនោះ​មិនដឹង​ខ្លួនថា​មាន​ផ្ទុក​មេរោគ​អេដស៍​នោះទេ។

ក្ដី​កង្វល់​នៃការ​រាលដាល​ជម្ងឺ​អេដស៍​ដែល​ប្រឈម​ខ្ពស់

បើទោះ​បីជា​អត្រា​ផ្ទុក​មេរោគ​អេដស៍​ធ្លាក់ចុះ​យ៉ាងណា​ក៏ដោយ ក៏​សក្ដា​នុពល​នៃភាព​រីករាល​ដាលថ្មី​នៅតែ​មាននៅ​ឡើយ។ ក្រុមអ្នក​ប្រើប្រាស់​គ្រឿង​ញៀន និង​ក្រុម​បុរស​ស្រឡាញ់​បុរស ជា​បញ្ហា​ត្រូវទប់​ស្កាត់​និង​ផ្ដោត​ការយក​ចិត្ដទុក​ដាក់​បន្ថែម​ទៀត។ ការ ឆ្លង​មេរោគ​អេដស៍​បន្ថែម​ទៅលើ​អ្នកដែល​ផ្ទុក​មេរោគ​អេដស៍​ស្រាប់ជា​កត្ដា​ដ៏គ្រោះ​ថ្នាក់​មួយ​ដែល​ធ្វើឱ្យ​មេរោគ​អេដស៍​មានភាព​ស៊ាំ ទៅនឹង​ថ្នាំ និងធ្វើ​ឱ្យ​ស្ថានភាព​សុខភាព​របស់​អ្នក​ជម្ងឺចុះ​ដុនដាប​កាន់តែ​លឿន។

យុទ្ធ​សាស្ដ្រ​បន្ដ​របស់​រាជ​រដ្ឋា​ភិបាល

ដោយ​សារតែ​ជម្ងឺ​អេដស៍​នៅតែ​ជា​បញ្ហា​ចោទ​របស់​ប្រទេស​កម្ពុជា ដូច្នេះ​រដ្ឋា​ភិបាល​បាន​បង្កើត​នូវ​យុទ្ធ​សាស្ដ្រ​ចម្បង​ចំនួន២ សម្រាប់​ការ​ធានា​មិនឱ្យ​មានការ​ផ្ទុះឡើង​ជាថ្មី​នៃ​ជម្ងឺ​អេដស៍។ យុទ្ធ​សាស្ដ្រ​ទាំងនោះ​រួមមាន​ការការ​ពារ​និងការ​ផ្ដល់ថ្នាំ​ពន្យារ​ជីវិត និង សេវា​ថែទាំ​ដល់អ្នក​មានផ្ទុក​មេរោគ​អេដស៍។ ដើម្បី​ឱ្យ​សម្រេច​បាន​ជោគ​ជ័យ​យុទ្ធ​សាស្ដ្រ​ទាំង២​នេះត្រូវ​ដើរ​ទន្ទឹម​គ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative