អេ ភូថង​មុនឡើង​ប្រកួត ត្រូវតម​រួមភេទ​៣សប្ដាហ៍

លោក អេ ភូថង គឺជា​កីឡា​ករ​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ​មួយរូប​ដែលមាន​កេរ្ដិ៍ឈ្មោះ​ដ៏ល្បី​ល្បាញ​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុ ជា​ហើយ​ក៏ជា​អ្នក​ប្រដាល់​ដែល​ត្រូវបាន​មហាជន​ទទួល​ស្គាល់ និងផ្ដល់​រហ័ស​នាមថា​អធិរាជ​កែងឆេះ ជង្គង់ហោះ។ ជាមួយ​នឹងកេរ្ដិ៍ ឈ្មោះដ៏​ល្បីល្បាញ​នេះ លោក​អេ ភូថង គឺជា​កីឡា​ករមួយ​រូបដែល​ធ្លាប់​មានបទ​ពិសោធន៍​ក្នុងការ​ប្រកួត​អស់រយៈ​ពេលជា​ច្រើនឆ្នាំ និង ជាច្រើន​ប្រកួត​ទាំងការ​ប្រកួត​ជាលក្ខណៈ​ជាតិ និង​អន្ដរជាតិ។ ភាព​ជោគជ័យ​ទាំងនេះ គឺ​អាស្រ័យ​ទៅលើ​ការខិត​ខំប្រឹង​ប្រែង ពិសេស គឺកត្ដា​សុខភាព និងការ​ថែទាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឆ្លើយ​តបនឹង​ការចាប់​អារម្មណ៍​របស់អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់ ក៏ដូច​ជាមិត្ដ​អ្នកអាន​ទាំងឡាយ លោក អេ ភូថង​បានបក​ស្រាយ​យ៉ាង​ក្បោះ​ក្បាយ​ជាមួយ​នឹង​ទស្សនាវដ្ដី សុខភាពយើង អំពី​ប្រការ​ដែលទាក់​ទងនឹង​ការ​រក្សា​សុខភាព​របស់​លោក។

ការ​ទទួល​ទាន​អាហារ

ក្នុងឋានៈ​ជាកីឡា​ករមួយ​រូបដែល​ល្បី​ល្បាញ និងមាន​សុខភាព​ល្អ លោក អេ ភូថង មាន​របប​ទទួល​ទាន និងមាន​ការជ្រើស​រើស​អាហារ​សម្រាប់​ការ​ទទួល​ទាន​ប្រចាំ​ថ្ងៃយ៉ាង​ត្រឹមត្រូវ និង​ទៀងទាត់​ពេល​វេលា។ ក្នុងការ​រក្សា​សុខភាព​ឱ្យបាន​ល្អ និង​រឹងមាំ លោក​បាន​ជ្រើស​រើស​ទទួល​ទាន​អាហារ​ដែលមាន​បន្លែ​ច្រើន។ ឯការ​ទទួល​ទាន​សាច់ គឺជា​ការចាំ​បាច់​បំផុត​សម្រាប់​លោក ព្រោះ​ជា​អាហារ សម្រាប់​ទ្រទ្រង់​រាងកាយ​និងផ្ដល់​ថាមពល​ដែល​មានផល​ប្រយោជន៍​ច្រើន​សម្រាប់​ការហ្វឹក​ហាត់ ពិសេស​សាច់ត្រី និង​សាច់គោ។

ការ​រក្សា​ទម្ងន់​ខ្លួន

ភូថង​ជាកីឡា​ករ​ប្រដាល់​ប្រភេទ​ទម្ងន់​៧៥​គីឡូ​ក្រាម ក្នុង​រយៈពេល​ពីរឆ្នាំ​ចុងក្រោយ​នេះ។ ក្នុង​កំឡុង​ពេលនេះ​ដែរ លោក​បាន​រក្សា​ទម្ងន់​ខ្លួន​របស់​លោក​ឱ្យនៅ​ឋេរ​ជានិច្ច។ ទាក់​ទងនឹង​ការ​រក្សា​ទម្ងន់​ខ្លួន​ទទួល​បានជោគ​ជ័យ​បែបនេះ គឺលោក​ត្រូវតែ​ធ្វើការ ហាត់​ប្រាណ​ឱ្យបាន​ទៀង​ទាត់​និងក្នុង​មួយថ្ងៃ​ចំនួន​ពីរដង គឺ​ពេលព្រឹក និង​ពេលល្ងាច។ ការ​ហាត់​ប្រាណ គឺ​ដើម្បី​បញ្ចេញ​ញើស និង​ជាតិ ពុល​ដែល​មាននៅ​ក្នុងខ្លួន។

ការ​ហ្វឹកហាត់

ការ​ហ្វឹកហាត់ គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​កីឡា​ករ​គ្រប់រូប ព្រោះ​ការ​ហ្វឹក​ហាត់​ត្រូវ​ប្រព្រឹត្ដ​ឡើង​ដោយ​ត្រឹមត្រូវ និង សម​ស្រប។ ប្រសិន​បើការ​ហ្វឹក​ហាត់​ដែលពុំ​បានរៀប​ចំ និង​បែងចែក​មិនត្រឹម​តែមិន​ផ្ដល់ផល​ប្រយោជន៍​សម្រាប់​ភាពជា​កីឡាករ ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅវិញ​វាអាច​មាន​គុណ​វិបត្ដិ​សម្រាប់​សុខភាព​ទៅវិញ។ ដូចនេះ​ដើម្បី​ឱ្យមាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​អាជីពប្រ ដាល់​និងដើម្បី​រក្សា​សុខភាព​ឱ្យមាន​ភាពមាំ​មួនល្អ​លោក​បាន​បែង​ចែក​ការហ្វឹក​ហាត់​យ៉ាង​ត្រឹមត្រូវ និង​ទៀង​ទាត់​ពេល​វេលា។ លោក ធ្វើ​ការហ្វឹក​ហាត់​ក្នុងមួយ​ថ្ងៃ​ពីរដង ពេលព្រឹក និង​ពេល​ល្ងាច​ហើយ​ក្នុងម្ដង​ៗចំនួន​បីម៉ោង ពិសេស​គឺត្រូវ​ធ្វើជា​រៀងរាល់​ថ្ងៃ។ ចំណែក​ឯ​បច្ចេក​ទេស​ក្នុងការ​ហ្វឹក​ហាត់​របស់​លោក​មានដូច​ជាការ​រត់​ដើម្បី​ឱ្យមាន​ភាព​អំណត់ និងកុំ​ឱ្យមាន​ការហត់​ខ្លាំង​ក្នុង​ពេល​មាន​ការ​ប្រកួត ម្ដងៗ។ ក្រៅពី​នេះ លោក​នៅមាន​ការ​ហាត់ជា​ច្រើន​ទៀត ដូចជា​ការ​ហាត់វ៉ៃ​ទាត់បាវ​ខ្សាច់​និងការ​ហាត់​ស្វែង​រកពី​របៀប ឬយុទ្ធ សាស្ដ្រ​ថ្មីៗ​ជាដើម។

ការ​រក្សា​សុខភាព​នៅមុន​ពេល​ឡើង​ប្រកួត

នៅរាល់​មុន​ពេល​ប្រកួត​ម្ដងៗ លោក​តែងតែ​យកចិត្ដ​ទុកដាក់​ជា​ពិសេស​ចំពោះ​សុខភាព គឺលោក​តែងតែ​សម្រាក​ឱ្យបាន ច្រើន​និង​ទទួល​ទាន​ទៀង​ទាត់​ពេល​វេលា​មិនខក​ខាន ពិសេស​គឺត្រូវ​ទទួល​ទាន​គ្រប់គ្រាន់ ប្រយោជន៍​រក្សា​កម្លាំង​ឱ្យបាន​ល្អ និង​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ប៉ះពាល់​ចំពោះ​សុខភាព។ ជាមួយ​គ្នានេះ​ដែរ លោក​មិន​ទទួល​ទាន​គ្រឿង​ស្រវឹង ដូចជា​ស្រាជា​ដើម​ឡើយ។

ការ​ទទួល​ទាន​ដំណេក

លោក អេ ភូថង គឺជា​កីឡា​ករ​ម្នាក់​ដែល​មាន​សុខភាព​ល្អ និង​រឹងមាំ ទាំងនេះ​គឺអា​ស្រ័យ​ដោយ​លោក​មាន​របៀប​នៃការ​ថែ​រក្សា​សុខភាព​យ៉ាង​ត្រឹមត្រូវ។ ទន្ទឹម​នឹងនេះ ដើម្បី​ឱ្យសុខ​ភាពកាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ឡើង ពិសេស​គឺមាន​កម្លាំង​គ្រប់​គ្រាន់​ជាមួយ​នឹងការ​ទទួល​ទាន​ដំណេក លោក​តែងតែ​សម្រាក​៨ម៉ោង​ក្នុងមួយ​ថ្ងៃ យ៉ាង​ទៀង​ទាត់។ ជាង​នេះ​ទៀត​ដើម្បី​ឱ្យរាង​កាយ​រឹងមាំ កម្លាំង​គ្រប់​គ្រាន់​លោក​តែងតែ​បន្ថែម​ការ​សម្រាក​នៅពេល​ថ្ងៃ​ប្រមាណ​ជាពីរ​ម៉ោង​ទៅពីរ​ម៉ោងកន្លះ​ទៀត។

ការ​ថែរក្សា​សុខភាព​មាត់ធ្មេញ

បញ្ហា​មាត់​ធ្មេញ​ជារឿង​សំខាន់​ដែល​មនុស្ស​គួរយក​ចិត្ដទុក​ដាក់។ ភូថង​ក៏ចាប់​អារម្មណ៍​ជា​ពិសេស​ចំពោះ​បញ្ហានេះ​ដែរ។ ដើម្បី​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ឱ្យបាន​ល្អ លោក​តែងតែ​ធ្វើការ​សម្អាត​ជាប្រ​ចាំយ៉ាង​ហោច​ណាស់ បីដង​ក្នុងមួយ​ថ្ងៃ ពិសេស​នៅក្រោយ ពេល​ទទួល​ទាន​អាហារ​និងមុន​ពេល​ចូល​សម្រាក។

បញ្ហា​សុខភាព​ផ្លូវភេទ

ទាក់ទង​នឹងសុខ​ភាពផ្លូវ​ភេទ ភូថង​បាន​បង្ហើប​ប្រាប់ថា វាជា​រឿង​សំខាន់​ព្រោះ​ទាក់ទង​នឹង​សុខភាព​មុន​ពេល​ឡើង​ប្រកួត​របស់​កីឡា​ករ​គ្រប់រូប។ មិន​ខុសពី​កីឡា​ករ​ល្បីៗ​ដទៃ​ទៀត​ឡើយ ភូថង​តែងមិន​ធ្វើការ​រួមភេទ ក្នុង​រយៈ​ពេល​ពីបី​សបា្ដហ៍​ទៅមួយ​ខែ មុនការ​ឡើង​ប្រកួត​ទោះបី​ជាលោក​មានការ​ជឿជាក់​ថាអាច​ទទួល​ជ័យ​ជំនះ​លើគូ​ប្រកួត​មួយ​រយ​ភាគរយ​ក៏ដោយ។ ការ​តមមិន​រួម​ភេទ​នៅមុន​ពេល​ប្រកួត​ប្រយោជន៍​ដើម្បី​រក្សា​កម្លាំង និងសុខ​ភាព ចៀស​វាងប៉ះ​ពាល់​ដោយ​ប្រការ​ណាមួយ​ដែលនឹង​អាចកើត​មាន ឡើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដំបូន្មាន​របស់​លោក អេ ភូថង

ក្នុង​នាមជា​កីឡាករ​មួយរូប​ដ៏ល្បី​ល្បាញ​ប្រចាំ​ព្រះរា​ជាណា​ចក្រ​កម្ពុជា លោក​អេភូថង​សូមធ្វើ​ការផ្ដាំ​ផ្ញើ​ដល់​ប្រជា​ពលរដ្ឋ​ក៏ដូច​ជាអ្នក​ដែល​ស្នេហា​វិស័យ​កីឡា​ប្រដាល់ ពិសេស​អ្នកដែល​ចង់ក្លាយ​ខ្លួនជា​កីឡាករ​មួយរូប​ដែលមាន​កេរ្ដិ៍​ឈ្មោះ និងខ្លាំង​ពូកែ សូម​ប្អូនៗ​យកចិត្ដ​ទុកដាក់​ក្នុងការ​ហ្វឹក​ហាត់ គឺត្រូវ​ធ្វើការ​ហ្វឹក​ហាត់​ឱ្យបាន​ទៀង​ទាត់​ពេល​វេលា និងជា​ប្រចាំ។ ម្យ៉ាង​ទៀត​ដើម្បី​ជាជំនួយ ក្នុងការ​ហាត់​សំខាន់​ត្រូវគិត​គូរដល់​សុខភាព​ជាអា​ទិការ​ថែរក្សា​សុខភាព ការ​ទទួល​ទាន​គ្រប់​គ្រាន់ និងការ​ជ្រើស​រើស​អាហារ​ដែល មាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព។ គួរកុំ​ពិសារ​បារី ស្រា​និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ដែលអាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។

ប្រវត្ដិ​សង្ខេប

  • ឈ្មោះ ៖ អេ ភូថង
  • អាយុ ៖ ៣៦ឆ្នាំ
  • កម្ពស់ ៖ ១.៧៩​ម៉ែត្រ
  • ទម្ងន់ ៖ ៧៥​គីឡូក្រាម
  • ទីក​ន្លែង​កំណើត ៖ ខេត្ដ​កោះកុង
  • បងប្អូន​បង្កើត ៖ ៣នាក់ (ប្រុស​២នាក់ ស្រី​១នាក់)
  • ស្ថាន​ភាព​គ្រួសារ ៖ រៀប​ការរួច (មាន​កូន​៣នាក់ ប្រុស​២នាក់ ស្រី​១នាក់)
  • ធ្លាប់​ប្រកួត ៖ ចំនួន​១៣២​ដង  ឈ្នះ​១២៨​ដង ចាញ់​៤ដង និង​ស្មើ២ដង​(គិត​ត្រឹមខែ​សីហា ២០០៦)
  • អនាគត ៖ ចង់​ក្លាយជា​គ្រូបង្ហាត់

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative