ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន

ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន​ជា​ជម្ងឺ​មួយ​ដែល​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ដោយ​មិន​ប្រកាន់​ថា អ្នក​ជម្ងឺ​នោះ​មាន​វ័យ​ចំណាស់​ឬវ័យ​ក្មេង​ឡើយ។  ប៉ុន្តែ​ជម្ងឺ​នេះ​ពុំ​សូវ​ឃើញ​កើត​មាន​ចំពោះ​កុមារ​និង​យុវ​វ័យ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ភាគ​ច្រើន​នៃ​អ្នកកើត​ជម្ងឺ​នេះ​គឺ​ជា​មនុស្ស​វ័យ​ចំ​ណាស់​ដែល​មាន​អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ឡើង​ទៅ។ ហើយ​ការ​ព្យា​បាល​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​នេះ​ត្រូវអនុ​វត្តន៍​តាម​វិធី​សាស្រ្ត​វេជ្ជ​សាស្រ្ត​ផង និង​តាម​ការ​ព្យា​បាល​ដោយ​ចលនា​ផង​ដើម្បី​ធ្វើ​ឲ្យ​សុខ​ភាព​របស់​អ្នក​ជម្ងឺ​មាន​ភាព​ប្រសើរឡើង​វិញ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ដើម្បី​យល់​កាន់​តែ​ច្បាស់​ទាក់​ទង​ទៅ​នឹង​បញ្ហា​នៃ​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន និង​ដឹង​អំពី​មូល​ហេតុ ក៏ដូច​ជា​វិធី​ការពារ​និងថែ​រក្សា​អ្នក​ជម្ងឺ ទស្ស​នាវដ្តី សុខ​ភាព​យើង និង​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា បាន​ជួប​ជាមួយ​លោក សុខ ធន់ គ្រូ​ពេទ្យ​ជំនាញ​ខាង​ព្យា​បាល​ដោយ​ចលនា​នៃ​មន្ទីរចលនា នៅ​ផ្ទះ​លេខ​១១៩c ផ្លូវ​៣៦០ សង្កាត់​បឹង​កេង​កង​បី ខណ្ឌ​ចំការ​មន នឹង​បក​ស្រាយ​អំពី​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ដូច​តទៅ។

ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន​ជា​អ្វី?

ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន​គឺ​ជា​ជម្ងឺ​មួយ​ប្រភេទ​ដែល​បណ្តាល​មក​ពី​ការ​បាត់​បង់​មុខ​ងារ​ចល​ករ​មួយ​ចំហៀង​ខ្លួន  បន្ទាប់​ពីមាន​ការ​ប៉ះ​ទង្គិច​មួយ​ចំ​ហៀង​ខួរ​ក្បាល​ដោយ​សារ​ការ​ដួល​និង​ដោយ​សារ​ជម្ងឺ​លើស​ឈាម។ ហើយ​វា​បណ្តាល​មក​ពី​ការ​ស្ទះសសៃ​ឈាម​ខួរ​ក្បាល​ដែល​ទទួល​យក​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​ខួរ​ក្បាល​មិន​បាន​គ្រប់​គ្រាន់។ ធម្មតា​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ច្រើនប៉ះ​ពាល់​ទៅ​លើ​ខួរ​ក្បាល​មួយ​ចំ​ហៀង​ហើយ​និង​មួយ​ផ្នែក​នៃ​រាង​កាយ​មួយ​ចំ​ហៀង​ខ្លួន។

រោគ​សញ្ញា​ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន

លោក​អ្នក​ដឹង​ហើយ​ថា​ជម្ងឺ​នេះ​ច្រើន​កើត​មាន​ចំពោះ​មនុស្ស​វ័យ​ចំ​ណាស់​ដែល​មាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ឡើង​ទៅ។ ជម្ងឺនេះ​បណ្តាល​មក​ពី​លោក​អ្នក​មាន​គ្រោះ​ថ្នាក់​សសៃ​ឈាម​ខួរ​ក្បាល​(មាន​ការ​ហូរ​ឈាម  ឬ​មាន​ដុំ​កំណក​ឈាម​ក្នុង​ខួរ​ក្បាល)​ដូច​ជាមាន​ដុំ​នៅ​ក្នុង​ខូរ​ក្បាល​និង​មាន​ការ​ប៉ះ​ទង្គិច​ផ្នែក​ណា​មួយ​នៃ​លលា​ដ៏​ក្បាល។  ចំពោះ​រោគ​សញ្ញា​ដំបូង  អ្នក​ជម្ងឺ​មាន​អាការៈ​ដូចជាឈឺ​ក្បាល រោយ​ក ​ស្រវាំង​ភ្នែក ចង់​ក្អួត អស់​កម្លាំង​ល្ហិត​ល្ហៃ ឫ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។  បន្ទាប់​មក​មាន​ការ​សន្លប់  ហើយ​នៅ​ពេលដឹង​ខ្លួន​វិញ​អ្នក​ជម្ងឺ​អាច​បាត់​បង់ ឬ​ថយ​ចុះ​នូវ​ចលនា​របស់​អវ​យវៈ​ដែល​ផ្ទុយ​ទៅ​នឹង​ការ​បញ្ជារ​បស់​ខួរ​ក្បាល​ដែល​មាន​ការ​ប៉ះពាល់។

មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន

មាន​មូល​ហេតុ​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន  មិន​មែន​បណ្តាល​មក​ពី​ជម្ងឺ​លើស​ឈាម​តែមួយ​មុខ​នោះ​ទេ។ មូល​ហេតុ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អាច​បណ្តាល​ឲ្យ​លោក​អ្នក​កើត​មាន​ជម្ងឺ​នេះ​គឺ​នៅ​ពេល​ដែល​លោក​អ្នកមាន​អាការៈ​ស្រវាំង​ភ្នែក ឈឺ​ក្បាល រោយ​ក និង​ការ​ដក​ធ្មេញ​ខុស​បច្ចេក​ទេស​ត្រឹម​ត្រូវ ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​កើតមាន​ជម្ងឺ​នេះ​បាន​ផង​ដែរ។ មូល​ហេតុ​សំខាន់​ផ្សេង​ទៀត​នោះ គឺ​ការ​ពិសារ​ស្រា បារី និង​កា​ហ្វេ ច្រើន​ហួស​កម្រិត​ជា​ដើម។   ព្រោះនៅ​ក្នុង​ស្រា បារី និង​កាហ្វេ​មាន​សារ​ធាតុ​កា​បូន​ឌី​អុក​ស៊ីត និង​សារ​ធាតុ​ពុល​ដែល​ធ្ចើ​ឲ្យ​សសៃ​ឈាម​ស្ទះ។

ផល​ប៉ះ​ពាល់​ចំពោះ​អ្នក​កើត​ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន

ចំពោះ​ផល​ប៉ះ​ពាល់​ភាគ​ច្រើន​គឺ​ប៉ះ​ពាល់​ទៅ​អវ​យវៈ​លើ  និង​អវ​យវៈ​ក្រោម​មួយ​ចំហៀង​ខ្លួន​របស់​អ្នក​ជម្ងឺ​ហើយ​បណ្តាលឲ្យ​ភ្នែក ត្រ​ចៀក​ មាត់ ខួរ​ក្បាល និង​ដៃ​ជើង​របស់​អ្នក​ជម្ងឺ​មាន​បញ្ហា​ពិបាក។ ខាង​ក្រោម​នេះ​គឺ​ជា​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ទៅ​លើរាង​កាយ​របស់​អ្នក​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន។

1. ផល​ប៉ះ​ពាល់​ចំពោះ​ភ្នែក  ៖ នៅ​លោក​អ្នក​កើត​ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន​ពេល​នោះ​ភ្នែក​ម្ខាង​របស់​លោក​អ្នក​នឹង​បិទមិន​ជិត​ទេ​ព្រោះ តែ​មាន​ការ​គាំង​សសៃ​គ្រាប់​ភ្នែក​ដែល​អាច​បណ្តាល​ឲ្យ​លោក​អ្នក​កើត​មាន​ជម្ងឺ​លើ​បញ្ហា​ភ្នែក​បន្ថែម​ទៀត​ដោយសារ​ការ​ហុយ​នូវ​កម្ទេច​ធូលី​ចូល​ក្នុង​ភ្នែក។

2. ផល​ប៉ះ​ពាល់​ចំពោះ​ត្រ​ចៀក ៖នៅ​ពេល​កើត​មាន​ជម្ងឺ​នេះ​លោក​អ្នក​នឹង​ជួប​បញ្ហា​ជា​មួយ​នឹង​ត្រចៀក​របស់​លោក​អ្នក ព្រោះថា​ការ​ស្តាប់​ឮ​នៃ​សម្លេង​ផ្សេងៗ​របស់​លោក​អ្នក​នឹង​មាន​ការ​ថយ​ចុះ​ជា​លំដាប់​ហើយ​អាច​ពិបាក​ស្តាប់​ឮការ​និយាយ​របស់​អ្នក​នៅជុំ​វិញ។ ជា​ពិសេស​ក៏​អាច​ធ្វើឲ្យ​កើត​មាន​ជម្ងឺ​ថ្លង់​ថែម​ទៀត​ផង។

3. ផល​ប៉ះ​ពាល់​ចំពោះ​មាត់ ៖ ជា​ធម្មតា​ឲ្យ​តែ​លោក​អ្នក​មាន​ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន​នេះគឺ   បណ្តាល​ឲ្យ​អ្នក​ជម្ងឺ​វៀច​មាត់ពិបាក​ក្នុង​ការ​និយាយ​ស្តី​ជាមួយ​អ្នក​នៅ​ជុំវិញ​ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​មិន​អាច​និយាយ​បាន​ថែម​ទៀត​ផង។

4. ផល​ប៉ះ​ពាល់​ចំពោះ​ខួរ​ក្បាល ៖ ជា​មួយ​គ្នា​នេះ​ដែរ​ប្រសិន​បើ​មាន​ការ​ខូច​ខាត​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង​នោះ​នឹង​ធ្វើ​ឲ្យ​មានការ​ប៉ះ​ពាល់​ដល់​អវ​យវៈ​ខាង​ស្តាំ​និង​ធ្វើ​ឲ្យ​មាន​ការ​ភ្លេច​ភ្លាំង​ច្រើន និង​ឈឺ​ក្បាល​ញឹក​ញាប់​ជា​ដើម។

5. ផល​ប៉ះ​ពាល់​ចំពោះ​ដៃ​ជើង ៖ កាល​ណា​លោក​អ្នក​មាន​កើត​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​នោះ ដៃជើងរបស់លោកអ្នកនឹងពិបាក​ក្នុង​ការ​កម្រើក​និង​ធ្វើ​សកម្ម​ភាព​ផ្សេងៗ ហើយ​មាន​អ្នក​ជម្ងឺ​ខ្លះ​មិន​អាច​កម្រើក​បាន​នោះ​ទេ។ ដើម្បី​ជា​ជំ​នួយ​បន្ទាប់​ពីការប្រើ​ប្រាស់​ឱ​សថ​តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ គឺ​មានតែ​ការ​ព្យបាល​ដោយ​ចលនា​ទេ​ដើម្បី​ជួយ​សម្រួល​ដល់​សសៃ​ឈាម​រត់​ដែលអាច​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​អាច​ដើរ​ឬ​ធ្វើ​សកម្ម​ភាព​ឡើង​វិញ​បាន។​

ការ​ព្យា​បាល​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន

ចំពោះ​ការ​ព្យា​បាល​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​មាន​ពីរ​ដំ​ណាក់​កាល​ដូច​ជា៖

1. ការ​ព្យា​បាល​ដោយ​ឱសថ ៖ ជា​ដំបូង​អ្នក​ជម្ងឺ​ត្រូវ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ពេល​ដែល​លោក​អ្នក​មានអា​ការៈ​និង​រោគ​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ   ហើយ​ត្រូវ​ទទួល​ទាន​ថ្នាំ​តាម​វេជ្ជ​បញ្ជារ​បស់​គ្រូ​ពេទ្យ​រហូត​ដល់​បាន​ធូរ​សះស្បើយ​ល្អ។

2. ការ​ព្យា​បាល​ដោយ​ចលនា ៖ ជា​ការ​ត្រឹម​ត្រូវ​ណាស់​សម្រាប់​លោក​អ្នក​កើត​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជ្រើស​រើស​វិធីព្យា​បាល​តាម​រយៈ​ការ​ព្យា​បាល​ដោយ​ចលនា​រួម​ផ្សំ​ជា​មួយ​ការ​ព្យា​បាល​ដោយ​ឱ​សថ​តាម​បែប​វេជ្ជ​សាស្រ្ត។  ព្រោះ​ថា​ការ​ព្យា​បាលដោយ​ចលនា​គឺ​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​អាច​ឆាប់​ជា​សះ​ស្បើយ​រហ័ស​ដោយ​គ្រូ​ពេទ្យ​ជំ​នាញ​ខាង​ចល​នា​មាន​វិធី​សាស្រ្ត​ក្នុង​ការ​ធ្វើ​ចលនាម៉ូ​ម៉ង់​អវ​យវៈ​រាង​កាយ​អ្នក​ជម្ងឺ​ដើម្បី​ភ្ញោច​ចលនា​ប្រសាទ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ។ នៅ​ពេល​អ្នក​ជម្ងឺ​មាន​អាការៈ​ស្លាប់​មួយចំហៀង​ខ្លួន​ធ្ងន់​ធ្ងរ​គ្រូ​ពេទ្យ​មាន​វិធី​សាស្រ្ត​ព្យា​បាល​ដោយ​ការ​ស្អំ ដើម្បី​បន្ធូរ​និង​ពន្លា​សាច់​ដុំ​ឲ្យ​បាន​ប្រសើរ​ជាង​មុន។

ផល​ប៉ះ​ពាល់​ចំពោះ​ការ​ព្យា​បាល​ដោយ​ចលនា​មិន​បាន​ត្រឹម​ត្រូវ

ពេល​ខ្លះ​សមា​ជិក​នៅ​ក្នុង​គ្រួសារ​ពេល​ឃើញ​អ្នក​ជម្ងឺ​មិន​អាច​កម្រើក​ដៃ​ជើង និង​អវ​យវៈ​ផ្សេង​ទៀត​បាន​ពួក​គាត់​តែង​ជួយ​ធ្វើចលនា​ឲ្យ​អ្នក​ជម្ងឺ​ដោយ​មិន​បាន​ដឹង​អំពី​បច្ចេក​ទេស​ក្នុង​ការ​ធ្វើ​ចលនា ដែល​បណ្តាល​ឲ្យ​អ្នក​ជម្ងឺ​កាន់​តែ​មាន​ស​ភាព​ធ្ងន់​ធ្ងរ​ទ្វេរឡើង​ដែល​បណ្តាល​ឲ្យ​មាន​ចលនា​ស្វាស គឺ​ការ​កន្ទ្រាក់​ញ័រ​សាច់​ដុំ​ហើយ​អាច​ធ្វើ​ឲ្យ​អន្ទាក់​ញាប់​ទៅ​ជា​ខ្វេ​ដៃ  ខ្វេ​ជើង  ក្រ​ង៉េងក្រ​ង៉ង់។ នៅ​ពេល​នោះ​គ្រូ​ពេទ្យ​ព្យា​បាល​ដោយ​ចល​នា​អាច​មាន​វីធី​សា​ស្រ្ត​ដោយ​ការ​រុំដុំ​ផ្លាត​ដើម្បី​ប្រ​ឆាំង​នឹង​កម្លាំង​ដែល​សាច់​ដុំទាញ​មក​វិញ។  ហើយ​ការ​ព្យា​បាល​នេះ​ត្រូវ​ប្រើ​រយៈ​ពេល​ពី១​ខែ​រហូត​ដល់​៣ខែ​ទើប​អាច​ជា​សះ​ស្បើយ។

ដំ​បូន្មាន​អ្នក​ជំ​នាញ

លោក​អ្នក​ដែល​កើត​មាន និង​សង្ស័យ​ថា​កើត​មាន​ជម្ងឺ​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន​នេះ ត្រូ​ស្វែង​រក​សេ​វា​ព្យា​បាល​និង​ពិគ្រោះជា​មួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទាន់​ពេល​វេលា​និង​ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​ទៀង​ទាត់។ ជា​ពិសេស​លោក​អ្នក​ត្រូវស្វែង​រក​ការ​ព្យា​បាល​ដោយ​ចលនា​ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​ជួយ​សម្រប​សម្រួល​និង​ស្តារ​ការ​ធ្វើ​ចលនា​របស់​លោក​អ្នក​ឡើងវិញ។ ព្រោះ​ថា​ការ​ហូប​ថ្នាំ​តែ​មួយ​មុខ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​អាច​ក្រោក​ដើរ លើក​ដៃ លើក​ជើង​ដូច​កាល​មិន​ទាន់​មាន​ជម្ងឺ​នោះ​ទេ។

អ្នក​ប្រឹ​ក្សា​ដោយ ៖ លោក​សុខ ធន់ គ្រូ​ពេទ្យ​ជំនាញ​ខាង​ចលនា​នៃ​មន្ទីរ​ចល​នា

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០៤ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative