អត្ថ​ប្រយោជន៍​នៃការ​ឆ្លុះ​អេកូ​បេះ​ដូង

ជា​ធម្មតា​បេះដូង​របស់​មនុស្ស​យើង​ចែកចេញ​ជាពីរ​ផ្នែក គឺ​ផ្នែក​ខាង​ឆ្វេង និង​ផ្នែក​ខាងស្ដាំ ​ដែល​នៅក្នុង​មួយ​ផ្នែក​មាន​ថត​បេះ ដូង​មួយ និង​ថង់​បេះដូង​មួយ។ បេះដូង ​មាន​តួនាទី​សំខាន់​ក្នុងការ​ច្របាច់​ឈាម​ស្រោច​ស្រពពេញ​សព៌ាង្គ​កាយ​ដោយនាំ​យកអុក​ស៊ីហ្សែន និង​សារធាតុ​ដទៃ​ទៀត​ទៅ ចិញ្ចឹម​កោសិកា។ បេះ​ដូង របស់​មនុស្ស​យើង​ប្រឈមមុខ​នឹង​ជម្ងឺ​ជា​ច្រើន​និង​ផ្តល់​ផល​វិបាក​ជា​ច្រើន​ក្នុង​ការ​ព្យាបាល។

រូបភាពទស្សនាវដ្តីសុខភាពយើង

គេហទំព័រ សុខភាពកម្ពុជា បាន​ធ្វើកិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត លី គាត ដែល​សព្វថ្ងៃ បម្រើ​ការនៅ​មន្ទីរ​ពេទ្យ​កាល់​មែត។ សូម​ចូលរួម​តាម​អាន​ជាមួយ​នឹង​គេហទំព័រ​យើង​ខ្ញុំដូច​តទៅ៖

ហេតុអ្វី​បាន​ជាត្រូវ​ធ្វើ​ការ​ឆ្លុះ​អេកូ​បេះ​ដូង?

ហេតុ​បានជា​ត្រូវឆ្លុះ​អេកូ​បេះដូង​ព្រោះ​ដើម្បី​ឆ្លុះ​ពិនិត្យ​វិនិច្ឆ័យ ឬរក​មើល​ប្រភេទ​ជម្ងឺ​ផ្សេងៗ​ដែល​ទាក់​ទង​ទៅ​បេះដូង​បាន​មួយ​ចំនួន​ធំ។ ហើយ​ការឆ្លុះ​អេកូ​បេះដូង​នេះ​ទៀត​សោត​គឺត្រូវ​ធ្វើការ​ឆ្លុះឲ្យ​ដឹង​ច្បាស់​ថា អ្នក​ជម្ងឺបេះ​ដូ​ងប្រភេទ​អ្វី ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​វេជ្ជបណ្ឌិត​ធ្វើការ​ពិនិត្យ និង​ព្យាបាល​នូវអាការៈ​រោគ​របស់​អ្នក​ជម្ងឺ។

អ្វីទៅ​ជាជម្ងឺ​បេះ​ដូង?

ជម្ងឺ​បេះដូង​មាន​ច្រើន​ប្រភេទ​ដូចជា​ជម្ងឺ​ប្រើស​បេះ​ដូង ជម្ងឺ​សសៃ​ឈាម​បេះ​ដូង ជម្ងឺ​បេះ​ដូង​រីក ជម្ងឺ​បេះ​ដូង​ប្រហោង ជម្ងឺ​បេះដូង​លោត​ញាប់ ឬយឺត​ជ្រុល​ខុស​ចង្វាក់  ជម្ងឺ​ត្បៀត​សសៃ​បេះ​ដូង ជម្ងឺ​គ្រួស​ក្នុង​បេះ​ដូង ជម្ងឺ​ខ្សោយ​បេះ​ដូង ជាដើម។

ជម្ងឺ​ដែល​ទាក់ទង​ទៅនឹង​បេះដូង​មានរោគ​សញ្ញា​គួរឲ្យ​សង្ស័យ​គឺ​អ្វីខ្លះ?

រោគ​សញ្ញា​សំខាន់​នៃជម្ងឺ​ដែល​ទាក់​ទង​ទៅនឹង​បេះដូង មាន​ដូចជា​អ្នក​ជម្ងឺ​ឧស្សាហ៍​ឆាប់​ហត់ អស់​កម្លាំង​ខ្លាំង​នៅ​ពេលរត់ ឬដើរ​ផ្លូវ​ឆ្ងាយ ឬក៏​លេង​កីឡា​ណាមួយ​ឆាប់​ហត់​ខ្លាំង និង​មាន​អាការៈ​ញ័រ ឬចុក​ដើមទ្រូង​ផ្នែក​ខាង​ឆ្វេង ឬជួន​កាល​ពេល​និយាយ​ម្តងៗ​មាន​អារម្មណ៍​ឆាប់ហត់ និង​អស់​កម្លាំង​ខ្លាំង​ជា​សដើម ។​ល។​

តើការ​ឆ្លុះ​អេកូ​បេះដូង​មាន​សារៈ​សំខាន់​អ្វីខ្លះ?

ការ​ឆ្លុះ​អេកូ​បេះដូង​មាន​សារៈ​សំខាន់​ដល់​ការ​ព្យាបាល ឬនៅ​ពេល​ដែល​គាត់​មាន​អាការៈ​សង្ស័យថា​គាត់​មានជម្ងឺ​ដែល​ទាក់ទង​ទៅនឹង​បេះដូង​ដូចជា​ឧស្សាហ៍​ឆាប់​ហត់ ចុក​ទ្រូង និង​អាការៈ​ផ្សេងៗ​មួយ​ចំនួន​ផ្សេង​ទៀត គាត់​អាច​ធ្វើការ​ពិនិត្យ​ឲ្យបាន​ដឹង​ច្បាស់​លាស់​អំពី​បេះដូង​របស់​ពួក​គាត់​ដើម្បី​កុំឲ្យ​មានការ​សង្ស័យ​តទៅ​មុខ​ទៀត។

តើ​ការ​ឆ្លុះ​អេកូ​បេះដូង​អាច​ធ្វើ​ការ​ឆ្លុះ​បាន​សម្រាប់​មនុស្ស​មាន​វ័យ​ណាខ្លះ?

ការឆ្លុះ​អេកូ​បេះដូង​មិន​ចាំបាច់​រើស​នោះ​ទេ គឺមាន​ន័យថា​មនុស្ស​វ័យណា​ក៏អាច​ធ្វើការ​ឆ្លុះ​បាន​ដែរ សូម្បី​តែកូន​ង៉ែត​ដែល​ទើបតែ​កើត​បាន​ប៉ុន្នាន​សប្តាហ៍ថ្មីៗ​ក៏​ដោយ ឲ្យតែ​សង្ស័យថា​មាន​ទាក់ទង​ទៅនឹង​អាការៈ​រោគ​បេះ​ដូង។

តើការ​ឆ្លុះ​អេកូ​បេះដូង​មាន​ប៉ុន្មាន​របៀប?

ការឆ្លុះ​អេកូ​បេះដូង​មាន២​របៀប៖ របៀប​ទី១គឺ​លោក​វេជ្ជបណ្ឌិត​អាច​ធ្វើការ​ស្ទង់​មើល​អាការៈ​រោគ​នៃ​ចលនា​បេះដូង​របស់​លោក​អ្នក​ជម្ងឺ​ដោយ​ប្រើ​សុង​ពិនិត្យ។ ឯរបៀប​ទី២​គឺត្រូវ​ប្រើ​ម៉ាស៊ីន​ឆ្លុះ​អេកូ​បេះដូង​ដាក់​ចូល​ទៅតាម​មាត់​រហូត​ទៅ​ដល់​ក្រពះ​ទើប​អាច​ឆ្លុះ​អេកូ​ដល់​បេះដូង​បាន។ចំពោះ​ការឆ្លុះ​តាម​របៀបទី១​គឺមិន​អាចធ្វើ​បាន​ទាំង​អស់​នោះទេ​ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់​ណា​មួយ​យើង​អាច​ធ្វើអេកូ​នៅ​ខាង​ក្រៅ បើមិន​ច្បាស់​ទើប​យើងឆ្លុះ​តាម​មធ្យោ​បាយ​ទី២​វិញ​ម្តង។ ព្រោះ​មធ្យោ បាយ​ទី២​អាចដឹង​ថា​មាន​ជម្ងឺ​បេះដូង​ប្រាកដ​ជាង​មធ្យោ​បាយ​ទី១។

ក្រៅ​ពីម៉ាស៊ីន​ឆ្លុះ​អេកូ​បេះដូង​នេះ​ តើ​មាន​ឧបករណ៍​អ្វីសម្រាប់​ធ្វើការ​ឆ្លុះ​បេះដូង​បាន​ដែរ​ឬ​ទេ?

ពិត​ណាស់​ក្រៅពី​ម៉ាស៊ីន​ឆ្លុះ​អេកូ​បេះដូង​នៅមាន​ឧបករណ៍​មួយ​ចំនួន​ផ្សេង​ទៀត​សម្រាប់​ធ្វើការ​ឆ្លុះឲ្យ​បានដឹង​អំពី​អាការៈ​រោគ​របស់​អ្នក​ជម្ងឺ ដូចជា​អ៊ីហ្សេហ្សេ រ៉ាយូក្រាហ្វី ជាដើម។ ប៉ុន្តែ​ក្នុង​ចំណោម​ឧបករណ៍​ទាំងនេះ​មិនសូវ​ផ្តល់​លទ្ធផល​ជាក់​ច្បាស់​ដូចជា​ម៉ាស៊ីន​ឆ្លុះ​អេកូង​បេះដូង​បាន​ទេ។

តើការ​ឆ្លុះ​អេកូ​បេះដូង​មិន​បាន​ត្រឹម​ត្រូវ​អាច​ផ្តល់​ផល​រំខាន​អ្វីខ្លះ​ដល់​អ្នក​ជម្ងឺ?

ការឆ្លុះ​អេកូ​បេះដូង មិន​សូវផ្តល់​ផល​រំខាន​អ្វីខ្លាំង​ណាស់​ណា​ទេចំពោះ​អ្នក​ជម្ងឺ​ ហើយ​ការឆ្លុះ​នេះ​គឺមាន​លក្ខណៈ​ល្អ​ប្រសើរ​ចំពោះ​សុខភាព​អ្នក​ជម្ងឺ ព្រោះថា​បើសិន​ជាអ្នក​ជម្ងឺ​បានដឹង​អំពី​រោគ​សញ្ញា​របស់​ខ្លួន​ហើយ​នោះ ពួកគាត់​អាច​រក​មធ្យោបាយ​ដើម្បី​ធ្វើការ​ព្យាបាល​នូវ​អាការៈ​រោគ​របស់​អ្នក​ជម្ងឺឲ្យ​បាន​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធភាព​នូវពេល​ដែល​គាត់​មានការ​សង្ស័យ​ចំពោះ​អាការៈ​រោគ​បេះដូង។

ដំបូន្មាន​អ្នក​ជំនាញ

ការឆ្លុះ​អេកូ​បេះដូង​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ជាពិសេស​មាន​តម្លៃ​ថោក​សមរម្យ អត់​មានផល​រំខាន​អ្វីដែល​ត្រូវប៉ះ​ពាល​ដល់អ្នក​ជម្ងឺ​ថែម​ទៀត​ផង។ យើង​អាច​វិនិច្ឆ័យ​បាន​ច្បាស់​លាស់​ជាមួយ​ម៉ាស៊ីន​ឆ្លុះអេកូ​បេះដូង​តាម​បែប​ទំនើប​វិទ្យា​សាស្ត្រ និង​ដឹងនូវ​លទ្ធផល​ភ្លាមៗ​តែម្តង ដូច​ទៅនឹង​ការឆ្លុះ​អេកូ​ទារក​យ៉ាង​ដូច្នេះ​ដែរ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០១ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative