កម្ពុជា​កាន់តែ​រងគ្រោះ​ពីបាតុ​ភូត​រន្ទះ​កាន់​តែ​ធ្ងន់​ធ្ងរ

កត្ដា​គ្រោះ​ថ្នាក់​ដោយ​សារ​រន្ទះ​មក​លើ​បុគ្គល​ម្នាក់​ៗភាគ​ច្រើន​ ទាក់​ទងទៅ​នឹង​ការ​មិន​ប្រុង​ប្រយ័ត្ន​ជា​មុន។ មាន​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​បានចុះ​ផ្សាយ​អំពី​បាតុភូត​ដ៏កាច​សាហាវ​នៃ​រន្ទះ​បាញ់​នាពេល​បច្ចុប្បន្ន។ ប្រជាពល​រដ្ឋ នៅ​តាម​ទីជន​បទ​មួយ​ចំនួន​ខំរត់​ចូល​ជ្រក​ក្នុង​ខ្ទម​ទៅ​ហើយ ក៏រន្ទះ​នៅតែ​តាម​បាញ់​ដល់​ខ្ទម​ទៀត។ ឯ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត បាន​ឃើញ​រន្ទះ​បាញ់​មិត្ត​ភក្តិ បង​ប្អូន​សាច់​ញាតិ​របស់​ខ្លួន​នៅ​ផ្ទាល់​នឹង​មុខ​ក៏​មាន។ ទាំង​នេះគឺជា​បាតុភូត​ដ៏​អាក្រក់ ដែល​បណ្តាល​មកពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

មនុស្ស​ភាគ​ច្រើន​ដែល​មាន​ភ័ព្វ​រួច​ខ្លួន​ពី​រន្ទះ​ប្រហារ ​អាច​មាន​របួស​នៅ​ដិត​ជាប់​ជា​និច្ច​ ដូច​ជាការ​ខូច​​ភ្នែក ឬ​ក៏​ត្រចៀក​ ខ្វិន​ រលាក ឈឺ​ក្បាល ​និង​បាត់​ការ​ចង​ចាំ​ជាដើម​។ ហើយ​អ្នក​ដែល​មិន​អាច​គេច​ផុត​ពីគ្រោះ​កាច​នេះ បាន​ស្លាប់​យ៉ាង​អាណោច​អាធ៌ម។

ស្ថិតិរន្ទះ​បាញ់​នៅ​ដើម​ឆ្នាំ​២០១២

យោង​តាម​ប្រសាសន៍​របស់​លោក ញឹម វណ្ណដា កាល​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ ២០១២ បាន​ប្រាប់​ដល់​អ្នក​សារ​ព័ត៌​មាន​ថា ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​មនុស្ស​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់​មាន ៥​នាក់ និង​របួស​ជាង ២០​នាក់ ហើយ​ខូចខាត​ផ្ទះ​សម្បែង​ដោយ​សារ​បាតុភូត​ខ្យល់​ព្យុះ​ជាង ២០០​ខ្នង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ៣​នាក់ របួស ២​នាក់​។ ចំណែក​នៅ​ក្នុង​រយៈពេល​បួន​ខែ​ដើម​ឆ្នាំ​នេះ​ មក​ទល់​នឹង​ថ្ងៃ​នេះ​ មាន​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​ដោយ​សារ​រន្ទះ​បាញ់​ចំនួន​ ១៦​នាក់​ របួស​ ១៤​នាក់​ និង​សម្លាប់​គោក្របី​ចំនួន ​១៤​ក្បាល។ លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​របៀប​វារៈ​ ដែល​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដាក់​ជូន​ផែនការ ១០​ប្រទេស ឆ្នាំ​២០១២-២០១៥ ស្ដីពី​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ដែល​បញ្ហា​សំខាន់​នោះគឺ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ នៅ​ក្នុង​ចំណុច​ទី​៧​។

ស្ថិតិរន្ទះ​បាញ់​កាល​ឆ្នាំ​២០១១

គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​មុន​មាន​រន្ទះ​បាញ់​សម្លាប់​មនុស្ស​ចំនួន​ ១៦៥​នាក់​ និង​រង​របួស​ចំនួន​ ១៣៩​នាក់​ ព្រម​ទាំង​សម្លាប់​គោ​ក្របី​ចំនួន​ ៦០​ក្បាល​។

ស្ថិតិរន្ទះ​បាញ់​កាល​ឆ្នាំ​២០១០

យោង ​ទៅ​តាម​របាយ​ការណ៍​របស់​គណៈ​កម្មការ​ជាតិ​រៀប​ចំ​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ ដឹង​ថា មនុស្ស ២៧នាក់ បាន​បាត់បង់​ជីវិត​ដោយ​សារ​រន្ទះ​បាញ់​នៅ​ក្នុង​រយៈ​ពេល ៥ខែ ដំបូង​នៃ​ឆ្នាំ២០១០​កន្លង​ទៅ ហើយ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​មាន​មនុស្ស​១១៤នាក់ បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​នៃ​ធម្មជាតិ​នេះ ។

ស្ថិតិរន្ទះ​បាញ់​កាល​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩

តាម​របាយការណ៍​ករណី​រន្ទះ​បាញ់​ដែល​ធ្វើ​ឡើង​ដោយ​គណៈ​កម្មាធិការ​ជាតិ​ គ្រប់​គ្រង​គ្រោះ​ធម្មជាតិ​ ​ បាន​បង្ហាញថា ​តួលេខ​សរុប​នៃ​ករណី​មនុស្ស​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​កាលពី​ឆ្នាំ​២០០៩​មាន ១៤០​នាក់​ រីឯ​ក្នុងឆ្នាំ​២០០៨​ វិញ​ មនុស្ស​ស្លាប់​មាន ៩៥​នាក់​ ហើយ​ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ ជា​មនុស្ស​ដែល​រស់​នៅ​តាម​ជនបទ។

ដូច្នេះ​សូម​ប្រជាពល​រដ្ឋ​ខ្មែរ​ទាំង​អស់​គួរ​មាន​ការ​ប្រុង​ប្រយត្ន័​នៅ​អំឡុង​ពេល​ផ្លាស់​រដូវ​ពី​ រដូវ​ប្រាំង​ទៅ​រដូវ​វស្សា​ពី​ខែ​មីនា​ ដល់​ខែ​ឧសភា​ និង​ដូច​គ្នា​ពេល​ដូរ​រដូវ​ពី​វ​ស្សា​មក​ប្រាំង​វិញ​ ដែល​ជា​ពេល​វេលា​អាច​កើត​មាន​បាតុ​ភូត​រន្ទះ​បាញ់​ច្រើន ជាពិសេស​ប្រជាពល​រដ្ឋ​ដែល​រស់​នៅទី​ជនបទ​ជាដើម។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០២ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative