ស៊ីន នារីរ័ត្ន ស្ដ្រី​​​​​​គ្រប់រូប​​​​​​មិន​​​ត្រូវ​​​​​​ធ្វេស​​​ប្រហែស​​​នៅក្នុងការ​​​ថែរក្សា​​​សម្រស់​​​នោះ​​​ទេ

ក្រៅ​ពី​អា​ជីព​ជា​តារា​សម្ដែង​មួយ​រូប​ដែល​មាន​ប្រជា​ប្រិយ​ភាព​ហើយ​នោះ​​តារា​ឯក​ស្រី​នៅ​ក្នុង​រឿង​បង្គង​វល្លិ​មាស​បាន​​​​​ ក្លាយ​ខ្លួន​ទៅ​ជា​ពិធី​ការិ​នី​មួយ​រូប​ដែល​គួរ​ឱ្យ​ស្រឡាញ់​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​នោះ​​គឺ​កញ្ញា​ស៊ីន ​នារី​រ័ត្ន​។ ​ភាព​ល្បី​ល្បាញ​ ទាំង​នេះ​ក៏​បាន​មក​ពី​ការ​ឆ្លាត​វ័យ​​និង​រួម​ផ្សំ​ជា​មួយ​រូប​សម្បត្ដិ​ដ៏​ផូរ​ផង់​របស់​នារី​រ័ត្ន​ផង​ដែរ​។​​ មក​ដល់​សព្វ​ថ្ងៃ​នេះ​​នារី​រ័ត្ន​បាន​ប្រឡូក​ ចូល​សិល្បៈ​ជាង​៣​ឆ្នាំ​មក​ហើយ​​ឥឡូវ​នេះ​មាន​ទស្សនិក​ជន​មិន​តិច​ទេ​​ដែល​បាន​គាំ​ទ្រ​នារី​រ័ត្ន​នោះ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

នារី​រ័ត្ន​បាន​ចូល​មក​បក​ស្រាយ​អំពី​ការ​ថែ​​​រក្សា​សម្រស់​ជា​មួយ​នឹង​ទស្សនាវដ្ដី​​សុខភាពយើងដើម្បី​ប្រាប់​ពី​វិធី​សាស្ដ្រ​ថែ​រក្សា​​សម្រស់​និង​ការ​ថែ​រក្សា​សុខភាព​រាង​កាយ​របស់​ខ្លួន​ជូន​ប្រិយ​មិត្ដ​ទាំងអស់ ​ពិសេស​គឺ​មិត្ដ​នារី​ទាំង​ឡាយ​ឱ្យ​បាន​ជ្រាប​ផង​ដែរ​។ ​

ប្រវត្ដិ​សិល្បៈ​

មុន​ពេល​ចូល​សិល្បៈ​នារី​រ័ត្ន​ធ្លាប់​ជា​សិស្ស​ដែល​សិក្សា​នៅ​វិទ្យា​ល័យ​សន្ធរ​ម៉ុក​។​ នៅ​ក្នុង​ឆ្នាំ​២០០៧​ នារី​រ័ត្ន​ក៏​បាន​ប្រឡូក​ចូល​​សិល្បៈ​​ហើយ​រឿង​ដំបូង​ដែល​នារី​រ័ត្ន​បាន​សម្ដែង​នោះ​គឺ​រឿង​​បង្គង​វល្លិ​មាស​ ​ជា​សាច់​រឿង​របស់​វិទ្យុ​១០២​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ស្ដ្រី​កម្ពុជា​។​​ចាប់​តាំង​ពី​ពេល​នោះ​​មក​នារី​រ័ត្ន​ក៏​មាន​ភាព​ល្បី​ល្បាញ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​​នៅ​ដើម​ឆ្នាំ​២០០៨​ នារី​រ័ត្ន​ក៏​បាន​ចូល​ធ្វើ​ជា​​ពិធី​ការិនី​នៅ​ស្ថានីយ​ប៉ុស្ដិ៍​ទូរ​ទស្សន៍​បាយ័ន​។​​ក្រៅ​ពី​ធ្វើ​ជា​ពិធី​ការិ​នី​ហើយ​ នារី​រត្ន័​ក៏​បាន​ថត​ជា​ខ្សែ​ភាពយន្ដ​បាន​ចំនួន​ពីរ​រឿង​ទៀត​​សម្រាប់​ស្ថានីយ​ប៉ុស្ដិ៍​​ទូរទស្សន៍​បាយ័ន​​គឺរឿង​​ភូមិ​ខ្ញុំ​ស្រស់​ឆើត​ឆាយ​​និង​រឿង​ហាម​សិន​មុន​ស្នេហ៍​។​ ទោះ​ជា​មាន​ការ​មមា​ញឹក​ជា​មួយ​​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ​​ក៏​នារី​រ័ត្ន​មិន​បាន​បោះ​បង់​ការ​សិក្សា​ចោល​នោះ​ទេ​ ​គឺ​នារី​រ័ត្ន​បាន​បន្ដ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ចេនឡា​​​ឆ្នាំទី៤​ ​ផ្នែកធនាគារ​ និង​ហិរញ្ញ​វត្ថុ​។

​វិធី​ថែ​រក្សា​សម្រស់​

សព្វ​ថ្ងៃ​នេះ​​កញ្ញា​ស៊ីន​នារី​រ័ត្ន​​មាន​ការ​មមា​ញឹក​ច្រើន​នឹង​ការ​ងារ​ តែ​ទោះ​បី​ជា​មាន​ការ​មមា​ញឹក​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ក៏​នារី​រ័ត្ន​មិន​ដែល​ភ្លេច​ឡើយ​នូវ​ការ​ថែ​រក្សា​សម្រស់​ក៏​ដូច​ជា​ការ​ថែរក្សា​សុខ​ភាព​របស់​ខ្លួន​ផង​ដែរ​។ ​ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ក្នុង​ការ​ ថែ​រក្សា​សម្រស់​ ​និង​សុខភាព​របស់​កញ្ញា​ ស៊ីន​ នារី​រ័ត្ន​ ​ដែល​បាន​អនុវត្ដ​ជា​ប្រចាំ​។​

-​ ការ​ថែ​រក្សា​សក់​ ក្នុង​នាម​ជា​អ្នក​សិល្បៈ​មួយ​រូប​ នារី​​រ័ត្ន​តែង​តែ​ធ្វើ​ម៉ូត​សក់​ជា​ប្រចាំ​ ជា​ពិសេស​ក្នុង​ពេល​សម្ដែ​ង​ ដូច្នេះ​ ហើយ​នារី​រ័ត្ន​ក៏​បាន​ជ្រើស​រើស​ប្រភេទ​សាប៊ូ​កក់​សក់​ដែល​ត្រូវ​ជា​មួយ​នឹង​សរសៃ​សក់​ និង​ស្បែក​​​​ក្បាល​របស់​នារី​រ័ត្ន​។ ​នៅ​ក្នុង​រយៈ​ពេល​​មួយ​សប្ដាហ៍​​នារី​រ័ត្ន​តែង​តែ​កក់​សក់​៣​ដង​​ហើយ​ជា​រៀង​រាល់​ពេល​កក់​សក់​ ​នារី​រ័ត្ន​តែង​តែ​ប្រើ​ក្រែម​បន្ទន់​សក់​ជា​ប្រចាំ​​និង​អប់​សក់​១​​ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​។​ក្រៅ​ពី​នេះ​ ​នា​រី​រ័ត្ន​ក៏​បាន​ជ្រើស​រើស​ថ្នាំ​យក​មក​លាប​សក់​ដើម្បី​ការ​ពារ​កុំ​ឱ្យ​សក់​ជ្រុះ​ផង​​ដែរ​។​ 

​-​ ការ​ថែរ​ក្សា​ស្បែក​មុខ​ ចំពោះ​ស្បែក​មុខ​ នារី​រ័ត្ន​តែង​តែ​ប្រ​ឈម​មុខ​នឹង​ការ​ផាត់​មុខ​ច្រើន​ដង​​ដូច្នេះ​ក្រោយ​ពី​ការ​ សម្រាក​ពី​ការងារ​​នារី​រ័ត្ន​បាន​ធ្វើ​ការ​លាង​សម្អាត​ស្បែក​មុខ​ចេញ​ជា​មួយ​នឹង​ហ្វូម​លាង​មុខ​ និង​មាន​ឡូ​សិន​សម្រាប់​ជូត​សម្អាត​ផ្ទៃ​មុខ​។ ​នៅ​ពេល​នារី​រ័ត្ន​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ​ នារី​រ័ត្ន​តែង​តែ​ប្រើ​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ​ជានិច្ច​​។​   

-​ ការ​ថែ​រក្សា​ស្បែក​ដង​ខ្លួន​ នារី​រ័ត្ន​តែង​តែ​ប្រើ​ឡេ​ដែល​​​​មាន​កម្រិត​ខ្ពស់​ ដើម្បី​ការពារ​ពន្លឺ​ព្រះ​អាទិត្យ​។​ ហើយ​ពេល​យប់​ នារី​រ័ត្ន​លាប​ឡេការពារ​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​។ ​នារី​រ័ត្ន​តែង​តែ​ប្រើ​សាប៊ូ​ដុស​ខ្លួន​ដែល​មាន​ក្លិន​ក្រអូប​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​ ​ជា​ពិសេស​សាប៊ូ​កម្ចាត់​មេ​រោគ​។ ​អ្វី​ដែល​ពិ​សេស​ជាង​នេះ ​នៅ​ក្នុង​១​សប្ដាហ៍​ នារី​រ័ត្ន​តែង​តែ​ធ្វើ​ការ​ខាត់​ស្បែក​ម្ដង​។

​- ​ការ​ថែ​រក្សា​ធ្មេញ  ចំពោះ​សុខ​ភាព​មាត់​ធ្មេញ​នារី​រ័ត្ន​តែង​តែ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​បំផុត​។ ​ដូច​នេះជា​រៀង​រាល់​១ខែ​ម្ដង​ នារី​រ័ត្ន​តែង​តែ​ទៅ​មន្ទីរ​ពេទ្យ​ធ្មេញ​ម្ដង​។ ​នារី​រ័ត្ន​តែង​ធ្វើ​ការ​សម្អាត​ធ្មេញ​នៅ​ក្នុង​មួយ​ថ្ងៃបី​ដង​។

​-​ ការ​ថែ​រក្សា​ភ្នែក​ ចំពោះ​សុខភាព​ភ្នែក​នារី​រ័ត្ន​មិន​សូវ​ជា​យក​ចិត្ដ​ទុក​ដាក់​ប៉ុន្មាន​នោះ​ទេ​នៅ​ក្នុង​ការ​ថែ​រក្សា ​ព្រោះ​ភ្នែក​របស់​នារី​រ័ត្ន​មិន​ដែល​មាន​បញ្ហា​នោះ​ទេ​។​ទោះ​បី​ជា​មិ​ន​បាន​ធ្វើ​ការ​ថែ​រក្សា​ឱ្យ​បាន​ដិត​ដល់​ ក៏​នារី​រ័ត្ន​មិន​ដែល​ធ្វេស​ប្រហែស​ដែរ​ ​គឺ​នារី​រ័ត្ន​ តែង​តែ​ប្រើ​វ៉ែន​តា​កា​រ​ពារ​កម្ដៅថ្ងៃ​ និង​មាន​ទឹក​សម្រាប់​ជូត​សម្អាត​ភ្នែក​ជានិច្ច​។

​-​ ការ​ថែ​រក្សា​រោមភ្នែក​ ចិញ្ចើម​ បបូរ​មាត់​ ៖​ ចំពោះ​ការ​ថែ​រក្សា​រោម​ភ្នែក​ភាគ​ច្រើន​ នារី​រ័ត្ន​មិន​បាន​ថែ​រក្សា​ឱ្យ​បាន​ដិត​ដល់​ នោះ​ទេ ​ដោយ​គ្រាន់​តែ​មាន​ទឹក​សម្រាប់​ជូត​សម្អាត​រោម​ភ្នែក​នៅ​ក្រោយ​ពេល​តុប​តែង​មុខ​ហើយ​តែ​ប៉ុណ្ណោះ។​​ ចំពោះ​ចិញ្ចើម​នារី​រ័ត្ន​ តែង​តែ​កោរ​ទើប​គូស​ជា​ក្រោយ​។ ​ចំណែក​ឯ​បបូរ​មាត់​វិញ​ នារី​រ័ត្ន​ចូល​ចិត្ដ​លាប​ក្រេម​ដែល​មិន​ធ្វើ​ឱ្យ​មាន​បញ្ហា​ចំពោះ​​បបូរ​មាត់​ ហើយ​គឺ ​ជា​ក្រេម​ដែល​អាច​រក្សា​បបូរ​មាត់​កុំ​ឱ្យ​ប្រេះ​។​

-​ ការ​ថែ​រក្សា​ក្រចក​ដៃ​ ក្រចក​ជើង​ ជា​រៀង​រាល់​១​ខែ ​នារី​រ័ត្ន​តែង​តែ​ទៅ​ហាង​ដើម្បី​លាង​សម្អាត​ក្រចក​ដៃ​ក្រចក​ជើង​ម្ដង​ និង​លេង​ម៉ូត​ក្រចក​ជា​ដើម​។​

ការ​ថែ​រក្សា​សុខភាព​រាងកាយ​

នារី​រ័ត្ន​មិន​ដែល​ធ្វេស​ប្រហែស​ឡើយ​នៅ​ក្នុង​ការ​ថែ​រក្សា​សុខភាព​រាង​កាយ ​ជាពិសេស​គឺ​ការ​ធ្វើ​លំហាត់​ប្រាណ​តែ​ម្ដង​។ ​ជា​ រៀង​រាល់​១​សប្ដាហ៍​នារី​រ័ត្ន​តែង​តែ​ធ្វើ​លំហាត់​ប្រាណ​ម្ដង​នៅ​ក្លឹប​ហាត់​ប្រាណ​ ដូច​ជា​ហែល​ទឹក​ វាយ​ប៉េងប៉ុ​ង ស្ទីម​ និង​សូណា​។ ​ចំពោះ​ អាហារ​នារី​រ័ត្ន​មិន​សូវ​ជា​ចូល​ចិត្ដ​ចំពោះ​អាហារ​សាច់​ៗ​នោះ​ទេ ​គឺ​ចូល​ចិត្ដ​បន្លែ​ច្រើន​ជាង​។​ សម្រាប់​ការ​ទទួល​ទាន​ដំណេក​វិញ​ នារី​រ័ត្ន​មិន​ ដែល​ធ្វេស​ប្រហែស​ឡើយ​។ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

គោល​បំណង​ទៅ​ថ្ងៃ​អនាគត​

ក្រៅពី​សិល្បៈ ​នារី​រ័ត្ន​ក៏​មាន​គោល​បំណង​ទៅ​ថ្ងៃ​អនាគត​ដែរ​ ​គឺ​ចង់​បើក​ហាង​រក​ស៊ី​មួយ​កន្លែង​ តែ​បើ​សិន​ជា​ទស្សនិក​ជន​នៅ​ តែ​គាំទ្រ​ នារី​រ័ត្ន​នៅ​តែ​បន្ដ​អាជីព​ជា​អ្នក​សិល្បៈ​ដដែល​។

​បណ្ដាំ​ផ្ញើ​របស់​កញ្ញា​ ស៊ីន​ នារី​រ័ត្ន​

នារី​រ័ត្ន​សូម​ថ្លែង​អំណរ​គុណ​ដល់​ប្រជា​ជន​ខ្មែរ​ទាំង​ចាស់​ក្មេង​ និង​យុវ​វ័យ​គ្រប់​ស្រទាប់​វណ្ណៈ​ ​ដែល​តែង​តែ​ចូល​ចិត្ដ ​និង​គាំទ្រ​ ស្រឡាញ់រាប់អាន​នារី​រ័ត្ន​។ ​លើស​ពី​នេះ​លោក​អ្នក​នាង​កញ្ញា​គ្រប់​រូប​គួរ​តែ​ឆ្លៀត​ពេល​នៅ​ក្នុង​ការ​ថែ​រក្សា​សុខភាព​ និង​សម្រស់​ឱ្យ​បាន​ល្អ​​ហើយ​ត្រូវ​តែ​ធ្វើ​លំហាត់​ប្រាណ​ជានិច្ច​ យ៉ាង​ហោច​ណាស់​គួរ​តែ​ធ្វើ​លំហាត់​ប្រាណ​១​សប្ដាហ៍​១​ដង​ទើប​ជា​ការ​ប្រសើ​រ​។ ​

ខាង​លើ​នេះ​គឺ​​ជា​ការ​យល់​ឃើញ​​និង​ជា​ការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា​ ស៊ីន​ នារី​រ័ត្ន​ តែ​ប៉ុណ្ណោះ​។ ​សូម​លោក​ស្រី​អ្នក​នាង​កញ្ញា​ ជ្រើស​រើស​យក​អ្វី​ដែល​លោក​អ្នក​យល់​ថា​ត្រឹម​ត្រូវ​សម្រាប់​អនុវត្ដន៍​បាន​ហើយ​។

​ប្រវត្ដិ​រូប​សង្ខេប​

  • ឈ្មោះ ​៖​ ស៊ីន​ នារី​រ័ត្ន​
  • ​អាយុ​ ៖​ ២៥​ឆ្នាំ
  • ​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ ៖​ ០៦ ​០៨​ ១៩៨៧​
  • កម្ពស់​ ៖​ ១,​៦០​ម៉ែត្រ​
  • ​ទម្ងន់​ ៖​ ៤៣​គីឡូ​ក្រាម​
  • ទំហំ​ទាំង​បី ​៖ ​៣៤​ ២៧​ ៣២​
  • ​ទីក​ន្លែង​កំណើត​ ៖​ ភ្នំពេញ​
  • បង​ប្អូន​ ៖​ ៤​នាក់​ ស្រី​៣​ប្រុស​១​(ជាកូន​ទី៣)​
  • អាជីព​នា​ពេល​បច្ចុប្បន្ន​ ៖​ ជាពិធីការិនី​
  • ស្ថាន​ភាព​គ្រួសារ​ ៖​ នៅ​លីវ​
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative