វិធី​ជ្រើសរើស​វ៉ែនតា

បច្ចុប្បន្ន​ការ​ប្រើប្រាស់​វ៉ែនតា​មិនមែន​គ្រាន់តែ​ជួយ​បំភ្លឺភ្នែក​ប៉ុណ្ណោះទេ តែវាក៏​អាចជួយ​ការពារ​ភ្នែក​ពីពន្លឺ​កាំរស្មី​ព្រះអាទិត្យ​និងផ្ដល់​សោភ័ណ​ភាព​សម្រស់​របស់​លោកអ្នក​បានថែម​មួយ​កម្រិត​ផងដែរ។ គុណ​សម្បត្ដិ​ទាំងនេះ​លោកអ្នក​អាច​ទទួលបាន លុះត្រាតែ​លោកអ្នក​មានការ​ជ្រើស​រើស​ប្រភេទ​វ៉ែនតា​ដែលត្រូវ​ទៅនឹង​ដឺក្រេ​ភ្នែក និង​ទម្រង់​មុខមាត់​របស់​លោកអ្នក។ តើមាន​ប្រភេទ​វ៉ែនតា ណាខ្លះ​ដែល​សក្ដិសម​នឹង​លោកអ្នក​ហើយគួរ​ជ្រើស​រើស​តាម​របៀប​ណា?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក អ៊ឹង ឌីប៉ូឡា នាយក​គ្រប់គ្រង​ហាង​វ៉ែនតា អាយឃែរ នឹងធ្វើ​ការ​បកស្រាយ​នូវ​ចម្ងល់​ទាំងអស់​នេះតាម​រយៈ ទស្សនាវដ្ដី​សុខភាពយើង ដើម្បី​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យស្វែង​យល់ពី​វិធី​ជ្រើសរើស​វ៉ែនតា​ឱ្យមាន​លក្ខណៈ​ប្រសើរ។

ហេតុអ្វី​ត្រូវ​ប្រើប្រាស់​វ៉ែនតា?

ប្រហែល​ជា២០​ឬ៣០​ឆ្នាំមុន ការពាក់​វ៉ែនតា​គឺដោយ​សារភ្នែក​មើលមិន​សូវច្បាស់។ តែរហូត​មកដល់​ពេលនេះ​ការពាក់​វ៉ែនតា​មិនមែន​ដោយសារ​ភ្នែក​មើល​មិនច្បាស់​ប៉ុណ្ណោះ​នោះទេ។ ផ្ទុយទៅ​វិញ​លោកអ្នក​ដែលមាន​ភ្នែកភ្លឺ​ថ្លានោះ​ក៏ពាក់​បានដែរ ព្រោះ​វ៉ែនតា​មិនមែន​ជា​ឧបករណ៍​មួយប្រើ​សម្រាប់​តែជំនួយ​ឱ្យមើល​ច្បាស់​នោះទេ តែអាច​ជួយលើក​សម្រស់​ថែមទៀត ដូចជា​អ្នកខ្លះ​ពាក់ទៅ មើលឃើញ​ស្អាត​ជាងមុន​អ្នកខ្លះ​ពាក់ទៅ​ឃើញ​ឱ្យកាច​ឬស្លូត​ជាងមុន អ្នកខ្លះ​ទៀតពាក់​ទៅឃើញ​មានភាព​សិចស៊ី​ជាងមុន​។ល។

វិធី​ជ្រើស​រើស​វ៉ែនតា

ការ​ជ្រើស​រើស​វ៉ែនតា​ឱ្យមាន​លក្ខណៈ​ប្រសើរ​មានការ​ពិបាក​បន្ដិច ព្រោះវ៉ែន​តាមាន​ច្រើន​ប្រភេទ និងច្រើន​សណ្ឋាន​ទៅតាម ទម្រង់​មុខនិង​សុខភាព​ភ្នែក​របស់​មនុស្ស​ម្នាក់ៗ។ ដើម្បី​ជ្រើស​រើសឱ្យ​បាន​ប្រសើរ​នោះ គឺត្រូវ​មានការ​គួបផ្សំ​រវាង​ដង​វ៉ែនតា និងកញ្ចក់ វ៉ែនតា​ផងដែរ។

1. វិធីជ្រើសរើសវ៉ែនតាកញ្ចក់ពណ៌ស វ៉ែនតា​ប្រភេទ​នេះភាគ​ច្រើនគឺ​ផលិត​តម្រូវ​ទៅតាម​ចំនួន​ដឺក្រេ​ភ្នែក​របស់​អ្នកពាក់​ដោយ​ត្រូវធ្វើ​ការវាស់​ភ្នែកឱ្យ​បាន​ត្រឹមត្រូវ រួច​លោកអ្នក​ត្រូវ​ជ្រើសរើស​វ៉ែនតា​ប្រភេទ​ណា​ដែល​សមនឹង​ទម្រង់មុខ។ លេខ​ដឺក្រេ​ភ្នែក​នេះជា​លក្ខខណ្ឌ​មួយនៅ​ក្នុងការ​ជ្រើសរើស​ដងវ៉ែន​តាឱ្យ​សក្ដិសម​នឹងកញ្ចក់​វ៉ែនតា។

  • សម្រាប់​លោកអ្នក​ដែលមាន​ដឺក្រេ​ភ្នែកខ្ពស់​(មើល​ឆ្ងាយ​ពុំច្បាស់​ឬភ្នែក​មីញ៉ូប)​នោះ គួរ​គប្បី​ជ្រើសរើស​ដងវ៉ែនតា​តូចល្មម​សក្ដិសម​នឹងមុខ​របស់ខ្លួន ដើម្បី​កុំឱ្យ​មើល​ឃើញ​កម្រាស់​កញ្ចក់​វ៉ែនតា​ក្រាស់ពេក។
  • សម្រាប់​លោកអ្នក​ដែលមាន​ដឺក្រេខ្ពស់ (មើល​ជិតពុំ​ច្បាស់​ឬភ្នែក​ប្រេស្ប៊ីត) លោកអ្នក​គួរគប្បី​ជ្រើស​រើស​ដងវ៉ែន​តាដែល​មានមុខ​រាងធំ​បន្ដិច ដើម្បី​ឱ្យគែម​កញ្ចក់​ចូលទៅ​ក្នុងស៊ុម​វ៉ែនតា មើលទៅ​ឃើញ​កញ្ចក់​នោះរាង​ស្ដើងបន្ដិច។

2. វិធី​ជ្រើស​រើស​វ៉ែនតា​កញ្ចក់​ពណ៌ខ្មៅ ការជ្រើស​រើស​វ៉ែនតា​ខ្មៅ​សម្រាប់​ការពារ​ពន្លឺថ្ងៃ ឬដើម្បី​ភាពស្រស់​សង្ហានោះ​ច្រើន​និយម​ប្រភេទ​វ៉ែនតា​ណាដែល​មានមុខ​កាន់តែធំ មានរាង​ជាពង​ក្រពើ បះ​ឡើងលើ ឬជ្រុង​ហើយ​រាងមូល​នៅគែមៗ ឬជ្រុង​រាង កោង។ល។ ការ​ជ្រើសរើស​នេះទៀត​សោត​គឺអាស្រ័យ​ទៅលើ​ចំណង់​ចំណូល​ចិត្ដរបស់​អ្នកប្រើ។ បើមិន​មានបញ្ហា​ភ្នែក​ទេនោះ លោក​អ្នកអាច​គ្រាន់តែ​ទិញ​វ៉ែនតា​ណាដែល​លោកអ្នក​ចូលចិត្ដ និងសម​នឹង​ទម្រង់​មុខជា​ការស្រេច។ ក៏ប៉ុន្ដែ​បើអ្នក​មានបញ្ហា​ភ្នែក​ហើយ អ្នក ចង់បាន​វ៉ែនតា​ពណ៌ខ្មៅ​នោះ​សូមជ្រើស​រើសដង​វ៉ែនតា​ដែល​សក្ដិសម​នឹងទម្រង់​មុខ រួចកាត់​កញ្ចក់​វ៉ែនតា​ទៅតាម​ដឺក្រេ​ភ្នែក និង បញ្ចូល​ពណ៌​ទៅតាម​ចំណង់​ចំណូល​ចិត្ដរបស់​លោកអ្នក​បាន។

3. វិធី​ជ្រើស​រើសដង​វ៉ែនតា ដង​វ៉ែនតា​មានច្រើន​ប្រភេទ ទើប​ពិបាក​បន្ដិច​ក្នុងការ​ពិនិត្យ​និងជ្រើស​រើសពី​សោភ័ណ​ភាព​និងគុណ​ភាព។ ទាំងនេះ​អាស្រ័យ​ទៅលើ​ទឹកថ្នាំ​ក្រូម៉េ​លើដង​វ៉ែនតា ប្រភេទ​ដែក​ដែលយក​មកធ្វើ ជ័រនៅ​ខ្ទង់ច្រមុះ និងជ័រ​នៅកន្ទុយ។ ដង​វ៉ែនតា​ចែកចេញ​ជាបី​ប្រភេទ គឺប្រភេទ​មានស៊ុម​ព័ទ្ធជុំវិញ ប្រភេទ​មានស៊ុម​ពាក់​កណ្ដាល និងប្រភេទ​ចាប់ខ្ចៅ​(អត់ស៊ុម)។ ចំពោះ ប្រភេទ​ទាំងបី​មានរាង​ខុសៗគ្នា​ដូចជា​រាងពង​ក្រពើ បួនជ្រុង ឬរាងមូល។

4. ​វិធីជ្រើសរើស​ទៅតាម​ទម្រង់មុខ មនុស្ស​យើងមាន​ទម្រង់មុខ​ដោយឡែក​ៗពីគ្នា តែយើង​អាច​កំណត់​ទម្រង់​មុខតែ​ពីរ​ប៉ុណ្ណោះ​ក្នុងការ​ជ្រើសរើស​វ៉ែនតា​សម្រាប់​យកមក​ប្រើប្រាស់​ឱ្យសក្ដិ​សម។

  • ប្រសិន​បើលោក​អ្នកមាន​មុខមូល​ធំហើយ​ខ្លីនោះ គួរជ្រើស​រើស​ប្រភេទ​វ៉ែនតា​ណាដែល​មានរាង​ពងក្រពើ ហើយ​ត្រដក់​ឬធ្លាក់​ចុះក្រោម​បន្ដិច ដើម្បី​ធ្វើឱ្យ​មុខ​របស់​លោកអ្នក​មើលទៅ​រាងវែង​បន្ដិច។
  • ប្រសិន​បើលោក​អ្នកមាន​មុខរាង​ស្គម​ទ្រវែង​ចុះក្រោម គួរគប្បី​ជ្រើស​រើស​វ៉ែនតា​ដែលមាន​រាងបួន​ជ្រុង​ទ្រវែង ព្រោះអាច​ធ្វើឱ្យ​មុខរបស់​លោកអ្នក​មានរាង​ធំបន្ដិច ហើយ​មើលទៅ​រាងខ្លី​ជាងមុន។

គុណ​សម្បត្ដិ​នៃការ​ប្រើប្រាស់​វ៉ែនតា​ដែល​សក្ដិសម

  • ចំពោះ​អ្នកមាន​បញ្ហាភ្នែក ប្រសិន​បើធ្វើ​ការវាស់​ភ្នែក​បានត្រឹម​ត្រូវទៅ​តាម​ស្ថានភាព​សុខភាព​ភ្នែកនោះ លោកអ្នក​ពិត​ជា​ទទួល​បាននូវ​ការមើល​ឃើញ​ច្បាស់ជា​មិនខាន។ ផ្ទុយទៅ​វិញបើ​ការវាស់​ភ្នែក​ធ្វើឡើង​មិនបាន​ល្អប្រសើរ កាន់តែ​ធ្វើឱ្យ​ពិបាក​ក្នុងការ សម្លឹង​មើល​ដូចជា​ធ្វើឱ្យ​លោកអ្នក​មើលឃើញ​ច្បាស់ពេក ឬមិន​សូវច្បាស់​ដែលបង្ក​ឱ្យវិល​មុខនិង​ឈឺក្បាល។    
  • ចំពោះ​អ្នកមិន​មានបញ្ហា​ភ្នែក លោកអ្នក​អាច​ប្រើ​កញ្ចក់​វ៉ែនតា​ប្រភេទ​ការពារ​ពន្លឺថ្ងៃ និងអាច​ធ្វើឱ្យ​អ្នកចៀស​ផុតពី​ចំណាំង​ផ្លាត​ពីកុំព្យូទ័រ​ឬជាតិ​ឆក់ពី​កុំព្យូទ័រ ពន្លឺ​ចាំងផ្លាត​ពីហ្វារ​របស់ឡាន ឬម៉ូតូ​បានមួយ​កម្រិតធំ។ បើ​លោកអ្នក​ពាក់​វ៉ែនតា​ដើម្បី ការពារ​ពន្លឺ​ព្រះអាទិត្យ​វិញនោះ​អាចជួយ​ការពារ​កាំរស្មី​ព្រះអាទិត្យ​បានមួយ​រយភាគរយ និង​ដើម្បី​ការពារ​កុំឱ្យ​កើតជម្ងឺ​ភ្នែក​ផ្សេងផង ដែរ ដូចជា​រលាក​ត្របក​ភ្នែក ឡើងបាយ​ចាញ់​ពន្លឺថ្ងៃ​ជាដើម។

វិធី​ថែរក្សា​វ៉ែនតា

ការ​ថែរក្សា​វ៉ែនតា​មិនមែន​ជារឿង​លំបាក​នោះទេ គ្រាន់តែ​ទាមទារ​ឱ្យលោក​អ្នកធ្វើ​ការសម្អាត​ជារៀង​រាល់ថ្ងៃ។ លោកអ្នក គួរសម្អាត​ទាំងដង​និងកញ្ចក់​វ៉ែនតា​ឱ្យបាន​យ៉ាងហោច​ណាស់ក៏​មួយថ្ងៃ​១ទៅ​២ដង​ដែរ ដើម្បី​កម្ចាត់​ញើស និង​ធូលីដី។

  • ចំពោះ​កញ្ចក់​វ៉ែនតា ៖ លាង​ជាមួយ​ទឹកធម្មតា​រួចជូត ឬក៏​ផ្លុំឱ្យ​អស់ធូលី​សិន សឹមជូត​ដោយ​យក​ក្រណាត់​ដែលហាង​វ៉ែនតា ឱ្យ​ឬកន្សែង​ពោះគោ​ទន់ហើយ​ស្អាត។ ចំពោះ​កញ្ចក់​ការពារ​ពន្លឺ​កុំព្យូទ័រ និងកាំ​រស្មីព្រះ​អាទិត្យ សូមប្រយ័ត្ន​កុំឱ្យ​ប៉ះជា​មួយជាតិ​អាល់ កុល ដូចជា​កន្សែង​ក្រអូប​ទឹកអប់ ស្ព្រៃយ៍​។ល។ ក្នុង​ករណី​ដែលប៉ះ​ជាតិខាង​លើ ត្រូវលាង​កញ្ចក់​ជាមួយ​សាប៊ូ និងទឹក​ភ្លាម។ រីឯដង​ចាប់ខ្ចៅ​ត្រូវដោះ​វ៉ែនតា​ចេញជា​មួយដៃ​ទាំងពីរ ព្រោះ​កញ្ចក់​ងាយស្រួយ​និងបែក។
  • ចំពោះដង​វ៉ែនតា យក​កន្សែង​ពោះគោ​ដែលទន់​ហើយ​ស្អាតមក​ជូតឱ្យ​បានស្អាត។ បើសិន​ជាមាន​រលុងខ្ចៅ ឬដង​វៀច​ដោយ​ប្រការ​ណាមួយ​នោះ គួររក​អ្នក​ជំនាញ​ត្រឹមត្រូវ​ជួសជុល ចៀសវាង​ការធ្វើ​ដោយ​ខ្លួនឯង។

ដំបូន្មាន​អ្នកប្រឹក្សា

លោកអ្នក​ដែលមិន​ទាន់ប្រើ​ប្រាស់​វ៉ែនតា ឬក៏​បាន​ប្រើប្រាស់​ហើយ​នោះ គួរទៅ​ធ្វើការ​ពិនិត្យ​ភ្នែក​រៀងរាល់​៦ខែ​ទៅ១ឆ្នាំ ម្ដង។ លើសពី​នេះរាល់​ការទិញ​វ៉ែនតា​យកមក​ប្រើប្រាស់​នោះ គួរតែ​មានការ​ពិនិត្យ ឬវាស់​ភ្នែកឱ្យ​បានត្រឹម​ត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative