ជម្ងឺ​មហា​រីក​ស្បែក

រៀងរាល់​ឆ្នាំមាន​មនុស្ស​ច្រើនជាង​១លាន​នាក់កើត​មហារីក​ស្បែក ជាក់ស្ដែង​នៅ​សហរដ្ឋ​អាមេរិក​ជម្ងឺនេះ​បាន​សម្លាប់​មនុស្ស ១០៨​៥០នាក់​ក្នុងឆ្នាំ​២០០៧។ មហារីក​ស្បែក​ដែលមាន​ការវិវត្ដ​យឺត និងស្ងាត់​ស្ងៀម ហើយអាច​ជាដោយ​ឯកឯង​ឬដោយ​សារការ ប្រើប្រាស់​ថ្នាំ។ បើគ្មាន​ការព្យា​បាល វាអាច​បណ្ដាល​ឱ្យមាន​ការប៉ះ​ពាល់ដល់​មុខមាត់ ភ្នែក ត្រចៀក ច្រមុះ​ឬអាច​រាលដាល​ដល់ឆ្អឹង និង​សរីរាង្គ​ខាងក្នុង ដែលអាច​ឱ្យអ្នក​ជម្ងឺ​ស្លាប់យ៉ាង​វេទនា។ ជម្ងឺនេះ​មាន​អត្រា​៨០ភាគ​រយច្រើន​កើតនៅ​លើ ក មុខ ជាទូទៅ​គឺកន្លែង ដែល​ងាយប៉ះ​ពាល់ពន្លឺ​ព្រះ​អាទិត្យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ទទួល​ជ្រាបកាន់​តែច្បាស់​អំពី​ជម្ងឺ​មហារីក​ស្បែកនេះ ទស្ស​នាវដ្ដី សុខភាពយើង​សូម​លើកមក​បក​ស្រាយ​ជម្រាប​ជូន លោកអ្នក​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​លោកវេជ្ជ​បណ្ឌិត ម៉ុក ធាវី​គ្រូពេទ្យ​ឯកទេស​វះកាត់​នៃមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត។

ការរាល​ដាល​របស់​ជម្ងឺ​មហារីក​ស្បែក

តាម​ការសិក្សា​ស្រាវជ្រាវ​របស់​វិទ្យា​ស្ថាន​មហារីក​សហរដ្ឋ​អាមេរិក​បានឱ្យ​ដឹងថា ជារៀង​រាល់ម៉ោង​ជនជាតិ​អាមេរិក​ម្នាក់ស្លាប់​ដោយសារ​ជម្ងឺ​មហារីក​ស្បែក និង​រយៈពេល​៣០​វិនាទី​មានម្នាក់​កើត​ជម្ងឺ​មហារីក​ស្បែក។ ក៏ដូច​គ្នាដែរ​នៅ​ប្រទេស​កម្ពុជា​យើង អត្រា​ជម្ងឺ​មហារីក​ស្បែក​ស្ថិតក្នុង​លំដាប់​ខ្ពស់ដែល​ចោទជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់សុខ​ភាព​និងងាយ​បាត់បង់​ជីវិត​ដោយសារ​ការធ្វេស​ប្រហែស ពីជម្ងឺ​ដ៏កាច​សាហាវ​នេះ។

ប្រភេទ​ជម្ងឺ​មហារីក​ស្បែក

គេសង្កេត​ឃើញថា​មហារីក​ស្បែកមាន​ច្រើន​ប្រភេទ ៖

  • បាសាល​សែលកា​ស៊ីណូ​ម៉ា (ពាសាល Cell car​cino​ma)​ជាជម្ងឺ​មហារីក​ស្បែក​មួយ​ប្រភេទ​ដែលមាន​ការរីក​លូតលាស់ យឺតៗ ដែលមាន​អត្រា​រហូត​ដល់៨០​ភាគរយ​នៃមហា​រីកស្បែក​ទាំងអស់។ បើគ្មាន​ការព្យា​បាល​វាអាច​បំផ្លាញ​ជម្រៅ​ស្បែក​ទាំងមូល និង​សរីរាង្គ​ខាងក្រោម ដូចជា​ឆ្អឹង ខ្ចីច្រមុះ ត្រចៀក ឬអាច​ចូលដល់​សាច់ដុំ​និងឆ្អឹង​ដែលធ្វើ​ឱ្យអ្នក​ជម្ងឺអាច​ពិការ ឬរហូត​ដល់ស្លាប់។
  • ស្កាម៉ូស​សែលកា​ស៊ីណូ​ម៉ា (្សឆាុ​មៀុស cell car​cino​ma) ជាញឹក​ញាប់ច្រើន​កើតមាន​នៅលើ​បបូរមាត់ មុខ​និង ត្រចៀក ដែលមាន​អត្រា១៥​ភាគរយ។ វាជា​ប្រភេទ​ជម្ងឺ​ដែលមាន​ការវិវត្ដ​លឿន​ហើយងាយ​រាលដាល​ដល់​សរីរាង្គ​ផ្សេងៗ​ដូចជា​សួត ខួរក្បាល​តាមរយៈ​កូនកណ្ដុរ​ជាដើម។
  • ម៉ាលី​ញ៉ែន​មេឡា​ណូម៉ា (ំា​លិង​នានត mel​ano​ma)​ជាជម្ងឺ​មហារីក​ស្បែក​មួយ​ប្រភេទ​ដែលមាន​ចំនួន​តិច​ប្រហែល ៤ភាគ​រយ​ប៉ុណ្ណោះ។ ប៉ុន្ដែ​មានភាព​សាហាវ និង​គ្រោះថ្នាក់​ដល់​ជីវិត។ ជម្ងឺ​នេះអាច​ធ្វើឱ្យ​អ្នកជម្ងឺ​ស្លាប់ឆាប់​ក្នុងរយៈ​ពេលពី​១-៣ឆ្នាំ។
  • សេបា​សូស សែល កាស៊ី​ណូម៉ា​(្សបោចេ​ៀុស cell car​cino​ma) ជា​ប្រភេទ​កម្រ​មាន​អត្រា​ត្រឹម​មួយ​ភាគរយ​ប៉ុណ្ណោះ ជា​មហារីក​ស្ថិតនៅ​ក្រពេញ​ខ្លាញ់​ក្រោម​ស្បែក។
  • ក្រៅពី​ប្រភេទ​ខាងលើ​មាន​ប្រភេទ​ដុំពក​លើ​ស្បែក​អាកទី​និកកេ​រ៉ាតូស៊ីស​ដែលអាច​បង្កជា​ជម្ងឺ​មហារីក​នៅពេល​ដែល​កោសិកា​មានការ​វិវត្ដ​ប្រែប្រួល​ខុស​ធម្មតា។ វាមាន​លក្ខណៈ​គ្រើម ពណ៌​ក្រហម ឬត្នោត ប្រេះ​ស្រកា​ជាដើម។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគ​សញ្ញា​ជម្ងឺម​ហារីក​ស្បែក

ជាទូទៅ​ជម្ងឺ​មហារីក​ស្បែក​ចាប់ផ្ដើម​ពីចំណុច​តូចពណ៌​ខ្មៅមាន​សណ្ឋាន​ដូចជា​ប្រជ្រុយ ឬដុំ​ខ្មៅដែល​មានការ​ប្រែប្រួល​ទំហំ ពណ៌ ដែល​លោកអ្នក​មិនបាន​ចាប់​អារម្មណ៍​សម្គាល់ តាម​លក្ខណៈ​ពិសេស​៥យ៉ាង

  • ជាដុំ​មួយដែល​មានរាង​មិនស្មើ
  • ជាដុំ​មានគែម​មិនមូល​ស្មើ មាន​គ្រាប់ខ្មៅ​តូចៗ​នៅគែម
  • ជាដុំ​ដែលមាន​ពណ៌​ចម្រុះ
  • មាន​វិជ្ឈមាត្រ​ធំជាង ៦ម,ម
  • ជា​ប្រជ្រុយ ឬស្នាម​កន្ទួល​នៅលើ​ស្បែក​ដែលងាយ​ដាច់​រលាត់​ចេញ​ឈាម​នៅពេល​មានការ​ប៉ះពាល់​បន្ដិច​បន្ដួច​និងរបក ក្រមរ​ជាញឹក​ញាប់​ពុំមាន​ការជា​សះស្បើយ។

មូលហេតុ​បង្ក​ជម្ងឺ​មហារីក​ស្បែក

អត្រានៃ​កំណើន​មហារីក​ស្បែក​កើនឡើង​ជារៀង​រាល់ឆ្នាំ​បណ្ដាល​មកពី​ស្រទាប់​អូស្សូន​ដែល​ការពារ​បរិយា​កាស​ផែនដី​កាន់តែស្ដើង​ទៅៗ ដែលធ្វើ​ឱ្យស្បែក​ងាយរង​នូវកាំ​រស្មី​អ៊ុលត្រា​វីយូ​ឡេនៃ​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង។ ពន្លឺនេះ​ងាយ​បំលែង​ប្រព័ន្ធ​ឌីអ៊ិនអេ​(ឌណៅ)​នៃ​កោសិកា​ស្បែក​ទៅជា​កោសិកា​មិន​ធម្មតា​នៃជម្ងឺ​មហារីក។ ពន្លឺ​យូវី​ដែល​ប៉ះពាល់​ទៅលើ​ស្បែក​ខ្លាំង​ពិសេស​ចាប់ពី​ម៉ោង ១១ព្រឹក រហូត​ដល់​ម៉ោង៣​រសៀល។ ម្យ៉ាង​វិញទៀត​ជម្ងឺ​មហារីក​ក៏អាច​បណ្ដាល​មកពី​ការរលាក​រ៉ាំរ៉ៃ​ដែលធ្វើ​ឱ្យ​កោសិកា​ស្បែក បំលែង​ទៅជា​មហារីក។ បន្ថែម​ពីនេះ​កត្ដាដែល​ជំរុញ​ឱ្យជម្ងឺ​មហារីក​ស្បែកមាន​ការវិវត្ដ​លឿន​គេច្រើន​សង្កេត​ឃើញ​លើអ្នក​ដែលធ្វើ ការនៅ​រោងចក្រ ដែលមាន​ការ​ប្រើប្រាស់​ជាតិ​គីមី ដូចជា​អាស៊ីនិក ធ្យូងថ្ម ប្លាស្ទិក​ថ្នាំលាប​ឈើដែល​ប៉ះពាល់​ដល់ស្បែក​ជាដើម។

ការ​ព្យាបាល​ជម្ងឺ​មហារីក​ស្បែក

មាន​មតិ​ជាច្រើន​យល់ថា​ការព្យ​បាល​ដោយការ​វះកាត់​ធ្វើឱ្យ​ជម្ងឺ​មហារីក​ស្បែក​មានការ​វិវត្ដ​លឿន និងមិន​អាចជា​សះ​ស្បើយ នេះគឺ​ជាការ​យល់​ច្រឡំ​ដែលគួរ​ចៀសវាង។ ផ្ទុយ​ទៅវិញ​ការ​ប្រើប្រាស់​ឱសថ​ដោយ​មិនបាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​បណ្ដែត បណ្ដោយ​ឱ្យជម្ងឺ​មហារីក​វិវត្ដ​កាន់តែ​ធ្ងន់ធ្ងរ​អាចឱ្យ​អ្នកជម្ងឺ​មានគ្រោះ​ថ្នាក់ដល់​អាយុ​ជីវិត។ វិធី​ព្យាបាល​ដែលមាន​ប្រសិទ្ធ​ភាព គឺ​ការវះ កាត់លើ​ដុំ​មហារីក​ដែល​នៅក្នុង​តំណាក់​កាល​ដំបូង។ ហេតុនេះ​សូមអស់​លោកអ្នក​ប្រញាប់​ទៅទទួល​ការ​ព្យាបាល​ឱ្យបាន​រួសរាន់ នៅ ពេលដែល​សង្កេត​ឃើញ​មាន​សញ្ញា​គួរឱ្យ​សង្ស័យ​នៅលើ​ស្បែក។ ការ​វះកាត់​អាចធ្វើ​ឱ្យ​អត្រា​ជាសះ​ស្បើយ​មាន​រហូត​ដល់ជាង​៩០ភាគ រយ។ វិធី​សាស្ដ្រ​ផ្សេងៗ​ទៀត​ដូចជា​បញ្ចាំង​កាំរស្មី​ធ្វើក្នុង​ករណី​ដុំ​មហារីក​ដែល​កំពុង​មានការ​រីករាល​ដាល។ គ្រីយ៉ូ​តេរ៉ាពី (ជរយៀត​ហរោ​ផយ) ជា​មធ្យោ​បាយ​មួយ​ដោយ​ប្រើ​សារធាតុ​ត្រជាក់​ដើម្បី​បំផ្លាញ​កោសិកា​មហារីក​ដែលស្ថិត​នៅ​ស្រទាប់​សើនៃ​ស្បែក។ ការ​ប្រើប្រាស់​ដោយថ្នាំ​ក្រែម​លាប​នៅលើ​ស្បែក​ដើម្បី​ការពារ​ជម្ងឺ​ស្បែក​ដែល​បម្រុង​វិវត្ដ​ទៅរក​មហារីក​មាន​ប្រសិទ្ធ​ភាពតិច​តួច​បំផុត។

វិធី​ការពារ​ជម្ងឺ​មហារីក​ស្បែក

មាន​មធ្យោបាយ​មួយ​ចំនួន​អាចឱ្យ​លោកអ្នក​អាច​ចៀសផុត​ពីជម្ងឺ​មហារីក​ស្បែកនេះ​បាន គឺគួរ​ពាក់មួក​ឬ​មធ្យោ​បាយ​ផ្សេងៗ ដើម្បី​ការពារ​ពន្លឺថ្ងៃ​ខ្លាំងពី​ម៉ោង១១​ព្រឹកដល់​ម៉ោង៣​រសៀល​ឬប្រើ​ប្រាស់​ក្រែម​ការពារ​ពន្លឺថ្ងៃ​នៅពេល​ដែល​លោកអ្នក​មានការ​ប៉ះ ពាល់​ខ្លាំងនឹង​ពន្លឺ​យូវី​ព្រះអា​ទិត្យ។ គួរ​គប្បី​ឧស្សាហ៍​ពិនិត្យ​ប្រជ្រុយ​ឬស្លាក​ស្នាម​ដែលដុះ​ចេញនៅ​លើស្បែក​មាន​លក្ខណៈ​មិន​ធម្មតា គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស។

ដំបូន្មាន​អ្នក​ជំនាញ

បើមាន​ក្រមរ​ដំបៅ​រលាក​រ៉ាំរ៉ៃ ត្រូវ​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់។ ព្រោះថា​លោកអ្នក​មិនអាច​មើល​ស្រាលថា​ជារឿង​ធម្មតា បានទេ។ សូម​ព្យាយាម​តានដាន​រាល់ការ​ប្រែប្រួល​នានា​ដែល​កើតមាន​នៅ​ស្បែក​ជា​ពិសេស​បរិវេណ​ដែលរង​កម្ដៅ​ថ្ងៃជា​ប្រចាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative