ភ្នែក​ស្រលៀង​អាចកែ​តម្រង់​បាន

ភ្នែក​ស្រលៀង​ជាបញ្ហា​ដែលតែង​តែប្រទះ​ឃើញ​កើតមាន​លើ​ប្រជាពល​រដ្ឋគ្រប់​ពូជសា​សន៍។ ប៉ុន្ដែ​នៅប្រទេស​ក្រីក្រ​និង កំពុង​អភិវឌ្ឍ អត្រា​ស្រលៀង​ភ្នែកមាន​ច្រើន ព្រោះ​ប្រជា​ពលរដ្ឋ​ខ្វះចំ​ណេះដឹង​ពាក់ព័ន្ធ​នឹងការ​ថែរក្សា​ភ្នែក​ឯបច្ចេក​ទេស​វេជ្ជ​សាស្ដ្រ ក៏នៅ​មាន​កម្រិត។ សម្រាប់​កម្ពុជា​បច្ចុប្បន្ន ភ្នែក​ស្រលៀង​នៅតែ​បន្ដកើត​មានញឹក​ញាប់​ដូចជម្ងឺ​ភ្នែក​ដទៃ​ទៀតដែរ​ពិសេស​ភ្នែក ស្រលៀង​បានផ្ដល់​ផលវិបាក​ចុងក្រោយ​គឺគំ​ហើញថយ​ចុះ។ ប្រជា​ពលរដ្ឋ​ភាគច្រើន​តែងគិត​ថា​ភ្នែក​ស្រលៀង​គឺ​ស្រលៀង​រហូត​ដែល មិនអាច​កែកុន​បាន ប៉ុន្ដែ​សេវា​កម្មផ្ដល់​ការព្យា​បាល​តម្រង់​ភ្នែក​អាច​ដំណើរ​ការទៅ​បានហើយ​នៅកម្ពុជា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទំព័រ​វេជ្ជ​សាស្ដ្រ​របស់​ទស្ស​នាវដ្ដី សុខភាពយើង លេខនេះ​បាន​ញំនាំ​នូវ​ដំណឺង​ទាក់ទិន​នឹងបញ្ហា​បង្កជម្ងឺ​ស្រលៀង​ភ្នែកដែល ស្រាយ​បំភ្លឺ​ដោយ​លោក​វេជ្ជ​បណ្ឌិត ម៉ារ អមរិន្ទ ប្រធាន​គ្លីនិក​ភ្នែក​អមរិន្ទ។

អ្វីជា​ភ្នែកស្រ​លៀង?

ភ្នែក​ស្រលៀង តាម​តំបន់ខ្លះ​គេនិយម​ហៅថា​ភ្នែក​ស្រឡេវ ឬភ្នែក​កែក។ ភ្នែក​ស្រលៀង​គឺជា​លក្ខណៈ​គ្រាប់ភ្នែក​ម្ខាង ឬ ទាំងសង​ខាង សម្លឹង​មិនត្រង់​ចំកណ្ដាល អាច​ស្រលៀង​ចូលក្នុង អាច​ស្រលៀង​ចេញក្រៅ អាច​ស្រលៀង​ឡើងលើ​ឬចុះ​ក្រោម។ ភ្នែក ស្រលៀង​អាចមាន​ចាប់ពី​ពេលកើត​រហូត​ដល់អាយុ​៦ខែ ឬអាយុ​ច្រើនជាង​នេះ​ដែលភ្នែក​ស្រលៀង​ខ្លះអាច​មើល​ឃើញ​ធម្មតា ខ្លះ គំហើញ​អាចថយ​ចុះជា​លំដាប់។ ភ្នែក​ស្រលៀង​ចែកចេញ​ជាពីរ​ប្រភេទ។

1. ភ្នែកស្រលៀងចូលក្នុង ភ្នែក​ស្រលៀង​ប្រភេទ​នេះមាន​អត្រា​ច្រើនជាង​៥០5​ក្នុង​ចំណោម​ភ្នែក​ស្រលៀង​ទាំងអស់។

2. ភ្នែក​ស្រលៀង​ចេញក្រៅ ភ្នែក​ស្រលៀង​ប្រភេទ​នេះ និងប្រភេទ​ស្រលៀង​ដទៃទៀត​(ស្រលៀង​ឡើងលើ​ឬចុះ ក្រោម)​មានតិច​ជាងភ្នែក​ស្រលៀង​ចូលក្នុង។

មូលហេតុ​ដែលនាំ​ឱ្យភ្នែក​ស្រលៀង

មូលហេតុ​ជាច្រើន​ដែលអាច​បង្កឱ្យ​មានភ្នែក​ស្រលៀង ក្នុងនោះ​ក៏មាន​មូលហេតុ​សំខាន់​ៗមួយ​ចំនួន​ដូចជា ៖

  • កំហុស​កំណុំ ៖ កើតមាន​ច្រើនលើ​ក្មេងៗ​ក្រោម​អាយុ៩ឆ្នាំ ដែលចាប់​ផ្ដើមពី​ការមាន​អ៊ីពែ​មេត្រូប​ធ្វើឱ្យ​ភ្នែកប្រឹង​សម្លឹង រហូត​ក្លាយជា​ភ្នែក​ស្រលៀង ព្រិល មើលរូប​ភាពមិន​ច្បាស់ភាពខុស​ប្រក្រតី​នៃប្រព័ន្ធ​សរសៃ​ប្រសាទ​បញ្ជាលើ​ចលនា​ភ្នែកថយចុះ​គំហើញ​របស់ភ្នែក​ម្ខាង ឬទាំង​សងខាង ដូចជា​មាន​សម្លាក​លើក​ញ្ចក់ភ្នែក​ធ្វើឱ្យ​ភ្នែកមាន​លក្ខណៈ​ខ្ជិលជា​ដើម។
  • លក្ខណៈ​តំណពូជ៖ មាន​ករណី​ខ្លះអាច​បណ្ដាល​មកពី​ឪពុកម្ដាយ​មានភ្នែក​ស្រលៀងមានជម្ងឺ​ផ្សេងៗ​មួយចំនួន​ដែលមាន​ផលប៉ះ​ពាល់ដល់​សរសៃ​បញ្ជា​សាច់ដុំ​ភ្នែក​ដូចជា​ធ្វើឱ្យ​ស្ពឹកសរសៃ​ប្រសាទ​ទី៦​សរសៃ ប្រសាទ​ទី៣។ល។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគ​សញ្ញា​របស់ភ្នែក​ស្រលៀង

ចំពោះ​ក្មេងដែល​មានភ្នែក​ស្រលៀង មាតា​បិតា និង​អាណា​ព្យាបាល​អាចមើល​ដឹងដោយ​ផ្ទាល់​តាមរយៈ​រូបថត​ដែល​ចំណាំង នៃពន្លឺ​មិនចំ​កូនក្រមុំ​នៃភ្នែក​ទាំងសង​ខាង ឬម្ខាង។ ចំពោះ​មនុស្ស​ពេញវ័យ ឬុកុមារ​ដែលដឹង​ក្ដី​អ្នកជម្ងឺ​អាចមើល​ឃើញ និង​សម្គាល់ ដោយខ្លួន​ឯងបាន។

ផល​ប៉ះពាល់​របស់ភ្នែក​ស្រលៀង

ភ្នែក​មិនមែន​សំខាន់​ត្រឹមតែ​អាចមើល​ឃើញតែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់នូវ​សោភ័ណ​និងលើក​សម្រស់​ផ្ទៃមុខ​បាន មួយ​កម្រិត​ទៀត។ នៅពេល​ដែលភ្នែក​មាន​បញ្ហា​ស្រលៀង​នោះនឹង ៖

  • បាត់បង់​សម្រស់​នៅលើ​ផ្ទៃមុខ​អស់មួយ​ចំណែក ជួនអាច​ទទួល​នូវការ​រិះគន់ ធ្វើត្រាប់​តាម​ឬចំអក​ឡកឡាយ​ជាដើម ដែលអាច​ប៉ះពាល់​ដល់កិត្ដិ​យស ខ្មាសអៀន និងប៉ះ​ពាល់ផ្លូវ​អារម្មណ៍​ផ្លូវចិត្ដ។
  • អាចបាត់​បង់ឱកាស​ការងារ​ដោយសារ​កាយ​សម្បទា​មិនគ្រប់​លក្ខណៈ ជួនអាច​ខូច​សម្រស់ ពិសេស​នារីភេទ​ ។
  • ឱនភាព​នៃគំ​ហើញ ធ្វើឱ្យ​មើល​ឃើញ​មិនច្បាស់ ព្រិល​ភ្នែក ពិសេស​ក្មេងមាន​អាយុ​ក្រោម​៩ឆ្នាំ
  • ប្រឈម​នឹងការ​វះកាត់​តម្រង់​កែវភ្នែក ដោយត្រូវ​ចំណាយ​ទាំងពេល​វេលា និងទាំង​ថវិកា
  • មានការ​ភ័យខ្លាច​ចំពោះ​ការវះ​កាត់កែ​តម្រង់​ភ្នែកពី​សាមីខ្លួន ឬអា​ណាព្យា​បាល
  • ត្រូវប្រើ​វ៉ែនតា​ជំនួយ​ភ្នែក។

ការ​ព្យាបាល​ភ្នែក​ស្រលៀង

ពេលមាន​បញ្ហា ភ្នែកមិន​អាចចាប់​ផ្ដើម​ស្រលៀង​ភ្លាមដូច​គេចាប់​បង្វិល​នោះទេ។ នៅពេល​ភ្នែកចាប់​ផ្ដើមមាន​លក្ខណៈ លម្អៀង​ម្ដង​បន្ដិចៗ នោះអ្នក​ជម្ងឺឬ​អាណា​ព្យាបាល​គួរឆាប់​ស្វែងរក​សេវា​ព្យាបាល។ ការព្យា​បាល​ភ្នែក​ស្រលៀង​ត្រូវធ្វើ​ឡើងតាម​មូល ហេតុ និង​ពេលវេលា​ដែលនាំ​ឱ្យភ្នែក​ស្រលៀង និង​អាយុ​របស់អ្នក​ជម្ងឺ។ ជា​ពិសេស​ចំពោះ​ក្មេងមាន​អាយុ​ចាប់ពី​២ឆ្នាំ​ទៅដល់​៩ឆ្នាំ ជា​រយៈពេល​ដែលក្មេង​ត្រូវការ​លូតលាស់​ខ្លាំងផ្នែក​គំហើញ​នោះការ​ព្យាបាល​គួរតែ​ឱ្យទាន់​ពេលវេលា ដោយត្រូវ​ជួប​ប្រឹក្សា​ជាមួយ​អ្នក ជំនាញ។ ជួនកាល​ការកែ​តម្រង់​ភ្នែក​ស្រលៀង​អាចធ្វើ​ការវះ​កាត់លើស​ពីមួយ​ដង។ រីឯ​លទ្ធផល និង​ប្រសិទ្ធ​ភាពនៃ​ការវះកាត់ គឺ អាស្រ័យ​ទៅលើ​មូលហេតុ និងរយៈ​ពេលនៃ​ជម្ងឺ​ភ្នែក​ស្រលៀង​នោះ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ភ្នែកជា​របស់ដ៏​មាន​តម្លៃ និងមាន​នាទី​សំខាន់​បំផុត​សម្រាប់​មនុស្ស ទាំង​តម្រូវ​ការមើល​ទាំងការ​លំអ​ផ្នែក​សម្រស់​ដូច្នេះ សូមលោក​អ្នក និង​អាណា​ព្យាបាល​គ្រប់រូប គួរថែ​រក្សាភ្នែក​ដោយ​ផ្ចិតផ្ចង់​និងមិន​គួរ​ព្រងើយ​កន្ដើយ​ពេលមាន​បញ្ហា​ភ្នែកនោះ​ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative