អាហា​កំប៉ុង

សេដ្ឋ​កិច្ច​កាន់តែ​រីក​ចម្រើន មនុស្ស​កាន់តែ​រវល់​ក្នុងការ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។ ពួក​គាត់​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុងកិច្ច ការផ្ទះ​សម្បែង និង​ចម្អិន​ម្ហូប​អាហារ បាន​ជំរុញ​ឱ្យ​លោកអ្នក​មួយ​ចំនួន​ជ្រើស​រើស​យក​អាហារ​កំប៉ុង​ឬ​អាហារ​ឆ្អិន​ស្រាប់​ធ្វើជា​អាហារ សំខាន់​សម្រាប់​បរិ​ភោគ។ ថ្វី​ត្បិតតែ​មាន​ភាព​ងាយ​ស្រួល និង​ចំណេញ​ពេល​វេលា​តែក៏​បាន​បន្សល់​ទុកនូវ​ផល​វិបាក​មួយ​ចំនួន​ពី​អាហារ កំប៉ុង ប្រសិន​បើ​លោកអ្នក​មិនបាន​ដឹងពី​ប្រការ​ឬ​ចំណុច​មួយចំនួន​ដែល​គួរចាប់​អារម្មណ៍​មុន​សម្រេច​ចិត្ដ​ទិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ពេជ្រ ចាន់ ប្រធាន​ក្រុមហ៊ុន​ខ្មែរ​មេគង្គ​ហ្វូដ​ចូលរួម​បក​ស្រាយ​អំពី​អាហារ​កំប៉ុង​ជូន​លោកអ្នក​ឱ្យ​ជ្រាប​តាម​រយៈ ទស្ស​នាវដ្ដី សុខភាពយើង។

អ្វីជា​អាហារ​កំប៉ុង?

អាហារ​កំប៉ុង​ជាការ​ថែរ​ក្សា​អាហារ​ទុកឱ្យ​បាន​យូរ​ដោយ​ច្រកក្នុង​កំប៉ុង ឬដប ច្រក​កញ្ចប់​អាលុយ​មីញ៉ូម​និងប្លា​ស្ទិកជា​ដើម។ ដោយ​បិទជិត​ពុំអាច​ឱ្យខ្យល់​ចេញចូល​បាន ពុំមាន​ការ​ចម្លង​មេរោគ​ពីខាង​ក្រៅ។ ជា​ពិសេស​មុនពេល​រៀបចំ​ធ្វើការ​វេចខ្ចប់​ត្រូវ មាន​ការ​កម្ដៅ និង​ធ្វើ​អនាម័យ​ទៅតាម​កម្រិត​គោល​ការណ៍​របស់​ច្បាប់បាន​កំណត់​ដើម្បី​ថែរក្សា​អាហារ​កំប៉ុង​ទុកឱ្យ​បានយូរ និង​គ្មាន ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិ​ភោគ។

របៀប​វេច​ខ្ចប់​អាហារ​កំប៉ុង​ទុកបាន​យូរ

ជា​ធម្មតា​អាហារ​កំប៉ុង​មុនធ្វើ​ការ​ផលិត​ចេញ​ជារូប​រាង​កំប៉ុង ដប កញ្ចប់​អាលុយ​មីញ៉ូម និងប្លា​ស្ទិក​នោះ​គឺបាន​ឆ្លងកាត់​ជា ច្រើន​ដំណាក់​កាល​ទាំង​ច្បាប់​អនុ​ញ្ញាត និង​ការធ្វើ​អនាម័យ​មុនពេល​ច្រក។ ពេល​ផលិត​ត្រូវមាន​កត្ដា​៣យ៉ាង​ដើម្បី​ធ្វើឱ្យ​អាហារ​មាន គុណ​ភាព និង​រក្សា​ទុកបាន​យូរ។

1. កម្ដៅ​គ្រប់​គ្រាន់ ឆ្លងកាត់​នូវការ​ផលិត​ដែលមាន​ច្រើន​ដំណាក់​ដើម្បី​សម្លាប់​មេរោគ​ទាំង​ពេល​ចាប់ផ្ដើម​វគ្គ​ដំបូង​រហូត ដល់វគ្គ​បញ្ចប់​នៃការ​ចម្អិន។ មិនតែ​ប៉ុណ្ណោះ​កម្ដៅ​អាចជួយ​ទប់​ស្កាត់​មិនឱ្យ​មេរោគ​មក​បៀត​បៀន​ដល់​សុខភាព​អ្នក​បរិភោគ។ ម្យ៉ាង ការ​សម្លាប់​មេរោគ​ក្នុង​អាហារ​ដោយ​ប្រើជាតិ​គីមី​ចាំបាច់​ត្រូវមាន​ការ​អនុញ្ញាត​ពីអង្គ​ការ​សុខភាព​ពិភព​លោក។ សម្រាប់​ការ​ផលិត ដើម្បី​រក្សា​ទុកឱ្យ​បាន​យូរ​អាច​បន្ថែម​សារធាតុ​មួយ​ចំនួន​ទៀត​ដែលពាក់​ព័ន្ធនឹង​ប្រភេទ​អាហារ​តាម​កម្រិត​ត្រឹមត្រូវ។

2. ការវេច​ខ្ចប់ ការ​វេចខ្ចប់​មាន​សារៈ​សំខាន់​នៅក្នុង​ការថែ​រក្សា​ដូចគ្នា។ ព្រោះ​មុនពេល​ច្រក​ត្រូវមាន​ការ​ពិនិត្យ​និង យកចិត្ដ​ទុកដាក់​ជា​ពិសេស​សម្បក​វេចខ្ចប់ ដូចជា​មើល​លើច្រែះ ស្នាម​កម្ពិត ឬ​ធ្លាយជា​ដើម។ នៅ​ពេល​ច្រកចូល​សម្បក​វេចខ្ចប់ ត្រូវ ច្រកឱ្យ​បានល្អ ពុំអាច​ឱ្យខ្យល់​ចេញចូល​ឡើយ។

3. ការ​តម្លើង​មេ អាហារ ឬ​ភេសជ្ជៈ​ចៀស​មិនរួច​ឡើយ​នូវការ​បន្ថែម​មេ ដើម្បី​រក្សា​ទុកឱ្យ​បានយូរ។ ចំណី​អាហារ​ទាំង នោះមាន​ដូចជា​ជ្រក់ សៀង តៅហ៊ូ​កំប៉ុង ទឹកដោះ​គោជូរ​ជាដើម។

គួរ​ទទួល​ទាន​អាហារ​កំប៉ុង​នៅពេល​ណា?

អាហារ​កំប៉ុង​អាច​ទទួល​ទានបាន​គ្រប់វ័យ​ទាំងអស់។ ប៉ុន្ដែ​អាហារ​កំប៉ុង​សម្រាប់​មនុស្ស​វ័យចាស់​និង​អាហារ​កំប៉ុង​កុមារ មាន​ការចែក​ដាច់​ដោយ​ឡែក​ពីគ្នា។

  • អាហារ​សម្រាប់​កុមារ ពេល​ផលិត​ត្រូវយក​ចិត្ដទុក​ដាក់​ផ្នែក​អនាម័យ​យ៉ាង​ខ្លាំង ដោយ​មិនត្រូវ​ប្រើប្រាស់​ថ្នាំ​ដើម្បី សម្លាប់​សត្វល្អិត​ឡើយ ព្រោះ​កុមារ​អាយុពី​១ឆ្នាំ​ដល់១០​ឆ្នាំ ងាយ​ទទួល​រងនូវ​ជម្ងឺ​ច្រើនជាង​មនុស្ស​ពេញវ័យ។
  • អាហារ​សម្រាប់​មនុស្ស​ពេញ​វ័យ មិនមាន​បញ្ហាអ្វី​គួរឱ្យ​កត់​សម្គាល់​ទេ អាស្រ័យ​លើ​សុខ​ភាព​របស់​ពួកគាត់។ មនុស្ស ពេញ​វ័យ​មាន​ជម្ងឺ​មិន​អាចចេះ​តែ​ទទួល​ទានតាម​ទំនើង​ចិត្ដបាន​ឡើយ ដូចជា​អ្នកមាន​ជម្ងឺ​ទឹកនោម​ផ្អែម​មិនគួរ​ទទួល​ទាន​អាហារ​កំប៉ុង ដែល​មានជាតិ​ផ្អែមទេ។ មិនតែ​ប៉ុណ្ណោះ​អាហារ​កំប៉ុង​ក៏មាន​សម្រាប់​អ្នកធាត់​ដែល​អាចជួយ​សម្រួល​ដល់ការ​ទទួល​ទានមិន​ឱ្យឡើង ទម្ងន់ និង​ជួយ​បំបាត់​ជាតិ​ខ្លាញ់​បានមួយ​កម្រិត។

ការ​ថែរក្សា​អាហារ​កំប៉ុង

ការ​ថែរក្សា​អាហារ​កំប៉ុង​មិនមែន​ជារឿង​ពិបាក​នោះទេ បើ​ទុកដាក់​តាមរូប​មន្ដ​ដែល​បង្ហាញ​ស្រាប់​នៅជាប់​លើ​កំប៉ុង។ គ្រាន់ តែ​លោកអ្នក​រក្សា​ទុក​អាហារ​ទាំងនោះ​នៅកន្លែង​ត្រជាក់​(ទូទឹក​កក)​ជា​ប្រចាំ អាច​រក្សា​គុណ​ភាព​បាន​ដដែល។ ម្យ៉ាង​ទៀត​សូម បញ្ចៀស​ការត្រូវ​កម្ដៅ​ថ្ងៃដែល​នាំឱ្យ​អាហារ​បាត់បង់​គុណ​ភាព និង​រសជាតិ ជា​ពិសេស​សម្បក​វេចខ្ចប់​ឆាប់​ហើរពណ៌​ឬ​កម្ពិត។

គុណ​សម្បត្ដិ​របស់​អាហារ​កំប៉ុង

អាហារ​កំប៉ុង​អាច​កម្ដៅ ឬ​ចម្អិន​ស្រាប់ លោកអ្នក​អាច​ទទួល​ទានភ្លាម​ៗបាន​មួយ​រំពេច។ ដោយ​មិនចាំ​បាច់​ចំណាយ​ពេល វេលាទៅ​ផ្សារ ដើម្បី​ទិញ​ទំនិញ​ជាញឹក​ញាប់​នោះទេ ហើយ​ថែមទាំង​មាន​អនាម័យ​ល្អ​គ្មាន​ផលប៉ះ​ពាល់​ដល់​សុខភាព​ទេ។ សម្រាប់ លោកអ្នក​មាន​ដំណើរ​កម្សាន្ដ​ទៅផ្លូវ​ឆ្ងាយ អាច​ដាក់តាម​ខ្លួនបាន​(អាហារ​កំប៉ុង និង​ភេសជ្ជៈ)។

គុណ​វិបត្ដិ​របស់​អាហារ​កំប៉ុង

អាហារ​កំប៉ុង​មានសារៈ​ប្រយោជន៍ តែក៏​មាន​ផលប៉ះ​ពាល់​ប្រហាក់​ប្រហែល​គ្នាដែរ​ប្រសិន​បើ​អាហារ​ទាំងនោះ​ផលិត​មិន ត្រឹម​ត្រូវល្អ។

  • ប្រើ​សារធាតុ​គីមី​ហួស​កម្រិត អាចមាន​ផល​វិបាក​នៅថ្ងៃ​ក្រោយ។
  • ការ​ប្រើ​ពណ៌​(ល័ក្ដ)​ច្រើន ដើម្បី​អាហារ​មាន​ពណ៌​ស្រស់ នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព។
  • សម្បក​វេចខ្ចប់​មានការ​ផ្លាស់​ប្ដូរ​រូបរាង​(កម្ពិត) នាំឱ្យ​រសជាតិ និង​គុណភាព​បាត់បង់។
  • ហួស​កាល​កំណត់​បរិច្ឆេទ​ទទួល​ទានអាច​មាន​ប្រតិកម្ម ដូចជា​រាក ឈឺពោះ ឈឺក្បាល វិលមុខ​ជាដើម​។ល។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​ដែល​ចូលចិត្ដ​ទទួល​ទាន​អាហារ​កំប៉ុង គួរតែ​ជ្រើសរើស​ប្រភេទ​អាហារ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ចៀស​វាងការ​មាន គ្រោះ​ថ្នាក់​ដល់​សុខភាព​ទៅថ្ងៃ​ក្រោយ។ ពេលទិញ​ត្រូវផ្ដោត​ជា​សំខាន់​ទៅលើ​កាល​បរិច្ឆេទ សមាស​ធាតុផ្សំ​វិធី​ប្រើប្រាស់​ឱ្យបាន​ច្បាស់ លាស់ ទើប​ទទួល​ទានមាន​សុវត្ថិ​ភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative