មនុស្ស​និយាយ​ម្នាក់ឯង

​ការប៉ះទង្គិច​យ៉ាងច្រើន​ទៅលើ​ផ្នែក​ផ្លូវ​ចិត្ដ​ ​រហូត​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​វិកល​ចរិត​ប្រព្រឹត្ដ​អ្វីៗ​ផ្ដេស​ផ្ដាស​ ​និង​ប្រាស​ចាក​ក្រម​សីល​ធ​ម៌​របស់ខ្លួន​ ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​ ​ប្រឈម​មុខនឹង​ការ​និន្ទា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ ​ដោយ​សារ​តែមាន​ជម្ងឺ​ប្រចាំ​កាយ​ដែល​គេ​ ​ហៅថា​​ជម្ងឺ​ផ្លូវ​ចិត្ដ​។ ​តួ​យ៉ាង​មាន​ជម្ងឺ​ផ្លូ​វ​ចិត្ដ​មួយ​ចំនួន​បណ្ដាល​ឱ្យ​មនុស្ស​និយាយ​ម្នាក់ឯង​ ​ឬជេរគេ​ជេរឯង​ ​ឥតខ្មាស​អៀន​ ​និង​កោត​​ក្រែង​ចិត្ដ​អ្នក​ជិត​ខាង​ ​រហូត​ពេល​ខ្លះ​ធ្វើ​អត្ដឃាត​ទៀត​ផង​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ស្រាវជ្រាវ​រកពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​និយាយ​ម្នាក់ឯង​​​​​​​នេះ​ ​ទស្សនាវដ្ដី​ ​សុខភាពយើង​ ​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ ​ជាមួយ​លោក​វេជ្ជ​បណ្ឌិត​ ​សុខ​ ​សេដ្ឋបុត្រ​ ​ឯកទេស​ជម្ងឺ​សុខភាព​ផ្លូវចិត្ដ​ ​នៃ​មន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​-​សូវៀត​។​

មនុស្សនិយាយម្នាក់ឯងបណ្ដាលមកពីអ្វី?

​កត្ដា​ជាច្រើន​បានផ្សំ​ចូលគ្នា​ធ្វើ​ឱ្យ​លោក​អ្នក​មួយ​ចំនួន​កើត​រោគចិត្ដ​ ​ដែល​ភាសា​វេជ្ជសាស្ដ្រ​ថា​ ​ជាជម្ងឺ​វិកល​ចរិត​ ​មាន​ន័យថា​ ​អ្នក​ជម្ងឺ​ធ្វើ​អ្វីៗ​តាម​តែចិត្ដ​ឯង​ ​និង​តាម​ការ​នឹក​ឃើញ​ដែល​ខុសឆ្គងទៅ​លើ​ខ្សែ​ភ្នែក​របស់​អ្នក​ដទៃ​ ​លុប​បំបាត់​នូវ​ការ​ចងចាំ​ដែល​ជា​ ​ទង្វើ​ល្អ​ដែល​​ខ្លួន​ធ្លាប់​បាន​ធ្វើ​ពី​មុន​ ​ដែល​បង្ក​ភាព​មិន​ប្រក្រតី​គ្រប់​ពេល​វេលា​ ​ទាំង​ក្នុង​សង្គម​គ្រួសារ​ ​និងសង្គម​សាធារណៈ​ ​ហើយ​បង្ហាញ​ ​ពី​ចេតនា​ដែល​អាក្រក់​ៗ​ ​ស្ដែង​ឡើង​ពី​ចិត្ដ​ពាលា​ដោយ​ពុំមាន​ការ​ទទួល​ខុសត្រូវ​។​ ​មិន​តែ​ប៉ុណ្ណោះ​មនុស្ស​ដែល​មាន​ជម្ងឺ​ប្រភេទ​នេះ​គឺជា​​មនុស្ស​ដែល​ពុំ​មាន​ការ​កោត​ក្រែង​ទៅលើ​អ្នក​ដទៃ​ ​និង​ប្រព្រឹត្ដ​អំពើ​ផ្ដេស​ផ្ដាស​ទៀត​ផង​។

មូលហេតុដែលមនុស្សនិយាយម្នាក់ឯង

មនុស្ស​ដែល​និយាយ​ម្នាក់​ឯង​ដែល​បង្ហាញ​ខ្លួន​នៅជុំវិញ​សាធារណៈ​ជ​ន ​​គឺបណ្ដាល​មក​ពីអ្នក​ជម្ងឺ​នោះ​កំពុង​តែ​រង​ការ​ប៉ះ​ទង្គិច​ ​ជម្ងឺ​ផ្នែក​​ផ្លូវ​ចិត្ដ​ដែល​មិន​អាច​ទទួល​យក​ការ​ពិត​ច្បាស់​លាស់​អារម្មណ៍​រវើ​រវាយ​។​ ​ហើយ​គិតថា​ខ្លួន​កំពុង​តែ​និយាយ​ជាមួយ​នឹង​មនុស្ស​​ម្នាក់​ទៀត​ ជាមួយ​នឹង​អារម្មណ៍​មួយ​ផ្សេង​ទៀត​ ​គឺត្រចៀក​ឮសម្លេង​តែគេ​និយាយ​ជាមួយ​គាត់​ ​ហើយ​គាត់​ធ្វើការ​ឆ្លើយ​តាម​វិញ​ទាំង​ទឹក​​មុខ​ញញឹម​ ​ឬសើច​យំតែ​ម្នាក់​ឯង​តែម្ដង​។ ​ម្យ៉ាង​ទៀត​អ្នក​ជម្ងឺ​ប្រភេទ​នេះ​ពេល​ខ្លះ​ដើរ​តែ​ឯង​ ​និយាយ​តែឯង​ ​ហើយភ្នែក​របស់​គាត់​ចេះ​​តែ​ឃើញ​​នេះ​ឃើញ​នោះ​ដោយ​បង្ហាញ​ពីភាព​មិន​ប្រក្រតី​រហូត​ ​ដោយ​ក្រសែ​ភ្នែក​បង្ហាញ​ឃើញ​ទៅតាម​អារម្មណ៍​ជានិ​ច្ច​។ ​ប្រភេទ​ជម្ងឺ​​វិកល​និយាយ​ម្នាក់ឯង​គឺបង្ក​ឡើងដោយ​សារ​តែ​ស្ដ្រេស​ ​និង​ការ​សោក​ស្ដាយ​ទៅលើ​អ្វីមួយ​ដែលបាន​បាត់បង់​ ​ឧទាហរណ៍​ដូចជា​បាត់បង់​ ​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់​  ​ឬ​ទ្រព្យ​សម្បត្ដិ​។ ​ម្យ៉ាង​ទៀត​វាអាច​កើតដោយ​សារតែ​តំណ​ពូជ​“ហ្សែន”​ផង​ដែរ​។

រោគសញ្ញារបស់មនុស្សនិយាយម្នាក់ឯងមានពីរធំៗ

១ – រោគសញ្ញាវិជ្ជមាននៃជម្ងឺវិកលចរិត : ​បើលោក​អ្នក​សម្លឹង​ឃើញ​អ្នក​ជម្ងឺ​រូប​នោះ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ឡូឡា​ ​ការ​ ​ស្លៀកពាក់​មាន​ភាព​មិន​ប្រសើរ​ ​កាយ​វិការ​កាច​ឃោរឃៅ​ ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​អ្នក​ដទៃ​ ​ឬទ្រព្យ​ផ្ទាល់ខ្លួន​។

២ – រោគសញ្ញាអវិជ្ជមាននៃ​ជម្ងឺ​វិកល​ចរិត​ : អ្នក​ជម្ងឺ​គ្រាន់​តែ​និយាយ​ម្នាក់ឯង​ ​សម្ងំ​នៅ​ផ្ទះ​តែ​ម្នាក់ឯង​ ​ហើយ​ធ្វើ​កិច្ច​ការ​ងារ​ ​អ្វីដែល​ខ្លួន​នឹក​ឃើញ​ ​ឬ​ចង់ធ្វើ​។ ​ប៉ុន្ដែ​កិច្ចការ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នោះ​ ​វា​ទទួល​បាន​លទ្ធ​ផល​មិន​ល្អ​ឡើយ​ ​ហើយ​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៀត​។ ​ករណី​អ្នក​ជម្ងឺ​ប្រភេទ​នេះ​ ​ក្រុម​គ្រួសារ​មិន​សូវ​លំបាក​ប៉ុន្មាន​ទេ​ ​ដោយ​សារ​តែ​គាត់​ធ្វើ​អ្វី​មួយ​មិន​ប៉ះ​ពាល់​ទៅ​លើ​អ្នក​ដទៃ​ ​ដូចជា​ការ​ ​និយាយ​ស្ដី​ ​ជេរប្រមាថ​ទៅ​លើ​អ្នក​ជិត​ខាង​ជាដើម​។ ​មិន​តែ​ប៉ុណ្ណោះ​អ្នក​ជម្ងឺ​វិកល​ចរិត​ប្រភេទ​និយាយ​ម្នាក់ឯង​នេះ​ ​នៅក្នុង​ខួរក្បាល​ ​របស់​គេ​ហាក់​បីដូចជា​មាន​មនុស្ស​ពីរ​ឬ​បី​នាក់​កំពុង​តែ​ប្រជែង​គ្នា​និយាយ​ ​ធ្វើ​ឱ្យ​អារម្មណ៍​របស់​គេ​រវើ​រវាយ​ហោះ​ហើរ​ ​ចេះ​តែ​ស្រមើ​ ​ស្រមៃ​ឃើញ​​នេះ​ឃើញ​នោះ​ ​ដែល​បង្ក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ ​រហូតដល់​ថ្ងៃខ្លះ​និយាយ​ម្នាក់​ឯង​ ​ស្រែក​ដូច​មនុស្ស​ទាស់​គ្នា​ផង​ដែរ​។

វិធីព្យាបាលមនុស្សនិយាយម្នាក់ឯង

បើតាមក្បួនវេជ្ជសាស្ដ្រ ​លោក​អ្នក​ដែល​និយាយ​ម្នាក់​ឯង​គឺអា​ចព្យាបាលឱ្យ​ជា​សះ​ស្បើយ​បាន​តាម​វិធី​សាស្ដ្រ​ផ្សេងៗ​របស់​ ​គ្រូពេទ្យ​ ​ដោយ​ប្រើ​ថ្នាំ​ឬ​វិធី​ណែនាំ​ផ្សេងៗ​ ​ដើម្បី​សណ្ដំ​ដល់​ប្រព័ន្ធ​ប្រសាទ​ ​និង​ធ្វើ​ការ​កែ​ប្រែ​ប្រព័ន្ធ​ខួរ​ក្បាល​ពួក​គេ​មក​វិញ​ឱ្យ​មាន​ ​សភាព​នឹង​នរ​ក្នុង​អារម្មណ៍។​ ​បន្ទាប់មក​ជ្រើស​រើស​ទីតាំង​ណាមួយ​ឱ្យ​អ្នក​ជម្ងឺ​ស្នាក់​នៅ​ឱ្យ​មាន​ភាព​សមរម្យ​ ​និង​ណែនាំ​ដោយ​គ្រូពេទ្យ​​ជំនាញ​បន្ថែម​ទៀត​ ​អាច​ឱ្យ​អ្នក​ជម្ងឺ​វិកល​ចរិត​វិល​រក​សភាព​ដើម​ ​ដូចជា​និយាយគ្នា​ស្ដាប់​បាន​ ​ចង​ចាំ​នូវ​ព្រឹត្ដិការណ៍​កន្លង​ដែល​ខ្លួន​បាន​ធ្វើ​ ​ឬបា​ន​ដឹង​ ហើយ​សកម្មភាព​ក្នុង​សង្គម​ ​និង​គ្រួសារ​អាច​ជួយ​រំលែក​បាន​ផង​ដែរ​។

វិធីការពារជម្ងឺវិកលចរិតនិយាយម្នាក់ឯង

​ដើម្បីការពារជម្ងឺខាងលើនេះ ​លោក​អ្នក​មិន​ត្រូវ​ប្រើ​ប្រាស់​ខួរ​ក្បាល​យក​មក​គិត​ច្រើន​ពេក​នោះ​ទេ​ ​ហើយ​ភាព​រន្ធត់​ផ្សេងៗ​ ​គួរ​តែចេះ​អប់រំ​ចិត្ដ​ខ្លួន​ឯង​ ​កាត់បន្ថយ​ពីរឿង​ធំមក​តូច​ ​និងចេះ​សម្រួល​អារម្មណ៍​​ឱ្យបាន​ជ្រះថ្លា​ ​ទោះ​ព្រឹត្ដិការណ៍​មួយ​ដែល​កើត​មាន​ ​នោះ​វា​ប៉ះពាល់​ទៅ​លើក្រុម​គ្រួសារ​ក្ដី ​ឬមក​លើខ្លួន​ឯងក្ដី​ ​​ត្រូវ​ចាត់​ទុក​វា​គ្រាន់​តែ​ជា​រឿង​តូច​តាច​ទៅបាន​ហើយ​។ ​ធ្វើបែប​នេះ​ទើប​ ​អាច​ការពារ​ខ្លួន​ឯង​បាន​យ៉ាង​ត្រឹម​ត្រូវ​។

ផលប៉ះពាល់ចំពោះជម្ងឺវិកលចរិតនិយាយម្នាក់ឯង

ប្រ​​​​​សិនបើលោកអ្នកមានជម្ងឺនេះ ​លោក​អ្នក​មិន​អាច​ចូល​រួម​ក្នុង​សង្គម​បាន​នោះទេ​ ​ទាំង​ការ​រក​ស៊ី​ប្រកប​ការ​ងារ​។ ​ហើយ​អ្នក​ ​មាន​ជម្ងឺ​ប្រភេទ​នេះ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​សង្គម​ ​និង​សង្គម​គ្រួសារ​តែម្ដង​។ ​ដោយ​សារ​តែ​ពេល​ខ្លះ​អ្នក​ជម្ងឺ​ស្ដែង​ចេញ​ឡើង​ដោយ​ភាព​​មិន​ប្រក្រតី​ ​បង្ក​ការ​ខូច​ខាត​ច្រើន​ដល់​សង្គម ​ឬបំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្ដិ​ ​និយាយ​ ​និង​ធ្វើសកម្មភាព​លែង​ដឹង​ខុស​ដឹង​ត្រូវ​ទៀត​ផង​។ ​លោក​អ្នក​គួរ​តែ​ឆាប់​រួស​រាន់​ទៅ​កា​ន់​មន្ទីរ​ពេទ្យ​ ​ដើម្បី​ពិគ្រោះ​គ្នា​រក​ថ្នាំ​លេប​ ​ឬ​ទទួល​យក​ការ​ផ្ដល់​ប្រឹក្សា​ពី​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​ ​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​ ​ចៀស​វាង​ជម្ងឺ​វិកល​ចរិត​ឈាន​ទៅរក​ភាព​ធ្ងន់​ធ្ងរ​ និង​ពិបាក​ព្យា​បាល​។

ដំបូន្មានអ្នកជំនាញ

ដើម្បីបញ្ចៀសជម្ងឺវិកលចរិតនេះ ​មុន​ដំបូង​លោក​អ្នក​ធ្វើយ៉ាង​ណា​កុំ​ឱ្យ​មាន​ជម្ងឺ​ស្ដ្រេស​ ​ដែល​កើត​ចេញ​ដោយ​សារ​ការ​ ​គិត​ច្រើន​នោះ​ឱ្យ​សោះ ​ព្រោះ​អាកា​រៈ​នេះ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ធ្វើឱ្យ​មនុស្ស​គ្រប់​រូប​កើត​មាន​ជម្ងឺ​វិកល​ចរិត​។ ​ប្រសិន​បើ​លោក​អ្នក​មាន​ ​អារម្មណ៍​គិត​ច្រើន​ ​ឬ​មាន​អារម្មណ៍​ដូចជា​ការ​ធុញ​ថប់​តប់​ប្រមល់​ច្រើន​ ​គួរ​ប្រញាប់​មក​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​ទទួល​យក​ ​ការ​ប្រឹក្សា​មួយ​ដែល​ល្អៗ​ អនុវត្ដ​ដើម្បី​បញ្ចៀស​នូវ​ជម្ងឺ​វិកល​ចរិត​នេះ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative