ជម្ងឺ​គ្រុន​ស្វិតដៃ​ជើង​នាំឱ្យ​កុមារ​ពិការ តែអាច​បង្ការ​បាន

គ្រុនស្វិត​ដៃជើង​ច្រើន​កើតលើ​កុមារ​មានអាយុ​ក្រោម៥​ឆ្នាំក្នុង​ប្រទេស​ក្រីក្រ ឬប្រទេ​សកំពុង​អភិវឌ្ឍន៍ ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​យើងផង​ដែរ។ បើដំ​ណាល​ដល់ឈ្មោះ​ជម្ងឺគ្រុន​ស្វិតដៃ​ជើង នរណាៗ​​​ក៏បាន​ដឹងបាន​ឮដែរ ការប្រុង​ប្រយ័ត្ន​ដក់ជាប់​នៅក្នុង​អារម្មណ៍​មាតា​បិតា​ជានិច្ច។​នេះដោយ​សារការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​សុខា​ភិបាល និង​អង្គការ​ជាតិ​អន្ដរជាតិ​មួយ​ចំនួន។ កុមារ​ទូទាំង​ប្រទេស​ទទួល​បានការ​បន្ដក់​ថ្នាំបង្ការ​ជម្ងឺគ្រុន​ស្វិតដៃ​ជើងពី​កម្មវិធី​ជាតិ​ដោយ​ឥតគិត​ថ្លៃ។ តើ​លោកអ្នក​បាន​ស្វែងយល់​ពីជម្ងឺ​គ្រុនស្វិត ដៃជើង​លើកុមារ​ដល់​កម្រិត​ណា​ហើយ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ក្នុងទំព័រ​សុខភាព​កុមារ និង​យុវវ័យ ទស្សនាវដ្ដី សុខភាពយើង ទទួល​បានការ​ស្រាយ​បំភ្លឺ​ពីជម្ងឺ​គ្រុនស្វិត​ដៃជើង​ពី លោក​វេជ្ជបណ្ឌិត គឹម​អាង អ្នក​ឯកទេស​ជម្ងឺ​កុមារ​នៅមន្ទីរ​ពេទ្យកុមារ​ជាតិ ជូន​ប្រិយមិត្រ​អ្នកអាន​ស្វែងយល់​បន្ថែម។

អ្វីទៅ​ជាជម្ងឺ​គ្រុនស្វិត​ដៃជើង?

ជម្ងឺ​គ្រុនស្វិត​ដៃជើង​ជាជម្ងឺ​មួយប្រភេទ​ដែលបង្ក​ឡើងដោយ​មេរោគ​ប៉ូលី​យ៉ូវីរុស​(ភៀលិៀ​វិរុស) ដែលអាច​ឱ្យកុមារ​ស្វិតដៃ ស្វិតជើង​ឬក៏​ស្លាប់បាន។ មេរោគ​ប៉ូលី​យ៉ូមិន​អាចបំផ្លាញ​ផ្ទាល់ទៅ​លើសាច់​ដុំឱ្យ​ស្វិតបាន​ទេ ប៉ុន្ដែអាច​ធ្វើឱ្យ​សរសៃ​ប្រសាទ​បញ្ជា​សាច់ ដុំស្លាប់​ដែលនាំ​ឱ្យសាច់​ដុំមិន​អាចធ្វើ​ចលនា​បាន និងនាំ​ឱ្យសាច់​ដុំនោះ​ចាប់ផ្ដើម​ស្វិតដោយ​ឯកឯងៗ បន្ដិចម្ដងៗ។ ហេតុនេះ​ហើយទើប គេឱ្យ​ឈ្មោះ​ជម្ងឺ​ប្រភេទ​នេះថា​ជម្ងឺ​គ្រុនស្វិត​ដៃជើង។

មូលហេតុ​បង្ក​ជម្ងឺ​គ្រុនស្វិត​ដៃជើង

ប៉ូលី​យ៉ូវីរុស​ឆ្លងពី​កុមារ​ម្នាក់ទៅ​កុមារម្នាក់​ទៀត តាមរយៈ​ការបន្ទោរ​បង់​ពាសវាល​ពាសកាល​របស់​កុមារ​ដែលមាន​មេរោគ ប៉ូលី​យ៉ូវីរុស។ ពេល​លាមក​នោះក្លាយ​ជាធូលីដី អាចហោះ​ហើរក្នុង​ស្រទាប់​ខ្យល់ទៅ​ទំជាប់​លើដៃ លើចំណី​អាហារ​គ្មាន​អនាម័យ ឬលើ​ក្បាល​ដោះម្ដាយ​ដែលកំពុង​បំបៅ​កូន។ បន្ទាប់​មកចូល​តាម​ប្រព័ន្ធ​រំលាយ​អាហារ​(តាមមាត់) រួចបន្ដ​ចូលទៅ​ក្នុងពោះ​វៀន ក្រពះ។ បន្ទាប់​មកវា​ចូលទៅ​សម្ងំ​បំផ្លាញ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល និងរាត​ត្បាត​ចូលទៅ​បំផ្លាញ​សរសៃ​ប្រសាទ​ដទៃទៀត ដែល​បណ្ដាលឱ្យ រលាក​ខួរឆ្អឹង​ខ្នង។ ជាមធ្យម​រយៈពេល​ពី៩​ទៅ១២​ថ្ងៃ(លឿន​បំផុត​៥ថ្ងៃ យូរបំផុត​៣៥ថ្ងៃ) ទើប​បញ្ចេញ​នូវរោគ​សញ្ញា​ឱ្យដឹង។

រោគ​សញ្ញា​ជម្ងឺគ្រុន​ស្វិតដៃ​ជើង

ជម្ងឺ​គ្រុនស្វិត​ដៃជើង​អាច​បង្ហាញ​រោគសញ្ញា​ផ្សេងៗ ឬមិន​មានរោគ​សញ្ញា​ស្វិតដៃ​ជើងសោះ​ក៏មាន។

1. ជម្ងឺគ្រុនស្វិតដៃជើងទម្រង់ស្រាល ឬទម្រង់គ្មានរោគសញ្ញា ៖ ក្រោយ​រយៈ​ពេល​ប្រមាណ​៥ថ្ងៃ​ដែលមាន​មេរោគ​ប៉ូលី​យ៉ូវីរុស​ចូលដល់​ក្នុងខ្លួន​កុមារ​ហើយ កុមារ​អាច​ក្ដៅខ្លួន ឈឺ​បំពង់ក អស់​កម្លាំង ឬមិន​សូវឃ្លាន​ចំណី​ជាដើម។ ជួនកាល​អាការ​ទាំង នេះអាច​បាត់​ទៅវិញ​ហើយ​ក៏អាច​ជាសះ​ស្បើយ​ដូច​ប្រក្រតី​ដែរ។ បែបនេះ​នាំឱ្យ​អាណា​ព្យាបាល​មិនចាប់​អារម្មណ៍ លុះពេល​ឆ្លងកាត់​ការធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​គ្រូពេទ្យ​ជំនាញ​(ពិនិត្យ​លាមក កំហាក​ជាដើម) ទើបដឹង​ថាកុមារ​នោះមាន​ផ្ទុក​មេរោគ​ប៉ូលី​យ៉ូវីរុស។

2. ជម្ងឺគ្រុនស្វិតដៃជើងទម្រង់ពិការ ៖ កុមារ​អាចឈឺ​ចាប់ខ្លាំង​តាមសាច់​ដុំ(ដៃ ជើង ទ្រូង ពោះ) បន្ទាប់​មក ២ឬ​៣ថ្ងៃ​កុមារ​ចាប់​ផ្ដើម​ទន់ដៃ​ទន់ជើង បាត់បង់​រំញោច​(រេផ្លិច)​ដៃនិង​ជើង ពិសេស​គឺជើង។ មេរោគ​ប៉ូលី​យ៉ូអាច​ចូលទៅ​បំផ្លាញ​សរសៃ​ប្រសាទ ដែល​បញ្ជា​សាច់ដុំ​ពោះ​សួតឬ​បេះដូង។ លើស​ពីនេះ ករណី​ដែលធ្វើ​ចលនា​កាន់តែ​សកម្ម អាការ​ជម្ងឺក៏​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ បើ សរសៃ​ប្រសាទ​បញ្ជា​សាច់ដុំ​សួតឬ​បេះដូង​ត្រូវ​បំផ្លាញ​នោះ វាគឺ​ជាគ្រោះ​ថ្នាក់ធំ​បំផុត​សម្រាប់​ជីវិត។ មិន​ត្រឹមតែ​អវយវៈ​ទេដែល​ត្រូវ ពិការ​ប៉ុន្ដែ​សូម្បី​តែជីវិត​ក៏អាច​ស្លាប់​បានដែរ​(ប្រហែល​ពី៥5​ទៅ១០5​អាចស្លាប់)។

3. ជម្ងឺគ្រុនស្វិតដៃជើងទម្រង់ពិការ និងរលាកស្រោមខួរ បើជម្ងឺ​ទម្រង់​នេះកើត​មានលើ​កុមារ​ដែលមាន​អាយុ​ក្រោម ១ឆ្នាំ​ក្ដី​សង្ឃឹម​សង្គ្រោះ​ឱ្យរួច​ជីវិត​មាន​តិចតួច​បំផុត។ ជា​ទូទៅ​មិនមាន​លេចចេញ​ជាសញ្ញា​ស្វិតដៃ​ជើង​សម្រាប់​សម្គាល់​នោះទេ កុមារ អាចស្លាប់​តែម្ដង។ មេរោគ​ប៉ូលីយ៉ូ​មិនមាន​ក្នុងទឹក​ដោះម្ដាយ​ទេ តែក្នុង​វ័យនេះ​កុមារ​តូច​អាចឆ្លង​ពីការ​ខ្វះ​អនាម័យ​របស់​មាតា​តាម រយៈ​ក្បាលដោះ សម្ភារៈ​បញ្ចុក​ផ្សេងៗ​ឬអ្នក​ថែទាំ​ដែល​បណ្ដោយ​ឱ្យចាប់​នេះចាប់​នោះ និង​បរិភោគ​ផ្ដេសផ្ដាស។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​ព្យាបាល​ជម្ងឺ​គ្រុនស្វិត​ដៃជើង

ប្រព័ន្ធ​ការពារ​រាងកាយ​ឬអង់​ទីគ័រ​នៅក្នុង​ខ្លួន​មនុស្ស​គ្រប់វ័យ មាន​តួនាទី​ការពារ​ប្រឆាំង​មេរោគ​ទាំងឡាយ ដែលចូលទៅ​លុក​លុយ​បង្ក​បញ្ហា​ដល់​សុខភាព។ បើ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​ថាមពល​ខ្ពស់ នោះ​មេរោគ​មួយ​ចំនួន​ដែលមាន​ថាមពល​ខ្សោយ​ជាង​មិនអាច​យាយី​សុខភាព​យើងបាន​ទេ ឬអាច​មាន​បញ្ហា​បន្ដិច​បន្ដួច​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ទើប​ជម្ងឺគ្រុន​ស្វិតដៃ​ជើង​របស់​កុមារ​អាចមាន កម្រិត​ស្រាល និងកម្រិត​ធ្ងន់។

1ការព្យាបាល​​​​ជម្ងឺគ្រុន​​​​ស្វិតដៃជើងទម្រង់ស្រាល ឬទម្រង់គ្មានរោគសញ្ញា ការព្យា​បាល​ជម្ងឺ​ទម្រង់​នេះពុំ​មានការ​ពិបាក ទេ។ បើ​កុមារ​ក្ដៅខ្លួន ឬ​បង្ហាញ​អាការ​ផ្សេងៗ គ្រូពេទ្យ​អាចឱ្យ​ថ្នាំ​ព្យាបាល​ទៅតាម​ប្រភេទ​អាការ។ ប៉ុន្ដែ​កុមារ​ខ្លះអាច​ជាសះ​ស្បើយ ទៅវិញ​ដោយ​ឯកឯង​មិនទាន់​បាន​ទទួល​ការ​ព្យាបាល​ក៏មាន។

2. ការព្យាបាលជម្ងឺគ្រុនស្វិតដៃជើងទម្រង់ពិការ សំខាន់​ត្រូវនាំ​កុមារ​ទៅកាន់​មន្ទីរ​ពេទ្យ​ឱ្យទាន់​ពេលវេលា នៅពេល​ដែល​សង្ស័យ​ថា​កុមារ​មាន​ជម្ងឺ​គ្រុនស្វិត​ដៃជើង​ទម្រង់​ពិការ។ បើ​មេរោគ​ប៉ូលីយ៉ូ​ចាប់ផ្ដើម​បំផ្លាញ​ដល់​សរសៃ​ប្រសាទ​បញ្ជា​ចលនា​សាច់ ដុំ​បេះដូង ឬសួត​គ្រូ​ពេទ្យ​ព្យាបាល​អាចប្រើ​បច្ចេក​ទេស​ជួយ​ចលនា​បេះដូង និង​ចលនា​ដក​ដង្ហើម​របស់​សួត ប៉ុន្ដែ​កុមារ​មិនអាច​ចៀស ផុតពី​ពិការ​ភាព​បានទេ។ ក្នុង​ដំណាក់​កាល​ព្យាបាល ត្រូវឱ្យ​កុមារ​សម្រាក​ឱ្យបាន​ច្រើន ព្រោះ​ការធ្វើ​ចលនា​សាច់ដុំ​នាំឱ្យ​មេរោគ​រាត ត្បាត​កាន់តែ​លឿន ធ្វើឱ្យ​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​កម្រិត​ពិការ​ក៏កាន់​តែខ្លាំង។ មាន​ជម្ងឺនេះ កុមារ​ខ្លះខ្វិន​ដើរបាន ខ្លះខ្វិន​ដើរមិន​បាន ខ្លះ ពិការ​ទាំងដៃ​ទាំងជើង​មិនអាច​ធ្វើអ្វី​កើតក៏​មាន​មាន​សង្ឃឹម​តិច​ណាស់​ដែល​ជម្ងឺ​នេះអាច​ជាសះ​ស្បើយ​ដូចដើម។

3. ការព្យាបាលជម្ងឺគ្រុនស្វិតដៃជើងទម្រង់ពិការបូកនិងរលាកស្រោមខួរ ៖ បើ​កុមារ​មាន​ជម្ងឺ​គ្រុន​ស្វិត​ដៃជើង​ទម្រង់​នេះការ​ជួយ​សង្គ្រោះ​មាន​សង្ឃឹម​តិចតួច​បំផុត អត្រា​ខ្វិន​ធ្ងន់ធ្ងរ និងស្លាប់​មាន​កម្រិត​ខ្ពស់។

ការ​បង្ការ​ជម្ងឺ​គ្រុន​ស្វិតដៃ​ជើង

ដើម្បី​ទប់ស្កាត់​ជាដាច់​ខាត​មិនឱ្យ​មេរោគ​ប៉ូលីយ៉ូ​វីរុស​រីករាល​ដាល ការ​ការពារ​ដោយនាំ​កូនទៅ​ទទួល​ថ្នាំ​បង្ការ​តាម​ការកំ ណត់​នៃកម្ម​វិធីជាតិ​ជា​កាតព្វ​កិច្ច​ចម្បង​មួយ​ដែល​អាណា​ព្យាបាល​ត្រូវ​បំពេញ។ ដូច្នេះ​ការ​ការពារ​គឺចាប់​ផ្ដើមពី​ការ​បន្ដក់​ថ្នាំបង្ការ ការ​ធ្វើ​អនាម័យ​របស់​ម្ដាយ​(សម្អាត​ក្បាល​ដោះ​មុនឱ្យ​កូនបៅ) មិនគួរ​ទុកកូន​នៅកន្លែង​មាន​ធូលីដី​ហុយ និងមិន​គួរឱ្យ​កូនចាប់​កាន់​របស់ លេង​ឬ​បរិភោគ​ចំណី​អាហារ​ដែល​គ្មាន​អនាម័យ​នោះ​ឡើយ។

ដំបូន្មាន​អ្នក​ប្រឹក្សា

សូម​មាតា​បិតា​គ្រប់គ្នា​កុំគិត​ថាជម្ងឺ​គ្រុនស្វិត​ដៃជើង​ជាជម្ងឺ​ស្រាល​ហើយ​ធ្វេស​ប្រហែស​ឱ្យសោះ។ ជម្ងឺ​នេះអាច​ឱ្យកុមារ​ពិការ​អវយវៈ​ឬស្លាប់​បាន ហើយ​អនាម័យ​ជាប្រការ​ដែលត្រូវ​យកចិត្ដ​ទុកដាក់​បំផុត ដើម្បី​ចៀស​ផុតពី​ជម្ងឺ​ទាំងពួង។ អ្វីដែល​សំខាន់​បំផុត​នោះ គឺត្រូវ​ទៅទទួល​ថ្នាំបង្ការ​ឱ្យបាន​គ្រប់គ្នា ទៀងទាត់​តាមការ​ណែនាំ និងកាល​កំណត់​របស់​កម្មវិធី​ជាតិ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative